Wednesday, 29 August 2018

លោក ហ៊ុន ម៉ាណែត ទទួល​តួនាទី​ជា​អគ្គ​មេបញ្ជាការ​ស្ដីទី​ ខ.ម ជំនួស លោក សៅ សុខា ដែល​កំពុង​ព្យាបាល​នៅ​សិង្ហបុរី


ដោយ មាន ឫទ្ធិ
2018-08-27 
rfa
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស លោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១១ ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​រង​នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស លោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១១ ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​រង​នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។
Photo courtesy of camnews.com



កូនប្រុស លោក ហ៊ុន សែន និង ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ប្រគល់​តួនាទី​ជា​អគ្គ​មេបញ្ជាការ​ស្ដីទី​នៃ​កង​យោធពល​ខេមរភូមិន្ទ ជំនួស លោក សៅ សុខា ក្នុង​ពេល​សម្រាក​ព្យាបាល​ជំងឺ​នៅ​ប្រទេស​សឹង្ហបុរិ​ជា​ច្រើន​ថ្ងៃ។ អ្នកវិភាគ​មើល​ឃើញ​ថា តំណែង​មេទ័ព​កំពូល​របស់​លោក សៅ សុខា មុន ឬ ក្រោយ គង់​តែ​ត្រូវ​ប្រគល់​ឲ្យ​លោក ហ៊ុន ម៉ាណែត ​ដដែល។

ក្នុង​លិខិត​ប្រគល់​តំណែង​មេបញ្ជាការ​ស្ដីទី​នៃ​កង​យោធពល​ខេមរភូមិន្ទ ដែល​ជា​តំណែង​មេទាហាន​កំពូល​របស់​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃ​ទី២៤ សីហា ដែល​ទើប​ត្រូវ​បាន​សារព័ត៌មាន​ទទួល​បាន​នៅ​ថ្ងៃ​ទី២៧ សីហា  លោក សៅ សុខា គ្រាន់​តែ​បញ្ជាក់​ថា មូលហេតុ ដែល​ត្រូវ​ប្រគល់​តួនាទី​មេបញ្ជាការ​ស្ដីទី​ទៅ​ឲ្យ​លោក ហ៊ុន ម៉ាណែត ដោយសារ លោក ត្រូវ​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​សឹង្ហបុរី ចំនួន​៣ថ្ងៃ គឺ​ពី​ថ្ងៃ​ទី២៦ ដល់​ថ្ងៃ​ទី​២៨ សីហា។



លោក សៅ សុខា និង លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ តែងតាំង​ធ្វើ​ជា​មេបញ្ជាការ និង​មេបញ្ជាការ​រង នៃ​កង​យោធពល​ខេមរភូមិន្ទ នៅ​មុន​ព្រឹត្តិការណ៍​ថ្ងៃ​ទី២៩ កក្កដា ដោយសារ​អតីត​មេបញ្ជាការ​លោក ប៉ុល សារឿន និង អតីត​មេបញ្ជាការ​រង ២​នាក់​ផ្សេង​ទៀត ត្រូវ​ទៅ​ឈរ​ឈ្មោះ​តំណាងរាស្ត្រ​ឲ្យ​គណបក្ស​កាន់​អំណាច។

គេ​សង្កេត​ឃើញ​ថា នៅ​ក្នុង​ជួរ​កង​យោធពល​ខេមរភូមិន្ទ​នៅ​មាន​អគ្គ​មេបញ្ជាការ​រង​ជាង ១០​នាក់​ផ្សេង​ទៀត ដែល​មាន​អតីតភាព​ការងារ​យូរ​ជាង​លោក ហ៊ុន ម៉ាណែត រាប់​សិប​ឆ្នាំ ទៅ​ទៀត ប៉ុន្តែ​ពួក​គេ​មិន​ត្រូវ​បាន​ប្រគល់​តួនាទី​មេបញ្ជាការ​ស្ដីទី​នៃ​កង​យោធពល​ខេមរភូមិន្ទ​នេះ​ទេ។

មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ​ទាំង​នោះ មាន​ដូច​ជា លោក ហ៊ីង ប៊ុនហៀង លោក គៀង សាវុធ លោក អ៊ុង សំខាន់ លោក ឈិន ច័ន្ទពណ៌ លោក ឥត សារ៉ាត់ ជា​ដើម។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាតិ បាន​ទេ នៅ​ថ្ងៃ​ទី​២៧ សីហា ដោយសារ​ទូរស័ព្ទ​មិន​ចូល។ ប៉ុន្តែ​កន្លង​មក លោក ឈុំ សុជាតិ ធ្លាប់​បញ្ជាក់​ថា តួនាទី​របស់​លោក សៅ សុខា និង​លោក ហ៊ុន ម៉ាណែត ជា​តួនាទី​បណ្ដោះអាសន្ន​ជំនួស ប៉ុល សារឿន លោក គន់ គីម និង​លោក មាស សុភា ប៉ុណ្ណោះ នៅ​មិន​ទាន់​មាន​ការ​ប្រកាស​ពី​តួនាទី​ផ្លូវការ​ទេ។

សមាជិក​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង លោក បុង ដែត យល់​ថា ការ​ប្រគល់​តួនាទី​នេះ ដោយសារ​លោក សៅ សុខា ទុក​ចិត្ត​លោក ហ៊ុន ម៉ាណែត ជាង​គេ ក្នុង​ចំណោម​មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ​ជាង ១០​នាក់​ផ្សេង​ទៀត ហើយ​លោក សៅ សុខា ចង់​យក​ចិត្ត​យក​ថ្លើម ​លោក ហ៊ុន សែន តាម​រយៈ​ប្រគល់​តំណែង​ឲ្យ​កូន​ប្រុស​លោក ហ៊ុន សែន និង​ជា​ការ​រៀបចំ​សេណារីយ៉ូ (Scenario) បង្ហាញ​ថា លោក ហ៊ុន ម៉ាណែត នឹង​ក្លាយ​ជា​អគ្គ​មេបញ្ជាការ​កំពូល​របស់​កងទ័ព នៅ​ពេល​ខាង​មុខ ដោយ​គ្មាន​មេទ័ព​ណា អាច​ដណ្ដើម​តំណែង​នេះ​បាន​ទេ។

លោក បុង ដែត យល់ថា ជំហាន​បន្ទាប់ លោក ហ៊ុន ម៉ាណែត នឹង​ជៀស​មិន​ផុត​ពី តំណែង​មេដឹកនាំ​យោធា ឬ​អាច​នឹង​បន្ត​តំណែង​ឪពុក​របស់​លោក ទាំង​នៅ​ក្នុង​ជួរ​បក្ស​កាន់​អំណាច និង​ស្ថាប័ន​របស់​ជាតិ៖ «គាត់​កំពុង​ព្យាយាម លើក​បន្តុប​លោក ហ៊ុន ម៉ាណែត ជា​មេ​ដឹកនាំ​កំពូល​ក្នុង​ជួរ​កងទ័ព​រួច​ទៅ​ហើយ បាន​ន័យ​ថា មន្ត្រី​ប៉ូលិស កងទ័ព​នានា មិន​មាន​សមត្ថភាព​កាន់​តំណែង​នេះ​បាន​នោះ​ទេ គឺ​មាន​តែ​លោក​ឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត តែ​ប៉ុណ្ណោះ​នេះ​ឯង»។

អ្នកវិភាគ​នយោបាយ​ម្នាក់ទៀត គឺ​ជា​អតីត​ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​លោក ហង្ស វិទូ ធ្លាប់​ព្រមាន​ចំៗ ថា គណបក្ស​កាន់​អំណាច និង​ជួរ​កងទ័ព អាច​នឹង​មាន​ការ​រង្គោះរង្គើ ប្រសិន​បើ​លោក ហ៊ុន សែន នៅ​តែ​បន្ត​ចង់​មហិច្ឆតា​លើក​បន្តុប​កូន​ឲ្យ​ក្លាយ​ជា​អនាគត​នាយករដ្ឋមន្ត្រី​កម្ពុជា បន្ត​វេន​ពី​រូប​លោក ដោយ​មិន​ឆ្លង​កាត់​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ​ស្រប​តាម​រដ្ឋធម្មនុញ្ញ។ ប៉ុន្តែ ឪពុក​របស់​លោក ហ៊ុន ម៉ាណែត គឺ​លោក ហ៊ុន សែន ដែល​ជា​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ បាន​រង​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ និង​អ្នក​ប្រជាធិបតេយ្យ​និយម​ថា ជា​មេដឹកនាំ​ដែល​អាច​ធ្វើ​អ្វី​គ្រប់​យ៉ាង ដោយ​មិន​ខ្វល់​ពី​សំឡេង​រិះគន់ ឬ​មិន​ខ្វល់​ពី​ច្បាប់​ទម្លាប់​អ្វី​ទេ គឺ​ដើម្បី​តែ​អំណាច និង​ភាព​មានៈ​ចង់​ឈ្នះ​របស់​លោក។

ទោះ​យ៉ាង​ណា​ក្ដី លោក ហង្ស វិទូ ធ្លាប់​អះអាង​ថា ការប៉ុនប៉ង​ដំឡើង​ឋានន្តរសក្ដិ​ឆាប់រហ័ស​ពេក​ឲ្យ លោក ហ៊ុន ម៉ាណែត អាច​នឹង​ធ្វើ​ឲ្យ​មន្ត្រី​យោធា​ថ្នាក់ក្រោម​ឱវាទ ​ដែល​ធ្លាប់​តស៊ូ​ជាមួយ លោក ហ៊ុន សែន អាក់អន់ចិត្ត ដែល​ជា​ហេតុ​អាច​ជំរុញ​ឲ្យ​ពួកគេ​លែង​ស្ម័គ្រស្មោះ នឹង​របប​លោក ហ៊ុន សែន ឬ អាច​នឹង​ធ្វើ​រដ្ឋប្រហារ​ជា​ដើម៕

2 comments:

Anonymous said...

Ov is A Kwack.
Kaun is Ah Kwen.

Anonymous said...

Cambodia was led and will be led by Ah Kwak and Ah Kwen?