ដោយ មាន ឫទ្ធិ
2018-08-27
rfa

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងកូនប្រុស លោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១១ ត្រូវបានតែងតាំងជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។
Photo courtesy of camnews.com
កូនប្រុស លោក ហ៊ុន សែន និង ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ លោក ហ៊ុន ម៉ាណែត ត្រូវបានប្រគល់តួនាទីជាអគ្គមេបញ្ជាការស្ដីទីនៃកងយោធពលខេមរភូមិន្ទ ជំនួស លោក សៅ សុខា ក្នុងពេលសម្រាកព្យាបាលជំងឺនៅប្រទេសសឹង្ហបុរិជាច្រើនថ្ងៃ។ អ្នកវិភាគមើលឃើញថា តំណែងមេទ័ពកំពូលរបស់លោក សៅ សុខា មុន ឬ ក្រោយ គង់តែត្រូវប្រគល់ឲ្យលោក ហ៊ុន ម៉ាណែត ដដែល។
ក្នុងលិខិតប្រគល់តំណែងមេបញ្ជាការស្ដីទីនៃកងយោធពលខេមរភូមិន្ទ ដែលជាតំណែងមេទាហានកំពូលរបស់ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៤ សីហា ដែលទើបត្រូវបានសារព័ត៌មានទទួលបាននៅថ្ងៃទី២៧ សីហា លោក សៅ សុខា គ្រាន់តែបញ្ជាក់ថា មូលហេតុ ដែលត្រូវប្រគល់តួនាទីមេបញ្ជាការស្ដីទីទៅឲ្យលោក ហ៊ុន ម៉ាណែត ដោយសារ លោក ត្រូវទៅព្យាបាលជំងឺនៅប្រទេសសឹង្ហបុរី ចំនួន៣ថ្ងៃ គឺពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ សីហា។
លោក សៅ សុខា និង លោក ហ៊ុន ម៉ាណែត ត្រូវបានរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ តែងតាំងធ្វើជាមេបញ្ជាការ និងមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នៅមុនព្រឹត្តិការណ៍ថ្ងៃទី២៩ កក្កដា ដោយសារអតីតមេបញ្ជាការលោក ប៉ុល សារឿន និង អតីតមេបញ្ជាការរង ២នាក់ផ្សេងទៀត ត្រូវទៅឈរឈ្មោះតំណាងរាស្ត្រឲ្យគណបក្សកាន់អំណាច។
គេសង្កេតឃើញថា នៅក្នុងជួរកងយោធពលខេមរភូមិន្ទនៅមានអគ្គមេបញ្ជាការរងជាង ១០នាក់ផ្សេងទៀត ដែលមានអតីតភាពការងារយូរជាងលោក ហ៊ុន ម៉ាណែត រាប់សិបឆ្នាំ ទៅទៀត ប៉ុន្តែពួកគេមិនត្រូវបានប្រគល់តួនាទីមេបញ្ជាការស្ដីទីនៃកងយោធពលខេមរភូមិន្ទនេះទេ។
មេបញ្ជាការរងកងយោធពលខេមរភូមិន្ទទាំងនោះ មានដូចជា លោក ហ៊ីង ប៊ុនហៀង លោក គៀង សាវុធ លោក អ៊ុង សំខាន់ លោក ឈិន ច័ន្ទពណ៌ លោក ឥត សារ៉ាត់ ជាដើម។
អាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានទេ នៅថ្ងៃទី២៧ សីហា ដោយសារទូរស័ព្ទមិនចូល។ ប៉ុន្តែកន្លងមក លោក ឈុំ សុជាតិ ធ្លាប់បញ្ជាក់ថា តួនាទីរបស់លោក សៅ សុខា និងលោក ហ៊ុន ម៉ាណែត ជាតួនាទីបណ្ដោះអាសន្នជំនួស ប៉ុល សារឿន លោក គន់ គីម និងលោក មាស សុភា ប៉ុណ្ណោះ នៅមិនទាន់មានការប្រកាសពីតួនាទីផ្លូវការទេ។
សមាជិកក្រុមអ្នកវិភាគវ័យក្មេង លោក បុង ដែត យល់ថា ការប្រគល់តួនាទីនេះ ដោយសារលោក សៅ សុខា ទុកចិត្តលោក ហ៊ុន ម៉ាណែត ជាងគេ ក្នុងចំណោមមេបញ្ជាការរងកងយោធពលខេមរភូមិន្ទជាង ១០នាក់ផ្សេងទៀត ហើយលោក សៅ សុខា ចង់យកចិត្តយកថ្លើម លោក ហ៊ុន សែន តាមរយៈប្រគល់តំណែងឲ្យកូនប្រុសលោក ហ៊ុន សែន និងជាការរៀបចំសេណារីយ៉ូ (Scenario) បង្ហាញថា លោក ហ៊ុន ម៉ាណែត នឹងក្លាយជាអគ្គមេបញ្ជាការកំពូលរបស់កងទ័ព នៅពេលខាងមុខ ដោយគ្មានមេទ័ពណា អាចដណ្ដើមតំណែងនេះបានទេ។
លោក បុង ដែត យល់ថា ជំហានបន្ទាប់ លោក ហ៊ុន ម៉ាណែត នឹងជៀសមិនផុតពី តំណែងមេដឹកនាំយោធា ឬអាចនឹងបន្តតំណែងឪពុករបស់លោក ទាំងនៅក្នុងជួរបក្សកាន់អំណាច និងស្ថាប័នរបស់ជាតិ៖ «គាត់កំពុងព្យាយាម លើកបន្តុបលោក ហ៊ុន ម៉ាណែត ជាមេដឹកនាំកំពូលក្នុងជួរកងទ័ពរួចទៅហើយ បានន័យថា មន្ត្រីប៉ូលិស កងទ័ពនានា មិនមានសមត្ថភាពកាន់តំណែងនេះបាននោះទេ គឺមានតែលោកឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត តែប៉ុណ្ណោះនេះឯង»។
អ្នកវិភាគនយោបាយម្នាក់ទៀត គឺជាអតីតប្រធានក្រុមអ្នកវិភាគវ័យក្មេងលោក ហង្ស វិទូ ធ្លាប់ព្រមានចំៗ ថា គណបក្សកាន់អំណាច និងជួរកងទ័ព អាចនឹងមានការរង្គោះរង្គើ ប្រសិនបើលោក ហ៊ុន សែន នៅតែបន្តចង់មហិច្ឆតាលើកបន្តុបកូនឲ្យក្លាយជាអនាគតនាយករដ្ឋមន្ត្រីកម្ពុជា បន្តវេនពីរូបលោក ដោយមិនឆ្លងកាត់ការបោះឆ្នោតត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញ។ ប៉ុន្តែ ឪពុករបស់លោក ហ៊ុន ម៉ាណែត គឺលោក ហ៊ុន សែន ដែលជាមេដឹកនាំរបបក្រុងភ្នំពេញ បានរងការរិះគន់ពីសហគមន៍អន្តរជាតិ និងអ្នកប្រជាធិបតេយ្យនិយមថា ជាមេដឹកនាំដែលអាចធ្វើអ្វីគ្រប់យ៉ាង ដោយមិនខ្វល់ពីសំឡេងរិះគន់ ឬមិនខ្វល់ពីច្បាប់ទម្លាប់អ្វីទេ គឺដើម្បីតែអំណាច និងភាពមានៈចង់ឈ្នះរបស់លោក។
ទោះយ៉ាងណាក្ដី លោក ហង្ស វិទូ ធ្លាប់អះអាងថា ការប៉ុនប៉ងដំឡើងឋានន្តរសក្ដិឆាប់រហ័សពេកឲ្យ លោក ហ៊ុន ម៉ាណែត អាចនឹងធ្វើឲ្យមន្ត្រីយោធាថ្នាក់ក្រោមឱវាទ ដែលធ្លាប់តស៊ូជាមួយ លោក ហ៊ុន សែន អាក់អន់ចិត្ត ដែលជាហេតុអាចជំរុញឲ្យពួកគេលែងស្ម័គ្រស្មោះ នឹងរបបលោក ហ៊ុន សែន ឬ អាចនឹងធ្វើរដ្ឋប្រហារជាដើម៕
2 comments:
Ov is A Kwack.
Kaun is Ah Kwen.
Cambodia was led and will be led by Ah Kwak and Ah Kwen?
Post a Comment