Sunday, 26 August 2018

អ្នកវិភាគ​ថា លោក ហ៊ុន សែន ចាប់​មនុស្ស​មួយ​ចំនួន​ធ្វើ​ជា​ចំណាប់ខ្មាំង​នយោបាយ​របស់​ខ្លួន


ទីន ហ្សាការីយ៉ា
2018-08-24 

សកម្មជន​នយោបាយ​បក្ស​ប្រឆាំង ត្រូវ​បាន​រថយន្ត​ពន្ធនាគារ​ដឹក​ចេញ​ពី​តុលាការ​កាល​ពី​ថ្ងៃ​ទី​២៥ ធ្នូ។ សកម្មជន​បក្ស​សង្គ្រោះជាតិ ៥​នាក់ ដែល​បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស មាន​លោក មាជ សុវណ្ណារ៉ា ជាដើម ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​តាម​សំណើ​មេធាវី​ជន​ជាប់​ចោទ។
សកម្មជន​នយោបាយ​បក្ស​ប្រឆាំង ត្រូវ​បាន​រថយន្ត​ពន្ធនាគារ​ដឹក​ចេញ​ពី​តុលាការ​កាល​ពី​ថ្ងៃ​ទី​២៥ ធ្នូ។ សកម្មជន​បក្ស​សង្គ្រោះជាតិ ៥​នាក់ ដែល​បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស មាន​លោក មាជ សុវណ្ណារ៉ា ជាដើម ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​តាម​សំណើ​មេធាវី​ជន​ជាប់​ចោទ។
Photo: RFA



អ្នកវិភាគ​នយោបាយ លើកឡើង​ថា លោក ហ៊ុន សែន បាន​យក​អ្នក​ទោស​នយោបាយ​ដែល​កំពុង​ជាប់ឃុំ ធ្វើ​ជា​ចំណាប់ខ្មាំង​នយោបាយ​របស់​ខ្លួន ទោះបីជា​ការ​ឃុំខ្លួន​នោះ បំពាន​ច្បាប់​យ៉ាងណាក៏ដោយ។ ក៏ប៉ុន្តែ​ដោយសារតែ​របប​ក្រុងភ្នំពេញ ត្រូវ​ការ​ការបន្ធូរបន្ថយ ការ​ដាក់​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​នោះ របប​របស់​លោក ហ៊ុន សែន បាន​ដោះលែង​អ្នក​ជាប់ឃុំ​ជា​បណ្ដើរៗ​វិញ​ហើយ។ ក៏ប៉ុន្តែ​លោក ហ៊ុន សែន ព្រមាន​ថា បើសិនជា​អ្នកណា​ហើយ​និយាយ​ថា ការ​ដោះលែង​វិញ ដោយសារ​តែ​មាន​គំនាប​ពី​អន្តរជាតិ​នោះ លោក​មិន​ដោះលែង​វិញ​ឡើយ។

អ្នកវិភាគ​អះអាង​ថា លោក ហ៊ុន សែន កំពុង​ប្រើប្រាស់​អំណាច​នីតិប្រតិបត្តិ បំពាន​ទៅលើ​អំណាច​តុលាការ ក្នុង​ការ​ចាប់ចង​មនុស្ស និង​ដោះលែង​វិញ តាម​អំពើ​ចិត្ត ដែល​ជា​ការ​អនុវត្ត​តាម​បែប​របប​កុម្មុយនិស្ត ក្រោម​រួប​ភាព​ប្រជាធិបតេយ្យ។



លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ការ​ដោះលែង​មនុស្ស ជា​បន្តបន្ទាប់ នៅ​ក្រោយ​ពេល​បោះឆ្នោត កាលពី​ថ្ងៃ​ទី​២៩ កក្កដា ដែល​គេ​ចាត់ទុកថា​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ​នោះ គឺ​របប​លោក ហ៊ុន សែន ចង់​ចៀស​ផុត​ពី​សហគមន៍​អន្តរជាតិ​ដាក់​គំនាប ពិសេស​ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP របស់​អាមេរិក និង «​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ​» EBAរបស់​សហភាព​អឺរ៉ុប​ជាដើម។ «»

សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ដែល​ជា​ទីផ្សារ​ដ៏​សំខាន់​របស់​កម្ពុជា បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ និង​ដាក់​ទណ្ឌកម្ម​ជា​បន្តបន្ទាប់​លើ​របប​លោក ហ៊ុន សែន ដោយសារតែ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​គណបក្ស​ប្រឆាំង និង​ការ​ចាប់ចង​មនុស្ស​ដាក់​ពន្ធនាគារ​នេះ។ ចំពោះ​សហភាព​អឺរ៉ុប បាន​គំរាម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ ពី​កម្ពុជា ប្រសិនបើ​រាល់​កិច្ចប្រឹងប្រែង​ទាំងអស់​ដទៃ​ទៀត​របស់​សហភាព​អឺរ៉ុប ក្នុង​ការ​ជំរុញ​ឲ្យ​របប​លោក ហ៊ុន សែន ស្តារ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ឡើងវិញ នៅ​តែ​ទទួល​បរាជ័យ។

ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប អ្នកស្រី សេស៊ីលីយ៉ា ម៉ាល់ស្ត្រុម (Cecilia Malmstrom) ថ្លែង​សង្កត់ធ្ងន់​កន្លង​មក​ថា គោល​នយោបាយ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប គឺ​ផ្ដោត​លើ​ទិដ្ឋភាព​សំខាន់ៗ​មួយ​ចំនួន រួមមាន យុត្តិធម៌​សង្គម ការ​គោរព​សិទ្ធិមនុស្ស សេរី​ភាពជា​មូលដ្ឋាន និង​បទដ្ឋាន​ការងារ​ជាដើម។

មក​ទល់​ពេល​នេះ តុលាការ​បាន​ដោះលែង​មនុស្ស​ចំនួន ៥​នាក់​ចេញពី​ពន្ធនាគារ ក្រោយពី​របប​លោក ហ៊ុន សែន បាន​រៀបចំ​បោះឆ្នោត​ដ៏​ចម្រូងចម្រាស​បាន​ជោគជ័យ។ មនុស្ស​ទាំង​៥​នាក់​នោះ រួមមាន លោក គឹម សុខ អ្នកវិភាគ​​នយោបាយ និង​សង្គម អ្នកស្រី ទេព វន្នី សកម្មជន​ដីធ្លី​បឹងកក់ អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ពីរ​រូប គឺ លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ។ ហើយ​កាលពី​ថ្ងៃ​ទី​២៣ សីហា គឺ លោក សួន សេរីរដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស បន្ទាប់ពី​បាន​ធ្វើ​លិខិត​សុំទោស លោក ហ៊ុន សែន ជា​លើក​ទី​ពីរ។

នៅ​ក្នុង​ឱកាស​ជួប​កម្មករ​កាលពី​ថ្ងៃ​ទី​២៣ សីហា លោក ហ៊ុន សែន បញ្ជាក់​ថា លោក​មាន​គម្រោង​ដោះលែង​មនុស្ស​ចំនួន​១២​នាក់​ទៀត ដែល​គេ​ដឹង​ថា ជា​សកម្ម​បក្ស​នយោបាយ ឬ​ក្រុម​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់ឃុំ។ ក៏ប៉ុន្តែ​លោក ហ៊ុន សែន ព្រមាន​ថា បើសិនជា​អ្នកណា​និយាយ​រិះគន់​ពី​ការ​ដោះលែង​នេះ ថា​មាន​គំនាប​ពី​សហគមន៍​អន្តរជាតិ ដែល​លោក​ទំនងជា​ចង់​សំដៅ​ទៅលើ​លោក សម រង្ស៊ី នោះ​ថា លោក​នឹង​មិន​លើកលែងទោស ឬ​ដោះលែង​អ្នក​ទាំង​នេះ​ឡើយ។ «»

លោក ហ៊ុន សែន ជំរុញ​អ្នក​ជាប់ឃុំ​ត្រូវ​សរសេរ​លិខិត​ថ្កោលទោស លោក សម រង្ស៊ី ជា​ថ្នូរ​នឹង​ការ​ដោះលែង​នោះ ត្រូវ​បាន​អ្នកវិភាគ​លើកឡើង​ថា ក្រៅពី​លោក ហ៊ុន សែន យក​អ្នក​ជាប់ឃុំ​ធ្វើជា​ចំណាប់ខ្មាំង​នយោបាយ​នោះ លោក​ក៏​មាន​ផែនការ​ចង់​ឲ្យ​គណបក្ស​សង្គ្រោះជាតិ បែប​បាក់​ផ្ទៃក្នុង​ដែរ បើ​ទោះ​ជា​របប​លោក​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ហើយ​ក្ដី។ នៅ​ត្រង់​ចំណុច​នេះ លោក ហ៊ុន សែន ហាក់​ចង់​ខ្ចី​ដៃ​សមាជិក​គណបក្ស​សង្គ្រោះជាតិ ដើម្បី​វាយបក​ទៅ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ការ​ទម្លាក់​កំហុស​ទៅលើ​លោក សម រង្ស៊ី ថា រឿង​ដែល​របប​របស់​លោក មិន​ដោះលែង​អ្នក​ជាប់ឃុំ​ទាំងនោះ គឺ​បណ្ដាល​មក​ពី​លោក សម រង្ស៊ី មិន​ព្រម​នៅ​ស្ងៀមស្ងាត់ និង​តែងតែ​រិះគន់​លោក​ជាដើម។

ឆ្លើយតប​និង​ការ​លើកឡើង​នេះ លោក សម រង្ស៊ី អះអាង​ថា មិន​ថា​ឡើយ​សកម្មជន​បក្ស​ប្រឆាំង សូម្បីតែ​ព្រះមហាក្សត្រ ក៏​លោក ហ៊ុន សែន យក​ធ្វើជា​ចំណាប់ខ្មាំង​នយោបាយ​ដែរ។ លោក សម រង្ស៊ី បន្ថែម​ថា ទោះបីជា​លោក ហ៊ុន សែន កំពុង​យក​អ្នក​ជាប់ឃុំ​ទាំងអស់​ធ្វើជា​ចំណាប់ខ្មាំង​ក្ដី ក៏ប៉ុន្តែ​លោក ហ៊ុន សែន កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ទ័លច្រក​មួយ ដោយសារតែ​របប​របស់​លោក បាន​រៀបចំ​ការ​បោះឆ្នោត​ក្លែងក្លាយ មិន​មាន​ការ​ទទួល​ស្គាល់​ពី​ប្រទេស​លោក​ខាងលិច ដែល​ជា​ក្រុម​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​នោះ។ «»

ក្រៅពី​ចាប់ខ្លួន សកម្មជន​ដីធ្លី អ្នកសារព័ត៌មាន និង​អ្នកវិភាគ​នយោបាយ គឺ​សកម្មជន​គណបក្ស​នយោបាយ និង​ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា ផង សរុប​ជិត ២០​នាក់ ត្រូវ​បាន​អាជ្ញាធរ​នៃ​របប​លោក ហ៊ុន សែន ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ ចាប់តាំង​ពី​ឆ្នាំ​២០១៥​មក។ ក្នុង​នោះ​ចំនួន ១៤​នាក់ ត្រូវ​បាន​ចាប់ខ្លួន និង​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពី ៧​ឆ្នាំ ដល់ ២០​ឆ្នាំ ពី​បទ​ដឹកនាំ និង​ចូលរួម​ក្នុង​ចលនា​កុប្បកម្ម​ប្រព្រឹត្តទៅ​នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។

ទាក់ទង​និង​បញ្ហា​នេះ អ្វី​ដែល​កាន់តែ​បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ថា​តើ លោក ហ៊ុន សែន ពិតជា​អ្នក​នៅ​ពីក្រោយ​ខ្នង នៃ​ការ​ចាប់ចង​មនុស្ស​ទាំងនេះ​ឬ​យ៉ាងណា​នោះ? លោក ហ៊ុន សែន អះអាង​ថា ការ​ដោះលែង​មនុស្ស​ជាប់ឃុំ​ទាំងនេះ ឬ​មិន​ដោះលែង គឺ​ឋិត​នៅ​លើ​ចុង​ប៊ិច​របស់​លោក តែប៉ុណ្ណោះ។ «»

លោក បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា ការប្រកាស​របស់​លោក ហ៊ុន សែន នេះ គឺជា​ការ​លាតត្រដាង​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ថា លោក ហ៊ុន សែន បាន​ប្រើប្រាស់​អំណាចនីតិប្រតិបត្តិ​ជាន់​ឈ្លី​លើ​អំណាច​តុលាការ ដែល​លោក​ចង់​ចាប់​ក៏​ចាប់​ហើយ​ចង់​ដោះលែង​វិញ អាស្រ័យ​លើ​លោក។ បណ្ឌិត ឡៅ ម៉ុងហៃ ពន្យល់​ថា របប​លោក ហ៊ុន សែន បាន​បង្កើត​ច្បាប់​ថ្មី ឬ​វិសោធនកម្ម​ច្បាប់​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​ម្ដង​ហើយ​ម្ដងទៀត ដូចជា​ការ​អះអាង​ពី​សិទ្ធិ​លើកលែងទោស​ដល់​អ្នកទោស ទាល់តែ​លោក​ចុះហត្ថលេខា​លើ​លិខិតស្នើ​សុំ​ទៅ​ព្រះមហាក្សត្រ​នេះ​ជាដើម។ «»

មក​ទល់​ពេល​នេះ គេ​នៅ​រង់​ចាំ​មើល​បន្ត​ទៀត​ថា តើ​របប​លោក ហ៊ុន សែន នឹង​នៅតែ​យក​សកម្មជន មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង រួម​ទាំង​លោក កឹម សុខា ផង ធ្វើជា​ចំណាប់ខ្មាំង​នយោបាយ​បន្ត​ទៅ​មុខ​ទៀត ឬ​យ៉ាងណា​?​។ ក៏ប៉ុន្តែ​អ្នកវិភាគ​លើកឡើងថា បើសិនជា​របប​លោក ហ៊ុន សែន មិន​ដោះលែង​អ្នក​ទាំងនោះ​វិញ​ទេ ហើយ​ទម្លាក់កំហុស​ថា មកពី​លោក​សម រង្ស៊ី ទើប​លោក​មិន​ដោះលែង​នោះ ក៏​មជ្ឈដ្ឋាន​ទូទៅ រួម​ទាំង​សហគមន៍​អន្តរជាតិ​ផង ក៏​មិន​ជឿ​លើ​លោក ហ៊ុន សែន ដែរ ព្រោះថា សហគមន៍​អន្តរជាតិ​រួម​ទាំង​មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​ផង ធ្លាប់​បាន​អំពាវនាវ​ឲ្យ​ដោះលែង​អ្នក​ជាប់ឃុំ​ទាំងនេះ​ជា​ហូរហែ​មក​ហើយ បើ​មិន​ពុំ​នោះ​ទេ វិធានការ​ដាក់​ទណ្ឌកម្ម​បន្ថែម គេ​នឹង​ចាប់ផ្ដើម​អនុវត្ត៕

1 comment:

Anonymous said...

Ah Kwack's government is illegitimate. Khmer people must concentrate on that issue.