ទីន ហ្សាការីយ៉ា
2018-08-24

សកម្មជននយោបាយបក្សប្រឆាំង ត្រូវបានរថយន្តពន្ធនាគារដឹកចេញពីតុលាការកាលពីថ្ងៃទី២៥ ធ្នូ។ សកម្មជនបក្សសង្គ្រោះជាតិ ៥នាក់ ដែលបានជាប់ឃុំក្នុងពន្ធនាគារព្រៃស មានលោក មាជ សុវណ្ណារ៉ា ជាដើម ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការសុំនៅក្រៅឃុំបណ្ដោះអាសន្នតាមសំណើមេធាវីជនជាប់ចោទ។
Photo: RFA
អ្នកវិភាគនយោបាយ លើកឡើងថា លោក ហ៊ុន សែន បានយកអ្នកទោសនយោបាយដែលកំពុងជាប់ឃុំ ធ្វើជាចំណាប់ខ្មាំងនយោបាយរបស់ខ្លួន ទោះបីជាការឃុំខ្លួននោះ បំពានច្បាប់យ៉ាងណាក៏ដោយ។ ក៏ប៉ុន្តែដោយសារតែរបបក្រុងភ្នំពេញ ត្រូវការការបន្ធូរបន្ថយ ការដាក់សម្ពាធពីសហគមន៍អន្តរជាតិនោះ របបរបស់លោក ហ៊ុន សែន បានដោះលែងអ្នកជាប់ឃុំជាបណ្ដើរៗវិញហើយ។ ក៏ប៉ុន្តែលោក ហ៊ុន សែន ព្រមានថា បើសិនជាអ្នកណាហើយនិយាយថា ការដោះលែងវិញ ដោយសារតែមានគំនាបពីអន្តរជាតិនោះ លោកមិនដោះលែងវិញឡើយ។
អ្នកវិភាគអះអាងថា លោក ហ៊ុន សែន កំពុងប្រើប្រាស់អំណាចនីតិប្រតិបត្តិ បំពានទៅលើអំណាចតុលាការ ក្នុងការចាប់ចងមនុស្ស និងដោះលែងវិញ តាមអំពើចិត្ត ដែលជាការអនុវត្តតាមបែបរបបកុម្មុយនិស្ត ក្រោមរួបភាពប្រជាធិបតេយ្យ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការដោះលែងមនុស្ស ជាបន្តបន្ទាប់ នៅក្រោយពេលបោះឆ្នោត កាលពីថ្ងៃទី២៩ កក្កដា ដែលគេចាត់ទុកថាជាការបោះឆ្នោតក្លែងក្លាយនោះ គឺរបបលោក ហ៊ុន សែន ចង់ចៀសផុតពីសហគមន៍អន្តរជាតិដាក់គំនាប ពិសេសការផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាមេរិក និង «អ្វីៗទាំងអស់លើកលែងតែអាវុធ» EBAរបស់សហភាពអឺរ៉ុបជាដើម។ «»
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលជាទីផ្សារដ៏សំខាន់របស់កម្ពុជា បានបញ្ចេញប្រតិកម្មខ្លាំងៗ និងដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើរបបលោក ហ៊ុន សែន ដោយសារតែការរំលាយគណបក្សសង្គ្រោះជាតិ និងគណបក្សប្រឆាំង និងការចាប់ចងមនុស្សដាក់ពន្ធនាគារនេះ។ ចំពោះសហភាពអឺរ៉ុប បានគំរាមដកប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗទាំងអស់លើកលែងតែអាវុធ ពីកម្ពុជា ប្រសិនបើរាល់កិច្ចប្រឹងប្រែងទាំងអស់ដទៃទៀតរបស់សហភាពអឺរ៉ុប ក្នុងការជំរុញឲ្យរបបលោក ហ៊ុន សែន ស្តារស្ថានការណ៍នយោបាយនៅកម្ពុជាឡើងវិញ នៅតែទទួលបរាជ័យ។
ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប អ្នកស្រី សេស៊ីលីយ៉ា ម៉ាល់ស្ត្រុម (Cecilia Malmstrom) ថ្លែងសង្កត់ធ្ងន់កន្លងមកថា គោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប គឺផ្ដោតលើទិដ្ឋភាពសំខាន់ៗមួយចំនួន រួមមាន យុត្តិធម៌សង្គម ការគោរពសិទ្ធិមនុស្ស សេរីភាពជាមូលដ្ឋាន និងបទដ្ឋានការងារជាដើម។
មកទល់ពេលនេះ តុលាការបានដោះលែងមនុស្សចំនួន ៥នាក់ចេញពីពន្ធនាគារ ក្រោយពីរបបលោក ហ៊ុន សែន បានរៀបចំបោះឆ្នោតដ៏ចម្រូងចម្រាសបានជោគជ័យ។ មនុស្សទាំង៥នាក់នោះ រួមមាន លោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គម អ្នកស្រី ទេព វន្នី សកម្មជនដីធ្លីបឹងកក់ អតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូប គឺ លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ។ ហើយកាលពីថ្ងៃទី២៣ សីហា គឺ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលើកលែងទោស បន្ទាប់ពីបានធ្វើលិខិតសុំទោស លោក ហ៊ុន សែន ជាលើកទីពីរ។
នៅក្នុងឱកាសជួបកម្មករកាលពីថ្ងៃទី២៣ សីហា លោក ហ៊ុន សែន បញ្ជាក់ថា លោកមានគម្រោងដោះលែងមនុស្សចំនួន១២នាក់ទៀត ដែលគេដឹងថា ជាសកម្មបក្សនយោបាយ ឬក្រុមអ្នកនយោបាយបក្សប្រឆាំងដែលកំពុងជាប់ឃុំ។ ក៏ប៉ុន្តែលោក ហ៊ុន សែន ព្រមានថា បើសិនជាអ្នកណានិយាយរិះគន់ពីការដោះលែងនេះ ថាមានគំនាបពីសហគមន៍អន្តរជាតិ ដែលលោកទំនងជាចង់សំដៅទៅលើលោក សម រង្ស៊ី នោះថា លោកនឹងមិនលើកលែងទោស ឬដោះលែងអ្នកទាំងនេះឡើយ។ «»
លោក ហ៊ុន សែន ជំរុញអ្នកជាប់ឃុំត្រូវសរសេរលិខិតថ្កោលទោស លោក សម រង្ស៊ី ជាថ្នូរនឹងការដោះលែងនោះ ត្រូវបានអ្នកវិភាគលើកឡើងថា ក្រៅពីលោក ហ៊ុន សែន យកអ្នកជាប់ឃុំធ្វើជាចំណាប់ខ្មាំងនយោបាយនោះ លោកក៏មានផែនការចង់ឲ្យគណបក្សសង្គ្រោះជាតិ បែបបាក់ផ្ទៃក្នុងដែរ បើទោះជារបបលោកបានរំលាយគណបក្សសង្គ្រោះជាតិទៅហើយក្ដី។ នៅត្រង់ចំណុចនេះ លោក ហ៊ុន សែន ហាក់ចង់ខ្ចីដៃសមាជិកគណបក្សសង្គ្រោះជាតិ ដើម្បីវាយបកទៅលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាការទម្លាក់កំហុសទៅលើលោក សម រង្ស៊ី ថា រឿងដែលរបបរបស់លោក មិនដោះលែងអ្នកជាប់ឃុំទាំងនោះ គឺបណ្ដាលមកពីលោក សម រង្ស៊ី មិនព្រមនៅស្ងៀមស្ងាត់ និងតែងតែរិះគន់លោកជាដើម។
ឆ្លើយតបនិងការលើកឡើងនេះ លោក សម រង្ស៊ី អះអាងថា មិនថាឡើយសកម្មជនបក្សប្រឆាំង សូម្បីតែព្រះមហាក្សត្រ ក៏លោក ហ៊ុន សែន យកធ្វើជាចំណាប់ខ្មាំងនយោបាយដែរ។ លោក សម រង្ស៊ី បន្ថែមថា ទោះបីជាលោក ហ៊ុន សែន កំពុងយកអ្នកជាប់ឃុំទាំងអស់ធ្វើជាចំណាប់ខ្មាំងក្ដី ក៏ប៉ុន្តែលោក ហ៊ុន សែន កំពុងស្ថិតនៅក្នុងភាពទ័លច្រកមួយ ដោយសារតែរបបរបស់លោក បានរៀបចំការបោះឆ្នោតក្លែងក្លាយ មិនមានការទទួលស្គាល់ពីប្រទេសលោកខាងលិច ដែលជាក្រុមប្រទេសប្រកាន់របបប្រជាធិបតេយ្យនោះ។ «»
ក្រៅពីចាប់ខ្លួន សកម្មជនដីធ្លី អ្នកសារព័ត៌មាន និងអ្នកវិភាគនយោបាយ គឺសកម្មជនគណបក្សនយោបាយ និងប្រធានបក្សប្រឆាំង លោក កឹម សុខា ផង សរុបជិត ២០នាក់ ត្រូវបានអាជ្ញាធរនៃរបបលោក ហ៊ុន សែន ចាប់ខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០១៥មក។ ក្នុងនោះចំនួន ១៤នាក់ ត្រូវបានចាប់ខ្លួន និងកាត់ទោសឱ្យជាប់ពន្ធនាគារពី ៧ឆ្នាំ ដល់ ២០ឆ្នាំ ពីបទដឹកនាំ និងចូលរួមក្នុងចលនាកុប្បកម្មប្រព្រឹត្តទៅនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០១៤។
ទាក់ទងនិងបញ្ហានេះ អ្វីដែលកាន់តែបង្ហាញឲ្យឃើញកាន់តែច្បាស់ថាតើ លោក ហ៊ុន សែន ពិតជាអ្នកនៅពីក្រោយខ្នង នៃការចាប់ចងមនុស្សទាំងនេះឬយ៉ាងណានោះ? លោក ហ៊ុន សែន អះអាងថា ការដោះលែងមនុស្សជាប់ឃុំទាំងនេះ ឬមិនដោះលែង គឺឋិតនៅលើចុងប៊ិចរបស់លោក តែប៉ុណ្ណោះ។ «»
លោក បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា ការប្រកាសរបស់លោក ហ៊ុន សែន នេះ គឺជាការលាតត្រដាងឲ្យឃើញកាន់តែច្បាស់ថា លោក ហ៊ុន សែន បានប្រើប្រាស់អំណាចនីតិប្រតិបត្តិជាន់ឈ្លីលើអំណាចតុលាការ ដែលលោកចង់ចាប់ក៏ចាប់ហើយចង់ដោះលែងវិញ អាស្រ័យលើលោក។ បណ្ឌិត ឡៅ ម៉ុងហៃ ពន្យល់ថា របបលោក ហ៊ុន សែន បានបង្កើតច្បាប់ថ្មី ឬវិសោធនកម្មច្បាប់រំលោភលើរដ្ឋធម្មនុញ្ញម្ដងហើយម្ដងទៀត ដូចជាការអះអាងពីសិទ្ធិលើកលែងទោសដល់អ្នកទោស ទាល់តែលោកចុះហត្ថលេខាលើលិខិតស្នើសុំទៅព្រះមហាក្សត្រនេះជាដើម។ «»
មកទល់ពេលនេះ គេនៅរង់ចាំមើលបន្តទៀតថា តើរបបលោក ហ៊ុន សែន នឹងនៅតែយកសកម្មជន មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង រួមទាំងលោក កឹម សុខា ផង ធ្វើជាចំណាប់ខ្មាំងនយោបាយបន្តទៅមុខទៀត ឬយ៉ាងណា?។ ក៏ប៉ុន្តែអ្នកវិភាគលើកឡើងថា បើសិនជារបបលោក ហ៊ុន សែន មិនដោះលែងអ្នកទាំងនោះវិញទេ ហើយទម្លាក់កំហុសថា មកពីលោកសម រង្ស៊ី ទើបលោកមិនដោះលែងនោះ ក៏មជ្ឈដ្ឋានទូទៅ រួមទាំងសហគមន៍អន្តរជាតិផង ក៏មិនជឿលើលោក ហ៊ុន សែន ដែរ ព្រោះថា សហគមន៍អន្តរជាតិរួមទាំងមន្ត្រីជាន់ខ្ពស់នៃអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សផង ធ្លាប់បានអំពាវនាវឲ្យដោះលែងអ្នកជាប់ឃុំទាំងនេះជាហូរហែមកហើយ បើមិនពុំនោះទេ វិធានការដាក់ទណ្ឌកម្មបន្ថែម គេនឹងចាប់ផ្ដើមអនុវត្ត៕
1 comment:
Ah Kwack's government is illegitimate. Khmer people must concentrate on that issue.
Post a Comment