Friday, 26 October 2018

ប្រវត្តិ​លោក ជាម ច័ន្ទនី តំណាងរាស្ត្រ​​បក្ស​ប្រឆាំង និង​ជា​​អ្នកនយោបាយ​មិន​ចុះ​ញ៉ម


ដោយ សុ ជីវី
2018-10-25 
rfa
អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ជាម ច័ន្ទនី។អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ជាម ច័ន្ទនី។
រុបថត៖ ពី​ហ្វេសប៊ុក Pat Sambo



តំណាងរាស្ត្រ​ជាប់ឆ្នោត​មណ្ឌល​កំពង់ធំ នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ជាម ច័ន្ទនី ទទួល​មរណភាព​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​តុលា ដោយ​រោគាពាធ ក្នុង​វ័យ​៥៧​ឆ្នាំ។

ស្ថាបនិក​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ចាត់​ទុក​មរណភាព​របស់​លោក ជាម ច័ន្ទនី ថា​ជា​ការ​បាត់បង់​ធំធេង​មួយ​របស់​គណបក្ស​នេះ ដ្បិត​លោក ជាម ច័ន្ទនី ជា​មនុស្ស​ស្មោះត្រង់ ហ៊ាន​លះបង់ ជា​អ្នកស្នេហាជាតិ ស្រឡាញ់​ប្រជាធិបតេយ្យ និង​សិទ្ធិ​សេរីភាព​ពលរដ្ឋ។

​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ និង​ជា​ស្ថាបនិក​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី សោកស្ដាយ​លោក ជាម ច័ន្ទនី ដែល​ធ្លាប់​ធ្វើការ​ជាមួយ​លោក តាំងពី​លោក​បង្កើត​គណបក្ស​ដំបូង​គឺ​គណបក្ស​ជាតិ​ខ្មែរ ហើយ​បន្ត​ទៅ​គណបក្ស សម រង្ស៊ី និង​ចុង​ក្រោយនេះ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ៖ «អ្វី​ដែល​ខ្ញុំ​ចងចាំ​ពី​លោក ជាម ច័ន្ទនី គឺ​ទី​១ វីរភាព​របស់​គាត់​គឺ​ភាព​ក្លាហាន ប្ដូរផ្ដាច់​ឧត្ដមគតិ​ខ្ពង់ខ្ពស់។ អ្វី​ដែល​ខ្ញុំ​ចងចាំ​មួយទៀត​គឺ​ភាព​ស្មោះត្រង់ ស្មោះត្រង់​ជាមួយ​ប្រទេសជាតិ​ស្មោះត្រង់​ជាមួយ​គណបក្ស គឺ​ជាតិខ្មែរ សម រង្ស៊ី និង​សង្គ្រោះ​ជាតិ​គឺ​ស្មោះត្រង់​មិន​អាច​នរណា​អូសទាញ​ទៅ​ធ្វើ​អ្វី​ឆ្វេង​ស្ដាំ​ផ្ដេសផ្ដាស​ទេ។ ទី​៣ គឺ​គាត់​ស្មោះត្រង់​ចំពោះ​ខ្ញុំ គឺ​យើង​ស្រឡាញ់​រាប់អាន​គ្នា​ដូច​បងប្អូន​បង្កើត ខ្ញុំ​ទុកចិត្ត​លោក ជាម ច័ន្ទនី ១០០​ភាគរយ»។



លោក ជាម ច័ន្ទនី បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ជាង​មួយ​ឆ្នាំ​មកនេះ​នៅ​ក្រោយ​រក​ឃើញ​ថា​លោក មាន​ជំងឺ​មហារីក​សួត ដែល​រាលដាល​ដល់​ខួរក្បាល ហើយ​គ្រួសារ​របស់​លោក​បា​នបញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ។ លោក​បាន​ទទួល​មរណភាព​កាលពី​ម៉ោងជាង​៤ នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា នៅ​គេហដ្ឋាន​របស់​លោក នៅ​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

មិន​ខុសគ្នា​ពី​លោក សម រង្ស៊ី ទេ​មន្ត្រី​មួយ​ចំនួន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក ពី​មរណភាព​របស់​លោក ជាម ច័ន្ទនី។ ពួកគេ​បង្ហាញ​សេចក្ដី​សោកស្ដាយ ក្ដុកក្ដួល និង​អាឡោះអាល័យ​ចំពោះ​លោក ជាម ច័ន្ទនី ដែល​ពួកគេ​ចាត់ទុកថា​ជា​អ្នក​ស្នេហា​ជាតិ ដោយ​ពួកគេ​សំអាង​ថា លោក​ស្ទើរតែ​ពេញ​មួយ​ជីវិត​របស់​លោក​បាន​ពលិកម្ម​ធំធេង ដើម្បី​បុព្វហេតុ​រំដោះ​ជាតិ​មាតុភូមិ​ពី​ការឈ្លានពាន​របស់​បរទេស និង​ដើម្បី​បុព្វហេតុ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

លោក មុត ចន្ថា ជា​ជំនួយការ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុកថា ក្នុង​បុព្វហេតុ​លទ្ធិប្រជាធិបតេយ្យ លោក​បាន​ប្រឈម​នឹង​ការ​គំរាមកំហែង​គ្រប់បែប​យ៉ាង និង​ការ​ជាប់​ពន្ធនាគារ​ផង។ ប៉ុន្តែ​លោក ជាម ច័ន្ទនី ពុំ​បាន​រាថយ​ឡើយ ព្រោះ​លោក​មាន​បំណង​ប្រាថ្នា​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​សេរីភាព​ពេញ​បរិបូរណ៍ យុត្តិធម៌ និង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ។

លោក មុត ចន្ថា ហៅ​មរណភាព​របស់​លោក ជាម ច័ន្ទនី ថា​ជា​ការ​បាត់បង់​នូវ​ធនធានមនុស្ស និង​ជា​អ្នកស្នេហាជាតិ​ប្រកបដោយ​ឧត្ដមគតិ​ម្នាក់។

ក្រៅ​ពី​នេះ​ពួកគេ​ក៏បាន​បួងសួង ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​លោក ជាម ច័ន្ទនី អោយ​បាន​ដល់​សុគតិភព។

​គណនី​ហ្វេសប៊ុក​ឈ្មោះ អ៊ា ចាន់ណា (Ir Chann) ជា​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​បរទេស ដែល​ចូលរួម​មរណទុក្ខ​ក្រុម​គ្រួសារ​លោក ជាម ច័ន្ទនី បាន​សរសេរ​ថា លោក​បាន​លាចាក​លើក​នេះ​ទៅ​ទាំង​មិនទាន់​បាន​ឃើញ​ជាតិ​មាតុភូមិ​ទទួល​បាន​ការ​ផ្លាស់ប្ដូរ​តាម​ក្ដី​ប្រាថ្នា​របស់​លោក​នៅឡើយ។

លោក ជាម ច័ន្ទនី កើត​នៅ​ថ្ងៃ ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​១៩៦១ នៅ​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម លោក​បាន​ជាប់​ជា​តំណាងរាស្ត្រ​បី​អាណត្តិ ដោយ​ចាប់ផ្ដើម​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម នៃ​គណបក្ស សម រង្ស៊ី។ លោក​បាន​រៀបការ​មានគ្រួសារ និង​មាន​កូនស្រី​៣​នាក់។ លោក​បាន​បញ្ចប់​ការសិក្សា​ត្រឹម​មធ្យមសិក្សា​កម្រិត​២ ឬ​បាក់​ឌុប​នៅ​វិទ្យាល័យ​តាសុខ នៅ​ស្រុកកំណើត ហើយ​ធ្លាប់​រៀន​វគ្គ​ហ្វឹកហាត់​យោធា អភិវឌ្ឍន៍​ជនបទ សិទ្ធិមនុស្ស​និង​ដោះស្រាយ​បញ្ហា​ដីធ្លី។ លោក​ក៏​ធ្លាប់​ធ្វើជា​នាយទាហាន​ក្នុង​ជួរ​កង​យោធពល​ខេមរភូមិន្ទ​នៅ​រវាង​ឆ្នាំ​១៩៩៤ ដល់ឆ្នាំ ១៩៩៦។

លោក ជាម ច័ន្ទនី ត្រូវ​តុលាការ​យោធា​កាត់​អោយ​ជាប់​ពន្ធនាគារ​ចំនួន​៧​ឆ្នាំ កាលពី​ឆ្នាំ​២០០៥ ក្រោម​បទ​ចោទ​លួច​បង្កើត​កងទ័ព​ខុសច្បាប់​បម្រើ​អោយ​រដ្ឋាភិបាល​ស្រមោល ដែល​គណបក្ស សម រង្ស៊ី បង្កើត​ឡើង​ដោយ​យក​គំរូ​តាម​បក្ស​ប្រឆាំង​នៅ​ប្រទេស​អង់គ្លេស និង​អូស្ត្រាលី។ លោក ជាម ច័ន្ទនី ត្រូវ​គណបក្ស​ដាក់​អោយ​កាន់​តួនាទី​ជា​អ្នកដឹកនាំ ក្រសួង​ដែល​ពាក់ព័ន្ធ​នឹង​កិច្ចការ​យោធា និង​សន្តិសុខ។ កាលណោះ​លោក​ត្រូវ​ឃុំខ្លួន​នៅ​ពន្ធនាគារ​យោធា ដែល​មាន​អ្នកទោស​ឧក្រិដ្ឋ​កម្រិត​ធ្ងន់​បំផុត គឺ តាម៉ុក នៃ​របប​ខ្មែរក្រហម​នៅ​ទី​នោះ​ដែរ។ ប៉ុន្តែ​លោក​ត្រូវ​បាន​ការ​ប្រទាន​លើកលែងទោស​ពី​ព្រះមហាក្សត្រ ហើយ​ដោះលែង​អោយ​មាន​សេរីភាព​វិញ​កាលពី​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០០៦ ពោល​គឺ​បាន​ទទួល​ទោស​ចំនួន​១​ឆ្នាំ​៣​ថ្ងៃ។

កាល​នៅ​បំពេញ​តួនាទី​ជា​តំណាងរាស្ត្រ លោក ជាម ច័ន្ទនី បាន​ឈឺឆ្អាល​នឹង​បញ្ហា​មួយ​ចំនួន​ដែល​ពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ចាម និង​ខេត្ត​កំពង់ធំ​ជួបប្រទះ​ពិសេស​គឺ​បញ្ហា​ដីធ្លី ដែល​កើតមាន​ទំនាស់​ដោយសារ​ការ​ចូល​ទៅ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច។ ជាមួយ​គ្នា​នេះ​លោក ជាម ច័ន្ទនី ក៏​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​ព្រំដែន​នៅ​ក្នុង​ខេត្ត​ដែល​លោក​ឈរ​ឈ្មោះ​ដែរ និង​បាន​ដឹកនាំ​ពលរដ្ឋ​ចុះ​ទៅ​ពិនិត្យ​ព្រំដែន​ជា​ញឹកញាប់។

នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​កាលពី ខែកម្ភៈ ឆ្នាំ​២០១៧ គឺ​នៅ​ប៉ុន្មាន​ខែ​មុន​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រម្លាយ​ចោល លោក ជាម ច័ន្ទនី ធ្លាប់​បាន​ចោទសួរ​មន្ត្រី រដ្ឋាភិបាល​ពី​ការ​ចំណាយ​ថវិកាជាតិ ខ្ជះខ្ជាយ និង​បញ្ហា​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​នាំ​អោយ​មានការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ជម្លោះដីធ្លី៖ «នេះ​ជា​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល។ មិនមែន​លោក​មិន​រៀបចំ​ទេ តែ​នៅ​មាន​ចំណុច​ខ្វះខាត លោក​បាន​រៀបចំ​បទដ្ឋាន​របស់​លោក ថា​អោយ​ទៅ​ពិនិត្យ​មើល​ថា​ដី​ហ្នុ​ង​មុននឹង​អោយ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច មាន​ប៉ះ​ដី​អ្នកស្រុក​ទេ ប៉ះ​ដី​ប្រជាពលរដ្ឋ​ទេ មក​រាយការណ៍​ថា​អត់​ទេ ដល់​តែ​ចាប់ផ្ដើម​ប្រគល់​វឹប​ដូច​នៅ​ខាង​សន្ទុក អី​គឺ​ចំ​គ្នា​ដែល​ទៅ​ធ្វើ​ចម្ការ ទៅ​រស់នៅ​ជាង​១០​ឆ្នាំ ហើយ​ជា​ជន​ពិការ​ទៅទៀត។ យើង​គេច​បានទេ​ត្រង់​ចំណុច​ហ្នឹង​។ ខ្ញុំ​គិត​ថា មិនមែន​ទាំងអស់​ទេ គឺ​រដ្ឋាភិបាល​លោក​មាន​ចំណុច​មួយ​ចំនួន​ដែល​ជា​ចំណុច​វិជ្ជមាន»។

កាលណោះ​លោក ជាម ច័ន្ទនី លើកឡើង​ថា ក្នុងនាម​ជា​តំណាងរាស្ត្រ​លោក មាន​តួនាទី​លើក​សំណួរ ឬ​ចោទសួរ​ដើម្បី​ស្ថាបនា កែ​លម្អ ធ្វើ​យ៉ាងណា​អោយ​មាន​ផលប្រយោជន៍​ពិតប្រាកដ​សម្រាប់​ជាតិ និង​ពលរដ្ឋ។

សម្រាប់​លោក សម រង្ស៊ី អះអាង​ថា លោក​មិន​បំភ្លេច​វីរភាព​របស់​លោក ជាម ច័ន្ទនី ឡើយ និង​ថា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​វីរភាព​របស់​លោក៖ «គឺ​យើង​យក​គំរូ​តាម​គាត់​គឺ​យើង​រក្សា​ជំហរ​អោយ​រឹងមាំ​អោយ​ច្បាស់លាស់​អោយ​ស្មោះត្រង់ មិន​ត្រូវ​ចុះចាញ់​មិន​ត្រូវ​ចុះ​ញ៉ម​ជន​ផ្ដាច់ការ​ណា​ដែល​ដែល​ចេះតែ​ធ្វើបាប មិនមែន​ធ្វើបាប​តែ​យើង​ទេ គឺ​ធ្វើបាប​រាស្ត្រ​ទាំងមូល​គ្រាន់តែ​ធ្វើបាប​យើង​ហ្នឹង​គឺ​យើង​ចេញមុខ​ការពារ​ប្រជារាស្ត្រ​ធ្វើបាប​យើង​មុនគេ​ខ្លាំង​ជាងគេ ប៉ុន្តែ​ប្រជាពលរដ្ឋ​យើង​ទាំង​ជាង ១៦​លាន​នាក់ ជា​ជនរងគ្រោះ​នៃ​អំណាច​ផ្ដាច់ការ ដែល​យើង​ត្រូវតែ​ជំរុញ​អោយ​មាន​ការ​ផ្លាស់ប្ដូរ»។

លោក ជាម ច័ន្ទនី ត្រូវ​ចាត់ទុកថា​ជា​អ្នកនយោបាយ ដែល​មិន​ចុះ​ញ៉ម និង​បាន​ភ្លក់​ស្ទើរ​គ្រប់​រសជាតិ​នៃ​ជីវិត​ជា​អ្នកនយោបាយ​ប្រឆាំង​នៅ​កម្ពុជា ក្នុង​នោះ​គឺ​លោក​ធ្លាប់​ជាប់គុក និង​ធ្លាប់​រត់ចោលស្រុក។ បច្ចុប្បន្ន​សាកសព​ត្រូវ​បាន​សាច់ញាតិ​តម្កល់​ធ្វើបុណ្យ​ចំនួន ៣​ថ្ងៃ​នៅ​គេហដ្ឋាន​នៃ​សព នៅ​ភូមិ​ភ្នំពេញថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ រាជធានី​នៅ​ភ្នំពេញ៕

No comments: