Friday, 26 October 2018

លោក កឹម សុខា ថា មរណភាព​លោក ជាម ច័ន្ទនី ជា​ការ​បាត់បង់​អ្នកតស៊ូ​ដើម្បី​ប្រជាធិបតេយ្យ​ដ៏​ស្មោះត្រង់


ដោយ ម៉ៅ សុធានី
2018-10-26 

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​ក្រុម​អ្នក​ឃោសនា ​នា​ទីស្នាក់ការ​សង្កាត់​ចាក់អង្រែលើ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៧។ RFA
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​ក្រុម​អ្នក​ឃោសនា ​នា​ទីស្នាក់ការ​សង្កាត់​ចាក់អង្រែលើ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៧។ RFA
Photo: RFA



លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​ផ្សព្វផ្សាយ​លិខិត​ជា​សាធារណៈ​លើកដំបូង​នៅ​ថ្ងៃ​ទី​២៦ តុលា នេះ ក្នុង​ពេល​ដែល​លោក​កំពុង​ជាប់ឃុំ​ក្នុង​ផ្ទះ ដោយ​ចាត់​ទុក​មរណភាព​របស់​លោក ជាម ច័ន្ទនី ថា ជា​ការ​បាត់បង់​អ្នកតស៊ូ​ដ៏​ស្មោះត្រង់ ដើម្បី​បុព្វហេតុ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​សេរីភាព។

លោក កឹម សុខា ថា លោក ជាម ច័ន្ទនី ជា​អ្នកស្នេហាជាតិ​ដ៏​ក្លាហាន និង​ស្មោះត្រង់​ម្នាក់ ដែល​លោក​កោត​សរសើរ និង​ថា​លោក ជាម ច័ន្ទនី មាន​គុណូបការៈ​ដែល​មិន​អាច​បំភ្លេច​បាន ដោយ​បាន​លះបង់​កម្លាំង​កាយ ចិត្ត និង​ពេលវេលា ក្នុង​បុព្វហេតុ​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាព និង​ផលប្រយោជន៍​របស់​ពលរដ្ឋ​ខ្មែរ។



លោក ជាម ច័ន្ទនី ជា​អ្នកតំណាងរាស្ត្រ ៤​អាណត្តិ គិត​ត្រឹម​អាណត្តិ​ទី​៥ ដែល​លោក​ជាប់​ជា​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះជាតិ បាន​អនិច្ចកម្ម​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា នៅ​ផ្ទះ​របស់​លោក ក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ក្នុង​វ័យ ៥៧​ឆ្នាំ ដោយ​ជំងឺ​មហារីក។

ជាមួយ​គ្នា​នេះ លោក កឹម សុខា ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ លោក ជាម ច័ន្ទនី ឲ្យ​បាន​ដល់​សុគតិភព។

លោក កឹម សុខា កំពុង​ជាប់​ក្នុង​ផ្ទះ​របស់​លោក ក្នុង​ខណ្ឌ​ទួលគោក ចាប់​តាំង​ពី​លោក​ត្រូវ​បាន​ផ្ទេរ​មក​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង​កាលពី​ម៉ោង ៣​ទៀបភ្លឺ ថ្ងៃ​ទី១០ ខែ​កញ្ញា គឺ​បន្ទាប់ពី​លោក​បាន​ជាប់ឃុំ​នៅ​ទីនោះ​អស់​រយៈពេល ១​ឆ្នាំ ១​សប្ដាហ៍​។ ក្រោម​ការ​ឃុំ​ខ្លួន​ថ្មី​នេះ លោក កឹម សុខា ត្រូវ​តុលាការ​វាស់ដី​អោយ​ដើរ និង​បាន​ព្រមាន​មិន​ឲ្យ​ជួប​និយាយ​ជាមួយ​អ្នកនយោបាយ ឬ​ជនបរទេស៕

No comments: