Thursday, 25 October 2018

សង្គម​ស៊ីវិល​ព្រួយបារម្ភ​ពី​គម្រោង​បញ្ជូន​ពលករ​ខ្មែរ​៥​ពាន់​នាក់​ទៅ​ប្រទេស​គុយវ៉ែត


2018-10-25 

មន្ត្រី​កម្មវិធី​ផ្នែក​សិទ្ធិ​ពលករ​ចំណាក​ស្រុក​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក ឌី ថេហូយ៉ា ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៧។
មន្ត្រី​កម្មវិធី​ផ្នែក​សិទ្ធិ​ពលករ​ចំណាក​ស្រុក​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក ឌី ថេហូយ៉ា ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៧។

Photo: RFA



សង្គម​ស៊ីវិល សម្ដែង​ការ​ព្រួយបារម្ភ​ថា ពលករ​ខ្មែរ​រាប់​ពាន់នាក់ ដែល​របប​ក្រុងភ្នំពេញ​គ្រោង​បញ្ជូន​ទៅ​ប្រទេស​គុយវ៉ែត (Kuwait) អាច​ជួបប្រទះ​នឹង​ការរំលោភ​សិទ្ធិ​ការងារ និង​សិទ្ធិមនុស្ស​ដោយសារ​តែ​ប្រទេស​នេះ មិន​ទាន់​មាន​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​នៅឡើយ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ថ្លែង​ថា កម្ពុជា នឹង​រៀបចំ កម្លាំង​ពលកម្ម​របស់​ខ្លួន ដែល​បាន​ជ្រើសរើស​គ្រប់​លក្ខខណ្ឌ​ចំនួន ៥​ពាន់​នាក់ ជា​លើកដំបូង​ទៅ បម្រើ​ការងារ​នៅ​ប្រទេស​គុយ​វ៉ែត ហើយ​កម្លាំង​ពលកម្ម​នេះ ជា​កម្លាំង​ពលកម្ម​គ្រប់ ផ្នែក​ទាំង​ផ្នែក សេវាកម្ម ឧស្សាហកម្ម និង​កសិកម្ម។

លោក អ៊ិត សំហេង បញ្ជាក់​ដែរ ចំពោះ​លក្ខខណ្ឌ​ជ្រើសរើស​ពលករ​ទៅ​បម្រើ​ការងារ ត្រូវ​មាន​ការ​បណ្ដុះបណ្ដាល​ជាមុន ដើម្បី​ឱ្យ​ស្គាល់​ពី​ស្ថានភាព​ប្រទេស ស្គាល់​ពី​វប្បធម៌ និង​ជំនាញ​ការងារ ពិសេស​លក្ខខណ្ឌ​ក្នុង​ការ​រស់នៅ​ទីនោះ។



ព័ត៌មាន​នៃ​ការ​បញ្ជូន​ពលករ​ខ្មែរ​នេះ ធ្វើ​ឡើង​បន្ទាប់ពី​លោក អ៊ិត សំហេង ជួបពិភាក្សា​ការងារ​ជាមួយ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច និង​ការងារ និង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​សេដ្ឋកិច្ច នៃ​រដ្ឋ​គូវ៉ែត លោកស្រី ហែន សុបៃ អាល់សុបៃ (Hend Subaih B ALSUBAIH) កាលពី​ថ្ងៃ​ទី​២៤ ខែ​តុលា នេះ។

មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ និង​សិទ្ធិមនុស្ស លោក ឌី ថេហូយ៉ា សម្ដែង​ក្តី​បារម្ភ​ថា ពលករ​ខ្មែរ អាច​ប្រឈម​បញ្ហា​មួយ​ចំនួន​ដោយសារ​ប្រទេស​គុយវែត ស្ថិត​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា ឆ្ងាយ និង​មាន​លក្ខណៈ​ប្រពៃណី​វប្បធម៌​សាសនា​ខុសគ្នា​ខ្លាំង​ពី​កម្ពុជា។ ជាពិសេស​ប្រទេស​តំបន់​នោះ ភាគច្រើន មាន​របៀប ដឹកនាំ​តាម​បែប​សង្គមនិយម ឬ​រាជនិយម​ផ្ដាច់ការ និង​មិន​មាន​អង្គការ​សិទ្ធិមនុស្ស​នោះ​ទេ។ ម្យ៉ាង​វិញទៀត លោក​មិនទាន់​ទុកចិត្ត​ថា ប្រទេស​នេះ អាច​គោរព​លក្ខខណ្ឌ​ការងារ បាន​ល្អ និង​ប្រាក់ខែ​សមរម្យ​នោះ​ទេ ព្រោះ​កម្ពុជា ធ្លាប់​មាន​បទ​ពិសោធន៍​អាក្រក់​ម្ដង​ហើយ​រឿង​បញ្ជូន​ពលករ​ទៅ​ប្រទេស​បង់​ក្លាដេស និង​ប្រទេស​នេប៉ាល់ ដែល​មិន​បាន​ផ្ដល់​ប្រាក់ខែ​តាម​ការ សន្យា និង​បង្ខំ​អោយ​ធ្វើ​ការ​លើស​កំណត់​ជាដើម៖ «រឿង​ចំណាកស្រុក​គឺជា​ជម្រើស​របស់​ពលរដ្ឋ មិនមែន​រឿង​អាក្រក់​ទេ តែ​រឿង​អាក្រក់ គឺថា តើ​ការ​បញ្ជូន​នោះ មាន​ប្រព័ន្ធ​ការពារ​ល្អ​ប៉ុណ្ណា ហើយ​ប្រទេស​ដែល​បញ្ជូន​ទៅជា​ប្រទេស​គោរព​សិទ្ធិមនុស្ស គោរព​សិទ្ធិ​ការងារ​ឬ​អត់? ជាពិសេស​នៅ​តំបន់​មជ្ឈិមបូព៌ា​នេះ​គឺ​ពិបាក​មែនទែន អ៊ីចឹង​ជា​យោបល់​ខ្ញុំ គឺ​ខ្ញុំ​មិន​លើកទឹកចិត្ត អោយ​រដ្ឋាភិបាល​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​ម្តុំ​នោះ​ទេ រដ្ឋាភិបាល គួរតែ​បង្កើត​ជម្រើស​ការងារ​នៅ​ក្នុង​ស្រុក តែ​បើ​សិន​មិន​មាន​ជម្រើស​ការងារ ក្នុងស្រុក​ទេ គួរតែ​បញ្ជូន​ពលករ​ទៅ​ប្រទេស​ណា ដែល​មាន​លក្ខខណ្ឌ​ការងារ​ល្អ និង​មាន​ការ​គោរព​សិទ្ធិមនុស្ស​ជាដើម ដូចជា​ប្រទេស​ជប៉ុន ប្រទេស​កូរ៉េ​ជាដើម។

លោក ឌី ថេហូយ៉ា យល់ថា ដើម្បី​ធានា​ឲ្យ​មាន​យន្តការ​ការពារ​ពលករ​ខ្មែរ​បាន​ត្រឹមត្រូវ និង​ជៀសវាង រឿងហេតុ​រំលោភ​សិទ្ធិ​ពលករ និង​ការ​កេង​ប្រ​វ័​ញ​កម្លាំង​ពលករ​ជាដើម​នោះ គឺ​របប​ទីក្រុង​ភ្នំពេញ គួរតែ​ផ្ដល់​ឱកាស​ដល់​អង្គការ​សង្គម​ស៊ីវិល ចូលរួម​ពិនិត្យ​តាមដាន​ក្នុង​ដំណើរការ​ជ្រើសរើស​ពលករ ដំណើរការ​បញ្ជូន និង​ទៅដល់​ប្រទេស​ទទួល ហើយ​រដ្ឋ​គួរតែ​មាន​លេខ​ទូរស័ព្ទ​ជួយសង្គ្រោះ​ពលករ ពេល​មាន​បញ្ហា​ជាដើម។

​អាស៊ីសេរី មិន​អាច​សុំ​ការ​ពន្យល់​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ បានទេ ដោយ ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល។

កម្ពុជា​មាន​ពលករ​ចំណាកស្រុក​ជាង ១​លាន ១៥​សែន​នាក់ កំពុង​ធ្វើ​ការ​ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់​នៅ​ប្រទេស​ចំនួន​៥ ក្នុង​នោះ​មាន ថៃ កូរ៉េខាងត្បូង ម៉ាឡេស៊ី ជប៉ុន និង​សិង្ហបុរី ហើយ​ពួកគេ​បាន​ផ្ញើ​ថវិកា​មក​ជូន​ក្រុម​គ្រួសារ​វិញ​ប្រមាណ​ជិត ២​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ៕

No comments: