ដែលរបបក្រុងភ្នំពេញត្រូវដោះស្រាយ
ដោយ សេក បណ្ឌិត
2018-10-25
rfa

លោក ហ៊ុន សែន ពេលជួបពលរដ្ឋ និងនិស្សិតខ្មែរនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៨។
រូប៖ ហ្វេសប៊ុកនាយករដ្ឋមន្ត្រី ហ៊ុន សែន
មេដឹកនាំរបបឯកបក្ស លោក ហ៊ុន សែន បានចេញមុខការពារជនជាតិចិននៅកម្ពុជា ជាថ្មីម្តងទៀត ដោយលោកបានជេរប្រទេចអ្នកដែលរិះគន់ការវិនិយោគរបស់ចិន ឬដែលយល់ថា ចិនមានមហិច្ឆតាគ្រប់គ្រងកម្ពុជា។
អ្នកឃ្លាំមើលបញ្ហាសង្គមយល់ថា លោក ហ៊ុន សែន មិនចាំបាច់ថ្លែងការពារជនជាតិចិនឡើយ ពោលគឺ អាជ្ញាធររបស់លោកគ្រាន់តែអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពទៅលើពួកគេទៅបានហើយ។
លោក ហ៊ុន សែន ប្រាប់ពលរដ្ឋខ្មែរថា កុំឱ្យមានការព្រួយបារម្ភពីបញ្ហាជនជាតិចិននៅកម្ពុជា។ លោកថ្លែងថាជនជាតិចិនទាំងនោះ ជាកម្មករជំនាញដែលមកធ្វើការក្នុងការដ្ឋានសំណង់ និងគម្រោងវិនិយោគខ្នាតធំជាច្រើន ដែលកំពុងដំណើរការនៅក្នុងប្រទេស។
លោក ហ៊ុន សែន ថ្លែងប្រាប់ក្រុមអ្នកគាំទ្ររូបលោកនៅប្រទេសស្វីស (Switzerland) កាលពីថ្ងៃទី២៣ តុលាថា មូលហេតុដែលតម្រូវឱ្យកម្មករជំនាញចិនទាំងនោះមកធ្វើការនៅកម្ពុជា ដោយសារកម្ពុជាមិនមានកម្មករជំនាញគ្រប់គ្រាន់តាមតម្រូវការរបស់អ្នកវិនិយោគ។ លោកអះអាងថា ក្រោយចប់គម្រោង កម្មករចិនទាំងនោះនឹងវិលត្រឡប់ទៅស្រុករបស់ពួកគេវិញហើយ ហើយច្បាប់របស់កម្ពុជាក៏មិនអាចអនុញ្ញាតឱ្យពួកគេស្នាក់នៅដោយខុសច្បាប់នោះដែរ៖ «បងប្អូនខ្លះកង្វល់ពីចិននៅកំពង់សោម។ បងប្អូនអើយ! សំណង់ច្រើនណាស់ យើងផ្ដល់កម្មករឱ្យគេមិនគ្រប់ ជំនាញមិនគ្រប់ អ៊ីចឹងត្រូវធ្វើដូចម្ដេច? ត្រូវបើកឱកាសដើម្បីឱ្យគេយកកម្មករមកសាងសង់ទៅលើសំណង់ ដូចជា ស្ពាន ដូចជាអ្វីមួយចំនួននៃបច្ចេកទេស ដែលយើងមិនទាន់ទៅដល់។ ពេលគេកសាងហើយ គេមិននៅស្រុកខ្មែរនោះទេ។ គេទៅស្រុកគេវិញហើយ កុំឆ្ងល់ពេក ហើយយើងក៏គ្មានច្បាប់អនុញ្ញាតឱ្យគេនៅដែរ»។
លោក ហ៊ុន សែន បានចេញមុខនិយាយការពារជនជាតិចិនជាបន្តបន្ទាប់ ដែលជាការឆ្លើយតបនឹងកង្វល់ និងមតិរិះគន់របស់សាធារណជនមួយចំនួនអំពីការបន្តហូរចូលជនជាតិចិនទៅក្នុងប្រទេសកម្ពុជា និងសកម្មភាពល្មើសច្បាប់នានា ដែលក្រុមជនជាតិចិនមួយចំនួនបានប្រព្រឹត្តនៅលើទឹកដីខ្មែរ។
ទោះជាយ៉ាងណា លោក ហ៊ុន សែន មិនបានឆ្លើយតបឱ្យចំចំណុចទៅនឹងកង្វល់របស់សាធារណជននោះឡើយ ព្រោះក្តីបារម្ភរបស់សាធារណជនភាគច្រើនមិនមែនផ្តោតទៅលើជនជាតិចិន ដែលកំពុងធ្វើការតាមការដ្ឋាន ឬគម្រោងវិនិយោគធំៗទាំងនោះឡើយ។ កង្វល់របស់សាធារណៈជន គឺផ្តោតទៅលើក្រុមជនជាតិចិនមួយចំនួន ដែលបង្កបញ្ហាអសន្តិសុខ អំពើហិង្សា និងបទល្មើសនានា នៅលើទឹកដីកម្ពុជា ហើយសកម្មភាពបែអនាធិបតេយ្យរបស់ពួកគេ ត្រូវបានបង្ហោះតាមបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយជាបន្តបន្ទាប់។
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាអតីតសមាជិក គ.ជ.ប លោក រ៉ុង ឈុន កត់សម្គាល់ថា ជនជាតិចិនមួយចំនួន ដែលបង្កបញ្ហានៅខេត្តព្រះសីហនុនោះ មិនមែនជាកម្មករជំនាញ ឬជាអ្នកមកវិនិយោគអ្វីឡើយ ផ្ទុយទៅវិញ គឺជាក្រុមអ្នកមកលេងល្បែងតាមកាស៊ីណូ ឬកន្លែងកម្សាន្តប៉ុណ្ណោះ ហើយជាញឹកញាប់ ពួកគេបានបង្កបញ្ហាអសន្តិសុខនៅក្នុងខេត្ត។ លោកបន្តថា បញ្ហានេះក៏បានរីករាលដាលទៅដល់តំបន់ផ្សេងទៀត ដូចជា នៅក្រុងប៉ោយប៉ែតផងដែរ ហើយលោកជឿថា បើរបបក្រុងភ្នំពេញមិនមានយន្តការច្បាស់លាស់ដើម្បីគ្រប់គ្រងពួកគេនោះទេ បញ្ហានេះអាចនឹងរីករាលដាលនៅទូទាំងប្រទេស។ លោកបន្ថែមថា ដោយសារចិនមានឥទ្ធិពលខ្លាំងលើកម្ពុជា ទើបលោក ហ៊ុន សែន ថ្លែងការពារចិនបែបនេះ។ ទោះជាយ៉ាងណាក៏ដោយ លោកស្នើឱ្យរបប ហ៊ុន សែន គិតគូរឱ្យបានច្បាស់លាស់ជុំវិញបញ្ហាជនជាតិចិននេះ ព្រោះនេះជាក្តីបារម្ភរបស់ពលរដ្ឋទូទៅ ស្របពេលដែលរដ្ឋធម្មនុញ្ញកម្ពុជាចែងយ៉ាងច្បាស់ថា សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ៖ «យើងនៅមានការព្រួយបារម្ភ ដែលយើងឃើញការហូរចូលកើនឡើងខ្ពស់មកកម្ពុជាយើង។ ប្រសិនបើជាមិនមានវិធានការណាមួយឱ្យច្បាស់លាស់ទេ ពេលនោះវានឹងប្រឈមបញ្ហាកើតឡើងនៅក្នុងស្រុក។ ហើយឥលូវយើងឃើញវាកើតឡើងនៅខេត្តព្រះសីហនុ ថាតើប៉ុន្មានខែប៉ុន្មានឆ្នាំទៅខាងមុខទៀត វានឹងកើតនៅខេត្តផ្សេងៗ បន្តទៅទៀត ប្រសិនបើយើងមិនមានវិធានការ។ បើយើងនិយាយអំពីច្បាប់វិនិយោគទុន អ្នកដែលមកវិនិយោគដាក់ទុន គឺគ្រាន់តែដាក់ទុន ហើយត្រូវប្រើប្រាស់ជំនាញកម្មករកម្ពុជាយើង។ ប៉ុន្តែផ្ទុយទៅវិញ យើងឃើញរូបភាពចិនមកវិនិយោគទុន សង់អាគារអីហ្នឹង ប្រើប្រាស់កម្មករខ្លួនគេអ៊ីចឹងសួរថាខ្មែរយើងមានការងារមកពីណាធ្វើ? នេះជាចំណោទបញ្ហា»។
កាលពីចុងខែកញ្ញាកន្លងទៅ ឯកអគ្គរដ្ឋទូតចិនចប់អាណត្តិប្រចាំកម្ពុជាលោក ស្យុង ប៉ (Xong Bo) បានទទួលស្គាល់ថា ពិតជាមានជនជាតិចិនមួយចំនួន បានឆ្លៀតឱកាសធ្វើសកម្មភាពផ្សេងៗ ប៉ះពាល់ដល់សតិអារម្មណ៍ពលរដ្ឋខ្មែរ និងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ និងទំនាក់ទំនងរវាងប្រទេសទាំងពីរមែន។ លោកបានបញ្ជាក់ថា លោកគាំទ្រចំពោះក្រសួងមហាផ្ទៃ ដែលយកចិត្តទុកដាក់ជួយបង្រ្កាបបទល្មើស ឬសកម្មភាពខុសច្បាប់ និងឧក្រិដ្ឋកម្មផ្សេងៗ ដូចជា បទល្មើសឆ្លងដែន ការជួញដូរគ្រឿងញៀន និងការប្រព្រឹត្តអំពើពេស្យាចារ្យជាដើម ដែលបង្កឡើងដោយជនជាតិចិនមួយចំនួននៅកម្ពុជា។
របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍បង្ហាញថា គិតចាប់តាំងពីឆ្នាំ ២០១៤ រហូតដល់ពាក់កណ្តាលខែតុលា ឆ្នាំ ២០១៨ មានជនជាតិចិនចំនួនជាង ១ពាន់ ៦រយនាក់ ត្រូវបានចាប់ខ្លួន និងបណ្តេញចេញពីកម្ពុជា។ ជនជាតិចិនដែលត្រូវបានចាប់ខ្លួន និងបញ្ជូនត្រឡប់ទៅវិញនោះ ភាគច្រើនប្រព្រឹត្តបទល្មើសគំរាម ជំរិត និងឆបោកតាមប្រព័ន្ធអ៊ិនធើណិត និងមានខ្លះទៀតជាអ្នកប្រព្រឹត្តបទល្មើសសេដ្ឋកិច្ចនៅប្រទេសចិន ហើយត្រូវបានសមត្ថកិច្ចចិនស្នើសុំឱ្យអាជ្ញាធរកម្ពុជាចាប់ខ្លួន។ ក្រៅពីស្នើសុំកុំឱ្យពលរដ្ឋបារម្ភរឿងជនជាតិចិននេះ លោក ហ៊ុន សែន ថែមទាំងបានសរសើរមហាអំណាចកុម្មុយនិស្តចិនថា មិនដែលបានលើកកងទ័ពចូលឈ្លានពានប្រទេសដទៃឡើយ ខណៈមានប្រទេសដទៃទៀតធ្លាប់នាំកងទ័ពចូលឈ្លានពានកម្ពុជា។ លោកអះអាងទៀតថា មិនមែនតែកម្ពុជាមួយទេ ដែលមានភ្ញៀវទេសចរចិនច្រើន ប្រទេសមហាអំណាច ដូចជា សហរដ្ឋអាមេរិក និងបារាំង ជាដើម សុទ្ធតែសម្បូរជនជាតិចិនទៅដើរកម្សាន្តដូចគ្នា រហូតមានការសាងសង់ទីប្រជុំជនចិនទៀតផង៖ «ទេសចរណ៍ចិនឆ្នាំទៅ ១លាន ២សែននាក់ ឆ្នាំនេះអាចឡើងដល់ ១លានកន្លះ។ អ៊ីចឹងទៅត្រង់ណាក៏ឃើញទេសចរណ៍ចិនដែរ អ៊ីចឹងនៅថាចិនមកឈ្លានពានខ្មែរទៀត។ អានេះចប់មិនដឹងថា រឿងអ្វី? ឥឡូវនៅស្រុកបារាំង មានក្រុងចិន (China Town) ទេ? មាន! អាមេរិកមានក្រុងចិន (China Town) ទេ? មាន! ស្រុកខ្មែរមិនទាន់មានក្រុងចិន (China Town) នោះទេ។ មានអាគាររបស់ចិន។ ដល់ពេលគេអត់មកវិនិយោគ វាថា គេមិនមកវិនិយោគ។ ដល់ពេលគេមកវិនិយោគ វាថា គេមកឈ្លានពាន។ វាទៅជាអ៊ីចឹងទៅ អានេះឆ្គួតឡប់អីវា។ យើងជារដ្ឋអធិបតេយ្យ។ ខ្ញុំនិយាយដោយត្រង់ ចិនមិន ដែលនាំកងទ័ពចេញផុតពីព្រំប្រទល់ដែនរបស់ខ្លួននោះទេ។ ប្រទេសដទៃនាំកងទ័ពចូលឈ្លានពានកម្ពុជាប៉ុន្មានដងហើយ។ មើលទៅឃើញហើយ»។
ថ្លែងនៅត្រង់ចំណុចនេះ លោក ហ៊ុន សែន ហាក់ដូចជាបានបំភ្លេចរឿងសំខាន់មួយអំពីប្រទេសចិន។ របបក្រុងប៉េកាំងមិនបានចូលឈ្លានពានកម្ពុជាដោយផ្ទាល់ដូចកងទ័ពវៀតណាម ដែលលោកបានទៅពឹងពាក់ឱ្យមកផ្តួលរំលំរបបខ្មែរក្រហមឡើយ ក៏ប៉ុន្តែប្រទេសចិន គឺជាខ្នងបង្អែក ដែលផ្តល់ទាំងលុយកាក់ និងអាវុធទៅឱ្យរបបខ្មែរក្រហម។ តាមរយៈការជួយជ្រោមជ្រែងរបបខ្មែរក្រហមនេះ ពលរដ្ឋខ្មែររាប់លាននាក់ត្រូវបាត់បង់អាយុជីវិតពលរដ្ឋខ្មែរ។
អ្នកវិភាគនយោបាយ លោក គឹម សុខ ថ្លែងថា មេដឹកនាំដែលគិតពីប្រយោជន៍ជាតិ និងពលរដ្ឋរបស់ខ្លួនពិតប្រាកដ តែងតែយល់ថា រឿងជនអន្តោប្រវេសន៍នេះ ជារឿងធំ មិនដូចលោក ហ៊ុន សែន ឡើយ។ លោកបន្តថា ករណីជនជាតិចិននេះ ជារឿងធំ ព្រោះចំនួនជនជាតិចិនហូរចូលមកស្រុកខ្មែរយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយពួកគេខ្លះបែរជាទទួលបានសញ្ជាតិ និងឋានៈបុណ្យសក្តិ ទាំងដែលពួកគេមិនចេះភាសាខ្មែរមួយម៉ាត់ផងក៏មាន។ មានជនជាតិចិនខ្លះទៀតក៏បានប្រើប្រាស់ទឹកដីកម្ពុជា ជាកន្លែងប្រព្រឹត្តបទឧក្រិដ្ឋ និងអំពើអសន្តិសុខជាច្រើនប្រភេទ ដែលបង្កជាក្តីព្រួយបារម្ភសម្រាប់ប្រជាពលរដ្ឋខ្មែរ៖ «គាត់ថា គេទៅវិញ។ មែន! មានអ្នកទៅវិញ ប៉ុន្តែអ្នកដែលបានក្លាយទៅជាសញ្ជាតិខ្មែរ មានទាំងលុយកាក់ និងមានសិទ្ធិដូចខ្មែរ ហើយគេទិញផ្ទះនៅស្រុកខ្មែរ ទិញដីនៅស្រុកខ្មែរ។ លុយគេច្រើន ដូច្នេះទោះបីកម្ពុជាមិនមានក្រុងចិន (China Town) ដូចនៅអាមេរិក ដូចនៅប្រទេសបារាំង ប៉ុន្តែនៅពេលដែលកម្ពុជាមិនធ្វើក្នុងក្របខណ្ឌច្បាប់ដោយខ្លួនឯង ហើយបណ្ដោយឱ្យជនជាតិចិនប្រើលុយកាក់អំណាចសម្ភារៈរបស់គេតាមចិត្ត ហើយមេដឹកនាំខ្មែរសហការជាមួយគេទៀតនោះ វាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា។ គេអាចគ្រប់គ្រងប្រទេសកម្ពុជាបានយ៉ាងងាយ តាមរយៈលុយកាក់របស់គេ»។
អ្នករិះគន់របបក្រុងភ្នំពេញឥតសំចៃមាត់រូបនេះ យល់ថា ការលើកឡើងរបស់លោក ហ៊ុន សែន នេះ គ្រាន់តែជាលេសដើម្បីបិទបាំងកំហុសរបស់លោក និងប្រទេសចិនប៉ុណ្ណោះ។ លោកថ្លែងថា កំហុសរបស់លោក ហ៊ុន សែន គឺអសមត្ថភាពក្នុងការដឹកនាំ និងការគិតតែពីអំណាចរបស់ខ្លួន ដោយមិនខ្វល់ពីប្រយោជន៍ជាតិជាធំ។ លោកថាក្នុងរយៈពេលនៃការកាន់អំណាចជាង ៣០ឆ្នាំកន្លងទៅនេះ លោក ហ៊ុន សែន គួរណាស់តែបានបង្កើតធនធានមនុស្ស និងបំពាក់បំប៉នសមត្ថភាព និងជំនាញដល់ពលរដ្ឋរបស់ខ្លួន មិនមែនយកលេសថា កង្វះកម្មករជំនាញ ហើយបើកដៃឱ្យជនជាតិចិនហូរចូលមកក្នុងប្រទេសយ៉ាងគំហុកបែបនេះឡើយ។ ចំណែកកំហុសរបស់ចិនវិញ គឺការជួយខ្មែរក្រហមសម្លាប់ពលរដ្ឋខ្មែរ និងការបន្តជួយរបបដឹកនាំបច្ចប្បន្ន ដើម្បីផលចំណេញផ្នែកសេដ្ចកិច្ច និងនយោបាយរបស់ខ្លួន។ លោក គឺម សុខ ចាត់ទុកថា នេះក៏ជាអំពើឈ្លានពានដែរ គ្រាន់តែមិនមែនយកកងទ័ពមកដោយផ្ទាល់៖ «លុយ និងការជួយដោយអាវុធ គឺជាការឈ្លានពានមួយដ៏ធំ ពីព្រោះការជួយលុយ ជួយអាវុធ ហើយទាញទៅវិញនូវផលប្រយោជន៍របស់ប្រទេសជាតិកម្ពុជា ឧទាហរណ៍ សេដ្ឋកិច្ច ធនធានធម្មជាតិដ៏សម្បូរបែបទៅជាហិនហោច នេះគឺជាការដាក់ធ្នាក់។ យកលុយ យកអាវុធទៅជួយក្រុមណាមួយ ដើម្បីទាញយកផលប្រយោជន៍ពីប្រទេសកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់។ នេះមិនរាប់ទាំងផលប្រយោជន៍នយោបាយអន្តរជាតិផង ដូច្នេះនេះជារបៀបឈ្លានពានមួយរបស់ប្រទេសមហាអំណាច»។
មហាយក្សចិន និងរបបដឹកនាំកម្ពុជាជាបន្តបន្ទាប់ បានរួមដំណើរលើវិថីការទូតអស់រយៈពេល ៦ ទសវត្សរ៍មកហើយ ហើយក្នុងសម័យកាលបច្ចុប្បន្ន ក្រុងប៉េកាំងបានពង្រីកឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងលើកម្ពុជា ទាំងនៅលើវិស័យនយោបាយ និងសេដ្ឋកិច្ច។ នៅលើវិស័យនយោបាយ ចិនបានប្រកាសគាំទ្រពេញទំហឹងដល់របបថ្មីឯកបក្សរបស់លោក ហ៊ុន សែន និងបានចូលដៃគាស់រំលើងគ្រឹះប្រជាធិបតេយ្យនៅកម្ពុជា ចំណែកឯនៅលើវិស័យសេដ្ឋកិច្ចវិញ ចិនបានផ្តល់ជំនួយ និងកម្ចីរាប់ពាន់លានដុល្លារដល់កម្ពុជា។ ជាការឆ្លើយតប របបក្រុងភ្នំពេញបានប្រកាន់ជំហរគោរពឥតងាករេចំពោះគោលនយោបាយចិនតែមួយនៅចំពោះមុខកោះតៃវ៉ាន់ និងគាំទ្រទាំងស្រុងចំពោះគម្រោងផ្តួចផ្តើម “ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ” (One Belt One Road) ដែលជាមហិច្ឆតាឈោងឡើងជាមហាអំណាចលេខមួយលើលោករបស់ចិនផង។ លើសពីនេះរបបលោក ហ៊ុន សែន បានបង្ហាញជំហរលម្អៀងទៅរកចិនក្នុងបញ្ហាជម្លោះសមុទ្រចិនខាងត្បូង។ ចំណែកនៅខាងក្នុងប្រទេសវិញ ដីសម្បទានសេដ្ចកិច្ចរាប់សែនហិកតារ និងអាជ្ញាបណ្ណធ្វើអាជីវកម្មរ៉ែជាច្រើនកន្លែង ត្រូវបានរបបនេះផ្តល់ទៅឱ្យក្រុមហ៊ុនរដ្ឋ និងអ្នកវិនិយោគចិន ដោយមិនខ្វល់ពីទំនាស់ជាមួយប្រជាពលរដ្ឋមូលដ្ឋានឡើយ។
លោក ហ៊ុន សែន ដែលតាំងពីដើមមកជាសត្រូវរបស់ចិននោះ បានប្រែក្លាយយ៉ាងលឿនរហ័សទៅជាមិត្តរបស់ចិនវិញ ក្រោយលោកបានបន្សាបឥទ្ធិពលគណបក្ស ហ្វ៊ុនស៊ិនប៉ិច បានដោយជោគជ័យ។ លោកថែមទាំងជឿជាក់ថា ទំនាក់ទំនងរវាងរបបរបស់លោក និងចិនកុម្មុយនិស្តនាពេលនេះ គឺជាទំនាក់ទំនងស្មើភាពគ្នាទៀតផង។ ទោះជាយ៉ាងណាក្ដី អ្នកឃ្លាំមើលជាតិ និងអន្តរជាតិ យល់ឃើញស្របគ្នាថា ជំហរលម្អៀងខ្លាំងទៅរកចិននេះ មិនមែនជារឿងល្អឡើយ ហើយបន្តិចម្តងៗ វានឹងរុញច្រានកម្ពុជាឱ្យឃ្លាតចាកឆ្ងាយពីទំនាក់ទំនងជាមួយក្រុមប្រទេសប្រជាធិបតេយ្យលោកខាងលិច ដែលជាទីផ្សារនាំចេញផលិតផលធំជាងគេរបស់កម្ពុជា៕
2 comments:
This asshole Hun Sen is willing to screw up everything in Cambodia in exchange for his power.
It is clear that his reign is going to end very soon.
Yup, with the sanction by EU, his reign will end soon. To speed it up, we must get USA to sanction Cambodia as well.
Post a Comment