ដោយ អាស៊ីសេរី
2018-10-17
rfa

ក្រុមគ្រួសារសកម្មជនអង្គការមាតាធម្មជាតិ មន្ត្រីអង្គការសង្គមស៊ីវិល និងសកម្មជនដីធ្លី ឈរនៅមុខតុលាការខេត្តកោះកុង ដើម្បីតាមដានសវនាការ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។
Photo of LICADHO
ក្រុមសកម្មជនបរិស្ថានទាមទារឱ្យរបបលោក ហ៊ុន សែន កែប្រែប្រព័ន្ធយុត្តិធម៌ទៅរកភាពត្រឹមត្រូវឡើងវិញ បន្ទាប់ពីពួកគេមើលឃើញថា តុលាការបច្ចុប្បន្នបានក្លាយជាឧបករណ៍សម្រាប់រំលោភយកដីធ្លីពលរដ្ឋក្រីក្រ ពីសំណាក់ក្រុមអ្នកមានលុយ មានអំណាច។ ពួកគេក៏បានអំពាវនាវដល់សហគមន៍ខ្មែរនៅបរទេសឱ្យនាំគ្នាធ្វើបាតុកម្មប្រឆាំងវត្តមានលោក ហ៊ុន សែន និងទាមទារឱ្យមានការដាក់សម្ពាធលើរបបនេះ កុំឱ្យចេះតែបង្កើតភាពអយុត្តិធម៌ក្នុងសំណុំរឿងដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនតទៅទៀត។ មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ថា នេះជាការទាមទារដែលហួសពីគោលការណ៍ច្បាប់ និងមានចរិតនយោបាយច្រើនជាង។
សកម្មជនបរិស្ថាន ៣ រូប រួមមាន អ្នកនាង លីម គីមស័រ លោក ម៉េង ហេង និងលោក ហ៊ុន វណ្ណៈ រួមគ្នាចេញផ្សាយវីដេអូមួយ រយៈពេលជាង ២នាទី ដើម្បីបង្ហាញការមិនពេញចិត្តរបស់ពួកគេចំពោះប្រព័ន្ធយុត្តិធម៌នៃរបបលោក ហ៊ុន សែន ដែលពួកគេអះអាងថា បានក្លាយជាឧបករណ៍ដ៏ពេញនិយមរបស់អ្នកមានលុយមានអំណាច ដើម្បីឆក់ប្លន់យកដីធ្លី និងផ្ទះសម្បែងរបស់ពលរដ្ឋក្រីក្រ។
អ្នកនាង លីម គីមស័រ ថ្លែងក្នុងវីដេអូនោះថា នាងសោកស្ដាយជាខ្លាំងដែលពលរដ្ឋចំនួន ៣គ្រួសារ រស់នៅតំបន់ពយជប៉ុន ស្រុកគិរីសាគរ ខេត្តកោះកុង បានបង្ខំចិត្តបោះបង់ចោលការតស៊ូរបស់ខ្លូនក្នុងរឿងវិវាទដីធ្លីជាមួយក្រុមហ៊ុនចិន យូញៀន ឌីវីឡុបមែន គ្រុប (Union Development Group) ដោយសារពួកគាត់ព្រួយបារម្ភខ្លាចជាប់ពន្ធនាគារ ដូចពលរដ្ឋរងគ្រោះដីធ្លីមួយចំនួនទៀត៖ «កាលពីថ្ងៃទី១ តុលា ថ្មីៗនេះ ប្រជាពលរដ្ឋនៅតំបន់ពយជប៉ុនដែលនៅសេសសល់ចំនួន ៣គ្រួសារ បានសម្រេចចិត្តផ្ដល់ដី និងផ្ទះរបស់ពួកគាត់ឱ្យទៅក្រុមហ៊ុនវិនិយោគចិនដែលមានឈ្មោះថា UDG (Union Development Group) បន្ទាប់ពីតុលាការខេត្តកោះកុង ចេញដីកាកោះហៅប្រជាពលរដ្ឋ ២ គ្រួសារបន្ថែមទៀត ឱ្យទៅឆ្លើយបំភ្លឺទាក់ទងនឹងបណ្ដឹងរបស់ក្រុមហ៊ុន។ ពួកគាត់រងសម្ពាធផ្លូវចិត្តយ៉ាងខ្លាំងដោយសារតែប្រព័ន្ធយុត្តិធម៌របស់រដ្ឋត្រូវបានប្រើប្រាស់ដើម្បីប្លន់យកដី និងផ្ទះរបស់ពួកគាត់។ រីឯអង្គការ អ្នកសារព័ត៌មាន រួមទាំងពួកខ្ញុំដែលជាសកម្មជនបរិស្ថានត្រូវបានរឹតបន្តឹង មិនអាចជួបពួកគាត់បាន ទើបពួកគាត់ព្រមទទួលយកសំណងទៅរស់នៅទីតាំងថ្មីដែលពិបាកក្នុងការចិញ្ចឹមជីវិត»។
ចំណែក លោក ហ៊ុន វណ្ណៈ វិញ បានរិះគន់មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ថា រវល់តែរឿងការពារអំណាចរបស់ខ្លួនច្រើនពេក លែងបានគិតគូរពីសុខទុក្ខរបស់ពលរដ្ឋខ្លួនឯង ដែលធ្វើឱ្យបុគ្គលខិលខូចមួយចំនួនឆក់ឱកាសនេះលួចប្លន់ដីធ្លីរបស់ពលរដ្ឋដោយប្រើប្រាស់តុលាការជាឧបករណ៍ដ៏មានប្រសិទ្ធភាព៖ «រីឯមេដឹកនាំយើងវិញ ដោយសារតែចំណាយពេលការពារដំណែងរបស់ខ្លួនច្រើនពេក ទើបមិនបានគិតគូរសុខទុក្ខប្រជាពលរដ្ឋ ធ្វើឱ្យជនសេនាចោរមួយក្រុមឆ្លៀតឱកាសដើរលួចឆក់ប្លន់សម្បត្តិអ្នកដទៃ សម្បត្តិជាតិតាមតែអំពើចិត្ត។ ចំណែកឯមន្ត្រីដែលធ្លាប់មានស្នាដៃកន្លងមក មិនមានលទ្ធភាពដោះស្រាយបញ្ហាទាំងអស់នេះបាន គ្មានជម្រើសអ្វីក្រៅពីបង្កើតឆាកល្ខោនដើម្បីបន្លំភ្នែកសាធារណជន ជាពិសេស រាល់បញ្ហាដែលពាក់ព័ន្ធទៅនឹងអ្នកមានលុយកំពូលៗ ដែលមានទំនាក់ទំនងជិតស្និទ្ធិជាមួយនឹងបងប្អូនសាច់ញាតិអ្នកដឹកនាំ»។
អតីតសកម្មជនបរិស្ថាននៃអង្គការមាតាធម្មជាតិទាំង ៣ រូបនេះ ក៏បានអំពាវនាវដល់សហគមន៍ខ្មែរនៅបរទេស ឱ្យចេញតវ៉ាប្រឆាំងនឹងវត្តមានរបស់លោក ហ៊ុន សែន ដោយផ្តោតជាសំខាន់លើការដាក់សម្ពាធឱ្យបុរសខ្លាំងខាងប្រើអំពើហិង្សារូបនេះងាកមកពិនិត្យ និងកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់ប្រទេសវិញ៖ «សូមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលរស់នៅអឺរ៉ុបមេត្តាចូលរួមបាតុកម្មដោយអហិង្សានៅទីក្រុងប្រ៊ុចហ្សែល (Brussel) ប្រទេសបែលហ្ស៊ិក (Belgium) ថ្ងៃទី១៩ ខែតុលា ខាងមុខនេះ ដើម្បីស្នើសុំឱ្យសភាអឺរ៉ុបដាក់សម្ពាធលើលោក ហ៊ុន សែន ឱ្យពិនិត្យ និងកែតម្រូវប្រព័ន្ធយុត្តិធម៌ឡើងវិញជាបន្ទាន់»។
ការលើកឡើងរបស់ក្រុមសកម្មជនបរិស្ថានត្រង់ចំណុចនេះ ត្រូវបានច្រានចោលដោយអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន។ លោកថា ការអំពាវនាវបែបនេះ ជាការទាមទារហួសពីគោលការណ៍ច្បាប់ និងមានបង្កប់របៀបវារៈនយោបាយ ដោយសារគ្មានស្ថាប័ន ឬបុគ្គលណាម្នាក់ អាចទៅដាក់សម្ពាធលើតុលាការឱ្យសម្រេចសេចក្តីតាមការចង់បានរបស់ខ្លួនឡើយ។ លោកសង្កត់ធ្ងន់ថា តុលាការសម្រេចសេចក្ដីដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ជាមូលដ្ឋាន ដូច្នេះភាគីដែលមានភស្តុតាងរឹងមាំជាង នោះពួកគេនឹងឈ្នះក្តី។ អ្នកនាំពាក្យរូបនេះ អះអាងថា ការកែទម្រង់ប្រព័ន្ធយុត្តិធម៌នេះ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ តាមរយៈការរៀបចំក្របខ័ណ្ឌច្បាប់ និងគោលនយោបាយឱ្យបានគ្រប់គ្រាន់ ការពង្រឹងសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈនិងការទទួលខុសត្រូវរបស់មន្ត្រីអនុវត្តច្បាប់ ព្រមទាំងការតាមដាន និងត្រួតពិនិត្យការអនុវត្តច្បាប់។ លោកជំរុញឱ្យសកម្មជនបរិស្ថាន និងអង្គការសង្គមស៊ីវិលជួយពលរដ្ឋក្រីក្រតាមរយៈការប្រមូលភស្តុតាង និងទឡ្ហីករណ៍ផ្លូវច្បាប់រឹងមាំដើម្បីតតាំងក្តីនៅតុលាការ ជាជាងការស្នើសុំ ឬធ្វើសកម្មភាពទាំងឡាយណា ដែលមានចរិតនយោបាយ៖ «ទាំងសង្គមស៊ីវិល និងសកម្មជនបរិស្ថាន យើងត្រូវបែងចែកឱ្យដាច់ថា យើងមិនមែនជាសកម្មជននយោបាយនោះទេ។ យើងមិនមែនធ្វើសកម្មភាពដើម្បីយកប្រជាប្រិយភាព និងការគាំទ្រនោះទេ។ ប្រសិនបើពលរដ្ឋគាត់ធ្វើខុស គាត់បំពានច្បាប់ គាត់មានចំណុចខ្វះខាត យើងត្រូវតែអប់រំណែនាំ ដើម្បីធ្វើយ៉ាងម៉េចកុំឱ្យមានការបំពានច្បាប់។ ទីពីរ ដើម្បីជួយប្រជាពលរដ្ឋដែលរងគ្រោះបាន បើយើងយល់ថាពួកគាត់រងគ្រោះ យើងគួរតែសិក្សាតាមផ្លូវច្បាប់ឱ្យបានច្បាស់លាស់ ប្រមូលភស្តុតាង និងទឡ្ហីករណ៍ដែលរឹងមាំ ដើម្បីជាប្រយោជន៍សម្រាប់យើងក្នុងដំណើរការរឿងក្តី។ នេះប្រសិនបើពួកគាត់ចង់ជួយ ប៉ុន្តែបើជួយក្នុងរូបភាពជានយោបាយ ដូចអ្នកនយោបាយធ្វើដើម្បីចំណេញនយោបាយ សកម្មភាពទាំងអស់នេះនឹងមិននាំផលប្រយោជន៍ដល់ប្រជាពលរដ្ឋដែលរងគ្រោះនោះទេ»។
សកម្មជនបរិស្ថាន លោក ហ៊ុន វណ្ណៈ ដែលធ្លាប់ជាប់ពន្ធនាគារ និងត្រូវបានផ្ដន្ទាទោសដោយតុលាការខេត្តកោះកុងជុំវិញសកម្មភាពការពារបរិស្ថាននោះ អះអាងថា វីដេអូដែលពួកលោកធ្វើនៅពេលនេះ មិនមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយអ្វីឡើយ។ លោកកត់សម្គាល់ថា ពលរដ្ឋក្រីក្រជាច្រើនបានរងនូវភាពអយុត្តិធម៌តាមអំណាចសាលក្រមរបស់តុលាការដែលកាត់ក្តីលម្អៀងទៅរកក្រុមហ៊ុន ឬបុគ្គលមានលុយមានអំណាចដែលបានរំលោភបំពានដីធ្លីពលរដ្ឋ ហើយគ្មានស្ថាប័នណាជួយទាញតុលាការឱ្យងាកមកធ្វើការងារដោយត្រឹមត្រូវឡើយ ខណៈអង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសកម្មជនបរិស្ថានដូចពួកលោក ស្ថិតក្រោមការរឹតត្បិត និងធ្វើទុកបុកម្នេញពីសំណាក់អាជ្ញាធរ។ លោកទទួលស្គាល់ថា ជាគោលការណ៍ច្បាប់ ភាគីដែលមានភស្តុតាងរឹងមាំជាង អ្នកនោះនឹងឈ្នះក្តី ក៏ប៉ុន្តែការអនុវត្តជាក់ស្ដែង មិនមែនបែបនេះឡើយ គឺតុលាការកាត់ក្តីលម្អៀងទៅរកក្រុមហ៊ុន ឬបុគ្គលមានលុយមានអំណាច បើទោះជាពលរដ្ឋមានទឡ្ហីករណ៍ផ្លូវច្បាប់រឹងមាំបែបណាក្តី៖ «ភាគច្រើនឯកសារដែលប្រជាពលរដ្ឋមានក្នុងដៃ មានទាំងឯកសារ មានទាំងអីអ៊ីចឹងទៅ ហើយម្នាក់ៗសង្ឃឹមថា ដីអត់បាត់បង់ទេ អាចឈ្នះក្រុមហ៊ុន ប៉ុន្តែលទ្ធផលចុងក្រោយច្រើនតែបរាជ័យ ច្រើនតែអត់មានអ្នកតតាំង។ ប្រសិនបើតតាំង ក៏គាត់អត់លទ្ធភាព ដូចថាគាត់ចំណាយពេលវេលា ថវិកាច្រើនពេក ឆ្លងទៅសាលាដំបូងសាលាឧទ្ធរណ៍ តុលាការកំពូល ហើយដូចជាអស់ទំនុកចិត្ត។ គេមានប្រៀបសព្វបែបយ៉ាង ហើយពួកគាត់ច្រើនតែបោះបង់ចោលទាំងអស់ នៅពេលដែលតំណាងរបស់ពួកគាត់ជាប់គុកម្នាក់ ឬពីរនាក់ គឺគាត់ស្លន់ស្លោ ហើយគាត់ឈប់តែម្ដង»។
ចំណែក អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក សឹង សែនករុណា វិញ កត់សម្គាល់ថា ពលរដ្ឋរងគ្រោះដីធ្លីសុទ្ធតែធ្លាប់បានដាក់បណ្ដឹងទៅតុលាការដើម្បីឱ្យជួយដោះស្រាយវិវាទរបស់ពួកគាត់ ក៏ប៉ុន្តែស្ថាប័នយុត្តិធម៌នេះកម្រចាត់ការបណ្ដឹងរបស់ពលរដ្ឋណាស់។ ផ្ទុយទៅវិញ បើក្រុមហ៊ុន ឬបុគ្គលមានលុយមានអំណាចប្ដឹងពលរដ្ឋវិញ តុលាការតែងតែចាត់ការយ៉ាងលឿនរហ័ស រហូតឈានដល់ការចាប់ខ្លួនពលរដ្ឋ និងផ្ដន្ទាទោសពួកគេថែមទៀតផង៖ «យើងឃើញមានឯកសារប្លង់កម្មសិទ្ធិមួយចំនួន បានដោយមិនប្រក្រតី ការធ្វើសម្បទានមួយចំនួនដោយមិនបានសិក្សាវាយតម្លៃផលប៉ះពាល់ឱ្យបានត្រឹមត្រូវអំពីជីវភាពសង្គម និងបរិស្ថានក្នុងតំបន់នោះ អ៊ីចឹងយើងឃើញថា វាមានភាពមិនប្រក្រតីហ្នឹងច្រើនណាស់ មុននឹងដល់ដំណាក់កាលតុលាការ។ ការលើកឡើងពីផ្លូវច្បាប់របស់ខាងក្រសួងនេះ ហាក់ដូចមានតែនៅក្នុងទ្រឹស្ដីតែប៉ុណ្ណោះ ប៉ុន្តែការអនុវត្តហ្នឹង យើងឃើញថា វាមិនឆ្លុះបញ្ចាំងនោះទេ។ មន្ត្រីដែលទទួលតួនាទីទាំងអស់ មានល្អហ្នឹងកម្រិតតិចតួចដែលឃើញថា មានការយកចិត្តទុកដាក់ ក៏ប៉ុន្តែយើងឃើញថា មួយចំនួនធំនោះ គឺមិនបានប្រើតួនាទីឱ្យបានត្រឹមត្រូវ ស្មោះត្រង់ ដោយគុណធម៌ ដើម្បីការពារយុត្តិធម៌ជូនប្រជាពលរដ្ឋនោះទេ»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ សង្កត់ធ្ងន់ថា ការកែទម្រង់ប្រព័ន្ធយុត្តិធម៌នេះជារឿងដ៏ចាំបាច់ និងជាបញ្ហាអាទិភាព ដើម្បីនាំមកនូវយុត្តិធម៌សង្គម និងស្ដារទំនុកចិត្តពីប្រជាពលរដ្ឋឡើងវិញ។
កម្ពុជាបានជាប់ឈ្មោះថាជាប្រទេសមិនគោរពនីតិរដ្ឋដោយសារតែស្ថាប័នកំពូលទាំង ៣ របស់ជាតិ ត្រូវបានដាក់ឱ្យស្ថិតក្រោមការបង្គាប់បញ្ជាពីបុគ្គលតែម្នាក់ គឺលោក ហ៊ុន សែន ខណៈតុលាការត្រូវបានរកឃើញថា ជាស្ថាប័នដែលពុករលួយជាងគេ។
ជុំវិញរឿងវិវាទដីធ្លីនេះ មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ធ្លាប់បានប្រកាសជាឱឡារិកថា នឹងមិនឱ្យពលរដ្ឋណាម្នាក់ត្រូវជាប់គុកដោយសាររឿងទំនាស់ដីធ្លីឡើយ ក៏ប៉ុន្តែជាក់ស្ដែងពលរដ្ឋមួយចំនួននៅតែត្រូវជាប់ពន្ធនាគារដោយសាររឿងទំនាស់ដីធ្លីដដែលមកទល់នឹងពេលបច្ចុប្បន្ន ដូចជា តំណាងសហគមន៍ព្រែកខ្សាច់នៅខេត្តកោះកុង និងប្រជាសហគមន៍អូរខ្សាច់នៅខេត្តព្រះសីហនុ ជាដើម៕
No comments:
Post a Comment