Thursday, 18 October 2018

សហភាព​អន្តរសភា IPU នឹង​បញ្ជាក់ជំហរ ជុំវិញការ​ធ្វើទុក្ខបុកម្នេញ​បក្ស​ប្រឆាំង​ពី​សំណាក់​របប​លោក


ហ៊ុន សែន
ដោយ មួង ណារ៉េត
2018-10-17
rfa
ការ​បោះឆ្នោត​ដោយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​តំណាងរាស្ត្រ របស់​សហភាព​អន្តរ​សភា (IPU) នៅ​នា​ទីក្រុង សេន ភេធ័រប៊ឺគ (Saint Petersburg) នៃ​សហព័ន្ធ​រុស្ស៊ី កាលពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៧។
ការ​បោះឆ្នោត​ដោយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​តំណាងរាស្ត្រ របស់​សហភាព​អន្តរ​សភា (IPU) នៅ​នា​ទីក្រុង សេន ភេធ័រប៊ឺគ (Saint Petersburg) នៃ​សហព័ន្ធ​រុស្ស៊ី កាលពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៧។
Photo courtesy of IPU's website



សហភាព​អន្តរ​សភា IPU នឹង​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន អំពី​ការ​ធ្វើទុក្ខបុកម្នេញ លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង នៅ​ថ្ងៃ​ទី១៨ តុលានេះ។ មន្ត្រី​ផ្នែក​សារព័ត៌មាន របស់​សហភាព​អន្តរ​សភា IPU ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃទី១៧ ខែ​តុលា​ម្សិលមិញ ថា​ក្រោយ​បិទ​បញ្ចប់​មហាសន្និបាត​លើក​ទី១៣៩ នេះ នឹង​មាន​សន្និសីទ​ព័ត៌មាន ដែល​សហភាព​អន្តរ​សភា នឹង​បញ្ជាក់​អំពី​ជំហរ​របស់​ខ្លួន ជុំវិញ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ហាមឃាត់​សិទ្ធិ​នយោបាយ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៥៥រូប។

មន្ត្រី​ដដែល​រូប​នេះ ក៏បាន​ច្រានចោល ការ​លើកឡើង​របស់​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន ដែល​អះអាង ថា​ប្រធាន​សហភាព​អន្តរ​សភា អ្នកស្រី ហ្កាប្រ៊ីឡា គូអេវ៉ាស បារ៉ុន (Gabriela Cuevas Barron) គាំទ្រ​លទ្ធផល​បោះឆ្នោត​ឆ្នាំ២០១៨។



ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន គឺ​ហ្វ្រេសញូវ (Fresh News) បាន​ចុះផ្សាយ​អត្ថបទ​មួយ នៅ​ថ្ងៃទី១៧ ខែ​តុលា​នេះ ដោយ​សរសេរ​ថា អ្នកស្រី ហ្កាប្រ៊ីឡា គូអេវ៉ាស បារ៉ុន អបអរសាទរ​យ៉ាង​ពេញទំហឹង ក៏ដូចជា​វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល ដែល​កម្ពុជា​សម្រេច​បាន ជាពិសេស​លទ្ធផល​ដ៏​ជោគជ័យ នៃ​ការបោះឆ្នោត​ឆ្នាំ​២០១៨ នៅ​កម្ពុជា ដែល​បាន​បង្ហាញ​អំពី​លទ្ធិប្រជាធិបតេយ្យ យ៉ាង​ពិត​ប្រាកដ។

មន្ត្រី​ព័ត៌មាន​របស់​សហភាព​អន្តរ​សភា ប្រាប់​អាស៊ីសេរី បន្ត​ថា មិន​អាច​ទៅ​រួច​ទេ ដែល​ប្រធាន​សហភាព​អន្តរ​សភា ថ្លែង​សារ​ដូច្នេះ​នោះ។ លោក​បញ្ជាក់​ថា លោក​នឹង​ផ្តល់​ព័ត៌មាន​លម្អិត ដល់​អាស៊ីសេរី ជុំវិញ​រឿង​នេះ​បន្ថែម​ទៀត។

សន្និបាត​សហភាព​អន្ដរសភា (IPU) លើក​ទី​១៣៩ ធ្វើ​នៅ​ទីក្រុង​ហ្ស៊ឺណែវ ប្រទេស​ស្វីស នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃទី១៨ ខែ​តុលា​ស្អែក​នេះ។ តំណាង​រដ្ឋសភា ជិត ២០០​ប្រទេស នៅ​លើ​ពិភពលោក បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​។

អនុប្រធាន​ទី​២ នៃ​រដ្ឋសភា​ឯកបក្ស​កម្ពុជា អ្នកស្រី ឃួន សុដារី និង​គណៈប្រតិភូ​របប​លោក ហ៊ុន សែន ក៏បាន​ទៅ​ចូលរួម​កិច្ចប្រជុំ​នេះ​ដែរ ទោះបី​ឆ្នាំមុន ភាគី​របប​លោក ហ៊ុន សែន មិន​បាន​ចូលរួម​ទេ ព្រោះអះអាង​ថា រវល់​រៀបចំ​ការបោះឆ្នោត និង​ថា​ការប្រជុំ​សហភាព​អន្តរ​សភាមិន​សំខាន់។

សហ​ស្ថាបនិក​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី ក៏បាន​ចូលរួម​ក្នុង​ការ​ប្រជុំ​លើក​នេះ។

ស្ថាប័ន​អន្តរ​សភា​នេះ បាន​ថ្កោលទោស​របប​លោក ហ៊ុន សែន យ៉ាង​ខ្លាំង កាលពី​ចុង​ឆ្នាំ២០១៧ ក្រោយ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ។ ជា​បន្ត​បន្ទាប់​មក​ទៀត ពោល​គឺ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ ស្ថាប័ន​នេះ បាន​សម្ដែង​ការ​មិន​ពេញចិត្ត និង​បង្ហាញ​ក្តី​បារម្ភ ដែល​របប​លោក ហ៊ុន សែន ហាមឃាត់​សិទ្ធិ​នយោបាយ​តំណាងរាស្ត្រ ទាំងអស់​របស់​គណបក្ស​នេះ។ សហភាព​អន្តរ​សភា​ពេលនោះ បាន​ចេញ​សេចក្ដី​សម្រេច​មួយ ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ផ្ដល់​នីតិសម្បទា ដល់​តំណាងរាស្ត្រ​ទាំងអស់​នោះ​វិញ និង​ស្នើ​ឲ្យ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ លើ​គណបក្សប្រឆាំង៕

No comments: