ដោយ មួង ណារ៉េត
2018-10-18
rfa

ព័ត៌មានដែលប្រធានសហភាពអន្តរសភា អ្នកស្រី ហ្កាប្រ៊ីឡា គូអេវ៉ាស បារ៉ុន (Gabriela Cuevas Barron) បដិសេធ ក្រោយជួបមន្ត្រីសភាឯកបក្សនៃរបបលោក ហ៊ុន សែន។
screenshot
មន្ត្រីជាន់ខ្ពស់នៃសហភាពអន្តរសភា IPU ហួសចិត្តនឹងការបន្លំសាររបស់ប្រធានស្ថាប័នអន្តរជាតិមួយនេះ ដោយមន្ត្រីរដ្ឋសភាឯកបក្ស នៃរបបលោក ហ៊ុន សែន។ ចំណែកក្រុមពលរដ្ឋ និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) នៅកម្ពុជា រិះគន់តំណាងរដ្ឋសភាទាំងនោះ ថា មានចេតនា ចង់កេងចំណេញនយោបាយពីប្រធានសហភាពអន្ដរសភា ជុំវិញករណីជំនួបក្រៅផ្លូវការ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១៦ តុលា។ អ្នកតាមដានសង្គម និងអ្នកនយោបាយ ថា នេះជាភាពអាម៉ាស់របស់តំណាងរដ្ឋសភាក្លែងក្លាយ។
នាយកទទួលបន្ទុកផ្នែកទំនាក់ទំនង នៃសហភាពអន្តរសភា IPU លោក ថំម៉ាស់ ហ្វ៊ីតសៃម៉ិនស៍ (Thomas Fitzsimons) ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៨ ខែតុលានេះ ទាំងខកចិត្ត ទៅនឹងការបំផ្លើសព័ត៌មាន ដែលនាំឲ្យមានការយល់ច្រឡំ ចំពោះជំហររបស់ប្រធានសហភាពអន្តរសភា អ្នកស្រី ហ្កាប្រ៊ីឡា គូអេវ៉ាស បារ៉ុន (Gabriela Cuevas Barron) ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។ លោក ថំម៉ាស់ ហ្វ៊ីតសៃម៉ិនស៍ បញ្ជាក់ថា អ្នកស្រីប្រធានសហភាពអន្តរសភា ពិតជាមិនបាននិយាយគាំទ្រការដឹកនាំរបស់លោក ហ៊ុន សែន ឬអបអរសាទរលទ្ធផលបោះឆ្នោតនៅកម្ពុជា ដូចការលើកឡើងនៅលើគេហទំព័ររដ្ឋសភាកម្ពុជា និងប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន នោះទេ៖ «អត់ទេ! អត់សោះតែម្តង! អ្នកស្រីប្រធាន អត់បាននិយាយអ៊ីចឹងទេ! នោះពិតជាការបកស្រាយខុសទាំងស្រុង ទៅនឹងជំហររបស់អ្នកស្រី។ បើលោកអានខ្លឹមសារ ឆ្លើយតបទៅនឹងចំណុចនេះ ដែលអ្នកស្រីបានសរសេរលើ ទ្វីតធើ(Twitter) អ្នកស្រី លោកគង់បានជ្រាបច្បាស់ នូវអ្វីដែលអ្នកស្រីថ្លែងទៅកាន់គណៈប្រតិភូកម្ពុជា។ មិនតែប៉ុណ្ណោះ អ្នកស្រីថែមទាំងថ្កោលទោស ការរំលោភសិទ្ធិមនុស្ស ជាពិសេសសិទ្ធិរបស់តំណាងរាស្ត្របក្សប្រឆាំងទៀតផង»។
ភ្លាមៗនៅក្រោយទំព័រហ្វេសប៊ុករបស់រដ្ឋសភាឯកបក្សកម្ពុជា កាលពីថ្ងៃទី១៧ ខែតុលា បង្ហោះសារដោយអះអាងថា អ្នកស្រីប្រធានសហភាពអន្តរសភា ឯកភាពតាមការលើកឡើងរបស់អ្នកស្រី ឃួន សុដារី អនុប្រធានទី២រដ្ឋសភា និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកម្ពុជាទទួលបាន និង ត្រូវបានប្រព័ន្ធឃោសនារបស់របបលោក ហ៊ុន សែន ជាពិសេសសារព័ត៌មាន Fresh News ដែលអង្គការអ្នកកាសែតគ្មានព្រំដែន ឲ្យឈ្មោះថា ជារោងចក្រផលិតព័ត៌មានក្លែងក្លាយនោះ បានចុះផ្សាយព្រោងព្រាត និងបន្លំន័យរហូត ថាអ្នកស្រី ហ្កាប្រ៊ីឡា គូអេវ៉ាស បារ៉ុន អបអរសាទរយ៉ាងពេញទំហឹង ហើយវាយតម្លៃខ្ពស់ ជាពិសេសលទ្ធផលដ៏ជោគជ័យ នៃការបោះឆ្នោតឆ្នាំ២០១៨ នៅកម្ពុជា ដែលបានបង្ហាញអំពីលទ្ធិប្រជាធិបតេយ្យ យ៉ាងពិតប្រាកដនោះ អ្នកស្រីប្រធានសហភាពអន្តរសភា បានសរសេរសារបដិសេធយ៉ាងដាច់អហង្កាភ្លាមៗ នៅលើបណ្ដាញសង្គម Twitter របស់អ្នកស្រី។ អ្នកស្រី ហ្កាប្រ៊ីឡា គូអេវ៉ាស បារ៉ុន បញ្ជាក់ថា ពិតជាមិនបានអបអរសាទរលទ្ធផលបោះឆ្នោតនៅកម្ពុជានោះទាល់តែសោះ។ ផ្ទុយទៅវិញ អ្នកស្រីថែមទាំងបានចោទជាសំណួរ ទៅកាន់គណៈប្រតិភូរដ្ឋសភាឯកបក្សនៃរបបលោក ហ៊ុន សែន អំពីករណីរំលោភសិទ្ធិមនុស្ស ដែលសហភាពអន្តរសភាបានកត់ត្រាទុក។
ការបន្លំព័ត៌មាន ដោយស្ថាប័នរដ្ឋសភាបែបនេះ ត្រូវបានអ្នកតាមដានសង្គម និងអ្នកនយោបាយ ថានេះជាការគួរឲ្យអៀនខ្មាសមួយ។ ពលរដ្ឋរស់នៅខេត្តតាកែវម្នាក់ សុំមិនបញ្ចេញឈ្មោះ រិះគន់ថា ក្រុមមន្ត្រីដែលទទួលបានលាភសក្ការៈពីរបបក្រុងភ្នំពេញដោយផ្ទាល់ មិនមែនទើបតែចេះភូតភរកេងចំណេញនយោបាយ ពេលនេះទេ ប៉ុន្តែ ទោះជាយ៉ាងណា លោកអះអាងថា ពលរដ្ឋលែងជឿ ការនិយាយយកតែល្អរបស់ក្រុមមន្ត្រីរបបក្រុងភ្នំពេញយូរហើយ។ លោកបន្ថែមថា មន្ត្រីរបបក្រុងភ្នំពេញ ចូលចិត្តប្រើនយោបាយ ភូតកុហក តាំងពីមេដឹកនាំកំពូលរហូត ដល់អាជ្ញាធរនៅតាមមូលដ្ឋានខ្លះ។ «»
ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជា នៅថ្ងៃទី១៨ តុលា នាំគ្នាចែកចាយព្រោងព្រាត នូវសាររបស់ប្រធានសហភាពអន្តរសភា ដែលមិនបានសាទរចំពោះការបោះឆ្នោត ដែលរៀបចំដោយរបបក្រុងភ្នំពេញនោះ។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ សរសេរក្នុងហ្វេសប៊ុក សម្ដែងការហួសចិត្ត នូវអ្វីដែលកើតឡើងនេះ ដោយលោកចង់រំលឹកថា សូមរក្សាតម្លៃវិជ្ជាជីវៈ ដើម្បីកិត្តិយសយូរអង្វែង។ លោក សន ជ័យ បន្ថែមថា បើថ្ងៃនេះសរសេរមិនល្អ ថ្ងៃក្រោយ គង់តែគេទទួលស្គាល់នោះទេ។
ចំណែកឯ បុគ្គលិកនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឌីថេ ហូយ៉ា សរសេរក្នុងហ្វេសប៊ុកថា ផ្ដាំទៅប្រទេសនានា ក្នុងសាកលលោក បើជួបក្រុមនោះ សូមប្រយ័ត្នរឿងថតរូបជាមួយ អាចពួកគេយកមកធ្វើស៊ីនៅស្រុកខ្មែរ ថាបានសាទរ អីណាណីឆ្កុយ។
អ្នកនាំពាក្យរដ្ឋសភាឯកបក្សនៃរបបក្រុងភ្នំពេញ លោក ឡេង ប៉េងឡុង ប្រាប់អាស៊ីសេរី ថ្ងៃទី១៨ តុលា ថា លោកមិនបានដឹងរឿងនេះទេ។ នៅពេលអាស៊ីសេរី សួរតើលោកយល់យ៉ាងណា អំពីខ្លឹមសារ ដែលបានបង្ហោះលើគេហទំព័ររបស់រដ្ឋសភាឯកបក្សនេះ លោកប្រាប់ឲ្យទៅសួរអ្នកផ្សេង ដែលចាត់ចែងរឿងនេះ។
អាស៊ីសេរីព្យាយាមទាក់ទង ទៅលេខទូរស័ព្ទរបស់គេហទំព័រហ្វេសប៊ុករបស់រដ្ឋសភា តែគ្មានអ្នកទទួល។
ទោះជាយ៉ាងនេះក្តី ក្រោយរងការរិះគន់ និងចំអកពីអ្នកប្រើប្រាស់បណ្ដាញសង្គម ប្រព័ន្ធឃោសនាលោក ហ៊ុន សែន ហ្វ្រេសញូវ ចុះផ្សាយថា មន្ត្រីខុទ្ទកាល័យរបស់អនុប្រធានទី២ រដ្ឋសភា អ្នកស្រី ឃួន សុដារី បានចេញមកសម្ដែងការសោកស្ដាយ និងសុំការអធ្យាស្រ័យ ចំពោះកំហុស ព្រោះបានភាន់ច្រឡំ ស្រង់ខ្លឹមសារ នៃជំនួបរវាងលោកស្រី ឃួន សុដារី និងប្រធានសហភាពអន្តរសភា អ្នកស្រី ហ្កាប្រ៊ីឡា គូអេវ៉ាស បារ៉ុន (Gabriela Cuevas Barron)។
សកម្មជនគណបក្សសង្គ្រោះជាតិ លោក គង់ ម៉ាស់ សរសេរក្នុងហ្វេសប៊ុកថា ពាក្យសម្តីតំណាងពិភពលោកកុំចេះតែក្លែងបន្លំឲ្យសោះ។ គេមិនឆ្លើយតបវាស្មើនឹងមិនទទួលស្គាល់ កុំល្ងង់ពេកពេក។ ប៉ុណ្ណឹងក៏មិនយល់ដែរ។
ប្រធានគណបក្សអំណាចខ្មែរ លោក សួង សុភ័ណ្ឌ យល់ថា នេះជាចេតនានយោបាយ និងជារបៀបធ្វើនយោបាយប្រជាភិថុតិ របស់របបក្រុងភ្នំពេញ យូរណាស់មកហើយ។ លោក សួង សុភ័ណ្ឌ ថា កាលពីមុន ការធ្វើនយោបាយភូតកុហកបែបនេះ ពិតជាទទួលបានជោគជ័យមែន ប៉ុន្តែសម្រាប់បច្ចុប្បន្ន ការធ្វើបែបនេះ មិនត្រឹមតែមិនអាចបោកប្រាស់ពលរដ្ឋក្នុងប្រទេសបានទេ ថែមទាំងកាន់តែឆ្លុះបញ្ចាំង ប្រាប់អន្តរជាតិ ថា របបក្រុងភ្នំពេញ កាន់អំណាចបាន ដោយសារតែការភូតកុហក។ «»
អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ ថា របបកុម្មុយនិស្ត បានរស់ក៏ដោយសារប្រព័ន្ធភូតភរកុហក ហើយក៏រលំរលាយទៅវិញ ដោយសារប្រព័ន្ធភូតភរកុហកដែរ។ «»
អ្នកវិភាគ លើកឡើងថា ដោយសារតែការចង់បានភាពស្របច្បាប់ លើឆាកអន្តរជាតិ ទើបរបបលោក ហ៊ុន សែន ប្រឹងរកវិធីគ្រប់បែបយ៉ាង ដើម្បីភ្ជាប់វត្តមានខ្លួន ទៅនឹងមន្ត្រីបរទេស។ ទោះជាយ៉ាងនេះក្តី របបលោក ហ៊ុន សែន នៅតែពិបាកនឹងទទួលបានភាពស្របច្បាប់នេះណាស់ ដោយសារតែសហគមន៍អន្តរជាតិ បានថ្កោលទោសរបបនេះយ៉ាងចាស់ដៃ ជុំវិញការរំលោភសិទ្ធិមនុស្ស និង បំផ្លាញប្រជាធិបតេយ្យ ក្រោយការធ្វើទុក្ខបុកម្នេញសំឡេងប្រឆាំង បណ្ដេញអង្គការសង្គមស៊ីវិល បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ រឹតត្បិតសិទ្ធិសេរីភាពនៃការតវ៉ាដោយអហិង្សា និងការរៀបចំការបោះឆ្នោតក្លែងក្លាយនាពេលកន្លងមកនេះ៕
1 comment:
The IPU should demand an apology or file a lawsuit against the CPP for the obvious misinterpretation of the speech to shame and teach them a lesson.
Don’t let the CPP get away from their shameful lie.
Post a Comment