ដោយ សេក បណ្ឌិត
2018-10-29
rfa

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច នរោត្ដម សីហមុនី ។
អ្នកវិភាគនយោបាយ និងសង្គមស៊ីវិលសង្កេតឃើញថា ការគ្រងរាជសម្បត្តិរយៈពេល ១៤ឆ្នាំរបស់ព្រះមហាក្សត្រ ទ្រង់មិនបានអនុវត្តព្រះរាជតួនាទីរបស់ព្រះអង្គបានពេញលេញដូចរដ្ឋធម្មនុញ្ញបានចែងនោះទេ។ នេះគឺជាការលើកឡើងរបស់អ្នកឃ្លាំមើលសង្គម ក្នុងឱកាសខួបលើកទី១៤ នៃការយាងគ្រងរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី។
អ្នកឃ្លាំមើលសង្គមលើកឡើងថា បើប្រៀបធៀបការគ្រងរាជសម្បត្តិរបស់ព្រះបរមនាថ នរោត្ដម សីហមុនី ទៅនឹងសម្តេចព្រះ នរោត្តម សីហនុ ដែលជាព្រះរាជបិតារបស់ព្រះអង្គ គឺទ្រង់មិនបានបំពេញព្រះរាជតួនាទីដូចព្រះបិតារបស់ព្រះអង្គឡើយ។
អ្នកសិក្សាការអភិវឌ្ឍ គឺបណ្ឌិត មាស នី សង្កេតឃើញថា ក្នុងការគ្រងរាជសម្បត្តិរបស់សម្តេចនរោត្ដម សីហមុនី កន្លងទៅ ព្រះអង្គមិនសូវបានឆ្លើយតបចំពោះសំណើរបស់ពលរដ្ឋដែលជាបញ្ហាសង្គម ឬខ្វល់ខ្វាយពីបញ្ហាអ្វីមួយឡើយ។ លោកបណ្ឌិតបន្តទៀតថា ព្រះអង្គមិនបានជួបសវនការជាមួយរដ្ឋាភិបាលឲ្យបានពេញលេញ ដូចទៅនឹងរដ្ឋធម្មនុញ្ញចែងនោះទេ៖ «ទាក់ទងការជួបជុំ និងក្នុងនាមព្រះអង្គជានិមិត្តរូបនៃឯកភាពជាតិក្តី នៅពេលអ្នកនយោបាយឈ្លោះគ្នាក្តីគេមិនបានឃើញព្រះអង្គចេញមកផ្តល់ព្រះរាជតម្រិះមានប្រតិកម្ម និងឬសម្របសម្រួលឃើញថា ព្រះអង្គនៅស្ងប់ស្ងៀម»។
បណ្ឌិត មាស នី មិនហ៊ានថ្លែងឲ្យស៊ីជម្រៅពីមូលហេតុដែលព្រះមហាក្សត្រមិនអាចអនុវត្តព្រះរាជតួនាទីរបស់ទ្រង់ឡើយ។ បណ្ឌិតរូបនេះបន្តថា កង្វះចន្លោះទាំងនេះធ្វើឲ្យវិបត្តិនយោបាយនៅកម្ពុជាបន្តអូសបន្លាយ ព្រោះគ្មានអាជ្ញាកណ្តាល ដើម្បីសម្របសម្រួលជម្លោះទាំងនោះ៖ «ឃើញថានៅក្នុងជម្លោះនយោបាយខ្មែរ អ្នកខ្លាំងអាចធ្វើបាបអ្នកខ្សោយតាមអំពើចិត្តដោយមិនមានយន្តការណាមួយចូលមកជួយសម្របសម្រួល»។
ចំណែកនាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មើលឃើញថា ព្រះមហាក្សត្រមិនសូវមានទំនាក់ទំនងជាមួយប្រជារាស្រ្តរបស់ព្រះអង្គបានច្រើនទេ បើធៀបទៅនឹងព្រះរាជសកម្មភាពព្រះបិតារបស់ព្រះអង្គ។ មន្រ្តីសង្គមស៊ីវិលរូបនេះ ចង់ឃើញព្រះមហាក្សត្របង្ហាញព្រះរាជវត្តមានរបស់ទ្រង់ឲ្យបានច្រើនជាងនេះនៅក្នុងការងារសង្គម ការងារមនុស្សធម៌ និងការរកដំណោះស្រាយនយោបាយ៖ «យើងចង់ឃើញសកម្មភាពសង្គមធ្វើម៉េចឲ្យព្រះអង្គមានការជួបជុំជាមួយប្រជាពលរដ្ឋ ជាមួយក្រុមដែលហៅថាត្រូវការជួយលើកទឹកចិត្ត»។
ទោះរដ្ឋធម្មនុញ្ញចែងថា ព្រះមហាក្សត្រទ្រង់គ្រងរាជសម្បត្តិ និងមិនកាន់អំណាចក្ដី រដ្ឋធម្មនុញ្ញក៏ចែងថា ព្រះមហាក្សត្រមានព្រះរាជតួនាទីសំខាន់ៗ មួយចំនួន ដូចជា ព្រះអង្គជាឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ជាឧត្ដមក្រុមប្រឹក្សាការពារជាតិ ពិសេសជាងនេះទៅទៀតនោះ នៅពេលប្រទេសមានបញ្ហាផ្នែកនយោបាយព្រះអង្គមានតួនាទីដ៏ខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល និងរក្សាសន្តិសុខសាធារណៈ ពីព្រោះទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និរន្តរភាពជាតិ ហើយទ្រង់ជាអ្នកធានាការគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ការគោរពសន្ធិសញ្ញាអន្តរជាតិជាដើម។
ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ ដែលក្នុងនោះមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង ជ្រើសតាំងជាព្រះមហាក្សត្រ គ្រងរាជសម្បត្តិ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០០៤ បន្ទាប់ពីព្រះបិតារបស់ព្រះអង្គដាក់រាជ្យ។
ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី មិនដែលមានព្រះទ័យចង់សោយរាជជាស្តេចនោះឡើយ។ បើតាមកាសែត Khmer Time ចុះផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នៅមុនសោយរាជ្យ ព្រះអង្គម្ចាស់ នរោត្ដម សីហមុនី កាលពីឆ្នាំ១៩៩៥ បានមានបន្ទូលប្រាប់អ្នកកាសែត ឈ្មោះ ដេននីស ហ៊ីវូដ (Denise Heywood) ថា ព្រះអង្គមិនចង់ធ្វើជាព្រះមហាក្សត្រទេ គឺព្រះអង្គចង់ធ្វើកិច្ចការលើកស្ទួយវិស័យវប្បធម៌ នាដសាស្ត្រ ឬវិជ្ជារបាំ និងខ្សែភាពយន្តវិញ។
ទោះជាយ៉ាងណា ការគ្រងរាជសម្បត្តិរយៈពេល ១៤ឆ្នាំមកនេះ ជាពិសេសរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈកម្ពុជាមានវិបត្តិនយោបាយ គេឃើញព្រះអង្គបានចេញព្រះរាជសារស្នើទៅកាន់គណបក្សទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ឲ្យដោះស្រាយនយោបាយដោយសន្តិវិធី និងត្រូវមានដំណោះស្រាយនយោបាយដោយគោរពតាមរដ្ឋធម្មនុញ្ញតាមរយៈការប្រើប្រាស់ច្បាប់ និងស្ថាប័នជាតិដែលមានស្រាប់។ ប៉ុន្តែព្រះរាជសាររបស់ព្រះអង្គមិនបានធ្វើឲ្យវិបត្តិនយោបាយនោះអាចបញ្ចប់បាននៅឡើយទេ រហូតមកដល់ពេលនេះ៕
3 comments:
Sihamoni,
Please stop behaving like a scare crow. You have one life to live. You must do something good for Cambodia before you go to hell.
Don't let Ah Prett Hun Sen kicks you around !!
My King will go to heaven. He is a very good man.
@4:50am, you only have one life and it's crappy anyway. Why don't you go to the Freedom Square and challenge Hun Sen? Show us who you are with something impressive.
Post a Comment