Tuesday, 30 October 2018

"ការ​គ្រង​រាជ​សម្បត្តិ ១៤ឆ្នាំ​របស់​ព្រះមហាក្សត្រ ទ្រង់​មិន​បាន​អនុវត្ត​ព្រះរាជ​តួនាទី​ពេញលេញ​ទៅ​តាម​រដ្ឋធម្មនុញ្ញ"


ដោយ សេក បណ្ឌិត
2018-10-29 
rfa
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី ។
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី ។



អ្នកវិភាគនយោបាយ និង​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា ការ​គ្រងរាជ​សម្បត្តិ​រយៈ​ពេល ១៤ឆ្នាំ​របស់​ព្រះមហាក្សត្រ ទ្រង់​មិន​បាន​អនុវត្ត​ព្រះរាជ​តួនាទី​របស់​ព្រះអង្គ​បាន​ពេញលេញ​ដូច​រដ្ឋធម្មនុញ្ញ​បាន​ចែង​នោះ​ទេ។ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​អ្នកឃ្លាំ​មើល​សង្គម ក្នុង​ឱកាស​ខួប​លើក​ទី១៤ នៃ​ការ​យាង​គ្រង​រាជ​សម្បត្តិ​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី។

អ្នកឃ្លាំ​មើល​សង្គម​លើក​ឡើង​ថា បើ​ប្រៀបធៀប​ការ​គ្រង​រាជ​សម្បត្តិ​របស់​ព្រះបរមនាថ នរោត្ដម សីហមុនី ទៅ​នឹង​សម្តេច​ព្រះ នរោត្តម សីហនុ ដែល​ជា​ព្រះរាជបិតា​របស់​ព្រះអង្គ គឺ​ទ្រង់​មិន​បាន​បំពេញ​ព្រះរាជ​តួនាទី​ដូច​ព្រះបិតា​របស់​ព្រះ​អង្គ​ឡើយ។



អ្នក​សិក្សា​ការ​អភិវឌ្ឍ គឺ​បណ្ឌិត មាស នី សង្កេត​ឃើញ​ថា ក្នុងការគ្រងរាជសម្បត្តិរបស់​សម្តេច​នរោត្ដម សីហមុនី កន្លង​ទៅ ព្រះអង្គ​មិន​សូវ​បាន​ឆ្លើយ​តប​ចំពោះ​សំណើ​របស់​ពលរដ្ឋ​ដែល​ជា​បញ្ហា​សង្គម ឬ​ខ្វល់ខ្វាយ​ពី​បញ្ហា​អ្វី​មួយ​ឡើយ។ លោក​បណ្ឌិត​បន្ត​ទៀត​ថា ព្រះអង្គ​មិន​បាន​ជួប​សវន​ការ​ជាមួយ​រដ្ឋាភិបាល​ឲ្យ​បាន​ពេញលេញ ដូច​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ចែង​នោះ​ទេ៖ «ទាក់ទង​ការ​ជួបជុំ និង​ក្នុង​នាម​ព្រះអង្គ​ជា​និមិត្ត​រូប​នៃ​ឯកភាព​ជាតិ​ក្តី នៅ​ពេល​អ្នក​នយោបាយ​ឈ្លោះ​គ្នា​ក្តី​គេ​មិន​បាន​ឃើញ​ព្រះអង្គ​ចេញ​មក​ផ្តល់​ព្រះរាជ​តម្រិះ​មាន​ប្រតិកម្ម និង​ឬ​សម្របសម្រួល​ឃើញ​ថា ព្រះអង្គ​នៅ​ស្ងប់ស្ងៀម»។

បណ្ឌិត មាស នី មិន​ហ៊ាន​ថ្លែង​ឲ្យ​ស៊ី​ជម្រៅ​ពី​មូលហេតុ​ដែល​ព្រះមហាក្សត្រ​មិន​អាច​អនុវត្ត​ព្រះរាជ​តួនាទី​របស់​ទ្រង់​ឡើយ។ បណ្ឌិត​រូប​នេះ​បន្ត​ថា កង្វះ​ចន្លោះ​ទាំង​នេះ​ធ្វើ​ឲ្យ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បន្ត​អូស​បន្លាយ ព្រោះ​គ្មាន​អាជ្ញា​កណ្តាល ដើម្បី​សម្របសម្រួល​ជម្លោះ​ទាំង​នោះ៖ «ឃើញ​ថា​នៅ​ក្នុង​ជម្លោះ​នយោបាយ​ខ្មែរ​ អ្នក​ខ្លាំង​អាច​ធ្វើ​បាប​អ្នក​ខ្សោយ​តាម​អំពើ​ចិត្ត​ដោយ​មិន​មាន​យន្តការ​ណា​មួយ​ចូល​មក​ជួយ​សម្របសម្រួល»។

ចំណែក​នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មើល​ឃើញ​ថា ព្រះមហាក្សត្រ​មិន​សូវ​មាន​ទំនាក់ទំនង​ជាមួយ​ប្រជារាស្រ្ត​របស់​ព្រះអង្គ​បាន​ច្រើន​ទេ បើ​ធៀប​ទៅ​នឹង​ព្រះរាជ​សកម្មភាព​ព្រះបិតា​របស់​ព្រះអង្គ។ មន្រ្តី​សង្គម​ស៊ីវិល​រូប​នេះ ចង់​ឃើញ​ព្រះមហាក្សត្រ​បង្ហាញ​ព្រះរាជ​វត្តមាន​របស់​ទ្រង់​ឲ្យ​បាន​ច្រើន​ជាង​នេះ​នៅ​ក្នុង​ការងារ​សង្គម ការងារ​មនុស្សធម៌ និង​ការ​រក​ដំណោះ​ស្រាយ​នយោបាយ៖ «យើង​ចង់​ឃើញ​សកម្មភាព​សង្គម​ធ្វើ​ម៉េច​ឲ្យ​ព្រះអង្គ​មាន​ការ​ជួបជុំ​ជាមួយ​ប្រជា​ពលរដ្ឋ ជាមួយ​ក្រុម​ដែល​ហៅ​ថា​ត្រូវ​ការ​ជួយ​លើក​ទឹក​ចិត្ត»។

ទោះរដ្ឋធម្មនុញ្ញចែងថា ព្រះមហាក្សត្រ​ទ្រង់​គ្រង​រាជ​សម្បត្តិ និង​មិន​កាន់​អំណាច​ក្ដី រដ្ឋធម្មនុញ្ញ​ក៏ចែង​ថា ព្រះមហាក្សត្រ​មាន​ព្រះរាជ​តួនាទី​សំខាន់ៗ​ មួយ​ចំនួន ដូចជា​ ព្រះអង្គ​ជា​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ជា​ឧត្ដម​ក្រុម​ប្រឹក្សា​ការពារ​ជាតិ ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​ នៅ​ពេល​ប្រទេស​មាន​បញ្ហា​ផ្នែក​នយោបាយព្រះអង្គ​មាន​តួនាទី​ដ៏​ខ្ពង់ខ្ពស់​ជា​អាជ្ញា​កណ្ដាល និង​រក្សា​សន្តិសុខ​សាធារណៈ ពី​ព្រោះ​ទ្រង់​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និរន្តរភាព​ជាតិ ហើយ​ទ្រង់​ជា​អ្នក​ធានា​ការ​គោរព​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ ​ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ​ជាដើម។

ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ត្រូវ​បាន​ក្រុម​ប្រឹក្សា​រាជ​សម្បត្តិ​ ដែល​ក្នុង​នោះ​មាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផង ជ្រើស​តាំង​ជា​ព្រះមហាក្សត្រ គ្រង​រាជ​សម្បត្តិ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០០៤ បន្ទាប់​ពី​ព្រះបិតា​របស់​ព្រះអង្គ​ដាក់​រាជ្យ។

ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី មិន​ដែល​មាន​ព្រះទ័យ​ចង់​សោយរាជ​ជា​ស្តេច​នោះ​ឡើយ។ បើ​តាម​កាសែត Khmer Time ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៧​ ខែតុលា ឆ្នាំ២០១៧  នៅ​មុន​សោយរាជ្យ​ ​ព្រះអង្គម្ចាស់ នរោត្ដម សីហមុនី កាល​ពី​ឆ្នាំ១៩៩៥ បាន​មាន​បន្ទូល​ប្រាប់​អ្នក​កាសែត ឈ្មោះ ដេននីស ហ៊ីវូដ (Denise Heywood) ថា​ ព្រះអង្គ​មិន​ចង់​ធ្វើ​ជា​ព្រះមហាក្សត្រ​ទេ គឺ​ព្រះអង្គ​ចង់​ធ្វើ​កិច្ចការ​លើក​ស្ទួយ​វិស័យ​វប្បធម៌ នាដសាស្ត្រ ឬ​វិជ្ជា​របាំ និង​ខ្សែ​ភាពយន្ត​វិញ។

ទោះជាយ៉ាងណា ការគ្រង​រាជសម្បត្តិ​រយៈ​ពេល ១៤ឆ្នាំ​មក​នេះ ជាពិសេស​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ខណៈ​កម្ពុជា​មាន​វិបត្តិ​នយោបាយ គេ​ឃើញ​ព្រះអង្គ​បាន​ចេញ​ព្រះរាជសារ​ស្នើ​ទៅ​កាន់​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះ​ជាតិ​ ឲ្យ​ដោះ​ស្រាយ​នយោបាយ​​​ដោយ​សន្តិវិធី និង​ត្រូវ​មាន​​ដំណោះ​ស្រាយ​នយោបាយ​​ដោយ​គោរព​​តាម​​រដ្ឋ​ធម្មនុញ្ញតាម​រយៈ​​ការ​ប្រើ​ប្រាស់​​ច្បាប់​​ និង​​ស្ថាប័ន​ជាតិ​ដែល​មាន​ស្រាប់។ ប៉ុន្តែ​ព្រះរាជសារ​របស់​ព្រះអង្គ​មិន​បាន​ធ្វើ​ឲ្យ​វិបត្តិ​នយោ​បាយ​នោះ​អាច​បញ្ចប់​បាន​នៅ​ឡើយ​ទេ រហូត​មក​ដល់​ពេល​នេះ៕

3 comments:

Anonymous said...

Sihamoni,
Please stop behaving like a scare crow. You have one life to live. You must do something good for Cambodia before you go to hell.
Don't let Ah Prett Hun Sen kicks you around !!

Anonymous said...

My King will go to heaven. He is a very good man.

Anonymous said...

@4:50am, you only have one life and it's crappy anyway. Why don't you go to the Freedom Square and challenge Hun Sen? Show us who you are with something impressive.