Friday, 26 October 2018

អតីត​ក្រុមប្រឹក្សា​បក្ស​ប្រឆាំង​នៅ​ប៉ៃលិន​ស្នើ​បោះឆ្នោត​ឡើង​វិញ​ក្រោយ​បាន​រួច​ខ្លួន​ពី​ការ​ឃុំ​ឃាំង


ដោយ វ៉ែន សុមេធ
2018-10-25 
rfa
សមាជិក​ក្រុមប្រឹក្សាឃុំ​ជាប់ឆ្នោត​នៅ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​លោក ឈុន សិទ្ធី (រូប​កណ្ដាល​ពាក់​អាវ​ក្រហម) លើក​ដៃ​ជាមួយ​អ្នក​គាំទ្រ មុខ​ពន្ធនាគារ​ខេត្ត​នេះ ក្រោយ​បាន​ចេញ​ពី​ពន្ធនាគារ កាល​ពី​ថ្ងៃ​ទី២៤ ខែ​តុលា ឆ្នាំ​២០១៨។
សមាជិក​ក្រុមប្រឹក្សាឃុំ​ជាប់ឆ្នោត​នៅ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​លោក ឈុន សិទ្ធី (រូប​កណ្ដាល​ពាក់​អាវ​ក្រហម) លើក​ដៃ​ជាមួយ​អ្នក​គាំទ្រ មុខ​ពន្ធនាគារ​ខេត្ត​នេះ ក្រោយ​បាន​ចេញ​ពី​ពន្ធនាគារ កាល​ពី​ថ្ងៃ​ទី២៤ ខែ​តុលា ឆ្នាំ​២០១៨។
Photo Provided



សមាជិក​ក្រុមប្រឹក្សាឃុំ​ជាប់ឆ្នោត​នៅ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​លោក ឈុន សិទ្ធី ដែល​ទើប​ដោះលែង​ពី​ពន្ធនាគារ​ទាមទារ​ឲ្យ​លោក​ហ៊ុន សែន​បោះឆ្នោត​ឡើងវិញ ដោយ​បើក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ប្រកួតប្រជែង​ផង ប្រសិនបើ​លោក​អួត​ថា កម្ពុជា​មាន​ប្រជាធិបតេយ្យ​ពេញលេញ​នោះ។

សមាជិក​ក្រុម​ប្រឹក្សាឃុំ​ស្ទឹង​កាច់​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ ដែល​របប​លោក ហ៊ុន សែន រំលាយ​លោក ឈុន សិទ្ធី ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៥ តុលា ថា លោក​បាត់បង់​សេរីភាព​អស់​មួយ​ឆ្នាំ​នៅ​ក្នុង​ពន្ធនាគារ​មក មិន​បាន​ធ្វើ​ឲ្យ​លោក​ខ្លបខ្លាច មិន​ហ៊ាន​រិះគន់​រដ្ឋអំណាច​របស់​លោក ហ៊ុន សែន ធ្វើ​ខុសច្បាប់​នោះ​ឡើយ ផ្ទុយទៅវិញ​លោក​កាន់តែ​រឹងមាំ​ជាង​មុន ក្នុង​ការ​រិះគន់​ដើម្បី​ចូលរួម​លើកស្ទួយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។



អតីត​ក្រុម​ប្រឹក្សាឃុំ​ស្ទឹង​កាច់ រូបនេះ​អះអាង​ទៀត​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា ស្លាប់​ដោយសារ​លោក ហ៊ុន សែន ព្រោះ​របប​លោក ហ៊ុន សែន បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ចោល ហើយ​បង្កើត​ការបោះឆ្នោត​ក្លែងក្លាយ​ដើម្បី​បន្លំ​ភ្នែក​អន្តរជាតិ។

លោក ឈុន សិទ្ធី បន្ត​ថា ប្រសិនបើ​លោក ហ៊ុន សែន អួត​ថា កម្ពុជា​មាន​ប្រជាធិបតេយ្យ​ពេញលេញ​ដោយសារ​គណបក្ស​ខ្លួន​ឈ្នះ​ឆ្នោត​ភ្ល្លូក​ទឹក​ភ្លូក​ដី​នោះ បុរស​ខ្លាំង​ខាង​គំរាមកំហែង​រូប​នេះ កុំ​ខ្លាច​ចាញ់​ឆ្នោត​ហើយ​ត្រូវ​ក្លាហាន​រៀបចំ​ការបោះឆ្នោត​ឡើងវិញ ដោយ​បើក​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ចូលរួម​ប្រកួតប្រជែង​ស្មើភាព​គ្នា៖ «ព្រោះថា​បើសិនជា​សហគមន៍​អឺរ៉ុប​កាត់​កូតា​អនុគ្រោះ​ពន្ធ​នាំចូល គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដល់​ទៅ​ជាង ២​លាន់​នាក់​ឯណោះ ដូច្នេះ​បើសិនជា​លោក ហ៊ុន សែន ស្រលាញ់​ប្រជាពលរដ្ឋ​ពិតប្រាកដ ហើយ​លោក​ថា ខ្លួន​ជា​អ្នក​ខ្លាំង​នៅ​កម្ពុជា សូម​លោក​ឲ្យ​មានការ​បោះឆ្នោត​មក ព្រោះ​គង់​តែ​លោក​ឈ្នះ​ឆ្នោត​ទេ ព្រោះ​លោក​គិត​ថា ប្រជាពលរដ្ឋ​ស្រលាញ់​លោក​ដូច្នេះ​ខ្លាច​អី​ការបោះឆ្នោត​នោះ»។

សាលាដំបូង​ខេត្ត​ប៉ៃលិន បាន​ដោះលែង​លោក ឈុន សិទ្ធី ឲ្យ​មាន​សេរីភាព​ឡើងវិញ កាលពី​រសៀល​ថ្ងៃ​ទី​២៤ តុលា ដោយសារ​គ្រប់​កំណត់​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល​មួយ​ឆ្នាំ។

សាលាដំបូង​ខេត្ត​ប៉ៃលិន​ផ្ដន្ទាទោស លោក ឈុន សិទ្ធី ដាក់​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស និង​បទ​ប្រមាថ​ដែល​ប្រព្រឹត្ត​នៅ​ស្រុក​សាលា​ក្រៅ។ មូលហេតុ​នៃ​បណ្ដឹង​នេះ​កើតឡើង​ដោយសារ លោក ឈុន សិទ្ធី បាន​ថត​វីដេអូ​ឃ្លីប​របស់​ស្មៀន និង​មន្ត្រី​កិច្ចសន្យា​ឃុំ​ស្ទឹង​កាច់​ម្នាក់ ឈ្លោះប្រកែក​គ្នា ហើយ​បាន​បង្ហោះ​វីដេអូ​នោះ លើ​ហ្វេសប៊ុក (Facebook) ក្រោយ​មក​ស្មៀន និង​មន្ត្រី​ជាប់កិច្ចសន្យា​ឃុំ​ស្ទឹងកាច់ ក៏បាន​ប្ដឹង​លោក ឈុន សិទ្ធី ទៅ​តុលាការ។ ប៉ុន្តែ​តុលាការ​មិនបាន​ចាត់ការ​នោះ​ទេ ហើយ​ទើបតែ​ពេល​លោក ហ៊ុន សែន ប្រកាស​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​គណបក្សប្រឆាំង​ទាំងអស់ ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន ពេលនោះ​លោក ឈុន សិទ្ធី បាន​បង្ហោះ​វីដេអូ​ឆ្លើយឆ្លង​បែប​ចំអក ទៅ​លោក ហ៊ុន សែន វិញ​ថា កុំ​ថាឡើយ​ប្រាក់ខែ​ត្រឹម ៧៥​ម៉ឺន​រៀល បើទោះបីជា ៧៥​ម៉ឺន​ដុល្លារ​អាមេរិក ក៏​លោក​មិន​លក់​ឧត្ដមគតិ​របស់​ខ្លួន​ដែរ។ មួយថ្ងៃ​ក្រោយពី​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បង្ហោះ​វីដេអូ​ឃ្លីប គឺ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្ដង។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន មានប្រសាសន៍ថា គណបក្ស​ប្រឆាំង​មិន​អាច​រស់​ឡើងវិញ​បាន​ទេ ព្រោះ​គណបក្ស​នេះ​រំលាយ​ចោត​ដោយសារ​មេដឹកនាំ​បាន​ធ្វើ​ខុស​ធ្ងន់ធ្ងរ។ចំណែក​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ក៏​មិន​អាច​ត្រឡប់​ថយក្រោយ​បាន​ដែរ ព្រោះ​ការ​បែងចែក​កន្លងមក បាន​អនុវត្ត​ទៅតាម​ខ្លឹមសារ​ច្បាប់​រួចរាល់​ហើយ៖ «ការប្រកួតប្រជែង​ការបោះឆ្នោត​នៅ​ទីលាន​ប្រជាធិបតេយ្យ​មិន​ដូច​ការប្រកួត​កីឡាប្រដាល់​ទេ កីឡាប្រដាល់​គេ​គិត​ទម្ងន់​ស្មើគ្នា​ឬ​ប្រហាក់ប្រហែល​គ្នា​បាន​គេ​ឲ្យ​ប្រកួត តែ​ចំពោះ​លើ​ទីលាន​ប្រជាធិបតេយ្យ​ប្រកួតប្រជែង​នយោបាយ គឺ​គណបក្ស​នយោបាយ​ណា​ដែល​បង្កើត​ត្រឹមត្រូវ​នៃ​គោលការណ៍​ដែល​ចែង​ក្នុង​ច្បាប់ ហើយ​មានការ​ទទួលស្គាល់​ពី​ក្រសួងមហាផ្ទៃ​អាច​បង្កើត​បាន​ហើយ»។

កន្លង​មក​អ្នកវិភាគ លើកឡើង​ថា គណបក្ស​ដែល​ចូលរួម​ការបោះឆ្នោត​កាលពី​ខែ​កក្កដា​កន្លង​ទៅ​នោះ មិនមែន​ជា​ដៃ​គូ​ប្រកួត​ជាមួយ​គណបក្ស​កាន់អំណាច​នោះ​ទេ ព្រោះ​គណបក្ស​មួយ​ចំនួន​ទើប​កើត​ថ្មី និង​គណបក្ស​ដែល​គ្មាន​កៅអី​នៅ​ក្នុង​រដ្ឋសភា។

ចំណែក​ប្រទេស​និយម​ប្រជាធិបតេយ្យ ដែល​មាន​សេដ្ឋកិច្ច រឹងមាំ ដូចជា សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​អូស្ត្រាលី មិន​ទទួលស្គាល់​ការបោះឆ្នោត​បែប​បង្គ្រប់​កិច្ច​ដែល​រៀបចំឡើង​ដោយ​របប​លោក​ហ៊ុន សែន នោះ​ឡើយ​។ មិនតែប៉ុណ្ណោះ​ប្រទេស​លោក​សេរី​ទាំងនេះ កំពុង​ដំណើរ​ការ​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន ទៀត​ផង ដើម្បី​ឆ្លើយតប​ទៅលើ​ការបំផ្លាញ​ប្រជាធិបតេយ្យ ដោយសារ​ប្រទេស​ទាំងនោះ ចាត់ទុកថា របប​ក្រុងភ្នំពេញ​បាន​រៀបចំ​ការបោះឆ្នោត​មិន​សេរី មិន​ត្រឹមត្រូវ និង​មិន​យុត្តិធម៌៕

No comments: