Tuesday, 16 October 2018

អ្នកវិភាគ​ថា​ ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA គឺ​សហភាព​អឺរ៉ុប មិន​ចង់​ប្រឡាក់ប្រឡូក​​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា


ដោយ ម៉ៅ សុធានី
2018-10-16

អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៧។
អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៧។
Photo: RFA



អ្នកវិភាគ​នយោបាយ បណ្ឌិត មាស នី គូស​បញ្ជាក់​ថា ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ ក្រោម​កម្មវិធី «គ្រប់​មុខ​ទំនិញ​លើកលែងតែ​អាវុធ» ឬ​ហៅ​កាត់​ថា​ EBA ​មិន​មែន​ជា​ការ​ដាក់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​មក​លើ​កម្ពុជា​នោះ​ទេ។ ក៏​ប៉ុន្តែ​ ​លោក​ថា​ ​បញ្ហា​សំខាន់​គឺ​សហភាព​អឺរ៉ុប​ ​មិន​ចង់​ឲ្យ​ការ​ធ្វើ​ជំនួញ​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​កម្ពុជា​ ​មាន​ការ​ប្រឡាក់ប្រឡូក ឬ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នៃ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ​និង​ការ​រម្លាយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​បណ្ឌិត​ ​មាស​ នី ​បន្ត​ថា​ ​ដូច្នេះ​ ​ប្រសិនបើ​កម្ពុជា​ ​មិន​ព្រម​ដើរ​ថយ​ក្រោយ​ទៅ​រក​ស្ថានភាព​ដូច​ប្រក្រតី​នោះ​ទេ​ ​នោះ​សហភាព​អឺរ៉ុប ​ក៏​មាន​សិទ្ធិ​លុប​ចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​នេះ​ដែរ៖ «​នេះ​វា​ជា​រឿង​ធម្មតា​របស់​ប្រទេស។ ​កាលណា​ការធ្វើ​ជំនួញ​ណាមួយ​ វា​មិន​ត្រូវ​នឹង​គុណ​តម្លៃ​របស់​គេ​ ​នោះ​គេ​មាន​សិទ្ធិ​ក្នុង​ការដក​ចេញ​។ ​អ៊ីចឹង​ ​យើង​មិន​អាច​បន្ទោស​គេ​ថា​ ​នេះ​ជា​ទណ្ឌកម្ម​របស់​គេ​ទេ។ ​គេ​គ្រាន់តែ​ដក​ខ្លួន​ចេញ​ ​ហើយ​បើសិនជា​យើង​នៅតែ​បន្ត​អ្វី​ដែល​ទៅ​ទៀត​ ​អាន្នុង​ ​យើង​ទៅ​តែ​យើង​ទៅ។ ប៉ុន្តែ​គេៗ មាន​សិទ្ធិ​ក្នុង​ការ​ដក​ចេញ​បាទ!»។



ជាមួយគ្នា​នេះ​ លោក​បណ្ឌិត​ ​មាស​ នី ​ក៏​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ថា បាន​ជួយ​ជ្រោមជ្រែង​ទៅ​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​ថ្នាក់​ជាតិ​ ​ឬ​ GDP ​ដល់​ទៅ​ប្រមាណ ៧០ភាគរយ​ ​ដែល​ទំហំ​នៃ​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ មាន​ប្រមាណ​ពី​ ៦ ​ទៅ​ ៧ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ៗ។ លោក​ថា​ ​ការធ្វើឲ្យ​មាន​ការ​រអាក់រអួល​ណា​មួយ​ ​ទៅ​លើ​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​នេះ​ ​នោះ​នឹង​មាន​ផល​ប៉ះ​ពាល់​ធំធេង​ដល់​​សេដ្ឋកិច្ច​ទាំង​ថ្នាក់​ជាតិ​ ​និង​ទាំង​ថ្នាក់​មូលដ្ឋាន​ ​ខណៈ​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជា​ ៨សែន​នាក់​ ​កំពុង​តែ​ពឹងផ្អែក​ទៅ​លើ​ការងារ​នៅ​តាម​បណ្តា​រោងចក្រ​នានា៖ «បើ​សិន​ជា​យើង​គ្រាន់​តែ​និយាយ​ត្រឹម​តែ​ការ​ប៉ះ​ពាល់​ទៅ​ដល់​កម្មករ​ម្នាក់ៗ បាត់​បង់​ប្រាក់​ខែ​នោះ នោះ​វា​ឃើញ​តិចតួច​ទេ។ ក៏ប៉ុន្តែ​សំខាន់​យើង​ត្រូវ​ទទួលស្គាល់​ថា​ ​នៅក្នុង​កម្មករ​ម្នាក់​ត្រូវ​ចិញ្ចឹម​មនុស្ស​ ២ ឬ ៣នាក់​ទៀត។ ទោះបីជា​ប្រាក់ខែ​នោះ​មាន​តែ​ ១៦៨ដុល្លារ ​ឬ​ក៏ ២០០ដុល្លារ​ ​នៅក្នុង​មួយ​ខែ​មែន ​ក៏ប៉ុន្តែ​គាត់​ម្នាក់ៗ ត្រូវ​ទទួល​ក្នុង​ការចិញ្ចឹម​ដល់​គ្រួសារ​បងប្អូន​នៅ​ខាងក្រោយ​ដល់​ទៅ​ ២ ​ឬ ៣នាក់​យ៉ាង​តិច។ ហើយ​បើ​យើង​មើលទៅក្នុង​គ្រួសារ​នៅ​តាម​ជនបទ​ទៀត​ ​ចំនួន​ប្រាក់​ដែល​ខ្ចី​ពី​ធនាគារ​ ពី​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ ​មាន​រហូត​ទៅ​ដល់​ ៣ពាន់​ទៅ ៤ពាន់​លាន​ដុល្លារ។ ​នេះ​នៅ​ជំពាក់​ប្រាក់។ មាន​ភូមិ​ខ្លះ​រហូតដល់ ៨០ ទៅ ៩០ភាគរយ​ ​គឺ​ពាន់​ព័ន្ធ​នឹង​ការខ្ចី​ប្រាក់​នេះ​ឯង​។ ​ការខ្ចី​ប្រាក់​នេះ គឺ​សង្ឃឹម​ទៅលើ​បាន​ប្រាក់​សំណង​ ​ដែល​បាន​ពី​ប្រាក់ខែ​មក​ហ្នឹង​ យក​ទៅ​សង​បណ្តោះ​គេ​ ​ហើយ​យក​លុយ​នេះ​ ​អាច​ទៅ​សង់​ផ្ទះ​ ​ឬ​ទិញ​ម៉ូតូ​ថ្មី ​ដើម្បី​ជិះ​ ​ដែល​យើង​ឃើញ​ជាក់ស្តែង​សម្រាប់​ជីវិត​កម្មករ»។

ការលើកឡើង​របស់​លោក​បណ្ឌិត​ ​មាស​ នី ​យ៉ាង​ដូច្នេះ​ ​គឺ​ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប ​បាន​ជូន​ដំណឹង​ជា​ផ្លូវការ​ដល់​របប​ក្រុង​ភ្នំពេញ ​អំពី​ការអនុវត្ត​នីតិវិធី​នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​ដែល​ត្រូវ​ប្រើ​ពេល​យ៉ាងតិច​ពី​ ៦ ខែ​ ​ទៅ ១ឆ្នាំ​ គិត​ចាប់​ពី​ដើម​ខែ​តុលា​នេះ ​មុននឹង​ធ្វើ​ការសម្រេចចិត្ត​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ​ជា​ផ្លូវការ​ពី​កម្ពុជា​តែម្តង៕

No comments: