2018-10-16
rfa

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងក្នុងសន្និសីទកាសែតនាទីស្នាក់ការកណ្ដាលគណបក្ស រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥។
RFA
អ្នកវិភាគនយោបាយយល់ថា វត្តមានរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងកិច្ចប្រជុំនៃសហភាពអន្ដរសភា ដែលហៅកាត់ថា អាយភីយូ (IPU) ជាសារព្រមានធ្ងន់ធ្ងរមួយ សម្រាប់របបក្រុងភ្នំពេញ។ អ្នកនាំពាក្យគណបក្សកាន់អំណាច និងរដ្ឋសភាឯកបក្សនៃរបបក្រុងភ្នំពេញ ប្ដេជ្ញាតវ៉ានឹងការអញ្ជើញលោក សម រង្ស៊ី និងហៅការអញ្ជើញបែបនេះ ជាការរំលោភអធិបតេយ្យកម្ពុជា។
អ្នកវិភាគនយោបាយ លោក ហង្ស វិទូ យល់ថា វត្តមានលោក សម រង្ស៊ី ជាសារមួយ ដែលសហភាពអ៊ឺរ៉ុប ចង់បង្ហាញថា ពួកគេទាំង ២៨ប្រទេស នៅតែខ្វាយខ្វល់ពីស្ថានភាពកម្ពុជា និងមិនបានទុកឲ្យមេដឹកនាំរបបក្រុងភ្នំពេញសព្វថ្ងៃ ធ្វើអ្វីស្រេចតែចិត្តលើពលរដ្ឋកម្ពុជាទេ។ ប៉ុន្ដែរបបក្រុងភ្នំពេញ អាចនឹងបង្កើនវិធានការសងសឹក ដោយបន្ថែមការរឹតបន្ដឹងបន្ថែមទៀតលើគណបក្សប្រឆាំង៖ «»
តំណាងរាស្ត្រអណត្តិទី៥ លោក សម រង្ស៊ី ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី១៥ តុលាថា លោកកំពុងស្នាក់នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីរង់ចាំចូលរួមកិច្ចប្រជុំសហភាពអន្ដរសភា អាយភីយូ តាមការអញ្ជើញរបស់ស្ថាប័នអន្ដរជាតិមួយនេះ។
ចំណែកនៅកម្ពុជាវិញ អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់អាស៊ីសេរីថា រដ្ឋសភាពិតជាបានទទួលដំណឹងថា អន្ដរសភា អាយភីយូ បានអញ្ជើញលោក សម រង្ស៊ី ចូលរួមកិច្ចប្រជុំមែន។ លោក ឡេង ប៉េងឡុង ថា លោក ឈាង វ៉ុន នឹងធ្វើការតវ៉ាដោយផ្ទាល់នៅអន្ដរសភា អាយភីយូ៖ «»
មហាសន្និបាតសហភាពអន្ដរសភា (IPU) លើកទី១៣៩ នឹងធ្វើនៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២០ តុលា នឹងមានការចូលរួមពីតំណាងរដ្ឋសភាជាង ១០០ប្រទេស នៅលើពិភពលោក។ ពីរដ្ឋសភាឯកបក្សកម្ពុជា អនុប្រធានទី២ អ្នកស្រី ឃួន សុដារី បាន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំ IPU ឆ្នាំនេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បដិសេធមិនផ្ដល់បទសម្ភាសន៍ឲ្យអាស៊ីសេរី នៅថ្ងៃទី១៦ តុលា ដោយមិនបានបញ្ជាក់ពីមូលហេតុទេ គ្រាន់តែនិយាយថា សុំទោសមិនអាចផ្ដល់បទសម្ភាសន៍ឲ្យបាន។ ប៉ុន្ដែ ប្រព័ន្ធឃោសនាស្និទ្ធនឹងរបបក្រុងភ្នំពេញ ហ្វ្រេសញូវ បានចុះផ្សាយថា លោក សុខ ឥសាន ថា ប្រធានសហភាពអន្ដរសភារំលោភច្បាប់អន្ដរជាតិ និងទាមទារឲ្យទទួលខុសត្រូវលើតួនាទីជាប្រធានអន្តរសភា ព្រោះបានលំអៀងនយោបាយ។ លោក សុខ ឥសាន ចាត់ទុកអ្នកដែលអនុញ្ញាតឲ្យលោក សម រង្សី ចូលប្រជុំនៅក្នុងវេទិកា IPU គឺជាការរំលោភសិទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនកម្ពុជា និងគឺជាការបំពានលើឯករាជ្យ និងអធិបតេយ្យជាតិកម្ពុជាយ៉ាងងងើល។
អតីតសមាជិកព្រឹទ្ធិសភាមកពីគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល រំលឹកថា កាលពីខែកុម្ភៈ អន្ដរសភា អាយភីយូ ធ្លាប់ចេញសារព្រមានរបបក្រុងភ្នំពេញម្ដងហើយ ដូច្នេះការអញ្ជើញលោក សម រង្ស៊ី នេះ ជាសាក្ខីកម្មបញ្ជាក់ថា អន្ដរសភាចង់តម្រង់ឲ្យរបបក្រុងភ្នំពេញ ដើរលើផ្លូវប្រជាធិបតេយ្យវិញ៖ «»
លោក សម រង្ស៊ី សរសេរក្នុងហ្វេសប៊ុកថា លោកជួបមេដឹកនាំអន្ដរសភា IPU ដើម្បីបង្ហាញពីស្ថានការណ៍ប្រទេសកម្ពុជា និងប្រាប់អន្ដរសភាថា រដ្ឋអំណាចនៃរបបក្រុងភ្នំពេញ បានរំលោភសិទ្ធិរបស់តំណាងរាស្ត្រនៅកម្ពុជា ហើយពេលនេះកម្ពុជាតំណាងដោយរដ្ឋសភាក្លែងក្លាយ និងគ្រប់គ្រងដោយរដ្ឋាភិបាលខុសច្បាប់៕
No comments:
Post a Comment