Friday, 7 December 2018

លោក សម រង្ស៊ី ចាត់​​ទុក​​ការ​​កែ​ប្រែ​​ច្បាប់​​នយោបាយ​ ដើម្បី​​បំបែក​​រូប​លោក​ និង​​លោក កឹម សុខា


ដោយ ទីន ហ្សាការីយ៉ា
2018-12-06

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ស្ដាំ) ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី ក្នុង​អំឡុង​ខែ​មករា ឆ្នាំ​២០១៨។
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ស្ដាំ) ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី ក្នុង​អំឡុង​ខែ​មករា ឆ្នាំ​២០១៨។
Photo: RFA



លោក សម រង្ស៊ី ប្រធាន​ស្ដីទី​បណ្ដោះអាសន្ន នៃ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​អាស៊ីសេរី កាល​ពី​​ថ្ងៃ​​ទី៥​ ធ្នូ​ថា វិសោធនកម្ម​​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​បើក​​ឲ្យ​​មន្ត្រី​​បក្ស​​ប្រឆាំង អាច​ធ្វើ​នយោបាយ​ឡើងវិញ​បាន​នោះ ជា​ជំ​ហ៊ាន​វិជ្ជមាន​មួយ តែ​​លោក​​ទាមទារ​​ឲ្យ​​ដោះ​លែង​​លោក កឹម សុខា ជា​​មុន​​សិន ដើម្បី​​បើក​ផ្លូវ​ឲ្យ​​មន្ត្រី​​គណបក្ស​​សង្គ្រោះ​ជាតិ បាន​ចូលរួម​ធ្វើ​នយោបាយ​ឡើងវិញ។

ប៉ុន្តែ​លោក​ទាមទារ​ឲ្យ​របប​ឯកបក្ស​នេះ ដោះលែង លោក កឹម សុខា ឲ្យ​​មាន​​សេរីភាព​​ជា​មុន​​វិញ​​សិន។

លោក សម រង្ស៊ី ថ្លែង​ថា របប​លោក ហ៊ុន សែន វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ យ៉ាង​​ប្រញាប់ប្រញាល់​បែប​​នេះ គឺ​ជា​​យុទ្ធសាស្ត្រ ដើម្បី​បំបែក​បំបាក់​​សម្ព័ន្ធ​​រវាង​​លោក និង​លោក កឹម សុខា តែប៉ុណ្ណោះ។



លោក សម រង្ស៊ី មានប្រសាសន៍​នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាលពី​រាត្រី​ថ្ងៃ​ទី​៥ ធ្នូ​ថា សភា​​ឯក​បក្ស​​នឹង​​ធ្វើ​​វិសោធនកម្ម​​មាត្រា​៤៥ ​ថ្មី (​ស្ទួន​) នៃ​​ច្បាប់​ស្ដីពី​​គណបក្ស​​នយោបាយ​នោះ គឺជា​ការ​វិវឌ្ឍ​នយោបាយ​ជា​វិជ្ជមាន​មួយ ក៏ប៉ុន្តែ​ដើម្បី​បង្ហាញ​ឲ្យ​កាន់តែ​ច្បាស់​ថា របប​របស់​លោក ហ៊ុន សែន ចង់​​លើក​ស្ទួយ​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ​មែន​នោះ លោក​ទាមទារ​ឲ្យ​របប​ឯក​បក្ស​នេះ ដោះ​លែង​លោក សុខា ឲ្យ​មាន​សេរីភាព​ជាមុន​សិន មុន​ពេល​តំណាងរាស្ត្រ​បក្ស​ប្រជាជន​​កម្ពុជា អនុម័ត​លើ​វិសោធនកម្ម​ច្បាប់​នេះ៖ «»។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​សរសេរ​​នៅ​​ក្នុង​​ប្រព័ន្ធ​​តេឡេហ្គ្រាម (Telegram) ថា របប​​ក្រុងភ្នំពេញ​ចង់​ដោះស្រាយ​រាល់​បញ្ហា​​នានា ដែល​បាន​កើតឡើង​នៅ​ក្នុង​សង្គម​កម្ពុជា ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​​អនុវត្ត​​នយោបាយ​​បង្រួបបង្រួម​ជាតិ។

លោក សុខ ឥសាន សម្ដែង​ការ​សោកស្ដាយ ដែល​ជន​មួយ​ចំនួន​​មើល​មិន​​ឃើញ​​ពី​បំណង​​ល្អ​​របស់​​របប​​លោក ហើយ​​ថា ការ​​លើក​ឡើង​​របស់​​របប​​ក្រុង​ភ្នំពេញ អំពី​​ការ​​ពង្រឹង​​លទ្ធិប្រជាធិបតេយ្យ មក​ពី​គំនាប​ពី​ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ចេញពី​កម្ពុជា របប​ក្រុងភ្នំពេញ​មិន​មាន​ឆន្ទៈ​ពិតប្រាកដ ហើយ​ថា ការ​កែប្រែ​ឥរិយាបថ​នេះ ជា​ការ​ពន្យារ​ពេល​ទៅវិញ។ លោក សុខ ឥសាន អះអាង​ថា លោក សម រង្ស៊ី គ្មាន​​ឆន្ទៈ​​ប្រកួត​ប្រជែង​​តាម​លទ្ធិ​គោលការណ៍​ប្រជាធិបតេយ្យ​ទេ គឺ​លោក​ចង់​ដណ្ដើម​អំណាច ដោយ​​កម្លាំង​បាយ​​តែ​ប៉ុណ្ណោះ។

ក្រសួងការបរទេស​កម្ពុជា និង​រដ្ឋសភា បាន​ចេញ​សេចក្ដីថ្លែងការណ៍​ព្រម​គ្នា ដោយ​​បញ្ជាក់​​ពី​​គោល​បំណង​​នៃ​​ការ​​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​​ជា​ថ្មី​​ម្ដង​ទៀត​​នេះ គឺ​ដើម្បី​បើកផ្លូវ​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ដែល​​ជាប់​បម្រាម​​របស់​​តុលាការ​​កំពូល​មិន​​ឲ្យ​​ធ្វើ​​នយោបាយ​​នោះ ឲ្យ​​មាន​​សិទ្ធិ​ធ្វើ​នយោបាយ​​ឡើង​វិញ​​បាន។ អគ្គលេខាធិការ​រដ្ឋសភា លោក ឡេង ប៉េងឡុង មាន​​ប្រសាសន៍​ថា សេចក្ដី​ស្នើ​​វិសោធនកម្ម បាន​​ដាក់​​ឲ្យ​​គណៈកម្មការ​​ជំនាញ​​នៃ​រដ្ឋសភា ពិនិត្យ​ជា​ការ​ប្រញាប់​រួចហើយ រួច​បញ្ជូន​មក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​វិញ មុននឹង​ដាក់​ឲ្យ​អង្គ​សភា​អនុម័ត​ក្នុង​ពេល​ឆាប់ៗ​ នេះ។ លោក​បន្ថែម​​ថា ទោះបីជា​ច្បាប់​នេះ មានបំណង​ចង់​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​មាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​ក្ដី តែ​​ពុំ​​មែន​​មានន័យថា មន្ត្រី​ទាំង ​១១៨​នាក់​នោះ មាន​សិទ្ធិ​វិល​មក​ធ្វើ​នយោបាយ​វិញ​ទាំ​អស់​គ្នា គឺ​មានតែ​មន្ត្រី​ណា ដែល​របប​ក្រុងភ្នំពេញ ចាត់ទុកថា ជា​​​មនុស្ស​​​​មិន​​បាន​​​បំផ្លិចបំផ្លាញ​​ជាតិ​​តែ​ប៉ុណ្ណោះ៖ «»។

លោក សម រង្ស៊ី ឆ្លើយតប​ថា នេះ​ជា​យុទ្ធសាស្ត្រ​បំបែកបំបាក់​របស់​លោក ហ៊ុន សែន ដែល​​លោក​​អំពាវនាវ​​ឲ្យ​​សមាជិក​​របស់​គណបក្ស​សង្គ្រោះជាតិ​ទាំងអស់ កុំ​លេង​ល្បែង​​ជាមួយ​លោក ហ៊ុន សែន ដែល​នៅ​ពីក្រោយ​នៃ​ការ​ប្រកាស​ថា ចង់​លើកស្ទួយ​​លទ្ធិ​ប្រជាធិបតេយ្យ នីតីរដ្ឋ និង​បង្រួបបង្រួម​ជាតិ​នៅ​ពេល​នេះ គឺជា​ចេតនា​​នយោបាយ​យ៉ាង​ពិត​ប្រាកដ​របស់​លោក ហ៊ុន សែន ដែល​ចង់​បំបែក​លោក ចេញ​ពី​​លោក កឹម សុខា ដើម្បី​​ឲ្យ​​សង្គ្រោះ​ជាតិ​ទន់ខ្សោយ។ លោក សម រង្ស៊ី អះអាង​​ថា យុទ្ធសាស្ត្រ​ទាំងអស់​នេះ លោក បាន​ដឹង​អស់​ទៅ​ហើយ។ លោក សម រង្ស៊ី ព្យាករណ៍​​ថា លោក ហ៊ុន សែន នឹង​បើក​ឲ្យ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​មួយ​​ចំនួន​​មុន​គេ ដែល​បង្កប់ខ្លួន​នៅ​ក្នុង​គណបក្ស​សង្គ្រោះជាតិ​កន្លងមក​នោះ។ ទាក់ទង​​នឹង​​ការ​ចោទ​ប្រកាន់​​មន្ត្រី​​គណបក្ស​​សង្គ្រោះ​​ជាតិ​ថា​បំផ្លិចបំផ្លាញ​ជាតិ និង​​ក្បត់​ជាតិ​​នោះ លោក សម រង្ស៊ី អះអាង​ថា មានតែ​មេដឹកនាំ​​របប​​ក្រុង​ភ្នំពេញ​​ទេ ដែល​​បំផ្លាញ​​ជាតិ​​នោះ៖ «»។

ពលរដ្ឋ​មួយ​រូប​នៅ​ខែត្រ​បាត់ដំបង អ្នកស្រី សំបូរ លើក​ជា​សំនួរ​សួរ​ទៅ​លោក សម រង្ស៊ី ក្នុង​នាទី​អ្នក​ស្ដាប់​អាស៊ីសេរី កាលពី​យប់​ថ្ងៃ​ទី​៥ ធ្នូ ថា បើសិនជា​លោក សម រង្ស៊ី មាន​លក្ខខណ្ឌ​ដោះដូរ​អ្វីមួយ​ពី​បក្ស​ប្រ​ឆាំង​វិញ តើ​គណបក្ស​ប្រឆាំង​នឹង​ធ្វើ​ដូចម្ដេច​? «»

ឆ្លើយតប​នឹង​សំណួរ​នេះ លោក​សម រង្ស៊ី បញ្ជាក់​ថា លោក​គ្មាន​អ្វី​ដោះដូរ​អ្វី​ក្រៅពី​របប​លោក ហ៊ុន សែន ឡើយ តែ​លោក​ដាក់​លក្ខខណ្ឌ​មួយ​ចំនួន​ទៅ​របប​លោក ហ៊ុន សែន បើសិនជា​របប​នេះ ពិត​ជា​មាន​ឆន្ទៈ​ពិតប្រាកដ​ចង់​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ធ្វើ​ឲ្យ​ពលរដ្ឋ​រស់នៅ​ដោយ​សុខសាន្ត​មែន​នោះ៖ «»។

ក្រុម​អ្នកវិភាគ​លើកឡើង​ថា របប​លោក ហ៊ុន សែន មក​ទល់​ពេល​នេះ មិនទាន់​បង្ហាញ​យន្តការ​ច្បាស់លាស់​នៅឡើយ​ទេ អំពី​ការប្រកាស​ជំហរ​ថា ចង់​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ លើកស្ទួយ​សិទ្ធិមនុស្ស និង​បង្រួបបង្រួម​ជាតិ​នោះ ផ្ទុយទៅវិញ អ្នកវិភាគ ក៏​​ឃើញ​​មិន​​ខុស​​ពី​​លោក សម រង្ស៊ី ដែរ គឺ​របប​លោក ហ៊ុន សែន កំពុង​​ប្រើ​យុទ្ធសាស្ត្រ​បំបែក​លោក កឹម សុខា ចេញពី​លោក សម រង្ស៊ី ដែល​របប​នេះ នឹង​​ដោះ​លែង​​លោក កឹម សុខា នៅ​​ពេល​ឆាប់ៗ​នេះ ហើយ​នឹង​បើក​សិទ្ធិ​ឲ្យ​ធ្វើ​​នយោបាយ​​ឡើង​វិញ រួម​ទាំង​មន្ត្រី​ជា​ជំនិត​របស់​លោក កឹម សុខា មួយ​ចំនួន​ទៀត។

ទោះជា​យ៉ាង​នេះ​ក្ដី លោក សម រង្ស៊ី នៅ​តែ​មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា លោក កឹម សុខា និង លោក គឺ​ជា​​មនុស្ស​​តែ​មួយ ដែល​របប​លោក ហ៊ុន សែន មិន​អាច​​បំបែក​បំបាក់​​បាន​ឡើយ។ លោក សម រង្ស៊ី អះអាង​ថា សារ​ដែល​មេធាវី​លោក កឹម សុខា និង​មនុស្ស​មួយ​ចំនួន​ទៀត បាន​បញ្ចេញ​ថា លោក កឹម សុខា គាំទ្រ​​សេចក្ដីថ្លែងការណ៍​របស់​របប​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​៣ ធ្នូ ដែល​និយាយ​ពី​​ការ​​លើក​ស្ទួយ​​ប្រជាធិបតេយ្យ​​នោះ គឺ​លោក​មិន​ជឿ​ឡើយ លុះត្រាតែ លោក កឹម សុខា ត្រូវ​បាន​របប​លោក ហ៊ុន សែន ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ទើប​​លោក​​ជឿ​​ទៅ​លើ​​ការ​​ថ្លែង​​សារ​​នយោបាយ​ណាមួយ​របស់​លោក កឹម សុខា៕

No comments: