ដោយ មួង ណារ៉េត
2018-12-06

កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ផ្សាយលើកចុងក្រោយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧។
Photo: RFA
ម្ចាស់កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ប្រកាសមិនវិលទៅបើកកាសែតនៅស្រុកខ្មែរវិញទេ ព្រោះខ្លាចការធ្វើទុក្ខបុកម្នេញដដែលៗ និងអំពើពុករលួយ។ អ្នកស្រី ដេប្រា គ្រីស័រ ស្ទាល (Deborah Krisher Steele) ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិក នៅថ្ងៃទី៦ ខែធ្នូនេះ ថានៅក្នុងរបបលោក ហ៊ុន សែន ដែលប្រើប្រព័ន្ធពន្ធដារ និងតុលាការដើម្បីបំពាន និងធ្វើទុក្ខបុកម្នេញលើសារព័ត៌មានសេរី ពោលគឺចាប់ហើយដោះលែងវិញ ឬបិទហើយឲ្យបើកវិញ ជាដដែលៗ បែបនេះ មិនអាចឲ្យមុខរបរផ្នែកសារព័ត៌មានសុចរិត បើកដំណើរការឡើងវិញនៅស្រុកខ្មែរបាន ដោយមិនរងការតាមដាន និងត្រួតពិនិត្យ ឬត្រូវបង្ខំចិត្តបង់ប្រាក់សំណូកដើម្បីបន្តមុខរបរនេះ។ អ្នកស្រីបន្ថែមថា ក្នុងស្ថានភាពបែបនេះ ស្ថាប័នសារព័ត៌មានឯករាជ្យរបស់អ្នកស្រី អាចប្រឈមនឹងការតាមដានផង និងផ្ដល់សំណូកផង។ ដូច្នេះអ្នកស្រី មិនព្រមលុតក្រាម ក្រោមស្ថានភាពបែបនេះនោះឡើយ។ អ្នកស្រីសុខចិត្តបន្តដំណើរការកាសែតអ្នកស្រី នៅក្រៅប្រទេសកម្ពុជា ដោយបន្តផ្សាយព័ត៌មាន ដោយមិនយកប្រាក់កម្រៃ តាមប្រព័ន្ធអ៊ីនធឺណិត។
អ្នកស្រី ដេប្រា គ្រីស័រ ស្ទាល (Deborah Krisher Steele) បញ្ជាក់ថា គោលជំហររបស់កាសែតអ្នកស្រីគឺនៅដដែល គឺនៅតែបន្តផ្ដល់ព័ត៌មានក្ដៅ ដោយគ្មានភ័យខ្លាច និងដោយឥតលម្អៀង។
ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៣ ខែធ្នូ ក្រសួងការបរទេសកម្ពុជា ប្រកាសថា វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក ដែលបានបិទការិយាល័យតំណាងរបស់ខ្លួននៅកម្ពុជាអស់រយៈពេលជាងមួយឆ្នាំមកហើយនេះ អាចមានសេរីភាពបើកការិយាល័យខ្លួន នៅកម្ពុជាឡើងវិញបាន។ បន្ថែមលើស្ថាប័នវិទ្យុទាំងពីរនេះ របបលោក ហ៊ុន សែន អះអាងថា នឹងអនុញ្ញាតឲ្យសារព័ត៌មានជាភាសាអង់គ្លេស និងខ្មែរ ឌឹ ខេមបូឌា ដេលី អាចចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួនឡើងវិញបានដែរ ប៉ុន្តែក្នុងលក្ខខណ្ឌ ដែលដោះស្រាយបំណុលពន្ធដារ រួចរាល់សិនប៉ុណ្ណោះ។
កាសែត ឌឹ ខេមបូឌា ដេលី ត្រូវបង្ខំចិត្តបិទការិយាល័យរបស់ខ្លួន កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ដោយរងសម្ពាធរបស់របបលោក ហ៊ុន សែន ដែលយកលេសថា កាសែតនេះ ជំពាក់ពន្ធរដ្ឋរយៈពេល ១០ឆ្នាំ ដែលគិតជាទឹកប្រាក់ជាង ៦លាន ៣សែន ដុល្លារ ដែលក្នុងនោះជិត ៣លានដុល្លារ គឺជាថ្លៃការប្រាក់ ដែលអាជ្ញាធរពន្ធកម្ពុជា ថាកាសែតនេះជំពាក់រដ្ឋ ក្នុងរយៈពេល ១០ឆ្នាំនោះ មកដាក់បន្ទុកដ៏ធ្ងន់ ឲ្យម្ចាស់កាសែតនេះ សងក្នុងរយៈពេលដ៏ខ្លី។ ម្ចាស់កាសែត ឌឹ ខេមបូឌា ដេលី អ្នកស្រី ដេប្រា គ្រីស័រ ស្ទាល កាលណោះបញ្ចាក់ថា កាសែតអ្នកស្រី មិនបានជំពាក់ពន្ធរដ្ឋ ដ៏ច្រើនសន្ធឹកបែបនោះទេ ហើយថា ការយកលេសរឿងពន្ធដារនេះ គឺរបបលោក ហ៊ុន សែន មានចេតនានយោបាយ ចង់បិទសារព័ត៌មានសេរី ដ៏កម្រនៅកម្ពុជាតែប៉ុណ្ណោះ។
បន្ថែមលើការបិទកាសែតនេះ របបលោក ហ៊ុន សែន បានបញ្ជាឲ្យបិទ ឬប្លក់គេហទំព័ររបស់កាសែតនេះ នៅកម្ពុជាថែមទៀតផង។ អ្នកស្រី ដេប្រា គ្រីស័រ ស្ទាល (Deborah Krisher Steele) បញ្ជាក់ថា សព្វថ្ងៃនេះ កាសែតអ្នកស្រីផ្សាយតាមហ្វេសប៊ុក (Facebook) និងតាមគេហទំព័រ www.cambodiadaily.com ដែលអាចបើកមើលបានក្រៅពីប្រទេសកម្ពុជា៕
No comments:
Post a Comment