ដោយ សេក បណ្ឌិត
2019-01-20

លោក គឹម សុខ (ឆ្វេង) អ្នកឃ្លាំមើលសង្គម និងនយោបាយ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ RFA
RFA
មេដឹកនាំកំពូលនៃរបបក្រុងភ្នំពេញអះអាងថា ដំណើរទស្សនកិច្ច ទៅប្រទេសចិនជាលើកដំបូងរបស់ខ្លួន ក្នុងដើមឆ្នាំ២០១៩នេះ គឺតបតាមអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង (Li Keqiang) ដើម្បីពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ឈរលើផលប្រយោជន៍នៃប្រជាជាតិទាំងពីរ។
អ្នកវិភាគយល់ថា ចិននឹងផ្ទល់ជំនួយឬកម្ចីបន្ថែមទៀតដល់របបក្រុងភ្នំពេញ ប៉ុន្តែអ្នកវិភាគព្រមានថា ជំនួយរបស់ចិនអាចក្លាយទៅជាការបញ្ឆេះកំហឹងពលរដ្ឋទៅវិញទេ។
លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុក (Facebook) របស់ថ្ងៃទី២០ មករា ថា ដំណើរទស្សនកិច្ចរបស់លោក ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ មករា នៅប្រទេសចិន លោកនឹងជួបប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping) នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន លោក លីចាន់ស៊ូ (LiZhanshu) ប្រធានសភាប្រឹក្សានយោបាយចិន លោក វ៉ាង យ៉ាង (Wang Yang) និងមន្ត្រីជាន់ខ្ពស់ចិនមួយចំនួនទៀត និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ។
របបក្រុងភ្នំពេញមិនបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅចិននៅពេលនេះ ដើម្បីរកដំណោះស្រាយនយោបាយដែលសភាអឺរ៉ុបទាមទារឱ្យលោក ហ៊ុន សែន វិលមករកគន្លងប្រជាធិបតេយ្យឡើងវិញទេ។ ប៉ុន្តែ អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធៀន (Wang Wentian) បានប្រាប់អ្នកសារព័ត៌មានថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន គឺដើម្បីធ្វើឱ្យមានទំនុកចិត្តនយោបាយរវាងកម្ពុជា និងចិនបន្ថែមទៀត។
ការបំពេញទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅប្រទេសចិន ស្របពេលដែលកម្ពុជាប្រឈមនឹងទណ្ឌកម្មផ្សេងៗពីសហគមន៍អន្តរជាតិ ជាពិសេស សំពាធ ពីសហភាពអឺរ៉ុប ដោយបានសម្រេចយកពន្ធលើអង្ករកម្ពុជា។
ក្នុងបរិបទនេះ អ្នកវិភាគមើលឃើញថា លោក ហ៊ុន សែន គ្មានអ្វីក្រៅពីទៅពឹងចិន ដើម្បីរកដំណោះស្រាយលើបញ្ហាទាំងនេះឡើយ។
អ្នកសិក្សាការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី ថា ទោះចិនសព្វថ្ងៃជាប្រទេសមានការរីកចំរើនទាំងសេដ្ឋកិច្ចនិងយោធាក្តី ប៉ុន្តែប្រទេសនេះមិនសូវសម្បូរអ្នកទិញ គឺប្រទេសនេះសំបូរអ្នកផលិត។ លោករំលឹកថា កន្លងទៅសូម្បីការទិញអង្ករពីកម្ពុជា ក៏ចិនទិញមិនបានគ្រប់ចំនួនតាមការសន្យារបស់ខ្លួននោះដែរ៖ «ប្រទេសចិនគេមានអ្នកផលិតឱ្យច្រើនជាងអ្នកអង្គុយចាំហូប បើប្រៀបធៀបនៅអឺរ៉ុបផ្ទុយគ្នា»។
អ្នកវិភាគនយោបាយម្នាក់ទៀត ដែលកំពុងនិទ្ទេសខ្លួននៅក្រៅប្រទេស លោក គឹម សុខ យល់ថា ចិនមិនអាចជួយរបបលោក ហ៊ុន សែន បានរយៈពេលយូរអង្វែងនោះទេ ព្រោះប្រទេសកុម្មុយនិស្តចិនជួយតែអ្នកដឹកនាំរបបឱ្យពីរបៀបថែរក្សាអំណាច ប៉ុន្តែមិនបានជួយពលរដ្ឋនោះទេ។
លោកបន្តថា បើចិននៅតែបន្តជួយរបបក្រុងភ្នំពេញដោយមិនខ្វាយខ្វល់ពីទុក្ខកង្វល់របស់ពលរដ្ឋ នឹងធ្វើឱ្យពលរដ្ឋដែលជួបវិបត្តិសង្គមអាចនឹងផ្ទុះកំហឹង៖ «ចិនជួយតែរដ្ឋាភិបាលទេ ពង្រឹងអំណាចរដ្ឋាភិបាល ជាពិសេសក្រុមលោក ហ៊ុន សែន ដែលឃើញស្រាប់ ទោះរបបនេះគំរាមពលរដ្ឋ សម្លាប់ពលរដ្ឋ ធ្វើបាបពលរដ្ឋ ប្លន់ដីពលរដ្ឋ ហើយកៀបសង្កត់សិទ្ធិសេរីភាពកម្មករ ពលរដ្ឋនៅកម្ពុជាយើងក៏ចិនមិនខ្វល់ដែរ នេះមានន័យច្បាស់ណាស់ថា បង្កើតកំហឹងដល់ពលរដ្ឋ»។
លោក គឹម សុខ យល់ថា ដំណោះស្រាយយូរអង្វែងដែលរបបក្រុងភ្នំពេញត្រូវធ្វើដើម្បីឱ្យកម្ពុជា វិលមកស្ថានស្ថានការណ៍ល្អឡើងវិញ លុះត្រារបបនេះវិលមកអនុវត្តនូវរដ្ឋធម្មនុញ្ញរបស់កម្ពុជាដែលមានស្រាប់ គឺធ្វើខ្លួនជាប្រទេសឯករាជ្យ និងអព្យាក្រឹត្យ និងត្រូវដឹកនាំប្រទេសវិលទៅកាន់គន្លងប្រជាធិបតេយ្យឡើងវិញ ដោយការអនុញ្ញាតឱ្យមានគណបក្សសង្គ្រោះជាតិ ដោះលែងមេដឹកនាំគណបក្សនេះជាដើម៕
No comments:
Post a Comment