2019-01-24
rfa

លោក ហ៊ុន សែន ថ្លែងក្នុងពិធីរំឭកខួបលើកទី២០ នៃថ្ងៃបង្កើតកងទ័ពជើងគោក
រូបថត៖ ហ្វេសប៊ុក៖ Samdech Hun Sen, Cambodian Prime Minister
សកម្មជនបរិស្ថានជំរុញឱ្យមេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន អនុវត្តឱ្យបាននូវបញ្ជារបស់លោកផ្ទាល់អំពីការដាក់ទោសទណ្ឌមន្ត្រីយោធាណាដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងធនធានធម្មជាតិ។ ពួកគេអះអាងថា មន្ត្រីយោធាជាន់ខ្ពស់ជាច្រើនរូបនៃរបបលោក ហ៊ុន សែន មានជាប់ពាក់ព័ន្ធនឹងការរកស៊ី ឬកាងឱ្យក្រុមហ៊ុនឈើ ជាថ្នូរនឹងការទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន។ លោក ហ៊ុន សែន បានបញ្ជាផ្ទាល់មាត់ជាថ្មីម្ដងទៀត ឱ្យកងទ័ពជួយការពារព្រៃឈើ និងធនធានធម្មជាតិ ហើយព្រមានថា បើកងទ័ពមានជាប់ព័ន្ធនឹងបទល្មើសទាំងនេះ ពួកគេនឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់។
សកម្មជនបរិស្ថានជនជាតិអេស្ប៉ាញ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez - Davidson) ថ្លែងថា បទបញ្ជារបស់លោក ហ៊ុន សែន រឿងឱ្យកងទ័ពជួយការពារព្រៃឈើ និងធនធានធម្មជាតិនេះ អាចនឹងក្លាយជាឱកាសថ្មីមួយទៀតសម្រាប់មន្ត្រីយោធាខិលខូចមួយចំនួន ក្នុងការរកស៊ីជាមួយក្រុមឈ្មួញទុច្ចរិតដែលបំផ្លិចបំផ្លាញធនធានធម្មជាតិ។
លោកជឿជាក់ថា បទបញ្ជាថ្មីនេះក៏ដូចបទបញ្ជាលើកមុនៗ ដែរ គឺលោក ហ៊ុន សែន លើកឡើងដើម្បីទាក់ទាញប្រជាប្រិយភាព ហើយរឿងនេះនឹងមិនអាចអនុវត្តបាននោះឡើយ ដោយសារក្រុមនាយទាហានគ្រាក់ៗ មួយចំនួននៃរបបបច្ចុប្បន្ន មានជាប់ពាក់ព័ន្ធនឹងមុខរបរ ឬជួយកាងឱ្យក្រុមឈ្មួញឈើ និងក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែខុសច្បាប់។ លោកថា តួយ៉ាងដូចជាមេកងអង្គរក្សលោក ហ៊ុន សែន លោក ហ៊ីង ប៊ុនហៀង ជាដើម កំពុងតែយកតួនាទី និងទាហាននៃអង្គភាពមួយនេះ ទៅកាងឱ្យក្រុមហ៊ុនចិន ដែលកំពុងធ្វើអាជីវកម្មរ៉ែមាសបែបអានាធិបតេយ្យនៅក្នុងខេត្តព្រះវិហារជាដើម៖ «»
សកម្មជនរូបនេះថ្លែងទៀតថា ប្រសិនបើលោក ហ៊ុន សែន ពិតជាចង់ការពារព្រៃឈើ និងធនធានធម្មជាតិមែន លោកត្រូវតែហ៊ានផ្ដន្ទាទោសនាយទាហាន ឬមន្ត្រីយោធារូបណា ដែលមានពាក់ព័ន្ធក្នុងបទល្មើសទាំងនេះ មិនមែននិយាយតែមាត់ដូចលើកមុនៗ នោះឡើយ បើពុំដូច្នេះទេពលរដ្ឋនឹងកាន់តែបាត់ជំនឿលើរូបលោក។
ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី២០ឆ្នាំ ថ្ងៃបង្កើតកងទ័ពជើងគោក ដែលបច្ចុប្បន្នមានកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ែនណែត ជាមេបញ្ជាការនោះ លោក ហ៊ុន សែន បានណែនាំឱ្យកងទ័ពត្រូវចូលរួមថែរក្សាការពារព្រៃឈើ ជលផល និងធនធានធម្មជាតិឱ្យបានល្អ បន្ថែមលើការការពារជាតិ និងរបបរបស់លោក។ លោកក៏បានព្រមានដាក់ទោសទណ្ឌដល់មន្ត្រីយោធាទាំងឡាយណា ដែលមានជាប់ពាក់ព័ន្ធនឹងបទល្មើសកាប់ឈើ និងបំផ្លិចបំផ្លាញធនធានធម្មជាតិផងដែរ៖ «»
សកម្មជនព្រៃឈើ លោក ហេង ស្រស់ ប្រតិកម្មថា លោក ហ៊ុន សែន ហាក់ដូចជាលោកមិនបានដឹងអ្វីទាំងអស់ទាក់ទងនឹងរឿងបទល្មើសព្រៃឈើ និងការបំផ្លិចបំផ្លាញធនធានធម្មជាតិ ទើបលោកលើកឡើងបែបនេះ។ លោកអះអាងថា បទល្មើសកាប់ព្រៃឈើនៅភូមិភាគឦសាន និងការដឹកជញ្ជូនឈើទៅប្រទេសវៀតណាមនាពេលបច្ចុប្បន្ន សុទ្ធសឹងតែមានជាប់ពាក់ព័ន្ធនឹងមន្ត្រីយោធា និងកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅតំបន់នោះ។ លើសពីនេះទៅទៀត ក្រុមយោធា និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនបានចេញមុខជាចំហក្នុងការពារក្រុមហ៊ុនរកស៊ីឈើ ដែលមានម្ចាស់ស្និទ្ធនឹងមេដឹកនាំបច្ចុប្បន្ន ដូចជា លោក គិត ម៉េង និងលោក ទ្រី ភាព ជាដើម៖ «»
អង្គការទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន ហៅកាត់ថា EIA បានរកឃើញថា តំបន់ការពារធម្មជាតិជាច្រើនកន្លែងនៅខេត្តភាគឦសានរបស់កម្ពុជា រួមមាន ឧទ្យានជាតិរីរៈជ័យនៃខេត្តរតនគិរី តំបន់សេសានក្រោមពីរនៃខេត្តស្ទឹងត្រែង និងដែនជម្រកសត្វព្រៃភ្នំព្រិចនៃខេត្តមណ្ឌលគិរី កំពុងរងការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំពីសំណាក់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច និងក្រុមឈ្មួញវៀតណាម ដោយមានការបើកដៃពីអាជ្ញាធរនៃរបបលោក ហ៊ុន សែន។ របាយការណ៍ដដែលឱ្យដឹងទៀតថា ចាប់ពីខែតុលាឆ្នាំ២០១៧ ដល់ខែមីនា ឆ្នាំ២០១៨ ទំហំព្រៃឈើដែលត្រូវបានកាប់បំផ្លាញ មានចំនួនជាង ១លាន ១សែន ម៉ែត្រគីប គិតជាទឹកប្រាក់មានតម្លៃរាប់សិបលានដុល្លារ។ EIA រកឃើញថា ឈើទាំងនោះត្រូវបាននាំចេញទៅប្រទេសវៀតណាម ដោយត្រូវបង់លុយឱ្យអាជ្ញាធរព្រំដែន និងក្រុមអនុរក្សព្រៃឈើ ជាថ្នូរនឹងកិច្ចការពារសុវត្ថិភាពឆ្លងព្រំដែន។
លោក ហេង ស្រស់ ជឿជាក់ថា បទបញ្ជារបស់លោក ហ៊ុន សែន រឿងទប់ស្កាត់ការកាប់ព្រៃឈើ និងបំផ្លិចបំផ្លាញធនធានធម្មជាតិនេះ លែងមានប្រសិទ្ធភាពតទៅទៀតហើយ ដោយសារតែគ្មានការអនុវត្តជាក់ស្ដែង។ លោកបន្តថា ប្រសាសន៍របស់លោក ហ៊ុន សែន លើកនេះ ក៏ដូចលើកមុនដែរ គឺគ្រាន់តែដើម្បីទាក់ទាញការចាប់អារម្មណ៍ និងប្រជាប្រិយភាពផ្ទាល់ខ្លួនរបស់លោកប៉ុណ្ណោះ។ លោកចង់ឱ្យលោក ហ៊ុន សែន អនុវត្តឱ្យបានចំពោះការដាក់ទោសទណ្ឌមន្ត្រីយោធាដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះ បើពុំដូច្នេះទេ បទបញ្ជារបស់លោកនៅពេលនេះ នឹងក្លាយទៅជាឱកាសសម្រាប់ក្រុមអាជ្ញាធរពាក់ព័ន្ធទៅគាបយកលុយពីក្រុមឈ្មួញទៅវិញ៖ «»
របបក្រុងភ្នំពេញតែងតែបង្ហាញថា ខ្លួនគិតគូរពីរឿងការពារព្រៃឈើ និងធនធានធម្មជាតិ តាមរយៈការបង្កើតច្បាប់ អង្គភាព និងយន្តការជាច្រើន ដើម្បីទប់ស្កាត់បទល្មើសឧក្រិដ្ឋក្នុងវិស័យមួយនេះ។ លោក ហ៊ុន សែន ខ្លួនឯងផ្ទាល់ ក៏ធ្លាប់ប្រកាសជាសាធារណៈដែរថា លោកហ៊ានកាត់កខ្លួនឯងក្រវាត់ចោល បើលោកមិនអាចទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើបានទេនោះ ហើយក៏ធ្លាប់ចេញបញ្ជាឲ្យបាញ់គ្រាប់រ៉ុកកែតកម្ទេចជនល្មើសច្បាប់ព្រៃឈើទៀតផង។
ទោះជាយ៉ាងណា ការប្ដេជ្ញាចិត្ត និងយន្តការទាំងឡាយដែលរបបនេះបានដាក់ចេញ ពុំមានប្រសិទ្ធភាពឡើយ ដោយបទល្មើសព្រៃឈើ និងធនធានធម្មជាតិនៅតែកើតមាន ហើយការដឹកជញ្ជូនឈើទៅប្រទេសវៀតណាមនៅតែបន្ត។ មូលហេតុសំខាន់ គឺដោយសារអំពើពុករលួយ ការអនុវត្តច្បាប់មានភាពទន់ខ្សោយ កង្វះការទទួលខុសត្រូវរបស់ស្ថាប័នជំនាញ ជាពិសេស គេសង្កេតឃើញថា លោកនាយករដ្ឋមន្ត្រីខ្លួនឯងតែម្ដង មិនទទួលខុសត្រូវ ចំពោះសំដីខ្លួនឯងម្ដងហើយម្តងទៀត។
ក្រៅពីនេះ របបលោក ហ៊ុន សែន ក៏បានបង្ហាញពីការគេចវេះមិនទទួលខុសត្រូវ ចំពោះការវិនាសកម្មព្រៃឈើផងដែរ ជាឧទាហរណ៍របបនេះបានរំសាយដែនជម្រកសត្វព្រៃស្នួល និងដែនជម្រកសត្វព្រៃរនាមដូនសំ ដែលមានផ្ទៃដីសរុបជាង ១១ម៉ឺនហិកតារ កាលពីឆ្នាំ២០១៨ កន្លងទៅ ក្រោមហេតុផលថា តំបន់ទាំងពីរបាត់បង់មុខងារ និងសក្ដានុពលជាតំបន់អភិរក្សអស់ទៅហើយ។ ក៏ប៉ុន្តែ សកម្មជនបរិស្ថានអះអាងថា តំបន់អភិរក្សទាំងពីរនេះ រងការខូចខាតដោយសារតែក្រុមហ៊ុនឯកជន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរបបក្រុងភ្នំពេញ ហើយគឺអាជ្ញាធររបបនេះឯងដែលបានជួយការពារក្រុមហ៊ុនឱ្យកាប់ឈើនៅតំបន់ទាំងពីរនេះរហូតទាល់តែអស់គ្មានសល់៕
2 comments:
Phkay Pram Meh Vear !! Chess Teh Samlab Khmer Ah Norouk Hun Sen !!
Phkay Pram Kdor Ah Hun Sen !! Klach Yuon Dauch Klach Klar !!
He will pass on his sins to his children and grand children. They will end up like Saddam Hussein's children. Saddam Hun Sen will meet Saddam Hussein in hell soon.
Post a Comment