Thursday, 24 January 2019

សកម្មជន​ស្នើសុំ​លោក ហ៊ុន សែន កុំ​និយាយ​ឱ្យ​រួច​តែ​​ពី​មាត់​ រឿង​ដាក់​ទោស​មន្ត្រី​យោធា​ដែល​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ធនធាន​ធម្មជាតិ


2019-01-24 

rfa
លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​រំឭក​ខួប​លើក​ទី២០ នៃ​ថ្ងៃ​បង្កើត​កងទ័ព​ជើង​គោក
លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​រំឭក​ខួប​លើក​ទី២០ នៃ​ថ្ងៃ​បង្កើត​កងទ័ព​ជើង​គោក
រូបថត៖ ហ្វេសប៊ុក៖ Samdech Hun Sen, Cambodian Prime Minister



សកម្មជន​បរិស្ថាន​ជំរុញ​ឱ្យ​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន អនុវត្ត​ឱ្យ​បាន​នូវ​បញ្ជា​របស់​លោក​ផ្ទាល់​អំពី​ការ​​ដាក់​ទោស​ទណ្ឌ​មន្ត្រី​យោធា​ណា​​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ និង​ធនធាន​ធម្មជាតិ។ ពួក​គេ​អះអាង​ថា ​មន្ត្រី​យោធា​ជាន់​ខ្ពស់​ជា​ច្រើន​រូប​នៃ​របប​លោក ហ៊ុន សែន មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រកស៊ី ឬ​កាង​ឱ្យ​ក្រុមហ៊ុន​ឈើ ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។ លោក​ ហ៊ុន សែន​ បាន​បញ្ជា​ផ្ទាល់​មាត់​ជា​ថ្មី​ម្ដង​ទៀត ឱ្យ​កងទ័ព​ជួយ​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ ហើយ​ព្រមាន​ថា បើ​កងទ័ព​មាន​ជាប់​ព័ន្ធ​នឹង​បទ​ល្មើស​ទាំង​នេះ ពួក​គេ​នឹង​ត្រូវ​ប្រឈមមុខ​ចំពោះ​ផ្លូវ​ច្បាប់។

សកម្មជន​បរិស្ថាន​ជន​ជាតិ​អេស្ប៉ាញ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez - Davidson) ថ្លែង​ថា បទ​បញ្ជា​របស់​លោក​ ហ៊ុន សែន រឿង​ឱ្យ​កង​ទ័ព​ជួយ​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​នេះ អាច​នឹង​ក្លាយ​​ជា​ឱកាស​ថ្មី​មួយ​ទៀត​សម្រាប់​មន្ត្រី​យោធា​ខិល​ខូច​មួយ​ចំនួន​ ក្នុង​ការ​រកស៊ី​ជាមួយ​ក្រុម​ឈ្មួញ​ទុច្ចរិត​ដែល​បំផ្លិច​បំផ្លាញ​ធន​ធាន​ធម្មជាតិ។



លោក​ជឿជាក់​ថា បទ​បញ្ជា​ថ្មី​នេះ​ក៏​ដូច​បទបញ្ជា​លើក​មុនៗ ដែរ គឺ​លោក​ ហ៊ុន សែន លើក​ឡើង​ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​ ហើយ​រឿង​នេះ​នឹង​មិន​អាច​អនុវត្ត​បាន​នោះ​ឡើយ ដោយសារ​ក្រុម​នាយ​ទាហាន​គ្រាក់ៗ មួយ​ចំនួន​នៃ​របប​បច្ចុប្បន្ន ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មុខ​​របរ ឬ​ជួយ​​កាង​ឱ្យ​​ក្រុម​ឈ្មួញ​​ឈើ និង​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​ខុស​ច្បាប់។ លោក​ថា​​ តួយ៉ាង​ដូច​ជា​មេកង​អង្គរក្ស​លោក ហ៊ុន សែន លោក ហ៊ីង ប៊ុនហៀង ជាដើម កំពុង​តែ​យក​តួនាទី​ និង​ទាហាន​នៃ​អង្គភាព​មួយ​នេះ ទៅ​កាង​ឱ្យ​ក្រុមហ៊ុន​ចិន​ ដែល​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​បែប​អានាធិបតេយ្យ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​ជា​ដើម៖ «»

សកម្មជន​រូប​នេះ​ថ្លែង​ទៀត​ថា ប្រសិន​បើ​លោក ហ៊ុន សែន ពិត​ជា​ចង់​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​មែន លោក​ត្រូវ​តែ​ហ៊ាន​ផ្ដន្ទាទោស​នាយទាហាន ឬ​មន្ត្រី​យោធា​រូប​ណា ដែល​មាន​ពាក់ព័ន្ធ​ក្នុង​បទល្មើស​ទាំងនេះ មិន​មែន​និយាយ​តែមាត់​ដូច​លើក​មុនៗ នោះ​ឡើយ បើ​ពុំ​ដូច្នេះ​ទេ​ពលរដ្ឋ​នឹង​កាន់​តែ​បាត់​ជំនឿ​លើ​រូប​លោក។

ថ្លែង​ក្នុង​ពិធី​អបអរ​សាទរ​ខួប​លើកទី២០ឆ្នាំ ថ្ងៃ​បង្កើត​កងទ័ព​ជើង​គោក ដែល​បច្ចុប្បន្ន​មាន​កូន​ប្រុស​ច្បង​របស់​លោក​ គឺ​លោក​ ហ៊ុន ម៉ែនណែត ជា​មេបញ្ជាការ​នោះ លោក ហ៊ុន សែន បាន​ណែនាំ​ឱ្យ​កង​ទ័ព​ត្រូវ​ចូល​រួម​ថែរក្សា​ការពារ​ព្រៃឈើ ជល​ផល និង​ធនធានធម្មជាតិ​ឱ្យ​បាន​ល្អ បន្ថែម​លើ​ការ​ការពារ​ជាតិ និង​របប​របស់​លោក។ លោក​ក៏បាន​ព្រមាន​ដាក់ទោស​ទណ្ឌ​ដល់​មន្ត្រី​យោធា​ទាំង​ឡាយ​ណា ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​កាប់​ឈើ និង​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​ផង​ដែរ៖ «»

សកម្មជន​ព្រៃឈើ លោក ហេង ស្រស់ ប្រតិកម្ម​ថា លោក​ ហ៊ុន សែន ហាក់​ដូច​ជា​លោក​មិន​បាន​ដឹង​អ្វី​ទាំង​អស់​ទាក់ទង​នឹង​រឿង​បទល្មើស​ព្រៃឈើ និង​ការ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ ទើប​លោក​លើក​ឡើង​បែបនេះ។ លោក​អះអាង​ថា បទល្មើស​កាប់​ព្រៃ​ឈើ​នៅ​ភូមិ​​ភាគ​ឦសាន និង​ការ​ដឹកជញ្ជូន​ឈើ​ទៅ​ប្រទេស​វៀតណាម​នា​ពេល​បច្ចុប្បន្ន ​សុទ្ធសឹងតែ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​យោធា និង​កងកម្លាំង​ប្រដាប់​អាវុធ ដែល​ឈរ​ជើង​នៅ​តំបន់​នោះ។ លើស​ពី​នេះ​ទៅ​ទៀត ក្រុម​យោធា និង​អាជ្ញាធរ​ពាក់ព័ន្ធ​មួយ​ចំនួន​បាន​ចេញ​មុខ​ជា​ចំហ​ក្នុង​ការ​ពារ​ក្រុមហ៊ុន​រកស៊ី​ឈើ ដែល​មាន​ម្ចាស់​ស្និទ្ធ​នឹង​មេ​ដឹក​នាំ​បច្ចុប្បន្ន​ ដូច​ជា លោក​ គិត ម៉េង និង​លោក ទ្រី ភាព ជាដើម៖ «»

អង្គការ​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន​ ហៅ​កាត់​ថា EIA បាន​រក​ឃើញ​ថា តំបន់​ការពារ​ធម្មជាតិ​ជា​ច្រើន​កន្លែង​​​នៅ​ខេត្ត​ភាគ​ឦសាន​របស់​កម្ពុជា រួម​មាន ឧទ្យានជាតិ​រីរៈ​ជ័យ​នៃ​​ខេត្ត​រតនគិរី​​​ តំបន់​សេសាន​ក្រោម​ពីរ​នៃ​​ខេត្ត​ស្ទឹង​ត្រែង និង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រិច​នៃ​ខេត្ត​មណ្ឌល​គិរី កំពុង​រង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទ្រង់​ទ្រាយ​​​ធំ​ពី​សំណាក់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​​ និង​ក្រុម​ឈ្មួញ​វៀតណាម​ ដោយ​មាន​ការ​បើកដៃ​ពី​អាជ្ញាធរ​នៃ​របប​លោក​ ហ៊ុន សែន​។ របាយ​ការណ៍​ដដែល​ឱ្យ​ដឹង​ទៀត​ថា ចាប់​ពី​ខែ​តុលា​ឆ្នាំ២០១៧ ដល់​ខែ​មីនា ឆ្នាំ២០១៨ ​ទំហំ​ព្រៃឈើ​ដែល​ត្រូវ​បាន​កាប់​បំផ្លាញ ​មាន​ចំនួន​ជាង ១លាន ១សែន ម៉ែត្រគីប គិត​ជា​ទឹក​ប្រាក់​មាន​តម្លៃ​រាប់​សិប​លាន​ដុល្លារ។ EIA រក​ឃើញ​ថា ​ឈើ​ទាំង​នោះ​ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ ដោយ​ត្រូវ​​បង់​លុយ​ឱ្យ​អាជ្ញាធរ​ព្រំដែន ​និង​ក្រុម​អនុរក្ស​ព្រៃឈើ ជា​ថ្នូរ​នឹង​កិច្ច​ការពារ​សុវត្ថិភាព​ឆ្លង​ព្រំដែន។

លោក ហេង ស្រស់ ជឿជាក់​ថា បទបញ្ជា​របស់​លោក​ ហ៊ុន សែន រឿង​ទប់​ស្កាត់​ការ​កាប់​ព្រៃ​ឈើ និង​បំផ្លិច​បំផ្លាញ​ធនធានធម្មជាតិ​នេះ លែង​មាន​ប្រសិទ្ធភាព​តទៅទៀត​ហើយ ដោយសារ​តែ​គ្មាន​ការ​អនុវត្ត​ជាក់​ស្ដែង។ លោក​បន្ត​ថា ប្រសាសន៍​របស់​លោក​ ហ៊ុន សែន លើក​នេះ​ ក៏​ដូច​លើក​មុន​ដែរ គឺ​គ្រាន់​តែ​ដើម្បី​ទាក់ទាញ​ការ​ចាប់​អារម្មណ៍ និង​ប្រជាប្រិយភាព​ផ្ទាល់​ខ្លួន​របស់​លោក​ប៉ុណ្ណោះ។ លោក​ចង់​ឱ្យ​លោក ហ៊ុន សែន អនុវត្ត​ឱ្យ​បាន​ចំពោះ​ការ​ដាក់​ទោស​ទណ្ឌ​មន្ត្រី​យោធា​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃ​ឈើ​នេះ បើ​ពុំ​ដូច្នេះ​ទេ បទ​បញ្ជា​របស់​លោក​នៅ​ពេល​នេះ នឹង​ក្លាយ​ទៅជា​ឱកាស​សម្រាប់​ក្រុម​អាជ្ញាធរ​ពាក់ព័ន្ធ​ទៅ​គាប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទៅ​វិញ៖ «»

របប​ក្រុង​ភ្នំពេញ​តែង​តែ​បង្ហាញ​ថា ខ្លួន​គិត​គូរ​ពី​រឿង​ការពារ​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ​ តាម​រយៈ​ការ​បង្កើត​ច្បាប់ អង្គភាព និង​យន្តការ​ជាច្រើន​ ដើម្បី​ទប់​ស្កាត់​បទល្មើស​ឧក្រិដ្ឋ​ក្នុង​វិស័យ​មួយ​នេះ។ លោក​ ហ៊ុន សែន ខ្លួនឯង​ផ្ទាល់​​ ក៏​ធ្លាប់​​​ប្រកាស​ជា​សាធារណៈ​ដែរ​ថា លោក​ហ៊ាន​កាត់​ក​ខ្លួន​ឯង​ក្រវាត់​ចោល​ បើ​លោក​មិន​អាច​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​បាន​ទេ​នោះ ហើយ​ក៏​ធ្លាប់​ចេញ​បញ្ជា​ឲ្យ​បាញ់​គ្រាប់​រ៉ុកកែត​កម្ទេច​ជន​ល្មើស​ច្បាប់​ព្រៃ​ឈើ​ទៀត​ផង​។

ទោះ​ជា​យ៉ាង​ណា ការ​ប្ដេជ្ញា​ចិត្ត និង​យន្តការ​ទាំងឡាយ​​ដែល​របប​នេះ​បាន​ដាក់​ចេញ ពុំ​មាន​ប្រសិទ្ធភាព​ឡើយ ដោយ​បទ​ល្មើស​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​នៅ​តែ​កើត​មាន ហើយ​ការ​ដឹក​ជញ្ជូន​ឈើ​ទៅ​ប្រទេស​វៀតណាម​នៅ​តែ​បន្ត។ មូលហេតុ​សំខាន់ គឺ​ដោយសារ​អំពើពុករលួយ ការ​អនុវត្ត​ច្បាប់​មាន​ភាព​ទន់​ខ្សោយ​ ​កង្វះ​ការ​ទទួល​ខុសត្រូវ​របស់​ស្ថាប័ន​ជំនាញ​ ជាពិសេស គេ​សង្កេត​ឃើញ​ថា លោក​នាយករដ្ឋមន្ត្រី​ខ្លួន​ឯង​តែ​ម្ដង មិន​ទទួល​ខុស​ត្រូវ ចំពោះ​សំដី​ខ្លួន​ឯង​ម្ដង​ហើយ​ម្តង​ទៀត។

ក្រៅពី​នេះ របប​លោក ហ៊ុន សែន ក៏បាន​បង្ហាញ​ពី​ការ​គេចវេះ​មិន​ទទួល​ខុស​ត្រូវ ចំពោះ​ការ​វិនាស​កម្ម​ព្រៃឈើ​ផង​ដែរ ជាឧទាហរណ៍​របប​នេះ​បាន​រំសាយ​ដែន​ជម្រក​សត្វព្រៃ​ស្នួល និង​ដែន​ជម្រក​សត្វព្រៃ​​រនាម​ដូន​សំ ដែល​មាន​ផ្ទៃដី​សរុប​ជាង ១១ម៉ឺន​ហិកតារ កាលពី​ឆ្នាំ២០១៨ កន្លង​ទៅ ក្រោម​ហេតុ​ផល​ថា តំបន់​ទាំង​ពីរ​បាត់​បង់​មុខងារ​ និង​សក្ដានុពល​ជា​តំបន់​អភិរក្ស​អស់​ទៅ​ហើយ។ ក៏​ប៉ុន្តែ ​សកម្មជន​បរិស្ថាន​អះអាង​ថា តំបន់​អភិរក្ស​ទាំង​ពីរ​នេះ រង​ការ​​ខូច​ខាត​ដោយសារតែ​ក្រុមហ៊ុន​ឯកជន​ ដែល​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ពី​របប​ក្រុង​ភ្នំពេញ​ ហើយ​គឺ​អាជ្ញាធរ​របប​នេះ​ឯង​ដែល​បាន​ជួយ​ការពារ​ក្រុមហ៊ុន​ឱ្យ​កាប់​ឈើ​នៅ​តំបន់​ទាំង​ពីរ​នេះ​រហូត​ទាល់​តែ​អស់​គ្មាន​សល់៕

2 comments:

Anonymous said...

Phkay Pram Meh Vear !! Chess Teh Samlab Khmer Ah Norouk Hun Sen !!

Phkay Pram Kdor Ah Hun Sen !! Klach Yuon Dauch Klach Klar !!

Anonymous said...

He will pass on his sins to his children and grand children. They will end up like Saddam Hussein's children. Saddam Hun Sen will meet Saddam Hussein in hell soon.