ដោយ ហេង រស្មី
2019-01-21
rfa

កូនស្រីលោក ជា វិជ្ជា កញ្ញា ជា វិជ្ជាតា (ខាងស្ដាំ) និង ជា វិជ្ជា នារីរ័ត្ន នៅប្រទេសហ្វាំងឡង់។
រូបថត៖ ពីលោកស្រី ជា គឹមនី ភរិយាលោក ជា វិជ្ជា
ក្រោយពីបានរស់នៅជាជនភៀសខ្លួននៅប្រទេសហ្វាំងឡង់ អស់រយៈពេល ១៥ឆ្នាំ កូនស្រីទាំងពីររបស់សពលោក ជា វិជ្ជា ត្រូវបានក្លាយជាសិស្សពូកែនៅក្នុងថ្នាក់។ មិនត្រឹមតែប៉ុណ្ណោះ យុវតីទាំងពីរអាចនិយាយបាន ៦ភាសាផ្សេងៗ គ្នាយ៉ាងស្ទាត់ជំនាញ។ កូនស្រីទាំងពីរប្រាថ្នានៅថ្ងៃអនាគតនឹងដើរតាមគន្លងឪពុក ដើម្បីស្វែងរកយុត្តិធម៌ក្នុងសង្គម។
ភរិយារបស់លោក ជា វិជ្ជា លោកស្រី ជា គឹមនី អួលដើមកបន្តិចនៅពេលរំលឹកពីជោគជ័យរបស់កូនស្រីទាំងពីរ ក្នុងការសិក្សានៅឯប្រទេសហ្វាំងឡង់ក្នុងឋានៈជាជនភៀសខ្លួន។ លោកស្រីបានភៀសខ្លួនចេញពីប្រទេសកម្ពុជាអស់រយៈពេល ១៥ឆ្នាំក្រោយពេលស្វាមីរបស់លោកស្រីឈ្មោះ ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាដ៏ល្បីល្បាញ ត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤នៅក្បែរតូបលក់ការសែតមួយក្បែរវត្តលង្កាកណ្ដាលទីក្រុងភ្នំពេញ។
រស់នៅក្នុងឋានៈជាជនភៀសខ្លួននៅឯក្រៅប្រទេសអ្នកស្រីបានពុះពារគ្រប់ឧបសគ្គដើម្បីចិញ្ចឹមកូនស្រីទាំងពីរក្រោយពីលោក ជា វិជ្ជាត្រូវបានឃាតកបាញ់សម្លាប់។ក៏ប៉ុន្តែលោកស្រីមិនអស់សង្ឃឹមក្នុងការតស៊ូទេក្នុងការបីបាច់ថែរក្សាកូនតាំងពីអាយុជាង២ឆ្នាំរហូតដល់ធំដឹងក្តី។
អ្នកស្រី ជា គឹមនី បានរៀបរាប់ថា កូនស្រីទាំងពីរស្ដាប់ដំបូន្មានអ្នកស្រីណាស់រហូតរៀនទទួលបានចំណាត់ថ្នាក់ល្អនៅក្នុងថ្នាក់រៀន។កូនស្រីច្បងរៀននៅមហាវិទ្យាល័យច្បាប់ឆ្នាំទី២ ចំណែកឯកូនស្រីប្អូនរៀននៅមធ្យមសិក្សានៅឡើយជាមួយនឹងកូនសិស្សចម្រុះជាតិសាសន៍។
អ្នកស្រីនិយាយថា កូនស្រីច្បងអាចនិយាយបាន៦ភាសាផ្សេងៗគ្នាយ៉ាងស្ទាត់ជំនាញគឺភាសាខ្មែរជាភាសាកំណើត ភាសា ហ្វាំងឡង់ អង់គ្លេស បារាំង អាល្លឺម៉ង់ និងភាសា ស្វីស។ចំណែកឯកូនស្រីទីពីរនិយាយបានបួនភាសាគឺភាសា ខ្មែរ បារាំង អង់គ្លេស និង ហ្វាំងឡង់៖ «ខ្ញុំមានមោនភាពហើយខ្ញុំមានកម្លាំងចិត្តតស៊ូទៅទៀតដោយសារឃើញកូនខ្ញុំអត់មានផលវិបាកអ្វីរឿងការរៀនសូត្រ»។
មុនពេលដែលត្រូវបានឃាតកបាញ់សម្លាប់លោក ជា វិជ្ជា គឺអ្នកស្រី ជា គឹមនីមានកូនស្រីពីរនាក់គឺ កូនច្បងកញ្ញា ជា វិជ្ជាតា អាយុ ១៧ឆ្នាំ និងកូនប្អូនកញ្ញា ជា វិជ្ជា នារីរ័ត្ន អាយុ ១៥ឆ្នាំ។
អ្នកស្រីព្រមទាំងកូនស្រីទាំងពីរបានភៀសខ្លួនទៅរស់នៅទៅក្រុងបាងកកប្រទេសថៃអស់រយៈពេល៩ថ្ងៃមុនមកដល់ប្រទេសហ្វាំងឡង់ជាទីកន្លែងដែលអ្នកស្រីបានសិទ្ធិជាជនភៀសខ្លួននៅទីនោះ។
កញ្ញា ជា វិជ្ជាតា ប្រាប់អាស៊ីសេរីថា នៅពេលនឹកឃើញឪពុកត្រូវបានឃាតកបាញ់សម្លាប់ធ្វើឲ្យសន្ទុះចិត្តនៃការសិក្សាបានប្រឹងប្រែងឡើងរហូតដល់បានចំណាត់ថ្នាក់លេខ១ នៅក្នុងថ្នាក់ក្នុងចំណោមសិស្សសរុបទាំងអស់ ២៥នាក់។
កញ្ញានិយាយថា គោលបំណងនាពេលអនាគតនឹងយកចំណេះដឹងដែលបានសិក្សានៅឯក្រៅប្រទេសទៅបន្តការងាររបស់ឪពុកដើម្បីរកយុត្តិធម៌ក្នុងប្រទេសកម្ពុជាដ៏រាបណាគ្មានគ្រប់គ្រងដោយរបបក្រុងភ្នំពេញ៖ «ពីព្រោះអីខ្ញុំចង់ជួយដល់មនុស្សនៅទូទាំងពិភពលោកធ្វើដូចប៉ា ជួយមនុស្សផ្សេងៗ ទាំងអស់គ្នាហើយខ្ញុំគិតថាអាហ្នឹងល្អអោយពិភពលោក»។
កូនស្រីម្នាក់ទៀតរបស់លោក ជា វិជ្ជា គឺកញ្ញា ជា វិជ្ជា នារីរ័ត្ន និយាយថា ប្រព័ន្ធសិក្សានៅក្រៅប្រទេសវាមានភាពខុសប្លែកគ្នាច្រើនណាស់ បើប្រៀបធៀបនៅកម្ពុជា។ កញ្ញាបញ្ជាក់ថា ម្ដាយតែងតែអប់រំកូនឲ្យខំរៀន ហើយការសិក្សានៅប្រទេសហ្វាំងឡង់បានធ្វើឲ្យកញ្ញាចាប់អារម្មណ៍ខ្លាំងណាស់៖ «អានេះគ្រាន់តែជាជាប់ Interested ខ្ញុំ»។
អ្នកវិភាគនយោបាយលោក គឹម សុខ ដែលទើបនឹងបានភៀសខ្លួនទៅប្រទេសហ្វាំងឡង់ និយាយថា ការអប់រំនៅទីនេះមានលំដាប់អន្តរជាតិ យកចិត្តទុកដាក់គ្រប់គ្នា បើទោះបីជាជនជាតិហ្វាំងឡង់ និង ជនអន្តោប្រវេសន៍ ដែលបានភៀសខ្លួនពីប្រទេសណាក៏ដោយ៖ «ប្រព័ន្ធអប់រំនេះមានការយកចិត្តទុកដាក់ ហើយលើកទឹកចិត្ត ជាពិសេស ក្មេងឲ្យរៀនសូត្រកាន់តែខ្ពស់ ឲ្យយល់ដឹងពីតម្លៃនៃការរៀនសូត្រកាន់តែខ្ពស់ ជាពិសេស គឺសីលធម៌ និងគុណធម៌នៅក្នុងសង្គម»។
ការអប់រំនៅហ្វាំងឡង់ គឺជាប្រព័ន្ធអប់រំដែលមានអាហារូបត្ថម្ភយ៉ាងពេញលេញដែលបម្រើដល់សិស្សពេញម៉ោង។ ប្រព័ន្ធអប់រំបច្ចុប្បន្ននៅក្នុងប្រទេសហ្វាំងឡង់ មានកម្មវិធីថែរក្សាកុមារ (សម្រាប់ទារកនិងកុមារតូចៗ) និង "មត្តេយ្យ" មួយឆ្នាំ (ឬមត្តេយ្យសម្រាប់ក្មេងអាយុប្រាំមួយឆ្នាំ)។
ការសិក្សាសម្រាប់មធ្យមសិក្សាមានរយៈពេល៩ ឆ្នាំ ដោយចាប់ផ្តើមសិក្សាចាប់ពីអាយុ ៧ឆ្នាំ និងបញ្ចប់នៅអាយុ ១៦ឆ្នាំ។
បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍ប្រព័ន្ធអប់រំនៅក្នុងប្រទេសហ្វាំងឡង់ អោយដឹងថា ការអប់រំទូទៅនិងអនុវិទ្យាល័យ រហូតដល់ឧត្ដមសិក្សាមិនតម្រូវអោយបង់ប្រាក់នោះទេ។ យុទ្ធសាស្ត្ររបស់ប្រទេសហ្វាំងឡង់សម្រាប់ការសម្រេចបាននូវសមភាពនិងភាពប្រសើរក្នុងវិស័យអប់រំបានផ្អែកលើការកសាងប្រព័ន្ធគ្របដណ្ដប់ដ៏ទូលំទូលាយមួយដែលផ្ដល់មូលនិធិជាសាធារណៈដោយជ្រើសរើសយកតាមដានឬស្ទ្រីមសិស្សក្នុងអំឡុងពេលនៃការអប់រំមូលដ្ឋានរបស់ពួកគេ៕
1 comment:
Best wishes and good luck for your determination to follow your father's steps to serve Khmer people and Cambodia !!
Post a Comment