ដោយ ហេង រស្មី
2019-01-20
rfa

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា
រូប៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
សហជីពឯករាជ្យជំរុញឱ្យរបបក្រុងភ្នំពេញរកដំណោះស្រាយពាក់ព័ន្ធនឹងគម្រោងដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និងមិនត្រូវរឹតត្បិតការបញ្ចេញមតិជុំវិញរឿងនេះឡើយ។
គណៈរដ្ឋមន្ត្រីរបបក្រុងភ្នំពេញកាលពីពេលថ្មីៗនេះ បានហាមប្រាមមិនឱ្យមានការធ្វើអត្ថាធិប្បាយណាមួយដែលរបបនេះយល់ថា ជារឿងមិនពិត ពាក់ព័ន្ធនឹងបញ្ហា EBA នោះឡើយ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ថ្លែងថា ការលើកឡើងទាំងឡាយពាក់ព័ន្ធនឹងបញ្ហា EBA ដោយសារពលរដ្ឋមានការព្រួយបារម្ភពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះ។
លោកថ្លែងថា របបក្រុងភ្នំពេញមិនត្រូវចាត់ទុកការបញ្ចេញទស្សនៈរឿង EBA ថាជាការញុះញង់នោះឡើយ ផ្ទុយទៅវិញ របបនេះគួរតែប្រឹងប្រែងធ្វើយ៉ាងណាឱ្យកុំឱ្យបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះវិញទើបត្រឹមត្រូវ។ «»
កាលពីថ្ងៃទី១៧ មករា កន្លងទៅ របបក្រុងភ្នំពេញបានព្រមានចាត់វិធានការម៉ឺងម៉ាត់ និងគ្រប់រូបភាពចំពោះអ្នកឆ្លើយឆ្លងព័ត៌មាន និងអ្នកធ្វើអត្ថាធិប្បាយទាំងឡាយណាដែលបញ្ចេញមតិ និងទស្សនៈអវិជ្ជមានពាក់ព័ន្ធនឹងបញ្ហា EBA។
របបនេះចាត់ទុកការប្រើពាក្យទាំងឡាយណាដែលមិនស្របនឹងចរិតការងាររបស់ខ្លួនថា ជាការញុះញង់ ឬប្រឆាំងភាពជាដៃគូរវាងកម្ពុជា និងសហភាពអឺរ៉ុប។ របបនេះអះអាងថា ខ្លួននឹងដំណើរការជជែកពិភាក្សាជាមួយសហភាពអឺរ៉ុបបន្តទៅទៀត ដើម្បីរកដំណោះស្រាយរឿង EBA នេះ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ថ្លែងថា ប្រសិនបើមានការបំភ្លៃព័ត៌មានរឿង EBA មែន របបក្រុងភ្នំពេញគួរមានការការហាមប្រាម ក៏ប៉ុន្តែលោកកត់សម្គាល់ថា កន្លងមកនេះ ការលើកឡើង ឬការព្រួយបារម្ភទាំងឡាយជុំវិញការដកប្រព័ន្ធពន្ធរបស់សហភាពអឺរ៉ុបនេះ សុទ្ធសឹងតែជារឿងពិត មិនមានការប្រឌិតឡើយ។ លោកជំរុញឱ្យរបបនេះប្រឹងប្រែងរកដំណោះស្រាយដើម្បីឱ្យកម្ពុជាទទួលបានការអនុគ្រោះពន្ធ EBA នេះ បន្តទៅទៀត។ «»
ក្រោមកម្មវិធី “ទំនិញគ្រប់មុខ លើកលែងគ្រឿងសព្វាវុធ ឬEBA” កម្ពុជាបានរួចផុតកាតព្វកិច្ចពន្ធប្រមាណ ៧០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយកាលពីឆ្នាំ២០១៧ កន្លងទៅ ផលិតផលសំលៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ បានផ្ដល់ប្រាក់ចំណូលលើសពី ៥ពាន់លានដុល្លារអាមេរិក ដែលជាប្រាក់ចំណូលច្រើនជាងគេនៃការនាំចេញផលិតផលគ្រប់ប្រភេទរបស់កម្ពុជា។
ខណៈឱសានវាទនៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចេះតែបន្តទៅមុខ របបក្រុងភ្នំពេញមិនទាន់បានធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅឡើយ ហើយការវិវឌ្ឍជាវិជ្ជមានណាមួយដែលកើតចេញពីការចរចារវាងរបបលោក ហ៊ុន សែន ជាមួយនឹងសហភាពអឺរ៉ុបនោះ ក៏មិនទាន់លេចចេញជារូបរាងផងដែរ។
រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន នឹងមានជំនួបដាច់ដោយឡែកមួយជាមួយស្នងការពាណិជ្ជកម្មអឺរ៉ុប អ្នកស្រី សេស៊ីលៀ ម៉ាលស្ត្រូម (Cecilia Malmstrom) ក្នុងអំឡុងពេលដែលលោកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អឺរ៉ុប នៅពេលឆាប់ៗខាងមុខ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កេត សោផាន់ បានអះអាងថា លោក ប្រាក់ សុខុន នឹងពន្យល់ស្នងការពាណិជ្ជកម្មអឺរ៉ុបអំពីវិធានការ និងផែនការដែលរបបនេះគ្រោងធ្វើពាក់ព័ន្ធនឹងលំហនយោបាយ សេរីភាពសារព័ត៌មាន និងកិច្ចការពាក់ព័ន្ធដទៃទៀតដូចជារឿងសិទ្ធិការងារ និងសហជីពជាដើម។
ទោះជាយ៉ាងណា សារព័ត៌មានអន្តរជាតិផ្នែកវាយនភណ្ឌដែលមានឈ្មោះថា អាផារែល អ៊ីនសាយឌើ (Apparel Insider) បានអះអាងកាលពីពេលថ្មីៗនេះថា មានក្រុមហ៊ុនម៉ាកយីហោល្បីៗមួយចំនួនបានសម្រេចចិត្តរួចហើយ ក្នុងការចាប់ផ្ដើមដកការបញ្ជាទិញរបស់ខ្លួនពីកម្ពុជា ដោយសារពួកគេព្រួយបារម្ភថា កម្ពុជានឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប។ សារព័ត៌មាននេះអះអាងទៀតថា ប្រឈមមុខនឹងការដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះ កម្ពុជានឹងត្រូវបាត់បង់ការបញ្ជាទិញផលិតផលវាយនភណ្ឌដ៏ច្រើនសម្បើម ពីក្រុមហ៊ុនម៉ាកយីហោល្បីៗរបស់ប្រទេសលោកខាងលិច៕
No comments:
Post a Comment