2019-01-21

អ្នកទេសចរជនជាតិចិន នាំគ្នាទៅទស្សនាអង្គរវត្ត នៅចំថ្ងៃទីមួយនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥។
RFA
ភ្ញៀវទេសចរចិនដែលចូលមកកម្សាន្តនៅកម្ពុជា បានកើនឡើងដល់ ១លាន ៩សែននាក់ កាលពីឆ្នាំ ២០១៨ ខណៈឆ្នាំ២០១៧ កន្លងទៅ ទេសចរចិនមានត្រឹមតែ ១លាន ២សែននាក់ប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុក ខណៈលោកកំពុងបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំងប្រទេសចិន។
លោក ហ៊ុន សែន អះអាងថា លោកនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ លោកថ្លែងទៀតថា លោកចង់ឱ្យចំនួនអ្នកទេសចរចិននៅកម្ពុជាកើនឡើងខ្លាំងជាងនេះថែមទៀត ដោយលោកបញ្ជាក់ថា ប្រទេសនានានៅលើពិភពលោកកំពុងតែទាក់ទាញភ្ញៀវទេសចរចិនទៅកម្សាន្តនៅប្រទេសរបស់ពួកគេឱ្យបានកាន់តែច្រើន។
ស្របពេលដែលមេដឹកនាំរបបក្រុងភ្នំពេញបង្ហាញមហិច្ឆតាចង់ឱ្យមានអ្នកទេសចរចិនកាន់តែច្រើនមកកម្ពុជានោះ អាជ្ញាធរកម្ពុជា និងមន្ត្រីសិទ្ធិមនុស្ស បានអះអាងថា ជនជាតិចិនសំបូរទៅដោយរឿងអាស្រូវ និងការប្រព្រឹត្តបទល្មើសច្រើនជាងគេ បើប្រៀបធៀបនឹងជនបរទេសដទៃទៀតដែលចូលមកក្នុងប្រទេសកម្ពុជា។
គិតចាប់តាំងពីឆ្នាំ ២០១៤ រហូតដល់ចុងឆ្នាំ២០១៨ កន្លងទៅ ជនជាតិចិនចំនួនជិត ២ពាន់នាក់ ត្រូវបានចាប់ខ្លួន និងបណ្ដេញចេញពីកម្ពុជា ដោយសារពួកគេមានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសគំរាម ជំរិត និងឆបោកតាមប្រព័ន្ធអិនធើណិត ហើយមានខ្លះទៀតជាអ្នកប្រព្រឹត្តបទល្មើសសេដ្ឋកិច្ចនៅប្រទេសចិន និងត្រូវបានសមត្ថកិច្ចចិនស្នើសុំឱ្យអាជ្ញាធរកម្ពុជាចាប់ខ្លួន។
អង្គការសង្គមស៊ីវិល និងអ្នកឃ្លាំមើលសង្គម ជំរុញឱ្យអាជ្ញាធររៀបចំយន្តការគ្រប់គ្រងជនអន្តោប្រវេសន៍ឱ្យបានច្បាស់លាស់ ជាពិសេសករណីជនជាតិចិន ដើម្បីកុំឱ្យពួកគេមួយចំនួនបន្តប្រើប្រាស់ទឹកដីកម្ពុជាជាកន្លែងប្រព្រឹត្តបទល្មើសបានតទៅទៀត៕
No comments:
Post a Comment