ដោយ សេក បណ្ឌិត
2019-02-03
rfa

លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ RFA
RFA
កូនប្រុសច្បងរបស់លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត បន្តអំពាវនាវដល់កងទ័ពឱ្យការពាររបបឪពុកលោក តាមរយៈការទប់ស្កាត់ឱ្យបាននូវការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។
អ្នកវិភាគថា លោក ហ៊ុន ម៉ាណែត កំពុងបង្កើតសត្រូវមនសិការជាមួយប្រជាពលរដ្ឋខ្មែរ ដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យ។
អ្នកវិភាគនយោបាយ លោក គឹម សុខ ថ្លែងថា លោក ហ៊ុន ម៉ាណែត កំពុងធ្វើខុសតួនាទីរបស់ខ្លួនក្នុងនាមជាមេទ័ពកំពូលម្នាក់របស់ជាតិ។ លោកបន្តថា ការប្រកាសឱ្យកងទ័ពការពាររបបដឹកនាំបច្ចុប្បន្ន ដែលកើតចេញពីការបោះឆ្នោតបែបបង្គ្រប់កិច្ចនោះ គឺជាការបង្កើតជម្លោះរវាងកងទ័ព និងពលរដ្ឋខ្មែរ។
លោកជឿជាក់ថា គ្មានបដិវត្តន៍ពណ៌នៅកម្ពុជានោះឡើយ មានតែការស្រេកឃ្លានចង់បានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសង្គម៖ «ប្រសិនបើចរន្តនៃសកម្មភាពតវ៉ាចេញជាក់ស្តែង នោះក៏មិនមែនជាបដិវត្តន៍ពណ៌ដែរ គឺជាការទាមទាររកយុត្តិធម៌ ដើម្បីអនុវត្តសិទ្ធិគាត់តាមរដ្ឋធម្មនុញ្ញ។ ដូច្នេះលោក ហ៊ុន ម៉ាណែត ខ្លួនឯង ត្រូវយល់អំពីករណីហ្នឹង ហើយកុំលាបពណ៌ប្រជាពលរដ្ឋដែលចង់ងើបឡើងថា ជាអ្នកបង្កើតបដិវត្តន៍ពណ៌អ៊ីចឹង។ នោះគឺជាការបង្កើតនូវរូបភាពជាជម្លោះអាក្រក់ណាស់ក្នុងតួនាទីរបស់ខ្លួនដែលជាអ្នកដឹកនាំកងទ័ព ហើយបង្កើតមនោគមវិជ្ជាចិត្តសាស្ត្រធ្វើឱ្យកងទ័ពក្លាយទៅសត្រូវនៃពលរដ្ឋខ្លួនឯង ដែលតួនាទីកងទ័ព គឺជាអ្នកការពារពលរដ្ឋឯងសោះហ្នឹង»។
កាលពីថ្ងៃទី២ កុម្ភៈ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត បានប្រាប់កងទ័ពឱ្យស្មោះត្រង់ និងការពាររបបដឹកបច្ចុប្បន្នឱ្យបានជាដាច់ខាត។ លោកថ្លែងទៀតថា កងទ័ពត្រូវទប់ស្កាត់បដិវត្តន៍ពណ៌ និងការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាពីសំណាក់ប្រទេសដទៃ។
លោក ហ៊ុន ម៉ាណែត ក៏បានឆ្លៀតវាយប្រហារដោយមិនបញ្ចេញឈ្មោះទៅលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែរថា ពួកគេមិនដែលបានជួយអ្វីដល់កម្ពុជានោះទេ ក្រៅតែពីការបំផ្លិចបំផ្លាញជាតិ និងញុះញង់ឱ្យមានការធ្វើបាតុកម្ម និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា។ លោកបានបន្ថែមថា ប្រសិនបើអ្នកនយោបាយបក្សប្រឆាំងចង់ឈ្នះ គួរតែខិតខំបម្រើពលរដ្ឋ ដោយកុំញុះញង់ឱ្យពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធឱ្យបំផ្លាញប្រទេសខ្លួនឯង ដើម្បីបម្រើមហិច្ឆតានយោយបាយផ្ទាល់ខ្លួនបែបនេះ។
ទោះជាយ៉ាងណា អ្នកវិភាគនយោបាយ លោក គឹម សុខ ថ្លែងថា សកម្មភាពរបស់ក្រុមអ្នកដឹកនាំគណបក្សប្រឆាំងនៅពេលកន្លងទៅ មិនមែនជាទង្វើបំផ្លាញជាតិនោះឡើយ ផ្ទុយទៅវិញនោះ គឺជាការប្រើប្រាស់យន្តការអន្តរជាតិ ដើម្បីដាក់សម្ពាធឱ្យរបបក្រុងភ្នំពេញងាកមកស្តារស្ថានការណ៍ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ។ លោកស្នើឱ្យលោក ហ៊ុន ម៉ាណែត ផ្លាស់ប្តូរឥរិយាបថនយោបាយ ដោយត្រូវហ៊ានប្រកួតប្រជែងដោយយុត្តិធម៌ និងមិនត្រូវយកគំរូហិង្សា និងផ្តាច់ការនិយមពីឪពុករបស់លោកមកប្រើដូចពេលបច្ចុប្បន្ននេះឡើយ៖ «អ្វីដែលគាត់ធ្វើ គឺជាទុច្ចរិតនយោបាយសម្រាប់អនុវត្តផែនការបន្តអំណាចពីឪពុក ដែលឪពុករបស់គាត់បានរៀបចំឱ្យយ៉ាងម៉ត់ចត់។ ក៏ប៉ុន្តែកុំធ្វើដូចឪពុករបស់គាត់ ដែលមានចំណេះដឹងទាប រៀនបានតិច ហើយដើម្បីតែបន្តអំណាច មានតែការប្រើល្បិច និងហិង្សាគម្រាមគេឯង។ ធ្វើបែបនេះ គឺជាការបន្សល់ទុកនូវគម្រូអាក្រក់ ហើយជាសត្រូវនៃឆន្ទៈរបស់ពលរដ្ឋខ្មែរទួទៅ ទាំងគ្រប់ទិសទី ក្នុងនិងក្រៅប្រទេស ហើយក៏ជាអ្នកដែលមិនអាចចូលចុះនៅចំពោះមុខសហគមន៍អន្តរជាតិ«។
ដោយមិនខ្វល់ពីឯករាជ្យភាពរបស់កងកម្លាំងប្រដាប់អាវុធ ក្រុមមន្ត្រីយោធាកំពូលៗ នៃរបបក្រុងភ្នំពេញ បានចេញមុខការពាររបបនេះជាបន្តបន្ទាប់ ក្នុងស្ថានភាពនៃការរងទណ្ឌកម្មពីសហគមន៍អន្តរជាតិ។ ការប្តេជ្ញាការពាររបបក្រុងភ្នំពេញនេះ ក៏ដោយសារពួកគេសុទ្ធសឹងជាសមាជិកនៃគណបក្សប្រជាជនកម្ពុជា និងជាមនុស្សជំនិតរបស់លោក ហ៊ុន សែន ដែលតែងតែជួយការពារមេដឹកនាំក្រាញអំណាចរូបនេះ ពីសកម្មភាពច្បាមយកអំណាច និងរំលោភសិទ្ធិមនុស្សគ្រប់បែបយ៉ាង។
នៅដំណាក់កាលចុងក្រោយនេះ មេយោធាគ្រាក់ៗ នៃរបបក្រុងភ្នំពេញ បានប្រកាសថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់ខ្លួនលោក សម រង្ស៊ី ប្រសិនបើប្រធានស្តីទីគណបក្សសង្រ្គោះជាតិ រូបនេះហ៊ានវិលចូលស្រុកវិញមែននោះ។ ទង្វើនេះត្រូវបានអ្នកវិភាគចាត់ទុកថា ជាការរំលោភច្បាប់ និងបំពានលើតួនាទីរបស់មន្ត្រីនគរបាល ដែលជាអ្នកទទួលខុសត្រូវលើកិច្ចការសន្តិសុខផ្ទៃក្នុងរបស់ប្រទេស៕
1 comment:
Dictator-in-waiting. Hope the CIA can get rid of him before he becomes a full blown dictator like his father. One less dictator in the world is a very good thing.
Post a Comment