ដោយ សុ ជីវី
2019-07-10
rfa

ជ្រូកដឹកតាមរ៉ឺម៉កពីវៀតណាម
Photo: RFA
ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានឆ្លងរាលដាលដល់ខេត្តចំនួន ២ទៀត គឺខេត្តស្វាយរៀង និងខេត្ត តាកែវ ដែលជាខេត្តនៅជាប់ព្រំដែនកម្ពុជា-វៀតណាម។ ពលរដ្ឋកំពុងភ័យពីផលប៉ះពាល់អវិជ្ជមាន ដល់មុខរបបរកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ និងសុខុមាលភាពរបស់ពួកគេ និងអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធ ឈប់ប្រព្រឹត្តអំពើពុករលួយរឿងនាំជ្រូក និងទំនិញខូចគុណភាពចូលពីប្រទេសវៀតណាម។
ក្រុមពលរដ្ឋ និងអង្គការសង្គមស៊ីវិល បានទម្លាក់កំហុសនៃ ការឆ្លងរាលដាល ជំងឺប៉េស្តជ្រូកអាហ្វ្រិកពីប្រទេសវៀតណាមថា ជាការធ្វេសប្រហែសរបស់អាជ្ញាធរពាក់ព័ន្ធ និងសមត្ថកិច្ចការពារព្រំដែន ដែលពួកគេចោទថា ឥទ្ធិពលនៃអំពើពុករលួយ គឺជាមូលហេតុចម្បង បង្កឱ្យជំងឺសាហាវនេះឆ្លងចូលក្នុងប្រទេសកម្ពុជា។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានចេញសរសេរលិខិត ស្នើឱ្យអភិបាលខេត្តស្វាយរៀង និងខេត្តតាកែវ ចាត់វិធានការទប់ស្កាត់ ចលនាជ្រូក និងផលិតផលសាច់ជ្រូក។ ខ្លឹមសារលិខិត បានប្រកាសពីតំបន់ ផ្ទុះជំងឺប៉េស្ដជ្រូកអាហ្វ្រិក កើតឡើងនៅភូមិឫស្សីជួរខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងភូមិអម្ពិល ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ។ ទោះយ៉ាងណា ក្នុងលិខិតនោះ មិនបានបង្ហាញពីមូលហេតុផ្ទុះជំងឺប៉េស្តជ្រូកទាំងនេះ ឆ្លងពីប្រទេសវៀតណាមនោះទេ។
អាស៊ីសេរីបានទាក់ទង អគ្គនាយកនៃអគ្គនាយកដ្ឋាន សុខភាពសត្វនិងផលិតកម្ម លោក តាន់ ផាន់ណារ៉ា និងអ្នកនាំពាក្យក្រសួងកសិកម្ម ដើម្បីសុំការបំភ្លឺបញ្ហានេះ តែទូរស័ព្ទហៅចូលគ្មានអ្នកទទួល នៅថ្ងៃទី៩ កក្កដា។
ពលរដ្ឋរងគ្រោះរស់នៅភូមិឫស្សីជួរខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង លោក សូ ទូច ឱ្យដឹងនៅថ្ងៃទី៩ កក្កដាថា ជំងឺប៉េស្តជ្រូកបានសម្លាប់ជ្រូកអ្នកភូមិអស់ជាង ៤០ក្បាលហើយ នៅរយៈពេល ១សប្ដាហ៍ចុងក្រោយនេះ។ លោកថា ពុំមែនតែភូមិឫស្សីជូរខាងត្បូងទេ ដែលឆ្លងជំងឺនេះភូមិផ្សេងទៀត ក៏ឆ្លងរាលដាលជំងឺប៉េស្តជ្រូកនេះដែរ ដូចជា ភូមិឫស្សីជួរខាងជើង និងភូមិព្រៃខ្លា ជាដើម។ លោកបន្ថែមថា បន្ទាប់ពីកើតមានបាតុភាពនេះ អាជ្ញាធរប្រកាសបិទមិនឱ្យទិញលក់ នាំចូល និងធ្វើអាជីវកម្ម ជ្រូកចូលគ្រប់រូបភាព និងបិទមិនឱ្យលក់លើទីផ្សារទៀតផង៖ «គ្រួសារជាង ផ្ទះខ្លះដល់ទៅ ៧ក្បាល ងាប់ភ្លាមតែម្ដង នៅៗវាលែងស៊ីបាយអន់ៗទៅ ងាប់បណ្ដោយ រយៈពេល ៦ទៅ ៧ថ្ងៃងាប់ មើលអត់ជឿទេ។ កាលមុនយើងអត់ដឹង យើងធ្វើជ្រូកហូប តែឥឡូវពេទ្យសត្វគេមក គេដុតចោល»។
ពលរដ្ឋរស់នៅក្បែរព្រំដែនកម្ពុជាវៀតណាម ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង លោក កុយ ពេជ្រ អះអាងថា ជំងឺប៉េស្តជ្រូកនេះ ពុំមែនតែកើតឡើងនៅភូមិឫស្សីជួរទេ នៅតំបន់ផ្សេងទៀត ក្នុងខេត្តស្វាយរៀងក៏ផ្ទុះជំងឺនេះដែរ ក៏ប៉ុន្តែអាជ្ញាធរហាក់មានចេតនាលាក់បាំងរឿងនេះ។ លោកថា មូលហេតុសំខាន់ ដែលផ្ទុះជំងឺនេះ ឆ្លងរាលដាលពីប្រទេសវៀតណាម ដោយសារសមត្ថកិច្ចចម្រុះតាមព្រំដែន ប្រព្រឹត្តអំពើពុករលួយ ជាថ្នូរបណ្ដោយឱ្យពាណិជ្ជករវៀតណាម លួចនាំជ្រួកចូលតាមច្រករបៀងមួយចំនួន ក្នុងខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ៖ «បិទមិនជិតទេ អំពើពុករលួយជាប្រព័ន្ធ។ ចេញមកគេរាយការណ៍ប្រាប់គ្រប់បណ្ដាញទាំងអស់ ទាំងប៉េអិម ប៉ូលិសទាហានអី គ្រប់ស្ថាប័នបិទមិនជិត។ ពលរដ្ឋយើងច្បាស់ជាប៉ះពាល់ហើយ ធ្ងន់ធ្ងរហើយ ព្រោះអនាគតចិញ្ចឹមលែងកើត យើងពឹងអីទៀតឥឡូវ ភាគច្រើនកសិករចិញ្ចឹមលក្ខណៈគ្រួសារចិញ្ចឹមលែងកើតអស់ហើយ វាឆ្លងជំងឺហ្នឹង»។
មកទល់ពេលនេះជំងឺប៉េស្តជ្រូក បានឆ្លងរាលដាល ដល់ខេត្តចំនួន ៤ សុទ្ធសឹងជាខេត្តនៅជាប់ព្រំដែនប្រទេសវៀតណាមរួមមាន ខេត្តរតនគិរី ខេត្តត្បូងឃ្មុំ ខេត្តតាកែវ និងខេត្តស្វាយរៀង។ កាលពីចុងខែមីនា ឆ្នាំ២០១៩ ជំងឺប៉េស្តជ្រូក បានឆ្លងជាលើកដំបូង ចូលក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយមានជ្រូកជាង ២ពាន់ក្បាល (២.១៤០) ត្រូវបានសម្លាប់ចោល និងងាប់។
អភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល ប្រាប់អាស៊ីសេរីថា នៅគ្រាដែលកើតជំងឺប៉េស្តជ្រូក ក្នុងភូមិឫស្សីជួរខាងត្បូង រដ្ឋបាលខេត្តបានបញ្ជាឱ្យអភិបាលរងខេត្តម្នាក់ ដឹកនាំមន្ត្រីជំនាញចុះស្រាវជ្រាវករណីនេះ និងកំពុងចាត់វិធានការបាញ់ថ្នាំទប់ស្កាត់ មិនឱ្យរាលដាលដល់តំបន់ផ្សេងទៀត។ លោកថា មន្ត្រីជំនាញរបស់ក្រសួងកសិកម្ម និងអាជ្ញាធរខេត្តបានអប់រំផ្សព្វផ្សាយពីវិធីសាស្ត្របង្ការដល់ពលរដ្ឋដល់មូលដ្ឋាន។ លើសពីនេះ លោកអះអាងថា រដ្ឋបាលខេត្តបានបញ្ជាកម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញ ប្រុងប្រយ័ត្នទាំងយប់/ថ្ងៃ ទប់ស្កាត់ មិនឱ្យនាំជ្រួកចូលពីប្រទេសវៀតណាមគ្រប់ច្រកទាំងអស់៖ «ឥឡូវខាងរដ្ឋលេខាធិការក្រសួងកសិកម្ម ខាងរដ្ឋបាលខេត្តផង ខាងអីផង កំពុងបាញ់ថ្នាំនៅភូមិហ្នឹង កំពុងផ្សព្វផ្សាយ ធ្វើការងារហ្នឹង មិនរាលដាលទៅណាទៀតទេ បើយើងហ៊ុមព័ទ្ធជិតហើយតាមព្រំដែន ទាំងយប់និងថ្ងៃ កងកម្លាំង មិនឱ្យចេញចូលខេត្តស្វាយរៀងទេ ទប់ស្កាត់សម្បើមណាស់»។
ប្រធានមជ្ឈមណ្ឌលពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ចាត់ទុកវត្តមានជំងឺ ប៉េស្តជ្រូក ជះឥទ្ធិពលអាក្រក់ដល់សង្គម និងបង្កឱ្យខាតបង់ថវិកាធ្ងន់ធ្ងរដល់ពលរដ្ឋដែលមានមុខរបបចិញ្ចឹមសត្វជ្រូកលក្ខណៈគ្រួសារ និងកសិដ្ឋាន។ លោកសង្កេតឃើញថា បើទោះបីជាពលរដ្ឋ និងក្រុមអង្គការសង្គមស៊ីវិលតែងតែ អំពាវនាវឱ្យអាជ្ញាធរជំនាញពាក់ព័ន្ធទប់ទល់ និងលុបបំបាត់នាំជ្រូកពីប្រទេសវៀតណាមក្តី ក៏ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធហាក់ធ្វេសប្រហែស ដោះស្រាយបញ្ហានេះ ដែលជាហេតុធ្វើឱ្យពលរដ្ឋភ័យព្រួយពីសុខុមាលភាព និងផលប៉ះពាល់អវិជ្ជមាននានា ដល់ជីវភាពរស់នៅ៖ «ខ្ញុំមិនទាន់មានជំនឿជាក់ ការចាត់វិធានការរបស់អាជ្ញាធរ ក្នុងការទប់ស្កាត់មិនឱ្យជ្រូកមានជំងឺចូលទេ។ ប្រសិនយើងទប់ស្កាត់បាន បោសសំអាតឱ្យល្អមន្ត្រីដែលខិលខូច យកតួនាទីសម្រួលឱ្យមានការនាំចូលជ្រូក ក្រោមរូបភាពពុករលួយជាដើម»។
សេចក្ដីប្រកាសរបស់ក្រសួងកសិកម្មបង្ហាញថា ជំងឺប៉េស្ដជ្រូកអាហ្វ្រិកនេះ បណ្ដាលឱ្យសត្វជ្រូកឈឺងាប់យ៉ាងឆាប់រហ័ស មានអត្រាខ្ពស់រហូតដល់ ១០០ភាគរយបង្កឱ្យខាតប្រយោជន៍ពលរដ្ឋធ្ងន់ធ្ងរ។ ក្រសួងអះអាងថា ជំងឺប៉េស្ដជ្រូកអាហ្វ្រិកនឹងមិនឆ្លង ឬប៉ះពាល់ដល់មនុស្សឡើយ៕
No comments:
Post a Comment