ដោយ មាន ឫទ្ធិ
2019-07-10
rfa

ស្នងការពាណិជ្ជកម្មអឺរ៉ុប អ្នកស្រី សេស៊ីលីយ៉ា ម៉ាស្ត្រុម (Cecilia Malmstrom)
Screenshot: Cecilia Malmstrom Twitter
ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប អ្នកស្រី សេស៊ីលៀ ម៉ាស្ត្រុម (Cecilia Malmstrom) គូសបញ្ជាក់ថា ដំណើរការនីតិវិធីដកហូតប្រព័ន្ធអនុគ្រោះពន្ធ គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ ហៅកាត់ថា EBA ពីកម្ពុជា មិនមែនជាការដាក់ទណ្ឌកម្មកម្ពុជាទេ តែជាការអនុវត្តកាតព្វកិច្ចផ្លូវច្បាប់ ដូចដែលមានចែងក្នុងកិច្ចព្រមព្រៀងជាមួយកម្ពុជាអំពីការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធនេះ នៅពេលដែលមានការំលោភសិទ្ធិមនុស្ស សិទ្ធិការងារ និងដំណើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ។ អ្នកស្រីថ្លែងការពារការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងប្រទេសវៀតណាមកាលពីពេលថ្មីៗនេះ ថា ផ្ដល់អំណោយផលល្អផ្នែកសេដ្ឋកិច្ច និងថា វាជាផ្នែកមួយជួយជំរុញឱ្យមានកិច្ចពិគ្រោះយោបល់បន្ថែមជាមួយអាជ្ញាធរវៀតណាម រឿងបញ្ហារំលោភសិទ្ធិមនុស្សផងដែរ។ អ្នកស្រីរំឭកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មតែឯង មិនអាចដោះស្រាយរាល់បញ្ហានយោបាយ និងបញ្ហាសង្គមនៅក្នុងប្រទេសណាមួយបាននោះទេ ដរាបណាគ្មានការរួមផ្សំជាមួយឆន្ទៈនយោបាយ និងឧបករណ៍ដទៃទៀតនោះ។
ខាងក្រោមនេះជាបទសម្ភាសរវាងអ្នកយកព័ត៌មានអាស៊ីសេរី និងស្នងការពាណិជ្ជកម្មអឺរ៉ុប អ្នកស្រី សេស៊ីលៀ ម៉ាស្ត្រុម ជុំវិញបញ្ហានីតិវិធីដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា និងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប ជាមួយប្រទេសវៀតណាមកាលពីពេលថ្មីៗនេះ ដូចតទៅ៖
អាស៊ីសេរី៖ សហភាពអឺរ៉ុប បានបញ្ជូនគណៈប្រតិភូ ដែលរួមមានតំណាងមកពីគណៈកម្មការអឺរ៉ុប ក្នុងដំណើរបេសកកម្មស្វែងរកការពិតទៅកាន់ប្រទេសកម្ពុជា កាលពីដើមខែមិថុនា ដែលនេះគឺជាផ្នែកមួយនៃនីតិវិធីដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលបានធ្វើតាំងពីពាក់កណ្តាលខែកុម្ភៈឆ្នាំនេះ។ សូមអ្នកស្រីជួយប្រាប់បន្តិចមើល ថាតើមានការពិភាក្សាគ្នាជុំវិញរឿងរ៉ាវអ្វីខ្លះកាលពីក្នុងដំណើរបេសកកម្មនោះ?
សេស៊ីលៀ ម៉ាស្ត្រុម៖ ចាស៎! នេះគឺជាផ្នែកមួយនៃដំណើរការ ដែលយើងបានប្រកាសតាំងពីឆ្នាំទៅ អំពីលទ្ធភាពនៃការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ពីប្រទេសកម្ពុជា ដោយសារការរំលោភសិទ្ធិមនុស្ស សិទ្ធិការងារ និងបញ្ហាដទៃទៀត។ ដូច្នេះ ការប្រកាសអំពីនីតិវិធីនេះ មិនមែនជារឿងកើតឡើងដោយស្វ័យប្រវត្តិនោះទេ។ វាគឺជាការចាប់ផ្តើមនៃដំណើរការនីតិវិធីដ៏វែងឆ្ងាយមួយ ដែលយើងចង់ពិគ្រោះយោបល់ជាមួយអាជ្ញាធរកម្ពុជា។ យើងបាននិយាយជាមួយពួកគេ ក្នុងកម្រិតផ្សេងៗពីគ្នា។ ក្នុងនោះក៏មានរដ្ឋមន្ត្រីរបស់ក្រសួងពាក់ព័ន្ធកម្ពុជាបានអញ្ជើញមកទីនេះ បានជួបជាមួយខ្ញុំ និងសហការីមួយចំនួនរបស់ខ្ញុំ។ យើងក៏មានបេសកកម្មផ្សេងៗពីគ្នាផងដែរ។
បេសកកម្មចុងក្រោយ ដែលនឹងត្រៀមធ្វើសេចក្តីសន្និដ្ឋានរបស់ខ្លួន រួមមានការជួបពិភាក្សាថ្នាក់ក្រសួង ជាមួយសង្គមស៊ីវិល ជាមួយភាគីពាក់ព័ន្ធផ្សេងៗនៅកម្ពុជា ដើម្បីទទួលបាននូវការស្វែងយល់កាន់តែទូលំទូលាយមួយ តាមដែលអាចធ្វើទៅបាន។ ហើយក៏ជារបៀបមួយ ធ្វើឡើងប្រកបដោយតម្លាភាពទាំងស្រុង ជាមួយនឹងអាជ្ញាធរ ដោយមានការចូលរួមរបស់ពួកគេ និងកិច្ចសន្ទនាជាមួយពួកគេ ដើម្បីពន្យល់ពួកគេអំពីអ្វីដែលយើងរំពឹងចង់បានពីពួកគេ។ យើងក៏ចង់និយាយឱ្យបានច្បាស់ជាមួយពួកគេថា យើងចង់ឃើញពួកគេចាត់វិធានការណ៍ឱ្យបានសមស្រប។
ឥឡូវនេះ លទ្ធផលនៃបេសកកម្មនេះ នឹងក្លាយជារបាយការណ៍មួយ ហើយថាអាជ្ញាធរកម្ពុជាមានពេលដល់ពាក់កណ្ដាលខែសីហា ដើម្បីឆ្លើយតប។ បន្ទាប់មកទៀត យើងនឹងពិភាក្សាគ្នា ដើម្បីចេញរបាយការណ៍ថ្មីមួយទៀត ដើម្បីពិគ្រោះយោបល់ជាមួយរដ្ឋសមាជិករបស់យើងជុំវិញបញ្ហានេះ ថាតើ... យើងដើរដល់ណាហើយក្នុងរយៈពេលជាង ៦ ខែមកនេះ។
អាស៊ីសេរី៖ តើគណៈប្រតិភូអឺរ៉ុបនេះ គ្រោងនឹងជួបជាមួយលោក ហ៊ុន សែន ដែរឬទេ នៅពេលអនាគត?
សេស៊ីលៀ ម៉ាស្ត្រុម៖ ចាស៎! យើងមានទំនាក់ទំនងជាមួយខុទ្ទកាល័យរបស់លោក តាមរយៈតំណាងរបស់យើងនៅកម្ពុជា។ ខ្ញុំក៏បានជួបជាមួយរដ្ឋមន្ត្រីជាច្រើននាក់របស់គាត់ដែរ ក៏ដូចជាសហការីមួយចំនួនរបស់ខ្ញុំ ក្នុងនោះរួមមានស្នងការផ្នែកកិច្ចការសង្គម និងអ្នកពាក់ព័ន្ធដទៃទៀតក្នុងរឿងនេះ។ ដូច្នេះ ពិតជាមានកិច្ចសន្ទនា ទាំងកម្រិតទ្វេភាគី និងកម្រិតអាស៊ាន។
អាស៊ីសេរី៖ តើអ្នកស្រី អាចជម្រាបបានទេថាតើ នឹងមានបេសកកម្មស្វែងរកការពិតនាពេលបន្ទាប់មកទៀត ដែរឬទេ?
សេស៊ីលៀ ម៉ាស្ត្រុម៖ មិនមានទៀតទេ។ នេះគឺជាបេសកកម្មលើកទីពីរ ហើយជាលើកចុងក្រោយដែរ។
អាស៊ីសេរី៖ និយាយពីស្ថានភាពនៅកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន តើអ្នកស្រីមានក្តីសង្ឃឹមប៉ុណ្ណាដែរ ដែលថា ស្ថានភាពសិទ្ធិមនុស្សនៅទីនោះ នឹងមានការកែលម្អ ហើយប្រទេសនេះ នឹងព្យាយាមត្រលប់មករកគន្លងត្រឹមត្រូវតាមបែបប្រជាធិបតេយ្យឡើងវិញនោះ?
សេស៊ីលៀ ម៉ាស្ត្រុម៖ ចាស៎! រឿងនេះ គឺស្ថិតក្នុងកណ្តាប់ដៃទាំងស្រុងរបស់លោក ហ៊ុន សែន និងរដ្ឋបាលរបស់លោក។ ពីព្រោះថា យើងគិតថា ស្ថានភាពបានដើរថយក្រោយ ជុំវិញរឿងសិទ្ធិមនុស្សនារយៈពេលចុងក្រោយនេះ... រឿងដែលគណបក្សប្រឆាំងត្រូវបានគេរម្លាយ ការបោះឆ្នោតមិនត្រូវបានទទួលស្គាល់ដោយប្រទេសជាច្រើននៅលើពិភពលោក...។ យើងឃើញមានការកម្រិតលំហ សង្គមស៊ីវិល និងប្រព័ន្ធសារព័ត៌មានជាដើម។ ក៏មានក្តីបារម្ភមួយចំនួនអំពីបទដ្ឋានការងារ អំពើច្បាមយកដីធ្លីជាដើម។ យើងគិតថា មានការកែលម្អតិចតួចដែរខាងវិស័យសង្គមកិច្ច ដែលជារឿងល្អ ប៉ុន្តែយើងសង្ឃឹមថា មានការកែលម្អច្រើនជាងនេះ។ អ្វីៗគឺអាចកើតមានឡើងបាន។ ប៉ុន្តែ ក្នុងកណ្តាប់ដៃលោក ហ៊ុន សែន ទំនងដូចជាមិនអាចកើតឡើងបានច្រើននោះទេ។
អាស៊ីសេរី៖ តើអ្នកស្រីអាចផ្ដល់ឧទាហរណ៍មួយបានទេ អំពីការកែលម្អតិចតួចផ្នែកសង្គមកិច្ចនោះ?
សេស៊ីលៀ ម៉ាស្ត្រុម៖ យើងនឹងធ្វើការវាយតម្លៃជាស្ថាពរមួយ។ តែមនុស្សរបស់យើង បានប្រាប់មកថា មានការកែលម្អខ្លះអំពីករណីនេះ នៅក្នុងស្ថានភាពវិស័យការងារនេះឯង។
អាស៊ីសេរី៖ អ្នកស្រីមានអ្វីចង់បន្ថែមទៀតទេ ជុំវិញបញ្ហារបស់កម្ពុជានេះ?
សេស៊ីលៀ ម៉ាស្ត្រុម៖ រឿងរ៉ាវនេះ ភាគច្រើនគឺពាក់ព័ន្ធនឹងដំណើរការនៃនីតិវិធីដកហូតប្រព័ន្ធអនុគ្រោះពន្ធ។ ខ្ញុំចង់មានន័យថា វាធ្វើឡើងជាលក្ខណៈតម្លាភាពទាំងស្រុង ជាមួយនឹងជំហ៊ាននានាដែលពាក់ព័ន្ធនឹងលទ្ធភាពសម្រាប់ឱ្យអាជ្ញាធរកម្ពុជាធ្វើការឆ្លើយតប។ ហេតុអ្វីបានយើងត្រូវដូច្នេះ? មិនមែនដើម្បីដាក់ទោសទណ្ឌនោះទេ ពីព្រោះនៅពេលដែលយើងផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធនេះទៅឱ្យកម្ពុជា វាពិតជាមានសារសំខាន់សម្រាប់ពួកគេ ហើយចាំបាច់សម្រាប់ពួកគេ ក្នុងការចូលរួមឱ្យមានការបង្កើតការងារធ្វើបានច្រើន និងកំណើននៃការនាំចេញជាដើម។ នេះគឺអ្វីដែលយើងចង់បាន។
ក៏ប៉ុន្តែ នៅក្នុងអត្ថបទផ្លូវច្បាប់អំពីកិច្ចព្រមព្រៀងនេះ មានការចែងច្បាស់ថា ប្រសិនបើមានការធ្លាក់ចុះដុនដាបនៃបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារ ប្រព័ន្ធអនុគ្រោះពន្ធនេះ អាចត្រូវបានដកហូតដោយផ្នែក ឬទាំងស្រុង។ ដូច្នេះហើយ ក្នុងនាមជាស្នងការ យើងមានកាតព្វកិច្ច ក្នុងការត្រួតពិនិត្យមើលបញ្ហាអស់ទាំងនេះ។ យើងពិតជាគិតថា បើប្រៀបធៀបទៅពីរបីឆ្នាំមុននេះ ស្ថានភាពនៅកម្ពុជាកំពុងដើរធាក់ថយក្រោយ។ ដូច្នេះយើងពិតជាមានកាតព្វកិច្ច ជាមួយនឹងភាគីពាក់ព័ន្ធរបស់យើង មិនមែនតែក្រុមហ៊ុន តែរួមទាំងសភាអឺរ៉ុប និងបណ្ដារដ្ឋសមាជិក ឱ្យមានការត្រួតពិនិត្យមើលឱ្យបានដិតដល់ជុំវិញករណីនេះ។ អ៊ីចឹងហើយបានជាយើងចេញនូវការព្រមានធ្ងន់ធ្ងរមួយនេះ។ តែដំណើរការនេះ នៅមិនទាន់បិទបញ្ចប់នៅឡើយទេ។
អាស៊ីសេរី៖ ឥឡូវយើងងាកទៅបញ្ហាការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងភាគីសហភាពអឺរ៉ុប ជាមួយនឹងប្រទេសវៀតណាមវិញម្ដង។ ក្រុមអ្នករិះគន់កិច្ចព្រមព្រៀងនេះ និយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ពុំបានពង្រឹងស្តង់ដារសិទ្ធិមនុស្ស និងបន្តផ្ទេរការងារទៅឱ្យប្រទេសដទៃ ដែលបណ្ដាលឱ្យកម្មករនិយោជិកនៅអឺរ៉ុបប្រឈមនឹងភាពងាយរងគ្រោះ។ តើអ្នកស្រីមានអំណះអំណាងយ៉ាងដូចម្ដេចដែរជុំវិញការលើកឡើងនេះ?
សេស៊ីលៀ ម៉ាស្ត្រុម៖ យើងមានចែងក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ នូវជំពូកមួយស្ដីពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ យើងក៏បានជំរុញឱ្យអាជ្ញាធរវៀតណាម ផ្ដល់សច្ចាប័នលើកតិកាសញ្ញាស្នូលរបស់អង្គការអន្តរជាតិខាងការងារ ILO ដែលពួកគេបានចុះហត្ថលេខា...។ យើងក៏បានជំរុញពួកគេឱ្យធ្វើដូច្នោះដោយផ្អែកតាមបរិបទនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
ទន្ទឹមនឹងនេះ ក៏មានការចែងអំពីសិទ្ធិការងារ សិទ្ធិបរិស្ថាន និងសិទ្ធិមនុស្សនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះដែរ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ក៏កើតមានឡើងព្រមគ្នាជាមួយនឹងកិច្ចព្រមព្រៀងភាពជាដៃគូទូលំទូលាយដែរ។ ... វាក៏កើតមានឡើងជាមួយកិច្ចព្រមព្រៀងជាមួយសមាគម ដែលក៏រួមមានការចែងភាសាធ្ងន់ៗ អំពីសិទ្ធិមនុស្ស ដែលក្នុងបរិបទនេះ បង្កើតឱ្យមានជាកិច្ចសន្ទនាជុំវិញបញ្ហាសិទ្ធិមនុស្ស។ យើងក៏មានការព្រួយបារម្ភផងដែរអំពីបញ្ហាសិទ្ធិមនុស្សមួយចំនួននៅវៀតណាម។ ជាការពិតណាស់ កិច្ចព្រមព្រៀងពាណិជ្ជកម្មប្រាកដជាមិនអាចដោះស្រាយរឿងទាំងអស់នេះបានទេ ក៏ប៉ុន្តែវាបង្កើតនូវយន្តការមួយជាមួយនឹងកិច្ចព្រមព្រៀងភាពជាដៃគូជាមួយសមាគម ដើម្បីបន្តកិច្ចពិគ្រោះយោបល់ ជំរុញ និងធ្វើការជាមួយអាជ្ញាធរវៀតណាម ដើម្បីកែលម្អស្ថានភាពទាំងនោះ។
អាស៊ីសេរី៖ មួយវិញទៀតក្រុមអ្នករិះគន់ថា សហភាពអឺរ៉ុបពុំបានអនុវត្តស្តង់ដារប្រកបដោយភាពស៊ីសង្វាក់គ្នានោះទេ តាមរយៈការចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាមនេះ ខណៈដែរសហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មកម្ពុជា និងមីយ៉ាន់ម៉ា ឬភូមា ដោយសារតែបានរំលោភសិទ្ធិមនុស្ស។ តើអ្នកស្រីឆ្លើយតបបែបណាដែរទៅនឹងការលើកឡើងនេះ?
សេស៊ីលៀ ម៉ាស្ត្រុម៖ វាជារឿងរ៉ាវពីរផ្សេងពីគ្នា។ នៅពេលដែលយើងផ្ដល់ឆន្ទានុសិទ្ធិផ្នែកពាណិជ្ជកម្មនេះទៅឱ្យប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា យើងដឹងច្បាស់ទាំងអស់គ្នាណាស់ថា ប្រទេសទាំងពីរនេះ មិនមែនមានប្រជាធិបតេយ្យល្អឥតខ្ចោះនោះទេ។ យើងក៏មិនបានដាក់ទណ្ឌកម្មពួកគេទេ តែក្នុងឯកសារផ្លូវច្បាប់មានចែងថា ប្រសិនបើមានការដើរថយក្រោយ... ប្រសិនបើស្ថានភាពមិនធ្វើដំណើរតាមទិសដៅត្រូវទេ យើងអាចចាត់វិធានការណ៍បាន។ តាមពិតទៅ យើងមានកាតព្វកិច្ចផ្លូវច្បាប់ ដើម្បីពិនិត្យមើលបញ្ហាទាំងនេះ ហើយដើម្បីធានាថា យើងចាប់ផ្ដើមបើកការស៊ើបអង្កេត ឬក៏កិច្ចពិគ្រោះយោបល់ឱ្យបានដិតដល់ ដើម្បីពិនិត្យមើល អំពីការដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះ។
សម្រាប់ប្រទេសវៀតណាមវិញ យើងដឹងច្បាស់ណាស់ថា ពិតជាមានបញ្ហាអំពីការរំលោភសិទ្ធិមនុស្សមែន ដែលគ្មាននរណាម្នាក់អាចប្រកែករឿងនេះបានឡើយ។ ក៏ប៉ុន្តែ យើងនៅតែគិតថា កិច្ចព្រមព្រៀងពាណិជ្ជកម្មគឺជារឿងល្អសម្រាប់សេដ្ឋកិច្ច តែវាក៏ផ្ដល់នូវលទ្ធភាពសម្រាប់យើងទាំងអស់គ្នា ឱ្យអាចធ្វើកិច្ចពិគ្រោះយោបល់ជាមួយប្រទេសនេះបាន។ ...ថាតើយើងអាចធ្វើកិច្ចការបានយ៉ាងដូចម្ដេចខ្លះ ក្នុងការជួយជំរុញបន្ថែមនោះ? នៅក្នុងកិច្ចព្រមព្រៀងនេះ ហើយជាមួយកិច្ចព្រមព្រៀងភាពជាដៃគូជាមួយសហគមន៍ ប្រសិនបើមានស្ថានការណ៍នេះ គឺមានយន្តការដើម្បីដកហូត ឬបន្តកិច្ចព្រមព្រៀងនេះ។ ដូច្នេះ យើងមានកិច្ចពិគ្រោះយោបល់ច្រើន ដែលពាក់ព័ន្ធនឹងគុណតម្លៃរបស់យើងនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។ គេក៏ត្រូវដឹងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មតែឯង មិនអាចដោះស្រាយរាល់បញ្ហានយោបាយ និងសង្គមនៅក្នុងប្រទេសណាមួយ បាននោះទេ។ វាអាចចូលរួមបាន ប្រសិនបើមានការផ្ដល់តម្លៃ រួមផ្សំជាមួយឆន្ទៈនយោបាយក្នុងប្រទេសនោះ និងឧបករណ៍ជាច្រើនដទៃទៀត៕
No comments:
Post a Comment