ដោយ មួង ណារ៉េត
2019-07-07

អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ។
RFA/Jeevita
តបទៅនឹងសារព្រមានរបស់លោក ហ៊ុន សែន និងរបបក្រុងភ្នំពេញនេះ អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ អះអាងថា មន្ត្រីអន្តរជាតិដែលនិយមប្រជាធិបតេយ្យ ហើយដែលបានប្ដេជ្ញា អមដំណើរជាមួយលោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំងនេះ កាន់តែមានចំនួនកើនឡើងបន្ថែមទៀត។
អ្នកស្រីថា គ្មានហេតុផលណាមួយដែលរបបលោក ហ៊ុន សែន អាចរារាំងមន្ត្រីបរទេសទាំងនោះ មិនឱ្យធ្វើដំណើរជាមួយមន្ត្រីបក្សប្រឆាំង ទៅប្រទេសកម្ពុជានោះឡើយ ព្រោះអ្នកទាំងនោះជាតំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់នៃគណបក្សនយោបាយ នៃប្រទេសប្រជាធិបតេយ្យ ដែលទៅកម្ពុជាដើម្បីធ្វើជាសាក្សី និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និង ដើម្បីបញ្ចៀសការព្យួរការអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប តែប៉ុណ្ណោះ៖ «មិនបាច់លោក ហ៊ុន សែន ពន្យល់គេ អំពីច្បាប់គេយល់ហើយច្បាប់។ តំណាងរាស្ត្រទាំងនេះ គឺចេញមកពីប្រទេស ដែលជាហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដូច្នេះគេមានកាតព្វកិច្ច គេមិនមែនទៅដើម្បីបង្កឱ្យមានអសន្តិសុខឯណា»។
អ្នកស្រី មូរ សុខហួរ ស្នើទៅលោក ហ៊ុន សែន កុំឱ្យភ័យបាក់ស្បាតខ្លាំងពេក រឿងដំណើរមាតុភូមិនិវត្តន៍របស់មន្ត្រីបកប្រឆាំង ដែលអ្នកស្រីអះអាងថា ទៅកម្ពុជាវិញ ដើម្បីប្រយោជន៍កម្ពុជានោះ។ អ្នកស្រីអំពាវនាវឱ្យលោក ហ៊ុន សែន គួរល្មមឈប់តាមព្យាបាទគណបក្សប្រឆាំងតទៀត និង គួរឆ្លៀតគិតគូរពីសុខភាពផ្ទាល់ខ្លួនខ្លះផង ព្រោះវ័យកាន់តែចាស់ណាស់ហើយ ម្យ៉ាងសុខភាពក៏កាន់តែទ្រុឌទ្រោមទៅទៀត។ អ្នកស្រី ស្នើឱ្យលោក ហ៊ុន សែន កុំធ្វើជាឆ្អឹងទទឹងក ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីឱ្យមានដំណោះស្រាយ ដើម្បីជាតិ៖ «ខ្ញុំចង់សុំឱ្យលោក ហ៊ុន សែន ទទួលទានដំណេកឱ្យបានស្រួល។ នៅថ្ងៃនេះ ឮសូរថាសុខភាពមិនស្រួលផង។ ខ្ញុំយល់ឃើញថា លោក ហ៊ុន សែន គួរទុកពេលវេលា ដើម្បីមើលថែសុខភាព និងទុកពេលវេលា ជូនប្រទេសជាតិយើង អាចមានឱកាសផ្សះផ្សាជាតិផង»។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង មានអ្នកស្រី មូរ សុខហួរ និង លោក សម រង្ស៊ី ផងបានបន្តកៀរគររកមន្ត្រីបរទេសជាច្រើនរូបបន្ថែមទៀត ដើម្បីហែហមអមដំណើរគណៈប្រតិភូគណបក្សប្រឆាំង វិលត្រឡប់ទៅកម្ពុជាវិញនេះ។ នៅពេលនេះ ពួកគាត់កំពុងមានវត្តមាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីចូលរួមក្នុងកិច្ចប្រជុំលើកទី២០២ របស់គណៈកម្មាធិការប្រតិបត្តិ នៃចលនាសេរីនិយមអន្តរជាតិ (Liberal International) ដែលប្រព្រឹត្តទៅ កាលពីថ្ងៃទី៦ ខែកក្កដា។
គណបក្សសង្គ្រោះជាតិ ជាសមាជិកពេញសិទ្ធិ នៃចលនាសេរីនិយមអន្តរជាតិនេះ។ ចំណែកឯប្រធានស្តីទីគណបក្សនេះ គឺលោក សម រង្ស៊ី ក៏ជាអនុប្រធានមួយរូប នៃចលនានេះ។
នៅក្នុងសារលើទំព័រហ្វេសប៊ុករបស់លោក លោក សម រង្ស៊ី អះអាងថា មានឥស្សរជនបរទេសជាច្រើន ដែលស្ម័គ្រចិត្ត ធ្វើដំណើរទៅប្រទេសកម្ពុជា ជាមួយលោកក្នុងពេលឆាប់ៗខាងមុខនេះ។តាមរយៈវីដេអូចំនួនពីរ ដែលអាស៊ីសេរីទទួលបានពីមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង កាលពីថ្ងៃទី៦ ខែ កក្កដា បង្ហាញជំហរមន្ត្រីពីររូបទៀត ដែលប្ដេជ្ញាទាមទារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមកវិញឱ្យបាន និងបានតាំងចិត្តថា គាំទ្រ និងអមដំណើរវិលត្រឡប់ទៅកម្ពុជាវិញ របស់មន្ត្រីបក្សប្រឆាំង។ ក្នុងនោះមានប្រធានចលនាសេរីនិយមអន្តរជាតិប្រចាំចក្រភពអង់គ្លេស អ្នកស្រី បារ៉ុនណេស សាល់ប្រ៊ិនថុន (Baroness Sal Brinton) និង ប្រធានធានចលនាសេរីនិយមអន្តរជាតិប្រចាំប្រទេសម៉ារ៉ុក (Morocco) អ្នកស្រី ហាគីម៉ា អែលហៃតេ (Hakima El Haite)៕
No comments:
Post a Comment