Monday, 8 July 2019

មន្ត្រី​បក្ស​ប្រឆាំង​ភៀសខ្លួន​នៅ​ថៃ​ជួប​ប្រជុំ​គ្នា​​​ត្រៀម​ផែនការណ៍​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក


ដោយ អាស៊ីសេរី
2019-07-08 

សកម្មភាព​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី៧ ខែ​កក្កដា ឆ្នាំ២០១៩ ត្រៀម​ផែនការ​នៅ​ទីក្រុង​បាងកក ដើម្បី​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក។
សកម្មភាព​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី៧ ខែ​កក្កដា ឆ្នាំ២០១៩ ត្រៀម​ផែនការ​នៅ​ទីក្រុង​បាងកក ដើម្បី​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក។
 រូប៖ ដោយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ



មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​ ប្រមាណ​ ៤០​នាក់​ កាល​ពី​រសៀល​ថ្ងៃ​ទី​៧​ កក្កដា​ បាន​ជួប​ជុំ​គ្នា​នៅ​ទី​ក្រុង​បាងកក​ ត្រៀម​ផែនការណ៍​អម​ដំណើរ​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម រង្ស៊ី​ វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ លើក​ឡើង​ថា ការ​ទៅ​ទទួល​លោក សម រង្ស៊ី ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ស្រប​ច្បាប់​។

មន្ត្រី​សម្របសម្រួល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ទីក្រុង​បាងកក​ លោក ម៉ោញ​ សារ៉ាត់​ ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​៨កក្កដា​ថា ពួកគាត់​បាន​ប្រជុំ​រៀបចំ​ផែនការណ៍ និង​ត្រៀម​កម្លាំង​សកម្មជន​នៅ​ក្នុង​នឹង​ក្រៅ​ប្រទេស​អម​ដំណើរ​លោក​ សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ ដោយ​មិន​ខ្លាច​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ធ្វើ​ទុក្ខបុកម្នេញ​នោះ​ទេ។លោក​បន្ត​ថា ផែន​ការ​ទាំង​នោះ​បាន​រៀបចំ​ច្បាស់លាស់ ប៉ុន្តែ​មិន​អាច​បក​ស្រាយ​លំអិត​នៅ​ពេល​នេះ​បាន​ទេ​ ព្រោះ​ជា​ផែន​ការ​សំងាត់​ សម្រាប់​ធ្វើ​ដំណើរ​​ទៅ​ឱ្យ​ដល់​គោលដៅ៖ «ខ្ញុំ​ក៏​ដូច​ជា​បងប្អូន​ដទៃ​ទៀត​ដែរ​ថា​អ្វី​ដែល​យើង​បាន​បាត់បង់​គឺ​បាត់បង់​អស់​ទៅ​ហើយ​អ្វី​ដែល​នៅ​សេស​សល់​បន្តិច​បន្តួច​នឹង​ដែល​ជា​ទ្រព្យ​សម្បត្តិ​ដែល​ជា​មរតក​ដូនតា​ ជាពិសេស​​កេរដំណែល​ផ្ទះ​សម្បែង​​នៅ​ស្រុក​ខ្មែរ​នេះ​ ដូច្នេះ​យើង​ទាំង​អស់​គ្នា​បាន​ត្រៀម​លក្ខណៈ​រួច​រាល់​ហើយ​ថា​ បើ​ទោះ​ជា​យើង​ត្រូវ​ប្រឈម​ការ​គំរាមកំហែង​​របស់​របប​ក្រុង​ភ្នំពេញ​ដល់​កម្រិត​ណា​ក៏​ដោយ​ ក៏​នៅ​ពេល​នេះ​យើង​នៅ​តែ​ដើរ​ទៅ​មុខ​ដល់​នាទី​ចុងក្រោយ​ ថា​តើ​យើង​ត្រូវ​បាត់បង់​អ្វី​ក៏​យើង​ព្រម​បាត់បង់​នៅ​ពេល​នោះ​ប្រសិន​បើ​ជា​មាន»។



លោក​បន្ត​ថា អ្នក​ចូល​រួម​ប្រជុំ​ទាំង​អស់​ភាគ​ច្រើន​ជា​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​ខេត្ត​ទូទាំង​ប្រទេស និង​បាន​នាំ​​ផែន​ការណ៍​ទាំង​នោះ​ទៅ​ផ្សព្វផ្សាយ​​ដល់​សកម្មជន​គណបក្ស​ខ្លួន​នៅ​តាម​មូលដ្ឋាន​បន្ត​ទៀត។

ចំណែក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង លោក ម៉ៅ វិបុល​ ដែល​បាន​ចូល​រួម​ប្រជុំ​នៅ​ទីក្រុង​បាងកក​ដែរ​ ថ្លែង​ថា នៅ​ខេត្ត​ស្វាយ​រៀង​​មាន​សកម្មជន​រាប់ពាន់​នាក់​បាន​ត្រៀម​ទៅ​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​។លោក​បន្ត​ថា មិន​មែន​តែ​ខេត្ត​ស្វាយ​រៀង​នោះ​ទេ​ គឺ នៅ​ដទៃ​ទៀត​ក៏​បាន​ត្រៀម​កម្លាំង​រួច​ជា​ស្រេច​ហើយ​ដែរ គឺ​រង់ចាំ​តែ​បញ្ជា​ពី​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខាង​ក្រៅ​ប្រទេស​តែ​ប៉ុណ្ណោះ៖ «ប្រទេស​ជាតិ​លិចលង់​ប៉ុណ្ណេះ​ហើយ យើង​ជា​ជនជាតិ​ខ្មែរយើង​ស្រលាញ់​ទឹក​ដី​ស្រលាញ់​ប្រទេស​ជាតិ អីចឹង​លោក​ប្រធាន​ទៅ​តាម​ផ្លូវ​ណា​យើង​នឹង​ទៅ​តាម​ផ្លូវ​នោះ​ទាំង​អស់​គ្នា​ មិន​ខ្លាច​ទេ​កាំភ្លើង​ ខ្លាច​អី​បើ​បាត់បង់​អស់​ហើយ​​យើង​នៅ​ខ្លាច​កាំភ្លើង​អី​ទៀត​ ព្រោះ​កើត​មក​ដើម្បី​ប្រទេស​ជាតិ​ដើម្បី​ទឹក​ដី​ ដើម្បី​កូន​ចៅ​ជំនាន់​ក្រោយ​បើ​យើង​បណ្ដោយ​ឱ្យ​របប​សព្វ​ថ្ងៃ​ធ្វើ​ទុក្ខបុកម្នេញ​ឱ្យ​ពលរដ្ឋ​រង​ទុក្ខវេទនា ហើយ​យើង​នៅ​សំងំ​សុខ​មិន​បាន​ទេ»។

រីឯ​ពលករ​ធ្វើ​នៅ​ប្រទេស​ថៃ​ លោក វិន មករា ថ្លែង​ថា លោក​នឹង​ពលករ​ជា​ច្រើន​នាក់​ទៀត​ធ្វើ​ការ​នៅ​ទីក្រុង​បាងកក​ សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​​ទទួល​ដំណឹង​មាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ផែនការណ៍​ច្បាស់​លាស់​ ដើម្បី​ទទួល​លោក សម រង្ស៊ី​ វិល​ចូល​ស្រុក​វិញ។លោក​បន្ត​​ថា ពលករ​នៅ​តំបន់​ពួកគាត់​ធ្វើ​ការ​ជា​ច្រើន​នាក់​ក៏​នឹង​​រួម​ដំណើរ​វិល​ទៅ​កម្ពុជា​​ជា​មួយ​លោក សម រង្ស៊ី ​វិញ​ដែរ៖ «បាទ! មតិ​ភាគ​ច្រើន​គឺ​ចង់​ឃើញ​ប្រទេស​ខ្មែរ​មាន​ការ​ផ្លាស់​ប្ដូរ​នាយករដ្ឋមន្ត្រី​ មាន​ការ​ផ្លាស់​ប្ដូរ​របប​ដឹក​លោក​ហ៊ុន សែន​ ចេញ​គឺ​យើង​មិន​ចង់​ឱ្យ​នាយករដ្ឋមន្ត្រី​សព្វ​ថ្ងៃ​បន្ត​អំណាច​ទៅ​មុខ​ទៀត​ទេ ព្រោះ​លោក​ដឹក​នាំ​ប្រទេស​ជាង​៤០​ឆ្នាំ​ហើយ​មិន​មាន​ការ​រីក​ចំរើន​ទេ ហើយ​ចិន​និង​យួន​រស់​នៅ​ពេញ​ស្រុក​ ហើយ​ផ្លូវ​ថ្នល់​ភ្លើង​មិន​ឃើញ​មាន​ការ​អភិវឌ្ឍន៍​ទៅ​ណា​ទេ​ គឺ​នៅ​តែ​ដដែល»។

កាល​ពី​ពេល​ថ្មីៗ​នេះ​លោក សម រង្ស៊ី ​បាន​ប្រកាស​ជា​លើក​ទី​២​ថា នឹង​​ចូល​ស្រុក​វិញ​​យ៉ាង​យូរ​ក្នុង​ខែ​កញ្ញា​ខាង​មុខ​។ លោក សម រង្ស៊ី បន្ត​ថា​ គម្រោង​វិល​ត្រលប់​ចូល​កម្ពុជា នៅ​ឆ្នាំ​២០១៩​នេះ​ លោក​នៅ​តែ​មាន​បំណង​ចង់​ចរចា​ជាមួយ​របប​ក្រុងភ្នំពេញ ហើយ​លោក​ក៏​​អំពាវនាវ​ឱ្យ​បង្កើន​ការ​ដាក់​សំពាធ លើ​របប​ក្រុង​ភ្នំពេញ គ្រប់​វិធីសាស្ត្រ ដើម្បី​បង្ខំ​ឱ្យ​លោក ហ៊ុន សែន ងាក​មក​រក​ការចរចា ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ។ គណបក្ស​កាន់​អំណាច​បាន​ច្រាន​ចោល គំនិត​របស់​លោក សម រង្ស៊ី ឲ្យ​មាន​ការ​ចរចា​នេះ​។ មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក​ ហ៊ុន សែន បាន​ព្រមាន​ថា លោក សម រង្ស៊ី នឹង​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​នៅ​ពេល​ដែល​លោក​ឈាន​ជើង​ចូល​មក​ដល់​ទឹក​ដី​កម្ពុជា បើ​ទោះ​បី​ជា​មាន​អ្នក​អម​ដំណើរ​ក៏​មិន​រួច​ខ្លួន​ដែរ​។ក្រៅ​ពី​នេះ​លោក ហ៊ុន សែន ក៏​ធ្លាប់​ព្រមាន​​​ប្រើ​កាំភ្លើង​យន្ត​បាញ់​ពី​ក្នុង​លេណដ្ឋាន​(ត្រង់សេ)​កងទ័ព​ប្រឆាំង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បើ​ហ៊ាន​វិល​ត្រលប់​ចូល​កម្ពុជា តាម​ច្រក​ព្រំដែន​ប្រទេស​ថៃ​ដែរ។

​​​​អ្នក​សម្រប​សម្រួល ​និង​អង្កេត​នៃ​​អង្គការ ​ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស  លើក​ឡើង​ថា​ ការ​ទៅ​ទទួល​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​​ក្នុង​ការ​ស្រលាញ់​បុគ្គល​ណា​ម្នាក់​ ដោយ​មិន​ខុស​ច្បាប់​នោះ​ទេ​។ទោះ​ជា​យ៉ាង​ណា​លោក​ បន្ត​ថា​ ការ​វិល​ចូល​ស្រុក​ឬ​មិន​ចូល​ស្រុក​មិន​មែន​ជា​​ដំណោះ​ស្រាយ​នយោបាយ​នោះ​ឡើយ ប្រសិន​បើ​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​មិន​ឆាប់​​ចរចា​ត្រូវ​រ៉ូវ​គ្នា​ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើង​វិញ​នោះ៖ «ខ្ញុំ​គិត​ថា​គួរ​តែ​មាន​ការ​សម្របសម្រួល​គ្នា​មក​ដល់​នេះ​ហើយ​ យើង​ត្រូវ​មើល​ក្បែរ​យើង​ផង​ គេ​បាន​ទ្រព្យសម្បត្តិ​គេ​បាន​លាភសក្ការៈ​យ៉ាង​ច្រើន​ទាញ​ចេញ​ពី​ជម្លោះ​របស់​ខ្មែរ​។ យើង​គួរ​តែ​ល្មម​ដោះដូរ​កែសម្រួល​ការងារ​ចារឹក​នយោបាយ​ឱ្យ​អាច​រក​វិធី​ជជែក​គ្នា​ ដើម្បី​ដោះ​ស្រាយ​​បញ្ហា​នយោបាយ​ប្រសើរ​ជាង​ កុំ​ឱ្យ​ខ្លាំង​រៀង​ខ្លួន​នាំ​ឱ្យ​ខាត​បង់​ប្រយោជន៍​ជាតិ»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​បន្ត​ថា ជម្លោះ​នយោបាយ​​របស់​កម្ពុជា​បាន​​អូស​បន្លាយ​ពេល​ប្រមាណ​២ឆ្នាំមក​នេះ​ បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ជា​បន្ត​បន្ទាប់ និង​មាន​ឈ្មោះ​មិន​ល្អ​នៅ​លើ​ឆាក​អន្តរជាតិ​​ ហើយ​កម្ពុជា​អាច​ប៉ះពាល់​កាន់​តែ​ខ្លាំង​នៅ​ពេល​សហគមន៍​អឺរ៉ុប​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធEBA ជា​ផ្លូវ​ការ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ៕

1 comment:

Anonymous said...

It is time for the Yuon's slave and the worst Khmer traitor in history Hun Sen to go to hell.

The international community and Khmer people presently have the right "equipment" to send this savage Hun Sen and his crooked family to see Ah Sdach Chkuot Sihanouk in hell.

93 Years Old Woman