ដោយ អាស៊ីសេរី
2019-07-08

សកម្មភាពសកម្មជនគណបក្សសង្គ្រោះជាតិជួបប្រជុំគ្នានៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ ត្រៀមផែនការនៅទីក្រុងបាងកក ដើម្បីអមដំណើរលោក សម រង្ស៊ី វិលចូលស្រុក។
រូប៖ ដោយសកម្មជនគណបក្សសង្គ្រោះជាតិ
មន្ត្រីគណបក្សប្រឆាំងដែលភៀសខ្លួននៅប្រទេសថៃ ប្រមាណ ៤០នាក់ កាលពីរសៀលថ្ងៃទី៧ កក្កដា បានជួបជុំគ្នានៅទីក្រុងបាងកក ត្រៀមផែនការណ៍អមដំណើរប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី វិលចូលស្រុកវិញនៅពេលខាងមុខ។ មន្ត្រីអង្គការសង្គមស៊ីវិល លើកឡើងថា ការទៅទទួលលោក សម រង្ស៊ី ជាសិទ្ធិសេរីភាពរបស់ពលរដ្ឋស្របច្បាប់។
មន្ត្រីសម្របសម្រួលគណបក្សសង្គ្រោះជាតិប្រចាំទីក្រុងបាងកក លោក ម៉ោញ សារ៉ាត់ ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី៨កក្កដាថា ពួកគាត់បានប្រជុំរៀបចំផែនការណ៍ និងត្រៀមកម្លាំងសកម្មជននៅក្នុងនឹងក្រៅប្រទេសអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញ ដោយមិនខ្លាចអាជ្ញាធររបបក្រុងភ្នំពេញធ្វើទុក្ខបុកម្នេញនោះទេ។លោកបន្តថា ផែនការទាំងនោះបានរៀបចំច្បាស់លាស់ ប៉ុន្តែមិនអាចបកស្រាយលំអិតនៅពេលនេះបានទេ ព្រោះជាផែនការសំងាត់ សម្រាប់ធ្វើដំណើរទៅឱ្យដល់គោលដៅ៖ «ខ្ញុំក៏ដូចជាបងប្អូនដទៃទៀតដែរថាអ្វីដែលយើងបានបាត់បង់គឺបាត់បង់អស់ទៅហើយអ្វីដែលនៅសេសសល់បន្តិចបន្តួចនឹងដែលជាទ្រព្យសម្បត្តិដែលជាមរតកដូនតា ជាពិសេសកេរដំណែលផ្ទះសម្បែងនៅស្រុកខ្មែរនេះ ដូច្នេះយើងទាំងអស់គ្នាបានត្រៀមលក្ខណៈរួចរាល់ហើយថា បើទោះជាយើងត្រូវប្រឈមការគំរាមកំហែងរបស់របបក្រុងភ្នំពេញដល់កម្រិតណាក៏ដោយ ក៏នៅពេលនេះយើងនៅតែដើរទៅមុខដល់នាទីចុងក្រោយ ថាតើយើងត្រូវបាត់បង់អ្វីក៏យើងព្រមបាត់បង់នៅពេលនោះប្រសិនបើជាមាន»។
លោកបន្តថា អ្នកចូលរួមប្រជុំទាំងអស់ភាគច្រើនជាមេដឹកនាំគណបក្សសង្គ្រោះជាតិនៅតាមខេត្តទូទាំងប្រទេស និងបាននាំផែនការណ៍ទាំងនោះទៅផ្សព្វផ្សាយដល់សកម្មជនគណបក្សខ្លួននៅតាមមូលដ្ឋានបន្តទៀត។
ចំណែកប្រធានគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀង លោក ម៉ៅ វិបុល ដែលបានចូលរួមប្រជុំនៅទីក្រុងបាងកកដែរ ថ្លែងថា នៅខេត្តស្វាយរៀងមានសកម្មជនរាប់ពាន់នាក់បានត្រៀមទៅអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញ។លោកបន្តថា មិនមែនតែខេត្តស្វាយរៀងនោះទេ គឺ នៅដទៃទៀតក៏បានត្រៀមកម្លាំងរួចជាស្រេចហើយដែរ គឺរង់ចាំតែបញ្ជាពីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅខាងក្រៅប្រទេសតែប៉ុណ្ណោះ៖ «ប្រទេសជាតិលិចលង់ប៉ុណ្ណេះហើយ យើងជាជនជាតិខ្មែរយើងស្រលាញ់ទឹកដីស្រលាញ់ប្រទេសជាតិ អីចឹងលោកប្រធានទៅតាមផ្លូវណាយើងនឹងទៅតាមផ្លូវនោះទាំងអស់គ្នា មិនខ្លាចទេកាំភ្លើង ខ្លាចអីបើបាត់បង់អស់ហើយយើងនៅខ្លាចកាំភ្លើងអីទៀត ព្រោះកើតមកដើម្បីប្រទេសជាតិដើម្បីទឹកដី ដើម្បីកូនចៅជំនាន់ក្រោយបើយើងបណ្ដោយឱ្យរបបសព្វថ្ងៃធ្វើទុក្ខបុកម្នេញឱ្យពលរដ្ឋរងទុក្ខវេទនា ហើយយើងនៅសំងំសុខមិនបានទេ»។
រីឯពលករធ្វើនៅប្រទេសថៃ លោក វិន មករា ថ្លែងថា លោកនឹងពលករជាច្រើននាក់ទៀតធ្វើការនៅទីក្រុងបាងកក សប្បាយចិត្តយ៉ាងខ្លាំងនៅពេលទទួលដំណឹងមានមន្ត្រីគណបក្សសង្គ្រោះជាតិមានផែនការណ៍ច្បាស់លាស់ ដើម្បីទទួលលោក សម រង្ស៊ី វិលចូលស្រុកវិញ។លោកបន្តថា ពលករនៅតំបន់ពួកគាត់ធ្វើការជាច្រើននាក់ក៏នឹងរួមដំណើរវិលទៅកម្ពុជាជាមួយលោក សម រង្ស៊ី វិញដែរ៖ «បាទ! មតិភាគច្រើនគឺចង់ឃើញប្រទេសខ្មែរមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រី មានការផ្លាស់ប្ដូររបបដឹកលោកហ៊ុន សែន ចេញគឺយើងមិនចង់ឱ្យនាយករដ្ឋមន្ត្រីសព្វថ្ងៃបន្តអំណាចទៅមុខទៀតទេ ព្រោះលោកដឹកនាំប្រទេសជាង៤០ឆ្នាំហើយមិនមានការរីកចំរើនទេ ហើយចិននិងយួនរស់នៅពេញស្រុក ហើយផ្លូវថ្នល់ភ្លើងមិនឃើញមានការអភិវឌ្ឍន៍ទៅណាទេ គឺនៅតែដដែល»។
កាលពីពេលថ្មីៗនេះលោក សម រង្ស៊ី បានប្រកាសជាលើកទី២ថា នឹងចូលស្រុកវិញយ៉ាងយូរក្នុងខែកញ្ញាខាងមុខ។ លោក សម រង្ស៊ី បន្តថា គម្រោងវិលត្រលប់ចូលកម្ពុជា នៅឆ្នាំ២០១៩នេះ លោកនៅតែមានបំណងចង់ចរចាជាមួយរបបក្រុងភ្នំពេញ ហើយលោកក៏អំពាវនាវឱ្យបង្កើនការដាក់សំពាធ លើរបបក្រុងភ្នំពេញ គ្រប់វិធីសាស្ត្រ ដើម្បីបង្ខំឱ្យលោក ហ៊ុន សែន ងាកមករកការចរចា ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ គណបក្សកាន់អំណាចបានច្រានចោល គំនិតរបស់លោក សម រង្ស៊ី ឲ្យមានការចរចានេះ។ មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន បានព្រមានថា លោក សម រង្ស៊ី នឹងត្រូវសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារនៅពេលដែលលោកឈានជើងចូលមកដល់ទឹកដីកម្ពុជា បើទោះបីជាមានអ្នកអមដំណើរក៏មិនរួចខ្លួនដែរ។ក្រៅពីនេះលោក ហ៊ុន សែន ក៏ធ្លាប់ព្រមានប្រើកាំភ្លើងយន្តបាញ់ពីក្នុងលេណដ្ឋាន(ត្រង់សេ)កងទ័ពប្រឆាំងលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បើហ៊ានវិលត្រលប់ចូលកម្ពុជា តាមច្រកព្រំដែនប្រទេសថៃដែរ។
អ្នកសម្របសម្រួល និងអង្កេតនៃអង្គការ ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស លើកឡើងថា ការទៅទទួលជាសិទ្ធិសេរីភាពរបស់ពលរដ្ឋក្នុងការស្រលាញ់បុគ្គលណាម្នាក់ ដោយមិនខុសច្បាប់នោះទេ។ទោះជាយ៉ាងណាលោក បន្តថា ការវិលចូលស្រុកឬមិនចូលស្រុកមិនមែនជាដំណោះស្រាយនយោបាយនោះឡើយ ប្រសិនបើមេដឹកនាំគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងមិនឆាប់ចរចាត្រូវរ៉ូវគ្នាដើម្បីស្ដារប្រជាធិបតេយ្យនៅកម្ពុជាឱ្យរស់ឡើងវិញនោះ៖ «ខ្ញុំគិតថាគួរតែមានការសម្របសម្រួលគ្នាមកដល់នេះហើយ យើងត្រូវមើលក្បែរយើងផង គេបានទ្រព្យសម្បត្តិគេបានលាភសក្ការៈយ៉ាងច្រើនទាញចេញពីជម្លោះរបស់ខ្មែរ។ យើងគួរតែល្មមដោះដូរកែសម្រួលការងារចារឹកនយោបាយឱ្យអាចរកវិធីជជែកគ្នា ដើម្បីដោះស្រាយបញ្ហានយោបាយប្រសើរជាង កុំឱ្យខ្លាំងរៀងខ្លួននាំឱ្យខាតបង់ប្រយោជន៍ជាតិ»។
មន្ត្រីសង្គមស៊ីវិលរូបបន្តថា ជម្លោះនយោបាយរបស់កម្ពុជាបានអូសបន្លាយពេលប្រមាណ២ឆ្នាំមកនេះ បានប៉ះពាល់ដល់សេដ្ឋកិច្ចជាតិជាបន្តបន្ទាប់ និងមានឈ្មោះមិនល្អនៅលើឆាកអន្តរជាតិ ហើយកម្ពុជាអាចប៉ះពាល់កាន់តែខ្លាំងនៅពេលសហគមន៍អឺរ៉ុបផ្ដាច់ការអនុគ្រោះពន្ធEBA ជាផ្លូវការក្នុងពេលដ៏ខ្លីខាងមុខ៕
1 comment:
It is time for the Yuon's slave and the worst Khmer traitor in history Hun Sen to go to hell.
The international community and Khmer people presently have the right "equipment" to send this savage Hun Sen and his crooked family to see Ah Sdach Chkuot Sihanouk in hell.
93 Years Old Woman
Post a Comment