Monday, 1 July 2019

សង្គម​ស៊ីវិល​ថា ការ​ប្ដេជ្ញា​ចិត្ត​របស់​របប​ក្រុង​ភ្នំពេញ​រឿង​ពង្រឹង​ប្រជាធិបតេយ្យ នៅ​ខ្វះ​ការ​អនុវត្ត​ជាក់​ស្ដែង

ដោយ ហេង រស្មី
2019-07-01 
ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA
ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA

Photo: RFA



សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ មើល​ឃើញ​ថា ការ​ប្ដេជ្ញា​ចិត្ត​របស់​របប​លោក ហ៊ុន សែន ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​នោះ មាន​តែ​នៅ​លើ​ក្រដាស​ប៉ុណ្ណោះ មិន​ទាន់​មាន​ការ​អនុវត្ត​ជាក់​ស្ដែង​ឱ្យ​មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ។

សង្គម​ស៊ីវិល​បញ្ចេញ​ប្រតិកម្ម​បែបនេះ ដោយសារតែ​​ប្រមុខ​ការ​ទូត​កម្ពុជា​បាន​អះអាង​ថា រដ្ឋាភិបាល​ប្ដេជ្ញា​ពង្រឹង​ប្រជាធិបតេយ្យ និង​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន សហជីព និង​អង្គការសង្គម​ស៊ីវិល។ សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ ជឿជាក់​ថា ការ​ធ្វើ​សម្បទាន​បន្តិច​បន្តួច​របស់​របប​ក្រុង​ភ្នំពេញ ដើម្បី​បង្ហាញ​ពី​ការ​​ប្តេជ្ញា​ចិត្ត​​ពង្រឹង​ប្រជាធិបតេយ្យ​នោះ នឹង​មិន​អាច​ផ្លាស់​ប្ដូរ​ជំហរ​របស់​សហភាព​អឺរ៉ុប​ ជុំវិញ​វិបត្តិ EBA បាន​ឡើយ។ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ប្រឹង​ប្រែង​ស្តារ​ស្ថានការណ៍​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ឱ្យ​បាន​ល្អ​ឡើង​វិញ ជាជាង​ប្រឹង​អួត​អាង​ប្រាប់​សហគមន៍​អន្តរជាតិ​ពី​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស។ លោក​បន្ត​ថា លោក​គាំទ្រ​រាល់​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​អំពី​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ និង​លើក​កម្ពស់​សិទ្ធិ​សេរីភាព​នៅ​ក្នុង​សង្គម​ ក៏ប៉ុន្តែ​លោក​ចង់​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ផង​ដែរ៖ «ច្បាប់​សហជីព​ក៏​មិន​ទាន់​បាន​កែ​លម្អ។ សេរីភាព​ក្នុង​ការ​ចង​ក្រង​សហជីព​ក៏​ស្ថិត​នៅ​ក្នុង​ការ​ប្រឈម​ ការ​គំរាម​កំហែង។ ដូច្នេះ​ហើយ​មិន​អាច​ចំណុច​បន្តិច​បន្តួច​នេះ​ យក​ទៅ​ប៉ះប៉ូវ​ដើម្បី​រក្សា​ EBA បាន​ទេ ពីព្រោះ​ការ​រក្សា​ EBA ទាល់តែ​ធ្វើ​ឱ្យ​ស្ថានភាព​នយោបាយ ​វិល​ត្រឡប់​ទៅ​មុន​ថ្ងៃ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់២០១៧»។


កាល​ពី​ពេល​ថ្មីៗ នេះ រដ្ឋ​មន្ត្រី​ការបរទេស​លោក ប្រាក់ សុខុន បាន​អះអាង​ប្រាប់​ឯក​អគ្គរដ្ឋទូត​អាល្លឺម៉ង់​ចប់​អាណត្តិ លោក អ៊ីនហ្គូ កាស្តេន (Ingo H. Karsten) ថា រដ្ឋាភិបាល​កម្ពុជា​ប្ដេជ្ញា​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ ព្រម​ទាំង​សេរីភាព​សារព័ត៌មាន​ សង្គម​ស៊ីវិល និង​សហជីព តាម​រយៈ​ការ​បង្កើត​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​សង្គម​ស៊ីវិល និង​ការ​​លើក​លែង​ទោស​ដល់​មេ​សហជីព។

លោក​បញ្ជាក់​ទៀត​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ខិត​ខំ​ធ្វើ​ការ​ជាមួយ​គណៈកម្មការ​អឺរ៉ុប ដើម្បី​ថែរក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ត​ទៅទៀត។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស កាល​ពី​ថ្ងៃ​ទី២៩ មិថុនា កន្លង​ទៅ។ ទោះ​ជា​យ៉ាង​ណា​ យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ ឯក​អគ្គរដ្ឋទូត​អាល្លឺម៉ង់​មិន​បាន​បង្ហាញ​ការ​គាំទ្រ​ ឬ​បញ្ចេញ​សារ​គួរ​ឱ្យ​ចាប់​អារម្មណ៍​អ្វី​ឡើយ ចំពោះ​ប្រសាសន៍​របស់​ប្រមុខ​ការទូត​កម្ពុជា​នេះ។ លោក​មាន​គ្រាន់​តែ​និយាយ​​ថា លោក​កត់​សម្គាល់​ឃើញ​ថា រដ្ឋាភិបាល​បាន​ខិត​ខំ​ធ្វើ​ការងារ​ច្រើន​ តាម​រយៈ​ការ​ដំឡើង​ប្រាក់​បៀវត្ស និង​ផ្ដល់​កិច្ច​គាំពារ​សង្គម​ជូន​កម្មករ ហើយ​ក្រៅ​ពី​នេះ លោក​លើក​ឡើង​តែ​​ពី​រឿង​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ប៉ុណ្ណោះ។

ថ្នាក់​ដឹក​នាំ​សហជីព​លោក រ៉ុង ឈុន យល់​ថា ចំណុច​ដែល​លោក ប្រាក់ សុខុន ថ្លែង​ប្រាប់​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​នេះ គឺជា​កែ​លម្អ​ដ៏​​តិច​តួច​ស្ដួច​ស្ដើង ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប​ទាម​ទារ​ច្រើន​ជាង​នេះ​ទៅ​ទៀត ដើម្បី​បន្ត​ផ្ដល់​ឱ្យ​កម្ពុជា​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA តទៅទៀត។ លោក​បន្ថែម​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ជុំ​វិញ​វិបត្តិ​ EBA នេះ ពីព្រោះ​ឱសានវាទ​របស់​សហភាព​អឺរ៉ុប​កាន់​តែ​ខិត​ជិត​មក​ដល់ ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​ធ្វើ​អ្វី​ជា​ដុំ​កំភួន​ក្នុង​ការ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ​នោះ​ឡើយ៖ «យើង​ឃើញ​ស្ថានភាព​ជាក់​ស្ដែង​មិន​បាន​កែ​លម្អ​អ្វី​ទាំង​អស់។ បើ​យើង​មាន​បំណង​ចង់​រក្សា EBA ពិត​ប្រាកដ​មែន យើង​គ្រាន់​តែ​ដោះ​លែង​លោក កឹម សុខា ផ្តល់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឱ្យ​សង្គ្រោះ​ជាតិ​មក​វិញ ផ្ដល់​សិទ្ធិ​នយោបាយ​ឱ្យ​អ្នក​នយោបាយ ហើយ​ឱ្យ​សង្គ្រោះ​ជាតិ​ដំណើរ​ការ​ឡើងវិញ ហើយ​និង​ធ្វើ​ការ​កែ​លម្អ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ បើក​សិទ្ធិ​សេរីភាព​ឱ្យ​ប្រជាពលរដ្ឋ និង​សហជីព NGOs មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ការ​ចូល​រួម​សកម្មភាព​ហ្នឹង​ទៅ ពេល​នោះ EBA សហភាព​អឺរ៉ុប​នឹង​រក្សា​ឱ្យ​ហើយ»។

សហភាព​អឺរ៉ុប​គ្រោង​​បិទ​បញ្ចប់​ដំណើរការ​ដាម​ដាន​ និង​វាយ​តម្លៃ​ស្ថានការណ៍​កម្ពុជា​នៅ​ពាក់​កណ្ដាល​ខែ​សីហា ខាងមុខ បន្ទាប់​ពី​បាន​បញ្ជូន​បេសកកម្ម​ស្វែង​រក​ការពិត​មក​កម្ពុជា​ចំនួន២ ដង។

សហភាព​អឺរ៉ុប​នឹង​ចេញ​របាយការណ៍​ស្ដីពី​របក​គំហើញ និង​ធ្វើ​សេចក្ដី​សន្និដ្ឋាន​នៅ​ខែ​វិច្ឆិកា។ ពេល​នោះ ​សហភាព​អឺរ៉ុប​នឹង​ទុក​ពេល ១ខែ​ ឱ្យ​របប​លោក ហ៊ុន សែន ដើម្បី​ឆ្លើយ​តប​នឹង​របាយការណ៍​នេះ។ នៅ​ខែ​កុម្ភៈ ឆ្នាំ២០២០ សហភាព​អឺរ៉ុប​នឹង​សម្រេចចិត្ត​ជា​ចុងក្រោយ​ថា ត្រូវ​ដក​ ឬ​រក្សា​ទុក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ហើយ​បើ​អឺរ៉ុប​សម្រេច​ដក​ហូត​មែន នោះ​ការ​យក​ពន្ធ​លើ​ទំនិញ​កម្ពុជា​នឹង​ត្រូវ​ចាប់​ផ្តើម​ជា​ផ្លូវ​ការ​នៅ​ខែ​សីហា ឆ្នាំ២០២០ ខាង​មុខ។ បើ​ត្រូវ​បង់​ពន្ធ​មែន នោះ​កម្ពុជា​នឹង​ត្រូវ​ខាត​បង់​ថវិកា​ជិត ៧រយ​លាន​ដុល្លារ​អាមេរិក​ ក្នុង​មួយ​ឆ្នាំ ដែល​ធ្វើ​ឱ្យ​វិស័យ​ឯកជន​រារែក​ចិត្ត​ក្នុង​ការ​បន្ត​រក​ស៊ី​នៅ​កម្ពុជា​តទៅទៀត ហើយ​ពេល​នេះ​ផល​ប៉ះពាល់​ខាង​សេដ្ឋកិច្ច និង​សង្គម​ អាច​មាន​ទំហំ​ធំធេង​ជាង​នេះ​ទៅ​ទៀត។ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា អ្វី​ដែល​ប្រមុខ​ការ​ទូត​កម្ពុជា​រៀបរាប់​ប្រាប់​មន្ត្រី​ទូត​អាល្លឺម៉ង់​នោះ គ្រាន់​តែ​ជា​ចំណែក​តូច​មួយ​នៃ​ការ​លើក​តម្កើង​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ។ ចំណែក​កង្វល់​ចម្បងៗ របស់​សហភាព​អឺរ៉ុប​វិញ លោក​ថា រដ្ឋាភិបាល​កម្ពុជា​​មិន​ទាន់បាន​​ឆ្លើយ​តប​ជា​វិជ្ជមាន​នៅ​ឡើយ​ទេ។

ចំណុច​ទាំង​នោះ​មាន​ជា​អាទិ ការ​ផ្ដល់​សម្បទាន​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បើក​ដំណើរការ​ឡើងវិញ ការ​រៀប​ចំ​ការ​បោះឆ្នោត​បែប​ប្រជាធិបតេយ្យ​ពិតប្រាកដ​ ការ​ផ្ដល់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ឱ្យ​បាន​ពេញលេញ​ដល់​ប្រជាពលរដ្ឋ និង​ការ​​បើក​លំហ​សេរីភាព​ការងារ​ដល់​អង្គការ​សង្គម​ស៊ីវិល សហជីព និង​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ ជាដើម៖ «យើង​ទទួល​ស្គាល់​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល ប៉ុន្តែ​រឿង​សកម្មភាព​ដែល​ធ្វើ​ឡើង​ដោយ​ជាក់​ស្តែង​នោះ យើង​អត់​ទាន់​ឃើញ​មាន​ការ​វិវឌ្ឍ​ណា​មួយ​ ដែល​គួរ​ឱ្យ​កត់​សម្គាល់​នៅឡើយ​ទេ។ ចំណុច​នេះ​ហើយ​ដែល​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​មិន​អាច​គ្រាន់​តែ​និយាយ ឬ​ក៏​ចេញ​តែ​លិខិត​ស្នាម​នោះ​ទេ ត្រូវ​តែ​អនុវត្ត​ជា​សកម្មភាព​ដើម្បី​ឱ្យ​គេ​មើល​ឃើញ​ថា កម្ពុជា​យើង​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ស្ដារ​ឡើង​វិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស។” អ្នក​ការពារ​សិទ្ធិមនុស្ស​រូប​នេះ អះអាង​ថា សេរីភាព​ខាង​អង្គការ​សមាគម​ និង​សហជីព នៅ​តែ​រង​ការ​រឹតត្បិត​ដដែល​ ដោយសារ​តែ​រដ្ឋាភិបាល​នៅ​តែ​ចាត់​ទុក​សង្គម​ស៊ីវិល​ឯករាជ្យ​ថា ជា​ក្រុម​អ្នក​ប្រឆាំង។

ចំណែក​ឯ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ដូចជា ការ​បញ្ចេញ​មតិ ​ការ​ជួប​ប្រជុំ​ និង​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី ជាដើម​នោះ ក៏​​ស្ថិតនៅ​​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ដាន​ពី​សំណាក់​អាជ្ញាធរ​ដែរ។ លោ​កបន្ថែម​ថា ស្ថានភាព​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ចាំបាច់​ត្រូវ​តែ​មាន​ការ​កែ​លម្អ​ឱ្យ​ប្រសើរ​ឡើងវិញ បើ​ពុំ​ដូច្នេះ​ទេ​កម្ពុជា​នឹង​ចៀស​មិន​ផុត​ពី​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ទីផ្សារ​សហភាព​អឺរ៉ុប​នោះ​ឡើយ៖ «បើ​យើង​កែ​សម្រួល កែ​ប្រែ​ទៅ​តាម​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប ខ្ញុំ​គិត​ថា កម្ពុជា​យើង​នឹង​មាន​ផល​ចំណេញ ពីព្រោះ​បើ​យើង​បាត់​បង់ EBA ឬក៏​ GSP កម្ពុជា​យើង​នឹង​ខាត​បង់​ច្រើន​ណាស់។ ជាពិសេស យើង​បារម្ភ​ចំពោះ​វិស័យ​វាយនភណ្ឌ និង​កាត់​ដេរ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កម្មករ និង​ក្រុម​គ្រួសារ​គេ​រាប់​លាន​នាក់​នោះ»។

រហូត​មក​ដល់​ពេល​ ស្ថានការណ៍​សិទ្ធិមនុស្ស សិទ្ធិ​ការងារ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មាន​ការ​វិវឌ្ឍ​តិច​តួច​បំផុត ពោល​គឺ​មាន​តែ​ការ​ទម្លាក់​ចោល​បណ្ដឹង​លើ​ថ្នាក់​ដឹក​នាំ​សហជីព​មួយ​ចំនួន និង​ការ​កែប្រែ​ច្បាប់​គណបក្ស​​នយោបាយ​ដើម្បី​បើក​ផ្លូវ​ឱ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​តែ​ប៉ុណ្ណោះ។ ចំណែក ការ​ទាមទារ​របស់​សហភាព​អឺរ៉ុប ឱ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរ​ការ​ឡើង​វិញ ផ្ដល់​អាសនៈ​ក្រុម​ប្រឹក្សា​សង្កាត់​ដល់​មន្ត្រី​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ និង​រៀប​ចំ​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ឡើង​វិញ​នោះ គ្មាន​ដំណើរ​ការ​ទៅ​មុខ​បន្តិច​សោះឡើយ។ កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​កោះហៅ​មន្ត្រី​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន​រាប់​រយ​នាក់​ឱ្យ​មក​ឆ្លើយ​បំភ្លឺ​រឿង​បំពាន​សាលដីកា​តុលាការ​កំពូល ក្នុង​នោះ​មាន​អ្នក​ខ្លះ​ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ថែម​ទៀត។ គណៈប្រតិភូ​អឺរ៉ុប​បាន​ដាស់​តឿន​របប​ក្រុង​ភ្នំពេញ​ម្ដង​ហើយ​ម្ដង​ទៀត​ថា ប្រសិន​បើ​របប​នេះ​នៅ​ចង់​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ EBA បន្ត​ទៅ​ទៀត របប​នេះ​ត្រូវ​តែ​​​កែ​លម្អ​កង្វល់​ទាំង​ឡាយ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ ឱ្យ​បាន​ពិត​ប្រាកដ​ និង​គួរ​ឱ្យ​ទុក​ចិត្ត​បាន៕ កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: