Monday, 1 July 2019

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ច្រាន​ចោល​ព័ត៌មាន​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​សហរដ្ឋ​អាមេរិក​ ​ជួយ​អភិវឌ្ឍ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម


លោក មាន ឫទ្ធិ
2019-07-01
rfa
រដ្ឋមន្ដ្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់​ (ហ្វេសប៊ុក)។ មន្ដ្រី​កងទ័ពជើងទឹក​កម្ពុជា ចូលរួមពិធី​ក្រោយ​ពេលធ្វើ​សមយុទ្ធយោធារួច កាលពី​ថ្ងៃទី២៦ ខែ​កុម្ភៈ​ឆ្នាំ២០១៦ (Reuters)។
រដ្ឋមន្ដ្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់​ (ហ្វេសប៊ុក)។ មន្ដ្រី​កងទ័ពជើងទឹក​កម្ពុជា ចូលរួមពិធី​ក្រោយ​ពេលធ្វើ​សមយុទ្ធយោធារួច កាលពី​ថ្ងៃទី២៦ ខែ​កុម្ភៈ​ឆ្នាំ២០១៦ (Reuters)។
 ហ្វេសប៊ុក/Reuters



រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក​ ​ទៀ ​បាញ់​ បដិសេធ​ព័ត៌មាន​ដែល​ថា​ ក្រសួង​ការពារ​ជាតិ​ ​មិន​អនុញ្ញាតឲ្យ​សហរដ្ឋ​អាមេរិក​ ​ជួយ​ជួសជុល​អាគារ​បណ្តុះបណ្តាល​ ​និង​ឃ្លាំង​ផ្ទុក​នាវា ​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​។ ​ថ្លែង​ប្រាប់​អាស៊ី​សេរី ​នៅ​មុន​ម៉ោង​ផ្សាយ​នេះ​បន្តិច​ លោក​ ​ទៀ​ ​បាញ់​ ​ថា​ ​ក្រសួង​ការពារ​ជាតិ​បាន​ជូន​ដំណឹង​ច្បាស់លាស់​រួចហើយ​ទៅ​ភាគី​អាមេរិក​ជុំវិញ​ករណី​នេះ​។

​TeaBanh_Small

លោក​ថា​ ​កម្ពុជា​ ​មិន​ដែល​ធ្លាប់​បដិសេធ​ម្តង​ណា​ឡើយ​ជុំវិញ​បញ្ហា​នេះ​ ​ហើយ​ថា ​កម្ពុជា​នៅតែ​រីករាយ​ ​និង​ចាំ​ទទួលស្វាគមន៍​ចំពោះ​ជំនួយ​នានា​។ ​ក៏ប៉ុន្តែ​ ​លោក​ ​ទៀ ​បាញ់​ ​គូសបញ្ជាក់​ថា​ ​ទីតាំង​ដែល​បម្រុង​នឹង​ជួសជុល​នោះ​ ត្រូវ​ដូរ​ទៅ​ទីកន្លែង​ផ្សេងទៀត​ ​ដើម្បី​អភិវឌ្ឍន៍​តំបន់​រាម​នេះ​ ​ដោយ​លោក​បដិសេធ​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ទីតាំង​ថ្មី​នោះ​។​



​«​គ្មាន​រឿង​អី​ដែល​យើង​ត្រូវ​បដិសេធ​អី​ទាំងអស់​។ ​ដូច្នេះ​រឿង​នេះ​ ​កុំ​និយាយ​ហួស​ពី​នេះ​ ​វា​អត់​មាន​អី​លើស​ពី​នេះ​ទេ​។ ​យើង​ត្រូវការ​អភិវឌ្ឍន៍​នៅ​តំបន់​រាម​ហ្នឹង​។ ​ដូច្នេះ​ទីតាំង​ហ្នឹង​គឺ​យើង​រៀបចំ​ ​ទៅ​ធ្វើ​នៅ​កន្លែង​ផ្សេង​ ​គឺ​ឲ្យ​វា​បាន​សមស្រប​ហ្នឹង​ ​និង​តាម​តម្រូវ​ការចាំបាច់​របស់​ខាង​សន្តិសុខ​លំហរ​សមុទ្រ​របស់​យើង​ដែល​មាន​មួយ​ផ្នែក​ កាល​មុន​នេះ​គឺ​សហរដ្ឋ​អាមេរិក​ ​អូស្ត្រាលី​ ​និង​ជប៉ុន​ ​បាន​ជួយ​រៀបចំ​ទី​បញ្ជាការ​មុខ​នៅ​ទីនោះ​។ ​ដូច្នេះ​ ​គឺ​យើង​នៅ​រក្សា​កន្លែង​នោះ​ ​ហើយ​យើង​ក៏​នៅតែ​ស្វាគមន៍​ដែរ​។ ​យើង​ក៏​អរគុណ​ណាស់​ចំពោះ​ការរៀបចំ​ហ្នឹង​។ ​តែ​ឥឡូវ​យើង​ត្រូវ​រៀបចំ​កន្ឡែង​មួយ​ថ្មី​ ​ឲ្យ​មាន​ការសមស្រប​មាន​ការសមស្រប​ជាង​ ​មាន​ការរីកចម្រើន​ជាង​ ធ្វើឲ្យ​វា​កាន់តែ​ល្អ​ឡើង​។​»​

ការពន្យល់​របស់​លោក​ ​ទៀ ​បាញ់​ ​នេះ​ ​កើត​មាន​ឡើង​ក្រោយពេល​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​ ​បាន​ស្នើ​ភាគី​កម្ពុជា​ ​ឲ្យ​ពន្យល់​ជុំវិញ​មូលហេតុ​ដែល​កម្ពុជា​ ​មិន​ព្រម​ទទួល​យក​សំណើ​របស់​ភាគី​អាមេរិក​ ក្នុង​ការជួយ​ជួសជុល​អាគារ​បណ្តុះបណ្តាល​នៅ​ឯ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​។ ​ទីភ្នាក់ងារ​សារព័ត៌មាន​អង់គ្លេស​ រ៉យ​ទ័រ ​រាយការណ៍​ ​នៅ​ថ្ងៃ​ទី ០១ កក្កដា ​ថា​ ​ការបដិសេធ​នេះ​ បណ្តាល​ឲ្យ​កាន់តែ​មាន​ការសង្ស័យ​អំពី​លទ្ធភាព​នៃ​ផែនការ​ ​ដែល​កម្ពុជា​អាច​អនុញ្ញាតឲ្យ​ចិន​កសាង​មូលដ្ឋាន​យោធា​របស់​ខ្លួន​ ក្នុង​ខេត្ត​កោះកុង​។​

ជុំវិញ​ការសង្ស័យ​នេះ​ លោក​ ​ទៀ ​បាញ់​ ​ជា​ថ្មី​ម្តង​ទៀត​បដិសេធ​ថា​ ​ជា​ព័ត៌មាន​មិន​ពិត​ ​និង​ថ្លែង​ការពារ​ថា​ ​រដ្ឋាភិបាល​ ​គ្រាន់តែ​អនុញ្ញាតឲ្យ​ចិន​ធ្វើ​ការវិនិយោគ​ ​និង​អភវិឌ្ឍន៍​តំបន់​នោះ​ ​ទៅ​ជា​តំបន់​ទេសចរណ៍​ប៉ុណ្ណោះ​ ក្រោម​រូបភាព​ជា​ការផ្តល់​សម្បទាន​។​

«​ហើយ​រឿង​ថា​មូលដ្ឋាន​នេះ​ ​មូលដ្ឋាន​នោះ​ ​រឿង​កោះ​កុង ​រឿង​នោះ​គឺជា​រឿង​ផ្សេង​ ​ខុសពី​រឿង​ការអភិវឌ្ឍន៍​កងយោធពល​ខេមរភូមិន្ទ​ស្រឡះ​។ ​គេ​ធ្វើ​កិច្ចការ​វិនិយោគ​ ​កិច្ចការ​ទេសចរណ៍​ ​ដែល​ទទួល​ការសម្បទាន​ពី​រដ្ឋាភិបាល​ដើម្បី​កសាង​តំបន់​ផ្សេង​ៗ​ ​ទៅ​ជា​នាំគ្នា​បកស្រាយ​ទ្រហឹង​អឺងកង​ថា​ ​ចុះ​ថា​ចេះ​។ ​អាហ្នុង​គឺ​ទៅ​តាម​ឆន្ទៈ​របស់​អ្នក​ដែល​ចង់​ឲ្យ​វា​ទៅ​អញ្ចឹង​។​»​
ជារឿយ​ៗ​ រដ្ឋាភិបាល​របប​ក្រុង​ភ្នំពេញ​ ​តែង​បដិសេធ​ព័ត៌មាន​ដែល​ថា​ ​ខ្លួន​អាចនឹង​មាន​ផែនការ​អនុញ្ញាតឲ្យ​ចិន​សាងសង់​មូលដ្ឋាន​កងទ័ព​នៅ​ខេត្ត​កោះកុង​នេះ​ ​ដោយ​ចាត់ទុក​ថា​ ​ជា​ព័ត​មាន​មិន​ពិត​។ របប​ក្រុង​ភ្នំពេញ​តែង​បញ្ជាក់​ថា​ ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ​មិន​អនុញ្ញាតឲ្យ​មាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅលើ​ទឹកដី​របស់​ខ្លួន​ឡើយ​។ ​ក៏ប៉ុន្តែ​ របប​នេះ​ ​នៅ​មិន​ទាន់​បាន​បង្ហាញ​ជំហរ​ឲ្យបាន​ច្បាស់លាស់​នៅឡើយ​ទេ​ ​ជុំវិញ​ការអនុញ្ញាតឲ្យ​ភាគី​អន្តរជាតិ​ ​ចុះ​ទៅ​ធ្វើ​ការត្រួតពិនិត្យ​នៅ​ ​ខេត្ត​កោះកុង​ដែល​មាន​ការសង្ស័យ​នោះឡើយ​៕​

No comments: