Monday, 1 July 2019

គ្រូ​បង្រៀន​​២​នាក់ សរសេរ​លិខិត​ឈប់​ធ្វើ​សកម្មភាព​នយោបាយ ដោយ​​សង្ឃឹម​ថា នឹង​មិន​រង​ការ​ធ្វើ​ទុក​បុក​ម្នេញ​បន្ដ​​ទៀត


ដោយលោក ហេង រស្មី​
2019-07-01
rfa
សមាជិក​ក្រុមប្រឹក្សា​ជាប់​ឆ្នោត​ខេត្ដ​កំពង់ធំ​លោក ស៊ុន ធន់​ (ឆ្វេង) លោក​ ថៃ ធីម​ ​(ស្នាំ)។
សមាជិក​ក្រុមប្រឹក្សា​ជាប់​ឆ្នោត​ខេត្ដ​កំពង់ធំ​លោក ស៊ុន ធន់​ (ឆ្វេង) លោក​ ថៃ ធីម​ ​(ស្នាំ)។
 ហ្វេសប៊ុក​



គ្រូ​បង្រៀន និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​​​ខេត្ត​កំពង់ធំ ២នាក់ បាន​សម្រេច​ចិត្ត​សរសេរ​លិខិត​បញ្ជាក់​ថា ឈប់​ធ្វើ​សកម្មភាព​នយោបាយ​ទាំង​អស់ ចាប់​ពី​ថ្ងៃ​ទី ០១ ខែ​កក្កដា តទៅ ដើម្បី​បញ្ចៀស​​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ បណ្ដេញ​ចេញ​ពី​ក្រប​ខណ្ឌ​ក្រសួង​អប់រំ ឬ​អាច​រង​ការ​ព្រួត​វាយ​ធ្វើ​បាប​បន្ត​ទៀត។

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ ថា ការ​សម្រេច​ចិត្ត​នេះ គឺ ​ជា​សិទ្ធិ​សម្រេច​របស់​គ្រូ​បង្រៀន​​ទាំង​ពីរ​នាក់​ ហើយ​ក្រសួង​​មិន​ទាន់​មាន​​ចំណាត់​ការ​បែប​ណា លើ​ពួកគាត់​នៅ​ឡើយ​ទេ។ ប៉ុន្តែ​សង្គម​ស៊ីវិល​ថា នេះ​ជា​ករណី​រំលោភ​សិទ្ធិ​ សេរីភាព​ នយោបាយ ​របស់ ​គ្រូ​បង្រៀន។


​​​​​​​​គ្រូ​បង្រៀន លោក ស៊ុន ធន់ និង​ លោក ថៃ ធីម បាន​ធ្វើ​លិខិត​ប្រកាស​ថា លោក​ទាំង​ពីរ​នឹង​បញ្ឈប់​សកម្មភាព​​នានា​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ និង​ឈប់​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់ ចាប់​ពី​ថ្ងៃ​ទី​០១ កក្កដា តទៅ។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​លោក​ទាំង​ពីរ ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ឈប់​ធ្វើ​សកម្មភាព​នយោបាយ​ឡើយ។

ប៉ុន្តែ​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ខេត្ត​កំពង់ធំ​ម្នាក់​ ជា​មិត្ត​ភក្ដិ​​របស់​ លោក​គ្រូ​បង្រៀន​ទាំង​ពីរ​ គឺ​ លោក ថោង វិបុល​សុខុម អះអាង​ថា លោក ស៊ុន ធន់ និង​ លោក ថៃ ធីម រង​សំពាធ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​​ធ្ងន់ធ្ងរ​ទើប​ត្រូវ​បង្ខំ​ចិត្ត​ សរសេរ​​លិខិត​ផ្អាក​សកម្មភាព​នយោបាយ​មួយ​រយៈ។

«ការ​ដែល​គេ​ធ្វើ​ទុក​បុក​ម្នេញ លោក​គ្រូ ស៊ុន ធន់ និង​លោកគ្រូ ថៃ ធីម លោក​គ្រូ​ទាំង​២​ មិន​បាន​ធ្វើ​ឲ្យ​សកម្មជន​យើង​​បាក់​ទឹក​ចិត្ត​ទេ។ ធ្វើ​ឲ្យ​សកម្មជន​យើង មាន​ទឹកចិត្ត​ខ្លាំង​ឡើង​ថែម​ទៀត ដោយសារ​តែ​ពួកគេ​ប្រើ​គ្រប់​មធ្យោបាយ​ ដើម្បី​កម្ចាត់​ពួក​គាត់ ព្យាយាម​ធ្វើ​បាប​គាត់។ អ៊ីចឹង​ដំណោះស្រាយ​របស់​ពួកគាត់ គឺ​សកម្មជន​តាម​មូលដ្ឋាន​បាន​ដឹង​លឺ​អស់​ហើយ»។​

នៅ​មុន​ការ​ចេញ​​លិខិត​ប្រកាស​ឈប់​ធ្វើ​នយោបាយ ​​លោក ស៊ុន ធន់ និង​លោក​ ថៃ​ ធីម ប្រាប់​ថា មន្ត្រី​​​​មន្ទីរ​អប់រំ​ ខេត្ត​កំពង់ធំ​ប្រាប់​ថា ថ្នាក់​លើ​មាន​គម្រោង​បណ្ដេញ​ពួក​លោក ចេញ​ពី​ក្រប​ខណ្ឌ​គ្រូ​បង្រៀន ដោយសារ​ពួក​លោក បាន​​ចុះ​ជួប​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ តាម​មូលដ្ឋាន ហើយ​បង្កើត​កម្មវិធី​ហូប​នំ​បញ្ចុក​ ក្នុង​ន័យ​​បម្រើ​សកម្មភាព​ឲ្យ​បក្ស​ប្រឆាំង។ ក្រោយ​មក លោក​​ទាំង​ពីរ​ត្រូវ​បាន​ការិយាល័យ​អប់រំ​ស្រុក​បារាយណ៍ និង​មន្ទីរ​អប់រំ​ខេត្ត​កំពង់ធំ ហៅ​ទៅ​សួរ​នាំ​ពី​​សកម្មភាព​​ទាំង​នោះ​។ នៅ​ថ្ងៃ​ទី​២៨ មិថុនា លោក​ ស៊ុន ធន់ ក៏​រង​ការ​ព្រួត​វាយ​ពី​ជន​​មិន​ស្គាល់​មុខ​៤​នាក់ ក្រោយ​ពេល​ល្បួង​លោក ឡើង​ឡាន​ដឹក​យក​ទៅ​កន្លែង​ស្ងាត់។​

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សុវាចា ប្រាប់​អាស៊ី​សេរី ថា ក្រសួង​មិន​ទាន់​មាន​ចំណាត់​ការ​​ លើ​គ្រូ​បង្រៀន​ទាំង​ពីរ​នាក់​នេះ​​ទេ ព្រោះ​ប្រសិន​បើ​មាន​ការ​ដក​ពិត​មែន គឺ​ក្រសួង​មាន​នីតិវិធី​របស់​ក្រសួង។ លោក​ រស់ សុវាចា ​មិន​បញ្ជាក់​ថា គ្រូ​បង្រៀន​ទាំង​ពីរ ត្រូវ​រង​ការ​​គំរាម​ឲ្យ​បញ្ឈប់​សកម្មភាព​ឬ​អត់​ទេ តែ​លោក​​ប្រាប់​​ថា ក្រសួង​អប់រំ គោរព​តាម​ច្បាប់​របស់​កម្ពុជា។

«ក្រសួង​អប់រំ​ យុវជន និង​កីឡា​ មាន​នីតិ​វិធី​រដ្ឋបាល ដូច​ខ្ញុំ​បាន​ជម្រាប​ជូន​លើក​មុន​អ៊ីចឹង។ ក្រសួង​កំពុង​តែ​បន្ត​ពិនិត្យ​ទៅ​លើ​ករណី​នេះ មក​ដល់​ពេល​នេះ គឺ​មិន​ទាន់​មាន​ជា​ព័ត៌មាន​ផ្លូវការ​ ដែល​អាច​ជម្រាប​ជូន​សាធារណៈ​ជន​បាន​នៅ​ឡើយ​ទេ។ ខ្ញុំ​សូម​ជម្រាប​ជូន​ប៉ិន​នេះ ពេល​នេះ»។​

អ្នក​សម្រប​សម្រួល និង​អង្កេត​នៃ​អង្គការ​ខុម​ហ្វ្រ៊ែល លោក កន សាវាង្ស យល់​ថា ​ប្រសិន​បើ​មាន​ការ​គាប​សង្កត់​ផ្នែក​នយោបាយ​មែន ជា​ការ​អនុវត្ត​ស្តង់ដារ​២ ក្នុង​វិស័យ​គ្រួ​បង្រៀន​ ព្រោះ​គ្រូ​បង្រៀន​ច្រើន​ណាស់ ដែល​ជា​សកម្មជន​គណបក្ស​នយោបាយ ក្រៅពី​គណបក្ស​ប្រឆាំង។​លោក កន សាវាង្ស ថា ​​គ្រូ​បង្រៀន​​ត្រូវ​បាន​ហាមឃាត់ កុំ​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​នៅ​ក្នុង​សាលា​ប៉ុណ្ណោះ តែ​ចំពោះ​សកម្មភាព​នយោបាយ​ នៅ​ទី​​កន្លែង​ផ្សេង​ក្រៅ​ពី​សាលា​រៀន គឺ​គ្រូ​បង្រៀន មាន​សិទ្ធិ​ធ្វើ​នយោបាយ ដូច​ពលរដ្ឋ​ធម្មតា។ លោក​ថា ក្រសួង​អប់រំ គួរ​​បកស្រាយ​បញ្ហា​នេះ ប្រាប់​សាធារណៈ​ជន និង​គ្រូ​បង្រៀន​ទាំង​ពីរ​ ដើម្បី​ឲ្យ​ពួកគាត់​ ​លែង​បារម្ភ​ ពី​ការ​ធ្វើ​ទុក​បុក​ម្នេញ​។

«ឧបមា​ថា គាត់​ធ្វើ​គ្រូ ហើយ​ចូល​ធ្វើ​ជា​ក្រុម​ប្រឹក្សា​ទៀត អត់​បាន​ទេ អា​ហ្នឹង​ត្រូវ​តែ​ព្យួរ។ ប៉ុន្តែ​អា​នេះ គ្រាន់​តែ​ការ​ចូលរួម ការ​និយាយ​គាត់​មាន​សិទ្ធិ។ កុំ​ឲ្យ​តែ​គាត់​ធ្វើ​កិច្ច​ការ​ងារ​ហ្នឹង​នៅ​ក្នុង​សាលា​។ សាលា​ជា​កន្លែង​មួយ​មាន​ការ​ហាមឃាត់​។ សម្រាប់​ខ្ញុំ​បើ​សិន​ជា​ករណី​ហ្នឹង អាជ្ញាធរ ឬ​ក្រសួង​ចាត់​ទុក​ថា ជា​ការ​ខុស​ អ៊ីចឹង​មាន​ន័យ​ថា ត្រូវ​ពិនិត្យ​មើល​គ្រូ​ផ្សេងៗ​ទៀត​ដែរ មិន​ត្រូវ​មើល​តែ​គ្រូ​ម្នាក់​ហ្នឹង។ គ្រូ​ច្រើន​ណាស់ ជា​សកម្មជន​គណបក្ស​នយោបាយ​ផ្សេង​»។​​​

ទោះ​ជា​យ៉ាង​ណា សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ធំ លោក ថោង វិបុល​សុខុម ​ថា សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ធំ ​​គាំទ្រ​ជំហរ​របស់​គ្រូ​បង្រៀន​ទាំង​ពីរ ​ហើយ​ក្រុម​សកម្មជន​នឹង​​បន្ត​សកម្មភាព​របស់​លោក​ទាំង​ពីរ គឺ​នៅ​តែ​រ៉ៃ​អង្គាស​គ្នា បង្កើត​កម្មវិធី​ជួបជុំ​គ្នា​ហូប​នំ​បញ្ចុក​រាល់​សប្ដាហ៍​ត​​ទៀត។ លោក​ថា នៅ​ថ្ងៃ​ទី​១០ កក្កដា សកម្មជន​បក្ស​ប្រឆាំង​​​ខេត្ត​កំពង់​ធំ នឹង​​​នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ ឧទ្ទិស​គម្រប​ខួប​៣​ឆ្នាំ​ ដល់​បណ្ឌិត កែម ឡី ហើយ​​កម្មវិធី​នោះ សកម្មជន​បក្ស​ប្រឆាំង​នឹង​បន្ត​​ហូប​នំ​បញ្ចុក​ជុំ​គ្នា​ទៀត។​ លោក ថោង វិបុល​សុខុម ជឿ​​ថា បើ​​លែង​មាន​ការ​​​ធ្វើ​ទុក​បុក​ម្នេញ លោក ស៊ុន ធន់ និង លោក ថៃ ធីម នឹង​ត្រលប់​វិញ​ ចូល​ធ្វើ​សកម្មភាព​នយោបាយ​វិញ៕

No comments: