Khmer Circle: It's far easier and much more likely that a local villager is caught and prosecuted for collecting dead tree branches for fuel than it is for organised and powerfully connected timber-trade operators to be charged for their crimes. Any serious investigation launched would implicate those groups and individuals at the helm of the military and regime whose swelling bank accounts have invariably been a result of kickbacks and bribes from such activities. How 'convenient' it is therefore that the suspects and the investigation authorities are two sides of the same coin and are making a show of the "crack-down"! ...
ក្រុមហ៊ុន ស៊ីង បាយអូថេក
ដោយ សេក បណ្ឌិត
2019-09-09
ឈើទាល ជាប្រភេទដើមឈើផលិតជ័រទឹក ក្នុងបរិវេណក្រុមហ៊ុន ស៊ីង បាយអូថេក ក្នុងឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៩។
រូប៖ សកម្មជនបរិស្ថាន
សហគមន៍ព្រៃឡង់ និងសកម្មជនបរិស្ថាន ប្រតិកម្មចំពោះគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើទាក់ទិនករណី រកមិនឃើញកំហុសក្រុមហ៊ុន ស៊ីង បាយអូថេក (THINK BIOTECH CAMBODIA)។ កាលើកឡើងនេះ បន្ទាប់ពីគណៈកម្មការជាតិ បានចុះស៊ើបអង្កេត ពីភាពមិនប្រក្រតីនៃអាជីវកម្មឈើរបស់ក្រុមហ៊ុននេះ ក៏ប៉ុន្តែមិនបានអនុវត្តច្បាប់នោះទេ។
សកម្មជនបរិស្ថាន និងសហគមន៍ព្រៃឡង់ សង្ស័យថា គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ មានចេតនាឃុបឃិត ជាមួយក្រុមហ៊ុន ស៊ីង បាយអូថេក និងលាក់បាំងកំហុសឆ្គងជាច្រើន របស់ក្រុមហ៊ុននេះ។ ពួកគេមើលឃើញថា បេសកកម្មចុះស៊ើបអង្កេតរបស់គណៈកម្មការនេះ មិនអាចដោះស្រាយវិបត្តិព្រៃឈើ និងរកយុត្តិធម៌ជូនសហគមន៍ព្រៃឡង់បាននោះទេ បើទោះបីជា ពួកគេមានវីដេអូ និងរូបភាពជាច្រើន បង្ហាញថា ក្រុមហ៊ុននេះធ្វើសកម្មភាពកាប់បំផ្លាញធនធានធម្មជាតិធំធេងក្នុងព្រៃការពារធម្មជាតិ។
សហគមន៍ព្រៃឡង់ ខេត្តស្ទឹងត្រែង កញ្ញា ឈាង លី ឱ្យដឹងនៅថ្ងៃទី៨ កញ្ញាថា បទល្មើសព្រៃឈើមួយចំនួន គណៈកម្មការជំនាញមួយនេះអាចបង្ក្រាបបាន ក៏ប៉ុន្តែចំពោះក្រុមហ៊ុន ស៊ីង បាយអូថេក បែរជាគណៈកម្មការស្ទាក់ស្ទើរក្នុងការអនុវត្តច្បាប់ និងរកមិនឃើញកំហុសទៅវិញ។ កញ្ញាបន្ថែមថា ពលរដ្ឋនៅខេត្តស្ទឹងត្រែង ជាង ៣០គ្រួសារ បានបាត់បង់ដើមឈើផលិតជ័រទឹករាប់ពាន់ដើម ដោយសារក្រុមហ៊ុននេះលួចកាប់ និងជួលកម្មករគំរាមកំហែងពួកគាត់។ កញ្ញាបញ្ជាក់ថា នៅមានកំហុសជាច្រើនទៀត ដែលក្រុមហ៊ុន បំផ្លាញដើមឈើធំៗ ក្នុងតំបន់ជម្រកសត្វព្រៃ និងព្រៃដែលសម្បូរដោយដើមច្បោះជ័ររបស់អ្នកភូមិ៖ «បទល្មើសផ្សេងៗ គាត់អាចធ្វើចេញ គាត់អាចបង្ក្រាបបាន តែចំពោះក្រុមហ៊ុនមួយ (ក្រុមហ៊ុន ស៊ីង បាយអូថេក) ហេតុម៉េចបានគាត់ថា ក្រុមហ៊ុនធ្វើការអត់មានខុសច្បាប់អីទេ? ថា ធ្វើការត្រឹមត្រូវ។ ក្តីបារម្ភរបស់បណ្ដាញសហគមន៍ព្រៃឡង់ព្រួយបារម្ភថា បើគាត់អត់ធ្វើការទប់ស្កាត់ ជាមួយក្រុមហ៊ុនហ្នឹងទេ គឺនៅតែមានការកាប់បន្ត ព្រៃអត់គង់វង្សទេ។ ច្បោះរបស់ពលរដ្ឋ បើអត់ធ្វើការទប់ស្កាត់ គឺបាត់បង់របស់ពលរដ្ឋដូចគ្នា»។
កាលពីពាក់កណ្ដាលខែសីហាកន្លងទៅ គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានចុះដល់ទីតាំង ក្រុមហ៊ុន ស៊ីង បាយអូថេក ដែលមានមូលដ្ឋានឋិតនៅស្រុកសំបូរខេត្តក្រចេះ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ សហគមន៍ព្រៃឡង់ចោទថា ក្រោយពីការចុះស្រាវជ្រាវរួច គណៈកម្មការនេះ ហាក់លាក់បាំងព័ត៌មាន និងមិនបានសហការជាមួយសហគមន៍ព្រៃឡង់ និងពលរដ្ឋមូលដ្ឋាននោះទេ។
ឆ្លើយតប ការចោទប្រកាន់នេះ អ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី ចាត់ទុកការលើកឡើងនេះ គ្រាន់តែជាសិទ្ធិបញ្ចេញមតិប៉ុណ្ណោះ ចំពោះភារកិច្ចដោះស្រាយរឿងនេះ ជាតួនាទីរបស់មន្ត្រីជំនាញ។ លោកបដិសេធមិនបង្ហាញលទ្ធផល ការចុះស៊ើបអង្កេតក្រុមហ៊ុន ស៊ីង បាយអូថេក នោះទេ ព្រោះសំណុំរឿងនេះឋិតក្នុងដៃអយ្យការ។ ចំពោះសំនួរដែលសួរថា តើក្រុមហ៊ុន ស៊ីង បាយអូថេក បានផ្អាកសកម្មភាព ឬទេមកទល់ពេលនេះ អ្នកនាំពាក្យរូបនេះ ឆ្លើយយ៉ាងខ្លីថា លោកមិនដឹងទេ?៖ «ជាសិទ្ធិបញ្ចេញមតិរបស់គាត់ ការស្រាវជ្រាវរបស់គេ គេធ្វើរបស់គេ ការងាររបស់គេ។ ជំនាញមានមន្ត្រីរដ្ឋបាលព្រៃឈើ និងក្រុមការងាររបស់គេ»។
សកម្មជនបរិស្ថាន លោក ហេង ស្រស់ អះអាងថា គណៈកម្មការជំនាញមួយនេះ មិនបានរកយុត្តិធម៌ជូនសហគមន៍ព្រៃឡង់ និងជំរុញឱ្យក្រុមហ៊ុនទទួលខុសត្រូវ ពាក់ព័ន្ធករណីធ្វើឱ្យបាត់បង់ទំហំព្រៃឈើធំធេង និងដើមច្បោះរបស់ពលរដ្ឋនោះទេ តែផ្ទុយទៅវិញបែរជាសម្រួលឱ្យក្រុមហ៊ុនដំណើរការអាជីវកម្មឈើដដែល៖ «ប្រាប់ហើយថា ក្រុមហ៊ុន ស៊ីង បាយអូថេក គឺជាក្រុមហ៊ុនលួចកាប់ជ័រច្បោះរបស់ពលរដ្ឋ។ ហេតុអីបានជាគណៈកម្មការបែរជាជួយសម្រួលឲ្យឈើក្នុងក្រុមហ៊ុនហ្នឹង ជាឈើស្របច្បាប់ទៅវិញ។ នេះហើយសបញ្ជាក់ថា អាជ្ញាធរដែលចុះស៊ើបអង្កេតហ្នឹងអាចឃុបឃិតគ្នារវាងក្រុមហ៊ុន ស៊ីង បាយអូថេក ហ្នឹង។ ដរាបណាគេមិនឲ្យឆ្អឹងពាំ គឺមន្ត្រីទាំងអស់ហ្នឹងមិនព្រមពន្លែង ទាល់តែឲ្យឆ្អឹងពាំមន្ត្រីទាំងអស់ហ្នឹងជួយសម្រួលថែមទៀត»។
កាលពីអំឡុងខែ មីនា និងដើមខែមេសា ឆ្នាំ ២០១៩ សហគមន៍ព្រៃឡង់ និងសកម្មជនបរិស្ថាន ប្រទះឃើញឈើមូលធំៗ រាប់ពាន់ម៉ែត្រគូប ឋិតក្នុងបរិវេណក្រុមហ៊ុន ស៊ីង បាយអូថេក។ ពួកគេរកឃើញថា ឈើទាំងនោះ កម្មករក្រុមហ៊ុនលួចកាប់ក្នុងព្រៃអភិរក្ស ព្រៃសហគមន៍ និងដើមច្បោះជ័រអ្នកភូមិ។ លើសពីនេះ ក្រុមហ៊ុនបានយករថយន្តប៉ាកុងយ៉ាងហោចណាស់ ៣គ្រឿង ចូលដឹកឈើក្នុងព្រៃអាស្រ័យផលរបស់ពលរដ្ឋ ក្នុងខេត្តស្ទឹងត្រែងចំណុចអូរគ្រាក់ និងបានកាប់ផ្ដួលរណ្ដៅជ័រទឹក អស់ជាច្រើនដើមទៀត៕
No comments:
Post a Comment