Wednesday 18 September 2019
គណបក្សសង្គ្រោះជាតិត្រៀមថវិកាផ្ដល់ឲ្យកងទ័ពដែលផ្ដាច់ខ្លួនចេញពីរបបក្រុងភ្នំពេញ
ដោយ ហេង រស្មី
2019-09-16
rfa
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំគណបក្សនេះ ក្នុងកិច្ចប្រជុំមួយ នៅសហរដ្ឋអាមេរិក កាលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។
រូប៖ សន ចាន់រដ្ឋា/RFA
គណបក្សសង្គ្រោះជាតិត្រៀមថវិកាសម្រាប់ជួយដល់កងកម្លាំងប្រដាប់អាវុធដែលផ្ដាច់ខ្លួនពីរបបក្រុងភ្នំពេញមកការពារប្រជាពលរដ្ឋក្នុងពេលដំណើរវិលចូលប្រទេសវិញរបស់លោក សម រង្ស៊ី។
របបក្រុងភ្នំពេញមិនព្រួយបារម្ភ ចំពោះការប្រកាសវិលចូលមាតុប្រទេសវិញរបស់លោក សម រង្ស៊ី និងបានចាត់ទុកថានេះគ្រាន់តែជាអំពើវិទ្ធង្សនាប៉ុណ្ណោះ។
គណបក្សសង្គ្រោះជាតិបានប្រកាសរួចហើយថាគម្រោងវិលចូលប្រទេសកម្ពុជាវិញរបស់លោក សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនឹងមិនមានអ្វីផ្លាស់ប្ដូរទេ ហើយលោក សម រង្ស៊ី នឹងមកក្នុងតំបន់អាស៊ីនៅថ្ងៃទី៥ ខែវិច្ឆិកា គឺបួនថ្ងៃមុនពេលថ្ងៃកំណត់។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សសង្គ្រោះជាតិរយៈពេលពីថ្ងៃនៅទីក្រុងឡូវ៉ែល (Lowell) សហរដ្ឋអាមេរិក បានអោយដឹងថា គណបក្សបានប្រគល់ភារកិច្ចជូនរចនាសម្ព័ន្ធគ្រប់លំដាប់ថ្នាក់ ទាំងក្នុង និងក្រៅប្រទេសឱ្យអនុវត្តផែនការមាតុភូមិនិវត្តន៍នៅថ្ងៃទី៩ ខែវិច្ឆិកា ហើយត្រៀមថវិកាសម្រាប់ផ្គត់ផ្គង់កងកម្លាំងប្រដាប់អាវុធ ដែលផ្ដាច់ខ្លួនចេញពីរបបលោក ហ៊ុន សែន មកការពារប្រជាពលរដ្ឋ។
គណបក្សសង្គ្រោះជាតិក៏អំពាវនាវឲ្យពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេស វិលត្រឡប់ចូលមកកម្ពុជាមកចូលរួមជាមហាកម្លាំងជាមួយលោក សម រង្ស៊ី ដើម្បីឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅកម្ពុជា។
អនុប្រធានគណបក្សសង្គ្រោះជាតិអ្នកស្រី មូរ សុខហួរ បញ្ជាក់ថា ទាំងសកម្មជនគាំទ្រ និងថ្នាក់ដឹកនាំគណបក្ស ព្រមទាំងអ្នកតំណាងរាស្ត្រមកពីបណ្ដាប្រទេសមួយចំនួននឹងជួបជាមួយលោក សម រង្ស៊ី នៅក្នុងប្រទេសអាស៊ីនៅថ្ងៃទី៥ វិច្ឆិកា ដើម្បីធ្វើដំណើរជាមួយលោក សម រង្ស៊ី។ ពាក់ព័ន្ធនឹងថវិកាជួយកងកម្លាំងប្រដាប់អាវុធវិញអ្នកស្រីមិនបានបញ្ជាក់គម្រោងលម្អិតទេ តែអ្នកស្រីអះអាងថា គណបក្សមានថវិកាគ្រប់គ្រាន់សម្រាប់ជួយដល់កងកម្លាំងប្រដាប់អាវុធដែលបែរមកបម្រើប្រជាពលរដ្ឋនៅពេលដែលលោក សម រង្ស៊ី ឈានជើងចូលដល់ប្រទេសកម្ពុជា៖ «យើងអាចធ្វើការផ្លាស់ប្តូរបាន លើកស្ទួយប្រជាធិបតេយ្យ ការពារផលប្រយោជន៍ជាតិដោយអហិង្សា អ្នកដែលគេចង់កាន់អំណាចគេប្រើអាវុធ គេប្រើកងកម្លាំងប្រដាប់អាវុធគេចង់រក្សាអំណាចរបស់គេទោះបីមានការបង្ហូរឈាមក៏ដោយ តែមាតុភូមិនិវត្តន៍របស់ប្រធានស្ដីទីលោក សម រង្ស៊ី គឺជាមាតុភូមិនិវត្តន៍ដោយអហិង្សា ដោយសន្តិវិធី និងដោយមានការយកស្មារតីរួបរួមជាតិ ផ្សះផ្សាជាតិ ឯកភាពជាតិជាធំ»។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលកំពុងនិទ្ទេសខ្លួននៅឯក្រៅប្រទេស បានកំណត់យកថ្ងៃតី៩ ខែវិច្ឆិកាខាងមុខនេះ ដើម្បីវិលចូលមកកាន់ប្រទេសកម្ពុជាវិញបន្ទាប់ពីលោកបានចាកចេញពីប្រទេសកម្ពុជាកាលអំឡុងឆ្នាំ២០១៥។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បញ្ជាក់ថា ការប្រកាសវិលចូលមាតុប្រទេសវិញរបស់លោក សម រង្ស៊ី គ្រាន់តែជាអំពើវិទ្ធង្សនាប៉ុណ្ណោះគ្មានអ្វីពិតប្រាកដនោះទេ។ លោកបញ្ជាក់ថា ចំពោះការអំពាវនាវអោយកម្លាំងប្រដាប់អាវុធមកគាំទ្រលោក សម រង្ស៊ី គឺគ្មានកងទ័ពណាមួយមកស្ដាប់បញ្ជាមេឧទ្ទាមក្រៅច្បាប់នោះទេ៖ «លោក សម រង្ស៊ី រកតែលុយចូលស្រុកមិនបាន ដើរសុំប្រជាពលរដ្ឋនៅក្រៅប្រទេស។មានលុយឯណាទៅប៉ាវ ទៅទិញទឹកចិត្តកងទ័ពកម្ពុជាបាននោះទេ។ជម្រាបជូនថា កងទ័ពកម្ពុជាហ្នឹងមាន បទពិសោធន៍ក្នុងការរំដោះប្រជាពលរដ្ឋចេញពីសង្គ្រាម និងថែរក្សាសន្តិភាព ដែលជាក្ដីបំណងប្រាថ្នារបស់មហាជន ក៏ដូចជាកងកម្លាំងប្រដាប់អាវុធនោះដែរដូច្នេះគ្មានអ្វីត្រូវភ្ញាក់ផ្អើលទេ។ការនិយាយគ្រាន់តែជាវិទ្ធង្សនាតែប៉ុណ្ណោះ»។
ចំណែកលោករដ្ឋមន្ត្រី ហ៊ុន សែន វិញ លោកថា រដ្ឋាភិបាលរបស់លោកបានផ្ញើដីកាចាប់ខ្លួនលោក សម រង្ស៊ី ទៅបណ្ដាប្រទេសទាំងអស់ជាសមាជិកអាស៊ានរួចហើយ។ តែលោក សម រង្ស៊ី បញ្ជាក់ថា លោកប្រើលិខិតឆ្លងដែលជាជនជាតិបារាំង ដូច្នេះគ្មានប្រទេសណាមួយហ៊ានចាប់ខ្លួនលោកទេ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment