Wednesday 18 September 2019

សកម្មជន​មាតា​ធម្មជាតិ​ប្ដឹង​ទាស់​ទៅ​តុលាការ​កំពូល​រឿង​ជាប់​ទោស​​ដោយសារ​ថត​រូប​កប៉ាល់​ដឹក​ខ្សាច់


ដោយ ម៉ៅ សុធានី
2019-09-16
rfa
អតីត​សកម្មជន​អង្គការ​មាតា​ធម្មជាតិ ឈ្មោះ ហ៊ុន វណ្ណៈ។ Photo courtesy of Mother Nature
អតីត​សកម្មជន​អង្គការ​មាតា​ធម្មជាតិ ឈ្មោះ ហ៊ុន វណ្ណៈ។ Photo courtesy of Mother Nature
 Photo courtesy of Mother Nature



អតីត​សកម្មជន​មាតា​ធម្មជាតិ​ពីរ​រូប គឺ​លោក ហ៊ុន វណ្ណៈ និង ឌឹម គុនឌី បាន​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល បន្ទាប់​ពី​សាលាឧទ្ធរណ៍​​សម្រេច​ឱ្យ​ពួក​លោក​​ជាប់​ទោស​បន្ត​ទៅ​ទៀត ក្នុង​សំណុំ​រឿង​ថត​កប៉ាល់​ដឹក​ខ្សាច់​របស់​ក្រុមហ៊ុន​ឧកញ៉ា លី យ៉ុងផាត់ កាល​ពី​ឆ្នាំ២០១៧ កន្លង​ទៅ។

មេធាវី​​ការពារ​ក្តី​ឱ្យ​​អតីត​សកម្មជន​​មាតា​ធម្មជាតិ​ លោក សំ ចំរើន ឱ្យ​អាស៊ី​សេរី​​ដឹង​ថា លោក​​បាន​ដាក់​បណ្ដឹង​សាទុក្ខនេះ​ទៅ​តុលាការ​រួច​ហើយ កាល​ពី​ពេល​ថ្មីៗនេះ។ ​លោក​​បញ្ជាក់​ថា ការ​ប្ដឹង​ទាស់​នេះ គឺ​ដោយសារ​កូន​ក្តី​របស់​លោក​មិន​សុខ​ចិត្ត​​នឹង​សាលដីកា​របស់​សាលាឧទ្ធរណ៍ ដែល​មាន​ភាព​អយុត្តិធម៌​សម្រាប់​ពួក​គាត់។

កាល​ពី​​ចុង​ខែ​សីហា​កន្លង​ទៅ សាលា​ឧទ្ធរណ៍​បាន​​សម្រេច​តម្កល់​សាលក្រម​តុលាការ​ខេត្ត​កោះកុង ទុក​ជា​បាន​ការ​ដដែល។ តុលាការ​ខេត្ត​កោះកុង​បាន​ផ្ដន្ទាទោស​អ្នក​ទាំងពីរ​​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ ១ឆ្នាំ ដោយ​អនុវត្ត​ទោស ៥ខែ​ក្នុង​ពន្ធនាគារ ហើយ​​ទោស​នៅ​សល់​ត្រូវ​ព្យួរ​ ព្រម​ទាំង​ពិន័យ​ជា​ប្រាក់​ម្នាក់ ១លាន​រៀល។ តុលាការ​កាត់​ទោស​​អ្នក​​ទាំង​ពី​បទ “ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍” និង “ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល” បន្ទាប់​ពី​យុវជន​ទាំងពីរ​ជិះ​ទូក​ថតរូប​កប៉ាល់​ដឹក​ខ្សាច់​ក្នុង​លំហ​សមុទ្រ​ នៅ​ខេត្ត​កោះកុង។



ដើម​បណ្ដឹង​នៃ​រឿង​នេះ គឺ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​​កោះកុង (SEZ Koh Kong Co., Ltd.) របស់​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​​ប្រជាជន​កម្ពុជា និង​ជា​អ្នក​រក​ស៊ី​នាំ​ចេញ​ខ្សាច់​នៅ​ខេត្ត​កោះ​កុង។ ទោះ​ជា​យ៉ាង​ណា តំណាង​ក្រុមហ៊ុន​លោក លី យ៉ុងផាត់ មិន​ដែល​បង្ហាញ​វត្តមាន​ក្នុង​អង្គ​សវនាការ​ឡើយ ចាប់​តាំង​ពី​ដំណាក់​កាល​ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​កោះកុង រហូត​ដល់​ដំណាក់​កាល​សាលាឧទ្ធរណ៍។

ក្រុម​សកម្ម​បរិស្ថាន​រិះគន់​ថា ​តុលាការ​ខេត្ត​កោះកុង និង​សាលាឧទ្ធរណ៍​ធ្វើ​តាម​តែ​ការ​ចង់​បាន​របស់​ក្រុមហ៊ុន ដោយ​មិន​ឈរ​លើ​មូលដ្ឋាន​ច្បាប់ និង​វិជ្ជាជីវៈ​ក្នុង​ការ​សម្រេច​សេចក្ដី​ឡើយ។ ចំណែក មន្ត្រី​សិទ្ធិមនុស្ស​វិញ ពិនិត្យ​ឃើញ​ថា តុលាការ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​ដាក់​បន្ទុក​យុវជន​ទាំងពីរ​ឡើយ ហើយ​ការ​សម្រេច​ឱ្យ​ពួក​គេ​ជាប់​ទោស គឺជា​ការ​បំបាក់​ស្មារតី​យុវជន​មិន​ឱ្យ​ធ្វើ​សកម្មភាព​ការពារ​បរិស្ថាន៕

No comments: