Friday 20 September 2019
អាមេរិកអំពាវនាវឱ្យរបបក្រុងភ្នំពេញឈប់គាបសង្កត់ផ្នែកនយោបាយលើបក្សប្រឆាំង
ដោយ វ៉ែន សុមេធ
2019-09-19
លោក កឹម សុខា (ដើរមុខ) ប្រធានគណបក្សសង្គ្រោះជាតិ នាស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ បន្ទាប់ពីប្រជុំផ្ទៃក្នុងគណបក្ស កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦។
Photo: RFA
សហរដ្ឋអាមេរិកសម្ដែងកង្វល់ជាខ្លាំងជុំវិញការគាបសង្កត់សិទ្ធិសេរីភាពនយោបាយលើក្រុមគណបក្សប្រឆាំងនៅកម្ពុជា។ សហរដ្ឋអាមេរិកទទូចដល់របបក្រុងភ្នំពេញ ឱ្យបញ្ឈប់ទង្វើគាបសង្កត់នេះ និងប្រឹងប្រែងស្ដារប្រជាធិបតេយ្យឡើងវិញ។
សហរដ្ឋអាមេរិកអំពាវនាវដល់របបក្រុងភ្នំពេញឱ្យបញ្ឈប់ការចាប់ចងសកម្មជនគណបក្សសង្គ្រោះជាតិ និងដោះលែងពួកគេឱ្យមានសេរីភាពវិញ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក អ្នកស្រី ម៉ូហ្គែន អរថាហ្គឺស (Morgan Ortagus) ថ្លែងក្នុងវីដេអូខ្លីមួយលើបណ្ដាញសង្គមធ្វីតធ័រ (Twitter) នៅថ្ងៃទី១៨ កញ្ញាថា សហរដ្ឋអាមេរិកព្រួយបារម្ភចំពោះការបន្តគាបសង្កត់ផ្នែកនយោបាយពីសំណាក់រដ្ឋាភិបាលកម្ពុជា លើគណបក្សសង្គ្រោះជាតិ ក្នុងនោះរួមមានទាំងការចាប់ខ្លួនសកម្មជនបក្សប្រឆាំងជាច្រើននាក់នាពេលថ្មីៗនេះផងដែរ៖ «យើងនៅតែជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការរឹតត្បិតផ្នែកនយោបាយដ៏ជ្រុលហួសហេតុ លើពលរដ្ឋ និងដោះលែងអ្នកជាប់ឃុំទាំងឡាយដែលត្រូវបានឃុំខ្លួនតាមទំនើងចិត្ត ឬដោយមិនស្របច្បាប់ រួមទាំងលោក កឹម សុខា ផងដែរ។ ជាមួយគ្នានេះ យើងសូមជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ស្ដារលទ្ធិប្រជាធិបតេយ្យពហុបក្សពិតប្រាកដ ព្រមទាំងការពារសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់មនុស្ស។ ចំណុចនេះ រាប់បញ្ចូលការបញ្ឈប់ទង្វើរឹតត្បិតជ្រុលហួសហេតុលើសកម្មភាពនយោបាយរបស់ក្រុមថ្នាក់ដឹកនាំបក្សប្រឆាំងចំនួន ១១៨នាក់»។
សហរដ្ឋអាមេរិកប្រតិកម្មបែបនេះ បន្ទាប់ពីរបបលោក ហ៊ុន សែន បានចាប់ឃុំខ្លួនសកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់ ដោយចោទពួកគេថា បានប្រឆាំងនឹងសាលដីកាតុលាការកំពូល ឬរៀបចំគម្រោងផ្ដួលរំលំរបបក្រុងភ្នំពេញជាដើម។ គិតពីដើមឆ្នាំ២០១៩ រហូតមកដល់ពេលនេះ អាជ្ញាធរបានចាប់ឃុំខ្លួនសកម្មជនមូលដ្ឋានរបស់បក្សប្រឆាំងចំនួន ២៧នាក់ហើយ ស្របពេលចំនួនមនុស្សដែលត្រូវបានកោះហៅបានកើនឡើងដល់ ១៥៧នាក់ ក្នុងរយៈពេលដូចគ្នានេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ចាត់ទុកការលើកឡើងរបស់សហរដ្ឋអាមេរិកនេះថា មានចរិតនយោបាយ និងធ្វើមិនយល់អំពីទិដ្ឋភាពច្បាប់របស់កម្ពុជា។ លោកថា វិធានការលើថ្នាក់ដឹកនាំ និងក្រុមអ្នកគាំទ្របក្សប្រឆាំងនោះ គឺជាការអនុវត្តច្បាប់ ដែលត្រូវធ្វើជាចាំបាច់ ដើម្បីការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម៖ «វិធានការរបស់សមត្ថកិច្ចមិនមែនជាការរឹតត្បិតសិទ្ធិសេរីភាពផ្នែកនយោបាយនោះទេ ក៏ប៉ុន្តែជាការអនុវត្តច្បាប់ដើម្បីទប់ស្កាត់កុំឱ្យមានភាពចលាចលនៅក្នុងសង្គមកើតឡើង។ ការសម្រេចទម្លាក់ចោលបទចោទ ឬមួយក៏ដោះលែងជនណាមួយ ដែលស្ថិតក្នុងដំណើរការនីតិវិធីរបស់តុលាការ គឺជាសមត្ថកិច្ចរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យ»។
ទោះជាយ៉ាងណា អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សកត់សម្គាល់ថា សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ មានការធ្លាក់ចុះខ្លាំង ដោយសារតែវិបត្តិនយោបាយជាប់គាំង ចំណែកការអនុវត្តច្បាប់វិញ មានចរិតជារឿងនយោបាយច្រើនជាង។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត ជឿជាក់ថា សហរដ្ឋអាមេរិកចង់ឃើញប្រទេសកម្ពុជាដើរលើគន្លងប្រជាធិបតេយ្យវិញ ទើបបានជាកំពូលមហាអំណាចមួយនេះ តែងទាមទារម្ដងហើយម្ដងទៀត ឱ្យរដ្ឋាភិបាលកម្ពុជាដោះស្រាយវិបត្តិនយោបាយ និងលើកស្ទួយការគោរពសិទ្ធិមនុស្ស។ លោកស្នើឱ្យរដ្ឋាភិបាលកម្ពុជាពិចារណាដោះស្រាយវិបត្តិនយោបាយក្នុងស្រុក ដើម្បីបញ្ចៀសទណ្ឌកម្មផ្សេងៗ ពីសហគមន៍អន្តរជាតិ៖ «ការអនុវត្តច្បាប់ វាទាល់តែត្រឹមត្រូវតាមបទដ្ឋានច្បាប់ ដែលគេមើលមក អ្នកដែលធ្វើខុសច្បាប់ ឃើញខុសច្បាប់តែម្ដង។ បើគេមើលមក ការអនុវត្តច្បាប់ហ្នឹង ប៉ុន្តែវាជាហេតុផលនៃនយោបាយ ឬហេតុផលអ្វីផ្សេង អាហ្នឹងគេថា វាជាការប៉ះពាល់ដល់សេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ»។
កាលពីសប្ដាហ៍មុន សហរដ្ឋអាមេរិកបានចេញសេចក្ដីថ្លែងការណ៍បង្ហាញពីកង្វល់របស់ខ្លួនម្ដងរួចមកហើយជុំវិញករណីលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ។ សហរដ្ឋអាមេរិកបានចាត់ទុកចំណាត់ការលើលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងច្បាស់លាស់នោះថា ជាការបំផ្លាញប្រជាធិបតេយ្យ និងជាទង្វើរំលោភបំពានរដ្ឋធម្មនុញ្ញកម្ពុជា។ សហរដ្ឋអាមេរិកបានទទូចដល់របបក្រុងភ្នំពេញឱ្យទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា និងដោះលែងអ្នកទោសនយោបាយទាំងអស់ ដែលត្រូវបានអាជ្ញាធរឃុំខ្លួនតាមទំនើងចិត្ត។
អ្នកតាមដានស្ថានការណ៍នយោបាយមើលឃើញថា ក្នុងនាមជាប្រទេសប្រជាធិបតេយ្យគំរូ សហរដ្ឋអាមេរិក មិនអាចឱបដៃឈរមើលរដ្ឋាភិបាលកម្ពុជាបំផ្លាញប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដូចពេលបច្ចុប្បន្ននេះបានទេ។ ម្យ៉ាងវិញទៀត សំណុំរឿងលោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ មានជាប់ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក ដោយសាររបបលោក ហ៊ុន សែន បានចោទប្រកាន់អាមេរិកថា ជាអ្នកនៅពីក្រោយខ្នងផែនការផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា។ជាងនេះទៅទៀត សហរដ្ឋអាមេរិកក៏ទំនងជាចង់ដាស់តឿនរបបក្រុងភ្នំពេញឱ្យដោះស្រាយបញ្ចប់វិបត្តិនយោបាយដែរ បើពុំដូច្នេះទេ សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការទូតលើរបបនេះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment