Friday 20 September 2019

ឯកអគ្គរដ្ឋទូត​ថ្មីរបស់អាមេរិក មកដល់កម្ពុជា និង សង្ឃឹមពង្រឹង​ទំនាក់ទំនងរវាង​ប្រទេស​ទាំងពីរ


ដោយ មួង ណារ៉េត
2019-09-19

លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ជា​ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​​ប្រចាំ​កម្ពុជា​។
លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ជា​ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​​ប្រចាំ​កម្ពុជា​។
Photo courtesy of US Embassy in Phnom Penh




ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ​ធ្វើ​ដំណើរ​ទៅដល់​ប្រទេស​កម្ពុជា​ហើយ កាលពី​យប់​មិញ ដោយ​លោក​ប្ដេជ្ញា​ថា ​នឹង​ពង្រឹង​ទំនាក់ទំនង​​រវាង​ប្រទេស​ទាំងពីរ រួម​ទាំង​ផ្នែក​ពាណិជ្ជកម្ម សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ផង។

ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក ប៉ាទ្រីក ម័រហ្វី (W. Patrick Murphy) បាន​ធ្វើ​ដំណើរ​ទៅដល់​ប្រទេស​កម្ពុជា​ហើយ​កាល​ពី​យប់​ថ្ងៃ​ទី​១៨ ខែ​កញ្ញា។ តាមរយៈ​សារ​នៅ​លើ​គណនី​ធ្វីតទ័រ (Twitter) របស់​លោក កាលពី​ម៉ោង ១២ និង ៣១នាទី​ យប់​ម្សិលមិញ​នេះ លោក​ថ្លែង​ភ្លាមៗ​ នៅ​ព្រលាន​យន្តហោះ​ថា លោក​មាន​អារម្មណ៍​ថា លោក​ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ហើយ​ទន្ទឹង​រង់ចាំ​ពង្រឹង​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា។

ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា មាន​ភាព​ល្អក់កករ និង​រកាំរកូស​ខ្លាំង​ក្រោយ​របប​លោក ហ៊ុន សែន ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​លោក កឹម សុខា ដាក់​ពន្ធនាគារ បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល រួមមាន​អង្គការ​អាមេរិក គឺ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​រៀបចំ​ការបោះឆ្នោត​ដោយ​ផាត់​ចោល​គណបក្ស​ប្រឆាំង​ជាដើម។



ផ្ដើម​ពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នេះ សហរដ្ឋអាមេរិក បាន​កាត់​ផ្តាច់​ជំនួយ ដែល​ធ្លាប់​ផ្ដល់​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ.ជ.ប​) និង​ជំនួយ​ទាំងអស់ ទៅ​រដ្ឋាភិបាល​កម្ពុជា លើកលែងតែ​ជំនួយ​មនុស្សធម៌​។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បិទ​ទិដ្ឋាការ ចំពោះ​​មន្ត្រី​ជាន់ខ្ពស់​នៃ​របប​លោក ហ៊ុន សែន ដែល​ចូល​​ដៃ​​ក្នុង​​ការ​រំលោភ​​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ និង​ដាក់​មេកង​អង្គរក្ស​លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង នៅ​ក្នុង​បញ្ជី​ខ្មៅ ដែល​ត្រូវ​បង្កក​ទ្រព្យសម្បត្តិ​មុនគេ។

សហរដ្ឋអាមេរិក​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​ស្នើ​ឱ្យ​របប​លោក ហ៊ុន សែន ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ។ សេចក្តី​ថ្លែងការណ៍​ថ្មី និង​ចុងក្រោយ​មួយ ទើបតែ​ធ្វើ​នៅ​ថ្ងៃ​ទី១០ ខែ​កញ្ញា ដែល​ក្រសួង​ការបរទេស​អាមេរិក អំពាវនាវ​ឱ្យ​របប​លោក ហ៊ុន សែន ដោះលែង​លោក កឹម សុខា ជា​បន្ទាន់។

កាលពី​ចុង​ឆ្នាំ​២០១៧ ពោល​គឺ​ក្រោយ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​ភ្លាម លោក ប៉ាទ្រីក ម័រហ្វី គឺជា​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ដំបូង​គេ ដែល​បាន​បំពេញ​ទស្សនកិច្ច​ទៅ​កម្ពុជា ដែល​កាលណោះ លោក​បាន​បញ្ជាក់​ជំហរ​សហរដ្ឋអាមេរិក ដែល​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ។

អ្នកនាំពាក្យ​បក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ធ្លាប់​អះអាង​ថា ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សហរដ្ឋអាមេរិក​នេះ នឹង​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​កម្ពុជា​និង​អាមេរិក​មាន​លក្ខណៈ​ល្អ​ប្រសើរ​ឡើងវិញ ដោយសារតែ​លោក ប៉ាទ្រីក ម័រហ្វី ជា​បុគ្គល​មាន​បទ​ពិសោធន៍ និង​ចំណេះដឹង​ការងារ​ការទូត​ច្រើន​ឆ្នាំ។

ប៉ុន្តែ អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​រម្លឹក​ថា​ទំនាក់ទំនង​ល្អ ឬ​ល្អក់កករ​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា គឺ​ស្ថិត​នៅ​លើ​របប​ក្រុងភ្នំពេញ ថា តើ​ព្រម​ស្ដារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ យូរ ឬ​ឆាប់​ប៉ុនណា​តែប៉ុណ្ណោះ៕

No comments: