Sunday, 22 September 2019

អ្នកវិភាគ​ថា កងទ័ព​អាច​ស្ដាប់​តាម​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី


ដោយ សុ ជីវី
2019-09-21

កង​ទាហាន​វីរៈសេនា​ធំ​លេខ ង៤២ ចំណុះ​ឲ្យ​យោធភូមិ​ភាគ​១ ដែល​ពលរដ្ឋ​ចោទ​ថា ទៅ​បោះ​ជំរុំ​លើ​ដី​កំពុង​មាន​វិវាទ។ រូប​ថត​កាល​ពី​ថ្ងៃទី ១០ ខែ​កញ្ញា ឆ្នាំ​២០១៧។
កង​ទាហាន​វីរៈសេនា​ធំ​លេខ ង៤២ ចំណុះ​ឲ្យ​យោធភូមិ​ភាគ​១ ដែល​ពលរដ្ឋ​ចោទ​ថា ទៅ​បោះ​ជំរុំ​លើ​ដី​កំពុង​មាន​វិវាទ។ រូប​ថត​កាល​ពី​ថ្ងៃទី ១០ ខែ​កញ្ញា ឆ្នាំ​២០១៧។
Photo Provided




អ្នកវិភាគ​នយោបាយ​លើក​ឡើង​ថា កងកម្លាំងប្រដាប់អាវុធ អាច​ស្ដាប់​តាម​ការ​អំពាវនាវ​របស់ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ ដែល​ឱ្យ​ពួកគេ​រើ​បម្រះ​ផ្ដាច់​ខ្លួន​ពី​របប​លោក ហ៊ុន សែន ហើយ ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ ដែល​នឹង​ងើបឈរ​ជា​ធ្លុង​មួយ ទាមទារ​សេរីភាព​យុត្តិធម៌ និង​លទ្ធិ​ប្រជាធិបតេយ្យ។ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ព្រមាន​ថា ផែនការ​ទាំងមូល​របស់​លោក សម រង្សី នេះ មិនមែន​ជា​រឿង​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នោះ​ទេ ប៉ុន្តែ​ជា​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ និង​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ដែល​ត្រូវ​ផ្ដន្ទាទោស​តាមច្បាប់។

អ្នកវិភាគ​នយោបាយ​ដែល​របប​ក្រុងភ្នំពេញ​តាម​ចាប់​ដាក់​ពន្ធនាគារ លោក គឹម សុខ លើកឡើង​ថា សារ​អំពាវនាវ​អំពាវនាវ​របស់​លោក សម រង្ស៊ី គឺ​មាន​ឥទ្ធិពល​ទៅលើ​កងកម្លាំងប្រដាប់អាវុធ មន្ត្រី​រាជ ការ​ស៊ីវិល និង​ប្រជាពលរដ្ឋ ព្រោះ​ពួកគេ​សុទ្ធ​តែ​មាន​ឆន្ទៈ និង​ទឹកចិត្ត​ចង់​ផ្លាស់ប្ដូរ គ្រាន់តែ​ពួកគេ​មិនទាន់​មានឱកាស​ប៉ុណ្ណោះ។



លោក​បន្ត​ថា សូម្បីតែ​លោក ហ៊ុន សែន ក៏​ដឹង​អំពី​ទឹកចិត្ត​មេទ័ព និង​កងទ័ព​ដែរ ម្ល៉ោះ​ហើយ​ទើប​មួយ រយៈ​ចុង​ក្រោយនេះ លោក ហ៊ុន សែន តែងតាំង​កូនៗ និង​មន្ត្រី ដែល​លោក​ជឿជាក់​បំផុត​ជំនួស​មេទ័ព​ចាស់ៗ ពីមុន​។ អ្នកវិភាគ​រូប​នេះ​កត់សម្គាល់​ថា ការ​ចិញ្ចឹម​ចិត្ត​ចង់​ផ្លាស់ប្ដូរ​របប​ដឹកនាំ​លោក​ហ៊ុន សែន នេះ ព្រោះ​កងទ័ព មើល​ឃើញ​ថា ការតែងតាំង និង​ដំឡើង​បុណ្យ​ស័ក្ដិ​បច្ចុប្បន្ន ធ្វើឡើង​តាមរយៈ​សាច់សាលោហិត និង​បក្ខពួក​និយម​ច្រើនជាង​គុណបំណាច់ និង​សមត្ថភាព​ជាក់ស្ដែង​របស់​យោធា​មួយ​ចំនួន​ធំ​ទៀត ដែល​ខំ​តស៊ូ​បម្រើ​ជាតិ​រាប់​សិប​ឆ្នាំ​មក​នោះ។ «»

ការ​លើកឡើង​បែបនេះ គឺ​បន្ទាប់ពី​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ អំពាវនាវ​ទៅ​កងកម្លាំង​ប្រដាប់ អាវុធ​ស្នេហា​ជាតិ ឱ្យ​រើ​បម្រះ​ខ្លួន ហើយ​ផ្ដាច់​ខ្លួន​ពី​របប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន ដើម្បី​ទៅ​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ ដែល​នឹង​ងើបឈរ​ជា​ធ្លុង​មួយ ទាមទារ​សេរីភាព យុត្តិធម៌ និង​លទ្ធិប្រជាធិបតេយ្យ ក្រោម​ការដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចាប់ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ តទៅ។ លោក សម រង្ស៊ី បាន​លើក​អំពី​បញ្ហា​ពុករលួយ និង​បញ្ហា​អយុត្តិធម៌​ក្នុង​ជួរ​កងកម្លាំង​ប្រដាប់ អាវុធ​ជាច្រើន មាន​ដូចជា ការ​កាត់​ប្រាក់ខែ​កងទ័ព​ពី​សំណាក់​មេៗ របស់​ពួកគេ ការ​មិន​យកចិត្ត​ទុក ដាក់​ដំឡើង​ប្រាក់ខែ​ឱ្យ​កងទ័ព​រស់នៅ​ក្នុង​ជីវភាព​ថ្លៃថ្នូរ បណ្ដោយ​ឱ្យ​គ្រួសារ​ឪពុក​ម្ដាយ​ប្រព័ន្ធ​កូន របស់​កងទ័ព​រស់នៅ​វេទនា​ក្រីក្រ​លំបាក​តោកយ៉ាក ហើយ​ការដំឡើង​បុណ្យស័ក្ដិ គឺ​សម្រាប់​តែ កូនចៅ​មន្ត្រី​កំពូលៗ ជាដើម។ «»

ថ្មីៗ កន្លង​មក​នេះ គណបក្ស​សង្គ្រោះជាតិ ក៏​ប្រកាស​ត្រៀម​ថវិកា​សម្រាប់​ជួយ​ដល់​កងកម្លាំងប្រដាប់អាវុធ​ដែល​ផ្ដាច់​ខ្លួន​ពី​របប​ក្រុងភ្នំពេញ​មក​ការពារ​ប្រជាពលរដ្ឋ​ក្នុង​ពេល​ដំណើរ​វិល​ចូល​ប្រទេស​វិញ​របស់​លោក សម រង្ស៊ី ដែរ។

ប្រហែល​ដោយ​ការ​បារម្ភ​អំពី​សារ​អំពាវនាវ និង​គម្រោង​វិលត្រឡប់​របស់​លោក សម រង្ស៊ី នេះ អ្នក​នាំ ពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា​ថា ផែនការ​ទាំងមូល​នៃ​ការប្រកាស​វិលត្រឡប់​របស់​លោក សម រង្សី នេះ មិនមែន​ជា​រឿង​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នោះ​ទេ ប៉ុន្តែ​ជា​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ដែល​ជា​អំពើ​វិទ្ធង្សនា និង​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​បំផុត ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ ដែល​ត្រូវ​ផ្ដន្ទាទោស​តាម​មាត្រា​៤៥១ និង​៤៥២ នៃ​ក្រមព្រហ្មទណ្ឌ។ លោក ជិន ម៉ាលីន ព្រមាន​ដែរ​ថា ការចូលរួម​គាំទ្រ​ផែនការ​របស់​លោក សម រង្ស៊ី នេះ ក៏​ត្រូវ​បាន​កំណត់​ថា ជា​បទល្មើស​រួមគំនិត​ក្បត់ ដែល​ត្រូវ​ផ្ដន្ទាទោស​តាម​មាត្រា ៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ។ មន្ត្រី​ជាន់ខ្ពស់​ក្រសួងយុត្តិធម៌​រូប​នេះ ក៏​ឆ្លៀត​អំពាវនាវ​កុំ​ឱ្យ​ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ​ស្ដាប់​តាម​ការ​អំពាវនាវ​របស់​មេ​បក្ស​ប្រឆាំង​ផង​ដែរ។

ផ្ទុយ​ពី​ការ​លើកឡើង​នេះ លោក សម រង្ស៊ី ថ្លែង​ថា ប្រទេស​កម្ពុជា បាន​ឈាន​ដល់​ដំណាក់កាល​មួយ នៃ​ភាព​មិន​ប្រាកដ​ប្រជា និង​អស្ថិរភាព​ជាមួយ​នឹង​ហានិភ័យ​នៃ​អំពើ ហិង្សា​បែបនេះ គឺ​ដោយសារតែ​លោក ហ៊ុន សែន បាន​វង្វេងស្មារតី​ទៅ​រក​អំណាច​ផ្ដាច់ការ​ដោយ​រំលាយ​គណបក្ស​សង្គ្រោះជាតិ តាម​អំពើ​ចិត្ត ដែល​ជា​គណបក្សប្រឆាំង​តែមួយគត់ ដែល​មាន​សង្ឃឹម​ឈ្នះ​ឆ្នោត។

លោក​បន្ត​ថា ការ​អំពាវនាវ​របស់​លោក ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ​ឱ្យ​ងើបឈរ តវ៉ា​ប្រឆាំង​លោក ហ៊ុន សែ នេះ នឹង​នៅតែ​បន្ត​រហូត​ទាល់តែ​របប​ក្រុងភ្នំពេញ​ប្រគល់​សិទ្ធិ​ឱ្យ​គណបក្ស​សង្គ្រោះជាតិ ចូលរួម​ក្នុង​ជីវិត​នយោបាយ​របស់​ប្រទេស និង​បង្កើត​ឡើងវិញ​នូវ​យន្តការ​ប្រជាធិបតេយ្យ ដែល​អនុញ្ញាត​ឱ្យ​មាន​បោះឆ្នោត​ត្រឹមត្រូវ​ពិតប្រាកដ​មួយ។

មេ​បក្ស​ប្រឆាំង​រូប​នេះ បន្ត​ថា ប្រសិនបើ លោក ហ៊ុន សែន បន្ត​រារាំង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​រក្សា​អំណាច មាន​ន័យ​ថា លោក ហ៊ុន សែន កំពុង​លេង​ជាមួយ​ភ្លើង និង​នាំ​គ្រោះថ្នាក់​ឱ្យ​ប្រទេស​កម្ពុជា៕

No comments: