Monday, 23 September 2019

គណបក្ស​ហ៊្វុនស៊ិនប៉ិច​ថា គ្មាន​គម្រោង​បង្រួបបង្រួម​ជាមួយ​ក្រុម​លោក ញឹក ប៊ុនឆៃ ទេ


Khmer Circle: Royal scoundrels breed scoundrel royalists equal....?...




ដោយ ខែ សុណង
2019-09-22

ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ (ឆ្វេង) ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច និងលោក ញឹក ប៊ុនឆៃ (ស្ដាំ) ប្រធាន​គណបក្ស​រួបរួម​ជាតិ។
ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ (ឆ្វេង) ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច និងលោក ញឹក ប៊ុនឆៃ (ស្ដាំ) ប្រធាន​គណបក្ស​រួបរួម​ជាតិ។
RFA




គណបក្ស​ហ៊្វុនស៊ិនប៉ិច (FUNCINPEC) គ្មាន​គម្រោង​បង្រួបបង្រួម​គ្នា ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក ញឹក ប៊ុនឆៃ ទេ។ អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ថា លោក ញឹក ប៊ុនឆៃ ទៅ​សួរសុខទុក្ខ​សម្ដេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ជា​ធម្មតា ហើយ​មិន​បាន​និយាយ​ពី​ការ​បង្រួម​បក្ស​ឡើយ។

អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ណុប សុធារិទ្ធិ ប្រាប់​អាស៊ីសេរី​ថា លោក ញឹក ប៊ុនឆៃ ធ្លាប់​បាន​ចូល​ជួប​សម្ដេចក្រុមព្រះ​នរោត្តម រណឫទ្ធិ មែន គឺ​ប្រហែល​១០​ថ្ងៃមុន តែ​លោក​ថា​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ មិន​បាន​និយាយ​គ្នា​ពី​រឿង​បង្រួបបង្រួម​បក្ស​ឡើយ៖ «អត់​ទាន់​មាន​ទេ លោក (សម្ដេចក្រុមព្រះ) អត់​មាន​បន្ទូល​អ្វី​ទេ លោក​អត់​មាន​បន្ទូល​អ្វី​ទេ​។ លោក​អត់​មាន​បន្ទូល​ថា មាន​ការ​ចរចា​អ្វី ជាមួយ ញឹក ប៊ុនឆៃ បង្រួបបង្រួម​អ្វី​ទេ​។ អាហ្នឹង​ជា​រឿង​របស់​គាត់ (​លោក ញឹក ប៊ុនឆៃ) ទេ។ ជា​រឿង​របស់​គាត់ ដែល​គាត់​ចង់​រួបរួម​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប៉ុន្តែ​សម្ដេចក្រុមព្រះ​គាត់​អត់​មាន​បន្ទូល​ទេ»។

ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ ប្រាប់​សារព័ត៌មាន​ក្នុងស្រុក (RFI) នៅ​ពេល​ថ្មីៗ​នេះ​ថា សម្ដេចក្រុមព្រះ​ជា​អ្នកមាន​ព្រះរាជ​បន្ទូល​ចង់​បង្រួបបង្រួម​បក្ស នៅ​ពេល​លោក​ចូល​ជួប​ទ្រង់ កាលពី​១០​ថ្ងៃមុន តាមរយៈ​ម្ចាស់ក្សត្រី មារី រណឫទ្ធិ។ តែ​យ៉ាងណា លោក​ថា សម្ដេចក្រុមព្រះ​បាន​ប្រាប់​លោក​ឱ្យ​រង់ចាំ​ជជែក​ជាមួយ​បុត្រា​របស់​ទ្រង់ គឺ​ព្រះអង្គម្ចាស់ នរោត្តម ចក្រីវុឌ្ឍ ដែល​ជា​ប្រធាន​ស្ដីទី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​នឹង​ត្រលប់​ពី​ក្រៅ​ប្រទេស​វិញ​ជា​មុន​សិន​។ លោក ញឹក ប៊ុនឆៃ អះអាង​ថា នេះ​ជា​ការ​បង្រួបបង្រួម​ចុង​ក្រោយបង្អស់​រវាង​គណ​បក្ស​ទាំង​២។



សម្ដេចក្រុមព្រះ​នរោត្តម រណឫទ្ធិ និង លោក ញឹក ប៊ុនឆៃ បាន​បែកបាក់​គ្នា កាលពី​ឆ្នាំ​២០០៦ ដោយ​លោក ញឹក ប៊ុនឆៃ នៅ​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ឯ​សម្ដេចក្រុមព្រះ បាន​បង្កើត​គណបក្ស​ថ្មី​ជា​បន្តបន្ទាប់ ឈ្មោះ គណបក្ស នរោត្តម រណឫទ្ធិ និង​គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ​។ ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣ គឺ​នៅ​ឆ្នាំ​២០១៥ សម្ដេចក្រុមព្រះ និង​លោក ញឹក ប៊ុនឆៃ បាន​បង្រួបបង្រួម​គ្នា​ឡើងវិញ ដោយ​តែងតាំង​សម្ដេចក្រុមព្រះ ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

នៅ​ឆ្នាំ​២០១៦ លោក ញឹក ប៊ុនឆៃ បាន​បែក​ពី​សម្ដេចក្រុមព្រះ​ម្ដងទៀត ទៅ​បង្កើត​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដល់​សព្វថ្ងៃ​។ នៅ​ថ្ងៃ​ធ្វើ​សមាជ​បង្កើត​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ ចោទ​ថា ការ​បែកបាក់​គ្នា​ម្ដងទៀត ដោយសារ​សម្ដេចក្រុមព្រះ​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដឹកនាំ​ឆ្ពោះ​ទៅ​រក​អំណាច​ផ្ដាច់មុខ បក្ខពួក គ្រួសារនិយម និង​អំពើពុករលួយ ក្នុង​ផ្ទៃក្នុង​បក្ស៖ «ខ្ញុំ​កំពុងតែ​ឃើញ​ថា អាច​នឹង​ឈាន​ទៅ​មាន​អំពើពុករលួយ។ អ៊ីចឹង ដែល​ខ្ញុំ​សង្ឃឹមថា គណបក្ស​នយោបាយ បើ​យើង​មាន​អំពើពុករលួយ​ពី​ហ្នឹងហើយ បើ​ឈាន​ទៅ​ដឹកនាំ​ជាតិ ក៏​វា​ធ្វើ​ឱ្យ​ជាតិ​ហ្នឹង ខ្ទេចខ្ទី​ដែរ​។ អ៊ីចឹង ដែល​ខ្ញុំ​អត់​ពេញចិត្ត​ទេ បក្ខពួក​និយម ហើយ គ្រួសារនិយម​ថែមទៀត​។ សំណួរ​អំបាញ់មិញ​ប្រហែលជា​គ្រួសារ​និយម​ច្រើនជាង ស្ដាប់​ទៅ​ដឹង​ហើយ​។ អ៊ីចឹង បាន​ខ្ញុំ​អត់​ពេញចិត្ត​ចំណុច​ហ្នឹង ដែល​ខ្ញុំ​បង្ខំចិត្ត​ថា បង្កើត​គណបក្ស»។

អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​រឿង​នេះ​ពី​ខាង​ភាគី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បានទេ នៅ​ថ្ងៃ​ទី​២២ កញ្ញា ដោយសារ អ្នកនាំពាក្យ​គណបក្ស គឺ​លោក រុន នេត្រា និង​អគ្គលេខាធិការ​គណបក្ស លោក សុខ វិសាល សុទ្ធតែ​ប្រាប់​ថា ពួក​លោក​មិន​បាន​ដឹង​ពី​ជំនួប​រវាង លោក ញឹក ប៊ុនឆៃ និង​សម្ដេចក្រុមព្រះ។ ចំណែក​ទូរស័ព្ទ​របស់ លោក ញឹក ប៊ុនឆៃ មិន​អាច​ទាក់ទង​បាន។

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​យុវជន វ៉ន ចាន់ឡូត យល់​ថា គណបក្ស​ទាំង​២ នៅតែ​មិន​ទាន់​មាន​ភាព​ប្រាកដ​ប្រជា​ជាមួយគ្នា​នៅឡើយ​។ លោក​ជឿជាក់​ថា ទោះជា​មានការ​រួបរួម​គ្នា​ឡើងវិញ​នៅ​ពេល​នេះ​ក៏ដោយ ក៏​គណបក្ស​នេះ​មិន​អាច​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​ដែរ។

លោក វ៉ន ចាន់ឡូត បន្ត​ទៀត​ថា ទោះ​រួបរួម​គ្នា​ឡើងវិញ​ក្រោម​ឈ្មោះ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​តែមួយ​ក៏ដោយ ក៏​មិន​អាច​ស្ដារ​ប្រជាប្រិយ​បក្ស​នេះ​វិញ​បាន​ដែរ ព្រោះ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ធ្លាប់​មាន​ស្នាដៃ​ពីមុន ត្រូវ​អស់​ប្រជាប្រិយភាព ដោយសារ​អ្នកនយោបាយ​ក្នុង​បក្ស​នេះ បំផ្លាញ​ចោល ធ្វើជា​គំរូ​មិនល្អ​ឱ្យ​អ្នក​ជំនាន់​ក្រោយ គ្មាន​គោលនយោបាយ​ច្បាស់លាស់ ធ្វើ​នយោបាយ​កំដរ​បក្ស​កាន់អំណាច ដឹកនាំ​តាម​បែប​បុគ្គល​ជាធំ និង​កេង​ចំណេញ​នយោបាយ​ពី​អ្នក​ជំនាន់​មុន​ជាដើម៖ «ទោះបីជា​មានការ​បង្រួបបង្រួម​ក៏ដោយ ក៏​មិន​អាច​ធ្វើ​ឱ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទទួល​បាន​ការ​គាំទ្រ​ពី​មហាជន​ដែរ​។ ដូច្នេះ​គណបក្ស​នេះ បើ​រួបរួម​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន ដោយ​មិន​មាន​ការផ្លាស់ប្ដូរ​នូវ​របៀប​នៃ​ការដឹកនាំ​ទេ និង​របៀប​នៃ​ការ​ធ្វើការ​ទេ ខ្ញុំ​មើល​ឃើញ​ថា មិន​អាច​យូរអង្វែង​ទេ ការ​រួបរួម​នៃ​ខ្មែរ​រូប​រួម​ជាតិ និង​ហ៊្វុនស៊ិនប៉ិច​ហ្នឹង»។

ទន្ទឹម​នឹង​ការ​បដិសេធ​ថា សម្តេច​ក្រុមព្រះ បាន​មាន​បន្ទូល​ពី​រឿង​បង្រួបបង្រួម​ជាមួយ​ក្រុម​លោក ញឹក ប៊ុនឆៃ អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ណុប សុធារិទ្ធិ ប្រាប់​ថា គណបក្ស​រាជានិយម​មួយ​នេះ នៅតែ​ស្វាគមន៍​គ្រប់​គណបក្ស​នយោបាយ ដែល​ចង់​បង្រួបបង្រួម​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច៕

1 comment:

Anonymous said...

The useless prince and the useless general. Hollywood can make a movie about these two dinosaurs.