Saturday 21 September 2019
អ្នកវិភាគថា ជំនួបរវាងលោក សម រង្ស៊ី នឹងអាមេរិកជាសញ្ញាល្អនាំឱ្យមានការផ្លាស់ប្ដូរវិជ្ជមាននៅកម្ពុជា
ដោយ ហេង រស្មី
2019-09-20
លោក គឹម សុខ អ្នកវិភាគនយោបាយ។
រូបថតពីហ្វេសប៊ុកលោក គឹម សុខ
អ្នកវិភាគមើលឃើញថា គម្រោងជំនួបរវាងលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក ជាសញ្ញាល្អនាំឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅកម្ពុជា។ មន្ត្រីរបបក្រុងភ្នំពេញថា នេះជាយុទ្ធសាស្ត្រទាល់ច្រករបស់មេដឹកនាំគណបក្សប្រឆាំង។
អ្នកហ៊ាននិយាយរិះគន់ឥតសំចៃលើករបបក្រុងភ្នំពេញលោក គឹម សុខ ដែលកំពុងភៀសខ្លួននៅក្រៅប្រទេសអះអាងថា គម្រោងជំនួបកំពូលរវាងមេដឹកនាំបក្សប្រឆាំង និងមន្ត្រីអាមេរិកលើកនេះ នឹងជំរុញឱ្យមានការផ្លាស់ប្ដូរក្នុងជ្រុងណាមួយក្នុងប្រទេសកម្ពុជាមែននោះ៖ «បើជួបមន្ត្រីរដ្ឋសភា ទាំងព្រឹទ្ធសភា និង សភាជាន់ទាបនៅសហរដ្ឋអាមេរិកនឹងអាចទាក់ទាញបាននូវល្បឿនគាំទ្រពីសភាទាំងពីររបស់សហរដ្ឋអាមេរិកនៅក្នុងការសង្កត់លោក ហ៊ុន សែន តាមរយៈផ្លូវច្បាប់ដូចជាការជំរុញច្បាប់HR526 ជាដើម។ ពួកគេជាមន្ត្រីនៃរដ្ឋសភាទាំងពីររបស់សហរដ្ឋអាមេរិកក៏នឹងក្លាយជាសាក្សីសំខាន់ក្នុងផែនការចូលស្រុករបស់លោក សម រង្ស៊ី ដែរ»។
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៩ កញ្ញានេះ បានចាប់ផ្តើមជួបមន្ត្រីសំខាន់ៗដែលរួមមាន មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស មន្ត្រីក្រសួងការពារជាតិ សមាជិកសភា និង ព្រឹទ្ធសភាសហរដ្ឋអាមេរិក ដើម្បីជំរុញឱ្យមានការគាំទ្រពីសហរដ្ឋអាមេរិកចំពោះដំណើរវិលត្រឡប់មាតុប្រទេសវិញរបស់លោក សម រង្ស៊ី។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិប្រចាំនៅសហរដ្ឋអាមេរិកលោក ប៉ុន សៅរី មិនបាននិយាយលំអិតអំពីគម្រោងជំនួបរវាងលោក សម រង្ស៊ី ជាមួយមន្ត្រីសហរដ្ឋអាមេរិកលើកនេះទេ តែលោកអះអាងថា គណបក្សសង្គ្រោះជាតិសង្ឃឹមថា អាចនឹងនាំលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដមកវិញជូនពលរដ្ឋកម្ពុជា។ ក៏ ប៉ុន្តែកាលពីថ្ងៃទី១៨ កញ្ញា លោកអះអាងថា លោក សម រង្ស៊ី នឹងស្នើឱ្យអាមេរិកជួយការពារសុវត្ថិភាពនៃការវិលត្រឡប់របស់លោកទៅកម្ពុជាវិញនៅដើមខែវិច្ឆិកាខាងមុខនេះ៖ «ថ្ងៃស្អែកនេះយើងជួបជាមួយនឹងមន្ត្រីក្រសួងការពារជាតិ និងក្រសួងការបរទេស និងក្រសួងសន្តិសុខជាតិអីជាដើម យើងនឹងពិភាក្សាគ្នាលម្អិតហើយខ្ញុំម្ដងទៀតគឺសូមបញ្ជាក់ថា គឺឈរលើជំហរឱ្យសហរដ្ឋអាមេរិកដើរតួនាទីក្នុងការត្រួតពិនិត្យមើលនៅដំណើរវិលត្រឡប់មាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជាពិសេសលោកប្រធានស្តីទីលោក សម រង្ស៊ី ហើយឱ្យជួយរក្សាសន្តិសុខរបស់ថ្នាក់ដឹកនាំក៏ដូចជាប្រធានស្ដីទីអីជាដើម ហើយធ្វើម៉េចឱ្យសហរដ្ឋអាមេរិកប្ដេជ្ញាចិត្តការនាំមកវិញនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា»។
ទោះបីជាយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ប្រាប់អាស៊ីសេរីថា សហរដ្ឋអាមេរិកដាក់ទូតជាមួយរដ្ឋាភិបាលកម្ពុជានៅភ្នំពេញដូច្នេះ លោកមិនមានជំនឿទាល់តែសោះថា សហរដ្ឋអាមេរិកនឹងគាំទ្រលោក សម រង្ស៊ី ដែលលោកចាត់ទុកជាមេឧទ្ទាមក្រៅច្បាប់នោះទេ។
លោកមានប្រសាសន៍ថា គម្រោងរបស់លោក សម រង្ស៊ី នេះគ្រាន់តែជាការទាល់ច្រកផ្នែកនយោបាយក្រោយពីបានរត់ទៅពឹងពាក់ទៅសហគមន៍អឺរ៉ុប អូស្ត្រាលី និង បរទេសមួយចំនួនទៀតមិនទទួលបានលទ្ធផលនោះហើយចុងក្រោយបានរត់ទៅពឹងឱ្យសហរដ្ឋអាមេរិកជួយម្ដង៖ «ក្រុមឧទ្ទាមក្រៅច្បាប់ដែលដឹកនាំដោយទណ្ឌិតរត់ចោលស្រុកនេះ វាអស់ផ្លូវក្បាច់ភូតភរកុហកហើយទាំងអ្នកនៅក្នុងប្រទេស និងអ្នកនៅក្រៅប្រទេសគេលែងជឿហើយ។ ឥឡូវវាបាត់ហើយមិនចាំបាច់ស្ទង់ប្រជាប្រិយភាពអីទៀតទេ វាអស់រលីងតែម្ដង ហើយកុំយកពាក្យថាប្រជាពលរដ្ឋកន្លះនគរយកមកនិយាយទៀត វាអត់ត្រូវទេ។ កន្លះនគរវាបានវាបានហួសផុត៦ ៧ ឆ្នាំទៅហើយ អ៊ីចឹងវាអត់មានអ្នកកន្លះនគរហ្នឹងមកគាំទ្រក្រុមឧទ្ទាមក្រៅច្បាប់តទៅទៀតទេ។ មានតែបញ្ហាតែមួយទេ គឺសុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់»។
លោក សម រង្ស៊ី ប្រកាសវិលចូលមាតុប្រទេសវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខនេះ គឺនៅសល់តែ៥១ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃកំណត់ដែលលោកវិលត្រឡប់ចូលទៅកាន់ប្រទេសកម្ពុជាវិញ។ លោក សម រង្ស៊ី និយាយថា ដំណើររបស់លោកលើកនេះ មានអ្នកតំណាងរាស្ត្រមកពីបណ្ដាប្រទេសមួយចំនួន និងប្រជាពលរដ្ឋរាប់សែននាក់ ចូលរួមផងដែរ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment