Saturday 21 September 2019

"លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​ដូច​មេ​ដឹកនាំ​ផ្ដាច់ការ​លោក ហ្វឺឌីណង់ ម៉ាកូស នៃ​ប្រទេស​ហ្វីលីពីន"


ដោយ ថន ថារ៉ូ
2019-09-20

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ
 រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី




មេដឹកនាំ​គណបក្សប្រឆាំង​លោក សម រង្សី និង​អ្នកវិភាគ​ឯករាជ្យ បាន​លើកឡើង​ថា លោក ហ៊ុន សែន បាន​ដឹកនាំ​ប្រ​ទស​កម្ពុជា​ក្នុង​ភាព​ផ្ដាច់ការ មិន​ខុស​ពី​ជន​ផ្ដាច់​ការ​អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក ហ្វឺឌីណង់ ម៉ាកូស ក្នុង​ទសវត្ស​ឆ្នាំ​៨០​នោះ​ឡើយ​។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ អះអាង​ថា កម្ពុជា​កំពុង​មាន​លទ្ធិប្រជាធិបតេយ្យ និង​គ្មាន​អំពើ​ផ្ដាច់ការ​ដូច​ការ​លើកឡើង​របស់​គណបក្សប្រឆាំង​ឡើយ។

លោក សម រង្សី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ កាល​ពី​ពេល​ថ្មី​នេះ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា ងើបឡើង​ទូទាំង​ប្រទេស​ប្រឆាំង​លោក ហ៊ុន សែន ដើម្បី​បង្ខំ​ឱ្យ​លោក ប្រគល់​អំណាច​ឱ្យ​ប្រជាពលរដ្ឋ​វិញ ហើយ​ចាក​ចេញពី​ប្រទេស​កម្ពុជា ដូច​អ្វី​ដែល​ជន​ផ្ដាច់ការ​អតីត​ប្រធានាធិបតី​ហ្វីលីពីន​លោក ហ្វឺឌីណង់ ម៉ាកូស (Ferdinand Marcos) បាន​ធ្វើ​កាលពី​ឆ្នាំ​១៩៨៦ ដោយ​រត់​ចេញពី​ប្រទេស​ហ្វីលីពីន ក្រោយ​មាន​បាតុកម្ម​ប្រជាជន​ដេញ​លោក​ចេញពី​អំណាច​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​១៩៨៦​។ លោក សម រង្សី បាន​ទទូច​ឱ្យ​លោក ហ៊ុន សែន ប្រគល់​អំណាច​ដែល​លោក​បាន​ប្លន់ ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​វិញ ហើយ​ចាក​ចេញទៅ​ក្រៅ​ប្រទេស​នៅ​ពេល​លោក​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ខាងមុខ៖ «ឆ្នាំ​១៩៨៦ ជន​ផ្ដាច់ការ​មួយ​ឈ្មោះ ហ្វឺឌឺណង់ ម៉ាកូស ធ្វើបាប​ប្រជាពលរដ្ឋ​ដូច ហ៊ុន សែន ធ្វើបាប​ប្រជាពលរដ្ឋ​អ៊ីចឹង តែ​ប្រជាពលរដ្ឋ​ដល់ក គឺ​ចេញ​មក​តាម​ផ្លូវ​ធំៗ​ក្នុង​ទីក្រុង​ម៉ានីល មានអី​ជន​ផ្ដាច់ការ ហ្វីឌឺណង់ ម៉ាកូស គាត់​បាន​ប្រាប់​ឱ្យ​បាញ់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់។ ទាហាន​ថា​អត់​ទេ មិន​អាច​ធ្វើ​អ៊ីចឹង​បានទេ ទាហាន​ប្រាប់​ម៉ាកូស ប្រាប់​ជន​ផ្ដាច់ការ​ថា​ឈប់​ស្ដាប់​បញ្ជា​លោក បើ​លោក​ចង់​រួចខ្លួន​ឱ្យ​លោក​ចេញ​ទៅ រត់​ចេញ​ពី​ហ្វីលីពីន​។ យើង​អត់​ចង់​ធ្វើបាប ហ៊ុន សែន ទេ អត់​ចង់​ចងកម្ម​ចង​ពៀរ​ជាមួយ​ហ៊ុន សែន​ទេ ឱ្យ ហ៊ុន សែន ចេញទៅ ដើម្បី​ឱ្យ​ខ្មែរ​បាន​សុខ។

លោក ហ្វឺឌីណង់ ម៉ាកូស ជា​អតីត​ប្រធានាធិបតី​ទី​១០​របស់​ប្រទេស​ហ្វីលីពីន បាន​ដឹកនាំ​ប្រទេស​ហ្វីលីពីន​តាមរបៀប​ផ្ដាច់ការ​ពី​ឆ្នាំ​១៩៦៥ ដល់​ឆ្នាំ​១៩៨៦។ លោក​បាន​រត់​គេច​ខ្លួន​ពី​ប្រទេស​ហ្វីលីពីន ក្រោយ​ការ​ងើប​បះបោរ​ប្រឆាំង​តវ៉ា​ដោយ​កម្លាំង​មហាជន​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​។ លោក បាន​ប្រើប្រាស់​ច្បាប់​អាជ្ញាសឹក​យោធា​យ៉ាង​តឹងរ៉ឹង​នៃ​ការគ្រប់គ្រង​អំណាច​របស់​លោក​។ ប្រជាជន​ហ្វីលីពីន​នៅ​ទូទាំង​ប្រទេស បាន​ចោទ​រដ្ឋាភិបាល​លោក​ម៉ាកូស ថា ប្រព្រឹត្តិ​អំពើពុករលួយ ប្លន់​សេដ្ឋកិច្ច​ជាតិ បំបិទ​សិទ្ធិ​សេរីភាព បំផ្លាញ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស។



ទោះជា​យ៉ាងណា លោក​បណ្ឌិត ឈាង វណ្ណារិទ្ធ នាយក​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ប្រាប់​អាស៊ីសេរី​ថា បរិបទ​រវាង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន និង​ប្រទេស​ហ្វីលីពីន​កាលសម័យ​នោះ វា​មាន​លក្ខណៈ​ខុសគ្នា ហើយ​ម្យ៉ាង​ទៀត​ក្នុង​អំឡុង​ទសវត្ស​ឆ្នាំ​៨០ ពិភពលោក​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​នៃ​សង្គ្រាមត្រជាក់​។ លោក​អះអាង​ថា កា​បង្ក្រាប​លើ​ក្រុម​គណបក្សប្រឆាំង​នៅ​កម្ពុជា នា​ពេល​នេះ នៅ​មាន​កម្រិត​តិចតួច​ជាង​អ្វី​ដែល​លោក ម៉ាកូស បាន​ធ្វើ​ក្នុង​ប្រទេស​ហ្វីលីពីន ។ លោក​បន្ត​ទៀត​ថា បញ្ហា​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​របស់​ហ្វីលីពីន​នា​ពេល​នោះ គឺជា​ឫសគល់​ដ៏​សំខាន់​មួយ​ដែរ ក្នុង​ការ​ទាញ​ទម្លាក់​របប​មេដឹកនាំ​ផ្ដាច់ការ​របស់​លោក​ប្រធានាធិបតី ម៉ាកូស ក្នុង​ជំនាន់​នោះ។ លោក​បន្ត​ទៀត​ថា ចំណែក​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​វិញ សេដ្ឋកិច្ច​មានការ​រីក​ចំរើន ហើយ​អត្រា​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ គឺ​ស្ថិត​ក្នុង​រង្វង់​ប្រមាណ​ជាង ៧​ភាគរយ​ក្នុង​រយៈពេល​២​ទសវត្ស​ចុងក្រោយ​នេះ បាន​ផ្តល់​ជា​ប្រភព​ស្របច្បាប់​ដ៏​សំខាន់​នៃ​របប​គ្រប់គ្រង​នា​ពេល​បច្ចុប្បន្ន៖ «បរិបទ​ខុសគ្នា​។ នៅ​ហ្វីលីពីន​កាលសម័យ​នោះ គឺ​ទសវត្ស​ទី​៨០ ហើយ​បើ​យើង​ប្រៀបធៀប​មក​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​គឺ​យើង​ឃើញ​ថា ភាព​ស្របច្បាប់​ហ្នឹង មាន​ទំហំ​ធំ​ជាង​។ អ្នកដឹកនាំ​អាស៊ី​ភាគច្រើន​ហ្នឹង​គាត់​យល់ថា ដើម្បី​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​ហ្នឹង​ទៅមុខ​បាន ត្រូវតែ​ពង្រឹង​នូវ​សេដ្ឋកិច្ច អ៊ីចឹង​សេដ្ឋកិច្ច​ជា​កត្តា​កំណត់​ហើយ។ អ៊ីចឹង​ដើម្បី​សេដ្ឋកិច្ច​ហ្នឹង​ទៅមុខ​គាត់​ត្រូវ​ការ​ស្ថិរភាព និង​សន្តិសុខ​ហ្នឹង​។ នៅ​កម្ពុជា​យើង​នេះ ជាពិសេស​ក្រោយ​ពី​បោះឆ្នោត​ឆ្នាំ​២០១៣​មក យើង​ឃើញ​ថា ចលនា​បក្ស​ប្រឆាំង​ហ្នឹង​កើន​ឡើង​ខ្លាំង​មែនទែន​។ បច្ចុប្បន្ន​នេះ បើ​ប្រៀប​ធៀប​ជាមួយ​ម៉ាកូស ស្ថានការណ៍​បច្ចុប្បន្ន​នៅ​ល្អ​ច្រើន​ទេ ច្រើនជាង​សម័យ​លោក ម៉ាកូស ណា។ អ៊ីចឹង​ទេ ខ្ញុំ​គិត​ថា លទ្ធភាព​កម្ពុជា​ដូច​នៅ​ហ្វីលីពីន លទ្ធភាព​ហ្នឹង​មិន​អាច​ទៅ​រួច​ទេ បាទ»។

មុន​ឡើង​កាន់​អំណាច លោក ម៉ាកូស បាន​សិក្សា​ក្នុង​មហាវិទ្យាល័យ​ច្បាប់​នៃ​សាកលវិទ្យាល័យ​ហ្វីលីពីន ជិត​ទីក្រុង​ម៉ានីល។ លោក​ធ្វើជា​សមាជិកសភា​តំណាងរាស្ត្រ​ពី​ឆ្នាំ​១៩៤៩ ដល់​ឆ្នាំ​១៩៥៩ និង​ជា​សមាជិក​ព្រឹទ្ធសភា​ពី​ឆ្នាំ​១៩៥៩ ដល់​ឆ្នាំ​១៩៦៥ ដែល​ក្នុង​នោះ​ជា​ប្រធាន​ព្រឹទ្ធសភា​ពី​ឆ្នាំ​១៩៦៣ ដល់​១៩៦៥។

ចំណែក​លោក ហ៊ុន សែន វិញ ប្រវត្តិ​មុន​ឡើង​កាន់​អំណាច​ជា​នាយ​រដ្ឋមន្ត្រី លោក​គឺជា​កម្មាភិបាល​ខ្មែរក្រហម​មួយ​រូប មុន​ពេល​ភៀសខ្លួន​ទៅកាន់​ប្រទេស​វៀតណាម នៅ​ឆ្នាំ​១៩៧៧ ហើយ​លោក​បាន​ត្រឡប់​មក​កម្ពុជា​វិញ នៅ​ដើម​ឆ្នាំ​១៩៧៩ ជាមួយ​កងទ័ព​វៀតណាម​។ លោក​បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដោយ​ការ​លើក​បន្តុប​ពី​ប្រទេស​វៀតណាម បន្ត​ពី​លោក ចាន់ ស៊ី ដែល​បាន​ស្លាប់​ដោយ​អាថ៌កំបាំង​ក្នុង​ឆ្នាំ​១៩៨៥ គឺ​រយៈពេល​មួយ​ឆ្នាំ​មុន​ពេល​ជន​ផ្ដាច់ការ ហ្វឺឌីណង់ ម៉ាកូស ត្រូវ​បាន​ប្រជាជន​ហ្វីលីពីន​បណ្ដេញ​ចេញពី​អំណាច។

ខុស​ពី​លោក ម៉ាកូស ដែល​បាន​ឡើង​កាន់​អំណាច​តាមរយៈ​ការបោះឆ្នោត​ក្នុង​ឆ្នាំ​១៩៦៥ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន បាន​ចាញ់​ការបោះឆ្នោត​ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​ក្នុង​ឆ្នាំ​១៩៩៣ ប៉ុន្តែ​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា មិន​ព្រម​បោះបង់​អំណាច ហើយ​គំរាម​ប្រើ​កម្លាំង​បំបែក​ប្រទេស​កម្ពុជា​ជា​ពីរ ដែល​ជា​ហេតុ​បង្ខំ​ឱ្យ មាន​ការ​ចចារ​តថ្លៃ​គ្នា​ដ៏​ស្វិតស្វាញ​ជាមួយ​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច ដែល​ជា​គណបក្ស​ឈ្នះ​ឆ្នោត រហូតដល់​មានការ​យល់ព្រម​គ្នា​រវាង​គណបក្ស​ធំ​ទាំងពីរ បង្កើត​រដ្ឋាភិបាល​ក្បាល​ពីរ ដែល​មាន​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ជា​នាយករដ្ឋមន្ត្រី​ទី​មួយ និង​លោក ហ៊ុន សែន បាន​យល់ព្រម​ទទួលយក​នូវ​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ទី​២​។

ប៉ុន្តែ​នៅ​ថ្ងៃទី​៥-៦ កក្កដា ឆ្នាំ​១៩៩៧ ក្រោយពី​ធ្វើ​ការ​មិន​ចុះសំរុង​គ្នា​ជាមួយ​នាយករដ្ឋមន្ត្រី​ទី​មួយ លោក ហ៊ុន សែន បាន​ធ្វើ​រដ្ឋប្រហារ​បណ្ដេញ​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ចេញពី​អំណាច​។ ក្រោយ​រដ្ឋប្រហារ​បង្ហូរ​ឈាម​នោះ​មក និង​ក្រោយ​ការបោះឆ្នោត​ជា​បន្តបន្ទាប់ អំណាច​ដឹកនាំ​រដ្ឋ​ទាំងស្រុង​បាន​ធ្លាក់​ក្នុង​កណ្ដាប់​បុរស​ខ្លាំង​លោក ហ៊ុន សែន។

អតីត​មេដឹកនាំ​ផ្ដាច់ការ​ហ្វីលីពីន លោក ហ្វឺឌីណង់ ម៉ាកូស ចាប់​ប្រធាន​គណបក្សប្រឆាំង​លោក បិកនិកណូ អាគីណូ (Benigno Aquino) ដាក់​ពន្ធនាគារ​អស់​រយៈពេល​ជិត​៨​ឆ្នាំ​។ មិន​ខុស​ពី​លោក ម៉ា​កូស នោះ​ទេ លោក ហ៊ុន សែន បាន​បន្ត​ការដឹកនាំ​របស់​លោក ក្រោម​កណ្តាប់​ដៃ​ដែក​និង​អំណាច​ដ៏​រឹងមាំ ដោយ​ប្រើប្រាស់​មធ្យោបាយ​តុលាការ និង​រូបភាព​គ្រប់​បែប​យ៉ាង ក្នុង​ការ​បំបែក​គណបក្សប្រឆាំង ជាពិសេស​ចុងក្រោយ​នេះ គឺ​មេដឹកនាំ​ទាំងពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្សី និង​លោក កឹម សុខា​។ ទោះ​បី​យ៉ាងណា ការ​ព្យាយាម​ខំ​បំបែក​លោក កឹម សុខា និង​លោក សម រង្សី ដោយ​លោក ហ៊ុន សែន បាន​ទទួល​បរាជ័យ​ជា​បន្តបន្ទាប់ ហើយ​ជម្រើស​ចុងក្រោយ គឺ​លោក ហ៊ុន សែន និង​គណបក្ស​របស់​លោក បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ចាប់​មេដឹកនាំ​បក្ស​ប្រឆាំង​ដាក់គុក និង​បន្ទាប់មក​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​។ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រង​ការ​ចោទ​ពី​ទោស​ក្បត់ជាតិ ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួនរ​ហូត​មកដល់ពេលនេះ មាន​រយៈពេល​ជាង​២​ឆ្នាំ​ហើយ ដោយ​មិន​មាន​ការ​ជំនុំជម្រះ​ទោស​។

អ្នកវិភាគ​ឯករាជ្យ​លោក បណ្ឌិត ឡៅ ម៉ុងហៃ បាន​លើក​ឡើង​ថា របៀប​ដឹកនាំ​សព្វថ្ងៃ​របស់​បុរស​ខ្លាំង​លោក ហ៊ុន សែន មាន​ភាព​ស្រដៀងគ្នា​ជាមួយ​មេដឹកនាំ​ផ្ដាច់ការ​រលោក ហ្វឺឌីណង់ ម៉ាកូស ក្នុង​រឿង​ក្ដោបក្ដាប់​អំណាច ចាប់ចង​និង​ធ្វើបាប​មន្ត្រី​គណបក្សប្រឆាំង​។ ទោះជា​យ៉ាង​ណា​ក្តី លោក​ថា ចំណុច​ខុសគ្នា​មួយ​នោះ គឺ​អតីត​មេដឹកនាំ​ប្រទេស​ហ្វីលីពីន មិន​មាន​ប្រវត្តិ​ជាប់ និង​និន្នាការ​កុម្មុយនិស្ត​ដូច​លោក ហ៊ុន សែន ឡើយ ដែល​គណបក្ស​ប្រជាជន​កម្ពុជា មាន​កំណើត​ចេញ​មក​ពី​បក្ស​កុម្មុយនិស្ត៖ «ការ​ប្រៀបធៀប​ហ្នឹង​ដូច​មិន​ខុស​ឆ្ងាយ​ប៉ុន្មាន​ទេ អត់​ឱ្យ​មាន​អ្នកប្រឆាំង អត់​ឱ្យ​មាន អត់​ឱ្យ​មាន​អ្នកណា​ងើប​រួច​។ ប៉ុន្តែ​គ្រាន់តែ​ចេះ​ទេ គឺ​ខាង​ម៉ាកូស អត់​មាន​ខាង​ប្រវត្តិ​កុម្មុយនិស្ត​ទេ និយាយ​ឱ្យចំ​ទៅ គឺ​ខាង​សេរី​ទេ​។ កាលពី​យួន​មកកាន់​កាប់​ប្រទេស​កម្ពុជា​ហ្នឹង គឺ​គាត់​រស់នៅ​បាន​ទទួល​ការអប់រំ​ហ្វឹកហ្វឺន ក្នុង​ពិភព​កុម្មុយនិស្ត ដូចនេះ​គាត់​មាន​ជំនឿ​លើ​ហ្នឹង​ដែរ ហើយ​ពេល​ដែល​គាត់​រត់ចេញ​ហ្នឹង មិនមែន​រត់ចេញ​សំដៅ​ទៅ​ប្រទេស​សេរី​ទេ គឺ​គាត់​សំដៅ​ទៅ​ប្រទេស​វៀតណាម​តែម្ដង»។

ផ្ទុយ​ពី​ការ​លើកឡើង​របស់​អ្នកវិភាគ​នានា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន្ត​បាន​អះអាង​ប្រាប់​អាស៊ីសេរី​ថា ការ​ប្រៀបធៀប​លោក​ហ៊ុន សែន ទៅ​នឹង​មេដឹកនាំ​ផ្ដាច់ការ​រលោក ហ្វីដឺណង់ ម៉ាសកូស របស់​ប្រទេស​ហ្វីលីពីន​ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​ហ្វីលីពីន ធ្វើបាតុកម្ម​តវ៉ា​បណ្ដេញ​ចេញពី​អំណាច ជា​ការ​មិន​ត្រឹមត្រូវ​នោះ​ទេ ព្រោះ​កម្ពុជា​សព្វថ្ងៃ​ពុំ​មែន​ជា​របប​ផ្ដាច់ការ​ដូច​ការចោទប្រកាន់​នោះ​ទេ ហើយ​កម្ពុជា​កំពុង​មាន​លទ្ធិប្រជាធិបតេយ្យ និង​មាន​ប្រជាពលរដ្ឋ​គាំទ្រ​មេដឹកនាំ​លោក ហ៊ុន សែន៖ «បើ​ដឹកនាំ​ដូចគ្នា ដាក់ឈ្មោះ​ម៉ាកូស​ដូចគ្នា​ទៅ មិន​បាច់​ដាក់ឈ្មោះ​សម្ដេច​ហ៊ុន សែន​ទេ​។ ឥឡូវនេះ​កំពុងតែ​ឡប់សតិ​ហើយ ប្រមូល​បរទេស​ក៏​អត់​បាន ប្រមូល​ខ្មែរ​នៅក្រៅ​ប្រទេស​នោះ ក៏​កាន់តែ​តិច​ទៅៗ រៃ​លុយ​អង្គាស​នោះ ក៏​កាន់តែ​អត់​ទៀត ហើយ​ជិត​ដល់​ថ្ងៃ​ទៀត​។ បើ​ដឹកនាំ​មិនល្អ ដឹកនាំ​ផ្ដាច់ការ បើ​ដឹកនាំ​មិន​ត្រឹមត្រូវ គ្មាន​ប្រជាធិបតេយ្យ ឬ​មិន​បម្រើ​សំណូមពរ​របស់​ប្រជាពលរដ្ឋ គ្មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ទេ​។ បើ​មិន​ចឹ​ង​ទេ ការបោះឆ្នោត​កាលពី​ឆ្នាំ​២០១៨​កន្លងទៅ គ្មាន​ប្រជាពលរដ្ឋ​៨៣​ភាគរយ​ទៅ​បោះឆ្នោត​ទេ ឆ្លុះបញ្ចាំង​ថា​ប្រជាពលរដ្ឋ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យនៅ​កម្ពុជា គាំទ្រ​មេដឹកនាំ​នៅ​កម្ពុជា»។

នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​១៩៨៣ ប្រធាន​គណបក្សប្រឆាំង​ដែល​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន លោក បិននិកណូ អាគីណូ (Benigno Aquino) ត្រូវ​បាន​គេ​បាញ់​សំលាប់​នៅ​ពេល​លោក​កំពុង​ចុះ​ពី​ជណ្ដើរ​យន្តហោះ​ក្នុង​ទីក្រុង​ម៉ានីល ដែល​ការ​ធ្វើ​ឃាត​នេះ បាន​ធ្វើ​ឱ្យ​មានការ​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​ពី​អ្នកប្រឆាំង​រដ្ឋាភិបាល​លោក ម៉ា​កូ​ស ហើយ​ពួកគេ​បាន​ងើបឡើង​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​លោក ម៉ាកូស ស្ទើរ​គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស​ហ្វីលីពីន ព្រោះ​គេ​ចាត់ទុកថា ការ​បាញ់​សំលាប់​មេដឹកនាំ​គណបក្សប្រឆាំង​ជា​ស្នាដៃ​របស់​រដ្ឋាភិបាល​លោក ម៉ាកូស។ នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​១៩៨៦ ក្រោយ​ការបោះឆ្នោត​ប្រធានាធិបតី គឺ​លោក លោក ម៉ាកូស បាន​ទទួល​ជ័យជំនះ តែ​ត្រូវ​បាន​ប្រជាជន​ហ្វីលីពីន​ទូទាំង​ប្រទេស​ទាត់ចោល​នូវ​លទ្ធផល​នេះ ដោយ​ពួកគេ​ចាត់ទុកថា នោះ​ជា​ការ​បោះឆ្នោត​មួយ​ដែល​ពោ​ពេញ​ទៅ​ដោយ​ភាព​អយុត្តិធម៌ ការ​បន្លំ​សន្លឹកឆ្នោត ដើម្បី​យកឈ្នះ​លើ​អ្នកស្រី កូរ៉ាហ្សូន អាគីណូ (Corazon Aquino) ដែល​ជា​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្សប្រឆាំង នឹង​ជា​ភរិយា​មេម៉ាយ​របស់​អតីត​ប្រធាន​គណបក្សប្រឆាំង​លោក បិននិកណូ អាគីណូ ។​

រលក​បាតុកម្ម​ដែល​មាន​ប្រជាជន​ជាង​មួយ​លាន​នាក់ និង​ភាព​ប្រទាញប្រទង់​គ្នា​ដ៏​ខ្លាំង​នោះ បាន​បញ្ចប់ ក្រោយ​កងទ័ព​ដែល​ធ្លាប់តែ​ស្មោះត្រង់​និង​លោក ម៉ាកូស បាន​យល់ព្រម​ទទួលយក​នូវ​ការ​អង្វរ​ករ​របស់​ក្រុម​បាតុករ​ប្រជាជន ហើយ​មិន​ស្ដាប់​តាម​បញ្ជា​ឱ្យធ្វើ​ការ​បាញ់ប្រហារ​ទៅលើ​ហ្វូង​បាតុករ​។ ដោយ​អស់សង្ឃឹម​នឹង​ការ​មិន​ស្ដាប់​បញ្ជា​ពី​សំណាក់​កងទ័ព​ដែល​ធ្លាប់តែ​ស្មោះត្រង់​និង​ខ្លួន និង​ក្រោយ​រលក​បាតុកម្ម​ឥតឈប់​ឈរ ជន​ផ្ដាច់ការ ហ្វឺឌីណង់ ម៉ាកូស បាន​យល់ព្រម​រត់​ភៀសខ្លួន​ទៅកាន់​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​២៥​ខែ​កុម្ភៈ ឆ្នាំ​១៩៨៦ និង​បាន​រស់នៅ​និទ្ទេស​ខ្លួន​ក្នុង​រដ្ឋ​ហាវៃ រហូតដល់​លោក​ទទួលមរណភាព​នៅ​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​១៩៨៩ ក្នុង​អាយុ​៧២​ឆ្នាំ​។

ចំណែក​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន លោក សម រង្សី បាន​សន្យា​ថា លោក​នឹង​វិល​ត្រលប់​ទៅ​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​៩ វិច្ឆិកា ឆ្នាំ​២០១៩ ដើម្បី​បង្ខំ​ឱ្យ​លោក ហ៊ុន សែន​ចុះ​ចេញពី​តំណែង និង​ប្រគល់​អំណាច​ឱ្យ​ប្រជាពលរដ្ឋ​វិញ​។ ក្រោយ​ការប្រកាស​វិល​ចូល​ស្រុក​វិញ​ភ្លាម​របស់​មេដឹកនាំ​គណបក្សប្រឆាំង​រូបនេះ មេដឹកនាំ​កម្ពុជា លោក​ហ៊ុន សែន បានប្រកាសថា ពន្ធនាគារ​នឹង​ស្វា​គម​ន៏​មេដឹកនាំ​គណបក្សប្រឆាំង​លោក សម រង្សី និង​អ្នក​ហែហម​ដែលមាន​ដីការ​ពី​តុលាការ នៅពេល​ពួកគេ​មកដល់​ប្រទេស​កម្ពុជា​។​

​អ្នកវិភាគ​ថា​ការអំពាវនាវ​របស់លោក សម រង្សី ឱ្យ​ប្រជាពលរដ្ឋ​ងើបឡើង​តវ៉ា ប្រឆាំង​លោក ហ៊ុន សែន និង​បណ្តេញ​លោក​ចេញពី​តំណែង​នោះ ប្រហែល​អាច​នឹង​ពិបាក​ធ្វើទៅបាន​។ ពួកគេ​សំអាង​មូលហេតុ​ពីរ​យ៉ាង​គឺ​ទីមួយ ប្រជាជន​នៅក្នុង​ប្រទេស​ពុំមាន​អ្នកដឹកនាំ​ធ្វើ​ចលនា​នេះ និង​ទី​២ អាជ្ញាធរ​លោក ហ៊ុន សែន បាន​ប្រើប្រាស់​ការ​កំរាម​គំហែង​គ្រប់​រូបភាព​ទៅលើ​ប្រជាពលរដ្ឋ​និង​អ្នកគាំទ្រ​គណបក្សប្រឆាំង​។ ទោះបីជា​យ៉ាងណា គណបក្ស​សង្គ្រោះ​ជាតិ​បាន ត្រៀម​ថវិកា​សម្រាប់​ផ្គត់ផ្គង់​កងកម្លាំងប្រដាប់អាវុធ​ដែល​ផ្តាច់ខ្លួន​ចេញពី​របប​លោក ហ៊ុន សែន មក​ការពារ​ប្រជាពលរដ្ឋ​។ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅក្រៅ​ប្រទេស វិលត្រឡប់​ចូល​មក​កម្ពុជា​មក​ចូលរួម​ជាម​ហា​កម្លាំង​ជាមួយ​លោក សម រង្ស៊ី ដើម្បី​ឱ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា​៕

No comments: