Saturday, 14 September 2019

តុលាការ​របប​ក្រុងភ្នំពេញ​សម្រេច​ចោទ លោក សម រង្ស៊ី ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ


ដោយ អាស៊ីសេរី
2019-09-13
rfa
លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ
លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ
 Screenshot



អ្នកវិភាគ​នយោបាយ យល់ថា ចំណាត់ការ​របស់​តុលាការ​របប​ក្រុងភ្នំពេញ មិនមែន​ជា​ព្រះរាជ បំណង​ព្រះមហាក្សត្រ​នោះ​ទេ ហើយ​អ្នក​ដែល​ប្រមាថ​ព្រះមហាក្សត្រ​ពិតប្រាកដ គឺ​របប​ក្រុងភ្នំពេញ។



ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កែវ សុធា សម្រេច​ចោទប្រកាន់ លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​មួយ​ករណី​ទៀត នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ។ ក្នុង​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឱ្យ​ស៊ើបសួរ​នោះ លោក កែវ សុធា ក៏​ស្នើសុំ​ឱ្យ​មានការ​តាម​ចាប់​ឃុំខ្លួន លោក សម រង្ស៊ី ជា​បណ្ដោះអាសន្ន​ផង​ដែរ។

ចំណាត់ការ​នេះ បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ចេញ​លិខិត​បញ្ជា​ឱ្យ​ព្រះ រាជអាជ្ញា ចាត់វិធានការ​ផ្លូវ​ច្បាប់​ជាបន្ទាន់ និង​តឹងរ៉ឹង​បំផុត​ចំពោះ​លោក សម រង្ស៊ី។ រីឯ​ក្រសួង​ព្រះបរមរាជវាំង ក៏​ប្រកាស​ថ្កោលទោស លោក សម រង្ស៊ី ដោយ​បាន​ចោទ​ប្រកាន់​ថា មេ​បក្ស​ប្រឆាំង រូប​នេះ បាន​ប្រើ​ពាក្យ​សម្តី​អសុរោះ​ធ្ងន់ៗ​ប្រមាថ​ព្រះ​កិត្តិនាម​ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម សីហមុនី។

លោក សម រង្ស៊ី បាន សរសេរ​ឆ្លើយតប​ក្នុង​ប្រអប់​បញ្ចេញមតិ​(comment)​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់ លោក​ថា ព្រះបរមរាជវាំង​សព្វថ្ងៃ ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់ លោក ហ៊ុន សែន ដែល​ជា​ជន ក្បត់ជាតិ​យ៉ាងពិត​ប្រាកដ ពូកែ​តែ​តាម​ធ្វើបាប​អ្នក​ស្នេហាជាតិ ដែល​ប្រឆាំង​របប​គ្រប់គ្រង​របស់​គាត់។ លោក សម រង្ស៊ី បន្ត​ថា អតីត​ព្រះមហាក្សត្រ ព្រះបាទ​នរោត្តម សីហនុ កាល​មាន​ព្រះជន្ម​នៅ​ឡើយ តែងតែ​ប្រទាន​តម្លៃ​ដល់​សកម្មភាព​ស្នេហា​ជាតិ​របស់​លោក ដែល​ធ្វើ​នយោបាយ​ប្រឆាំង​ដាច់ខាត​អំណាច ផ្ដាច់ការ និង​អំពើពុករលួយ​របស់​លោក ហ៊ុន សែន។



ចំណាត់​ការ​ជាថ្មី​របស់​ក្រុងភ្នំពេញ​នេះ បន្ទាប់ពី លោក សម រង្ស៊ី បាន​ថ្លែង​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី កាលពី​រាត្រី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ថា ប្រជារាស្ត្រ​ខ្មែរ មិន​អាច​ពឹង​ព្រះមហាក្សត្រ​ឱ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិបត្តិ​នយោបាយ​បានទេ ព្រោះ របប លោក ហ៊ុន សែន បាន​យក​ព្រះ មហាក្សត្រ ធ្វើជា​ចំណាប់ខ្មាំង​បម្រើ​ផលប្រយោជន៍​នយោបាយ​របស់​ខ្លួន។

កាលពី​ខែ​មិថុនា ឆ្នាំ​២០១៨ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្ស វង្សវឌ្ឍានា ក៏បាន​បញ្ជា​ឱ្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់វិធានការ​ច្បាប់​លើ​លោក សម រង្ស៊ី ដែរ បន្ទាប់​ពី​លោក​សរសេរ​លើ​ហ្វសប៊ុក ដោយ​ចាត់​ទុក​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ថា ជា​លិខិត​ក្លែងក្លាយ ឬក៏​ជា​លិខិត​មួយ​ដែល​បាន​ធ្វើឡើង​ក្រោម​ការគំរាមកំហែង​ពី​សំណាក់​លោក ហ៊ុន សែន។

អ្នកវិភាគ​នយោបាយ​ដែល​របប​ក្រុងភ្នំពេញ​តាម​ចាប់ខ្លួន លោក គឹម សុខ មាន​ប្រសាសន៍​ថា ចំណាត់​ការ និង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​ទាំងនេះ មិនមែន​ជា​ព្រះរាជ​បំណង​របស់​ព្រះមហាក្សត្រ​ឡើយ ប៉ុន្តែ​ជា​បំណង របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចង់​យក​ព្រះនាម​ព្រះអង្គ​ទៅ​ប្រើ​ប្រាស់​សម្រាប់​ផលប្រយោជន៍​នយោបាយ​របស់​ខ្លួន។ ជាពិសេស របប​ក្រុងភ្នំពេញ ចង់​យក​ព្រះនាម​ព្រះមហាក្សត្រ​ប្ដឹង​លោក សម រង្ស៊ី ទៅ​តុលាការ ដើម្បី​បន្ថែម​សម្ពាធ​កុំ​ឱ្យ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា តាម​កាល​កំណត់៖ «បំណង​របស់​ព្រះមហាក្សត្រ​គឺ​ការ​ចង់​បាន​ការ​ផ្សះផ្សា​ជាតិ ប៉ុន្តែ​សេចក្ដី​ថ្លែងការណ៍​ទាំងនោះ ខ្ញុំ​មើល​ខ្លឹមសារ​គឺជា​ការ​ចង់​បាន ឬ​ជា​ការ​រៀបចំ​របស់ រដ្ឋាភិបាល​នៃ​ក្រុម​លោក ហ៊ុន សែន ដែល​យក​ព្រះនាម​ព្រះមហាក្សត្រ​ទៅ​បិត​បាំង។ បើ​និយាយ​ពី ក្រសួងយុត្តិធម៌​យើង​មិនបាច់​និយាយ​ទេ ហើយ​បើ​និយាយ​ពី​ក្រសួង​ព្រះបរមរាជវាំង​វិញ សូម្បីតែ ព្រះបាទ​នរោត្តម សីហនុ កាល​មាន​ព្រះជន្ម​នៅឡើយ មាន​រាជបន្ទូល​ថា ក្រសួង​នេះ គឺជា​ក្រសួង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គេ​តែងតាំង​ទៅ​ឃ្លាំមើល​វាំង កុំ​ឱ្យ​ព្រះមហាក្សត្រ អាច​ធ្វើ​អ្វី​បាន​ទៅតាម​បំណង​ព្រះរាជហឫទ័យ​ដើម្បី​ជាតិ និង​ប្រជារាស្ត្រ»។

លោក គឹម សុខ ថ្លែង​បន្ត​ថា អ្នក​ដែល​ប្រមាថ​ព្រះមហាក្សត្រ​ពិតប្រាកដ គឺ​ក្រុម​លោក ហ៊ុន សែន ទៅវិញ​ទេ៖ «អ្នកនយោបាយ​នៅ​កម្ពុជា បើ​យើង​និយាយ​ពី​ភាសា និយាយ​មិនសូវ​គោរព​ព្រះមហាក្សត្រ​គឺ​មាន​ដូចគ្នា ។ ប៉ុន្តែ​បើ​យើង​និយាយ​អំពី​លក្ខខណ្ឌ​នៃ​ការប្រមាថ​ព្រះមហាក្សត្រ ការ​មិន​គោរព​តួនាទី​ព្រះមហាក្សត្រ និង​មិន​គោរព​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ ដែល​ពេល​មាន​បញ្ហា​ផ្សេងៗ​ត្រូវ​យក​ព្រះមហាក្សត្រ​ជា​និមិត្តរូប​ហើយ​គោរព​តាម​ព្រះរាជ​បំណង​របស់​ព្រះអង្គ​ដើម្បី​ជួយ​ប្រទេសជាតិ និង​ប្រជារាស្ត្រ គឺ​ខ្ញុំ​មើល​ឃើញ​ថា មាន​តែ​រដ្ឋាភិបាល​នៃ​ក្រុម លោក ហ៊ុន សែន​ទេ គឺ​បង្ហាញ​សញ្ញា​ច្បាស់​មិន​ត្រឹមតែ​ពាក្យ​សម្តី​ទេ ថែមទាំង​សកម្មភាព​ដល់​ទៅ គំរាម ប្តូរ​រាជ​បល្ល័ង្ក​ប្ដូរ​របប ហើយ​នឹង​សង្កត់​ព្រះមហាក្សត្រ​តាម​បំណង​នៃ​មហិច្ឆតា​អំណាច របស់​គេ»។

កន្លងមក មេដឹកនាំ​របប​ក្រុងភ្នំពេញ រង​ការ​ចោទ​ថា ប្រើ​ភាសា​ប្រមាថ​ព្រះមហាក្សត្រ​ដែរ ប៉ុន្តែ​ក្រសួង ព្រះបរមរាជវាំង និង​ក្រសួងយុត្តិធម៌​ក្តី មិនដែល​ហ៊ាន​ថ្កោលទោស ឬ​ប្តឹង​លោក ហ៊ុន សែន ឡើយ​។ ផ្ទុយ​ទៅវិញ​ពួកគេ ថែមទាំង​នាំគ្នា​ការពារ​លោក ហ៊ុន សែន ពី​ការរិះគន់​នានា​ទៀត​ផង។

កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៨ លោក ហ៊ុន សែន បាន​និយាយ​ក្នុង​ពេល​លូកដៃ​អន្តរាគមន៍​ជម្លោះផ្ទៃក្នុង​ក្រុមហ៊ុន​ទូរទស្សន៍​ស៊ី.អិន.ស៊ី (CNC) របស់​ឧកញ៉ា គិត ម៉េង ថា លោក គិត ម៉េង ត្រូវតែ​ធ្វើតាម បញ្ជា​របស់​ដាច់ខាត ព្រោះ​អំណាច​របស់​លោកធំ​ណាស់ សូម្បីតែ​ស្ដេច​ផែនដី​ក៏ដោយ​ក៏​លោក​មិន​ព្រឺ​ឆ្អឹង​ខ្នង​ដែរ៖ «ជាមួយ​ខ្ញុំ​កុំ​និយាយ​ឱ្យ​សោះ ឪ​ស្ដេច ម៉ែ​ស្ដេច ក៏​ខ្ញុំ​ដាក់​ដែរ កុំ​និយាយ​បញ្ហា​កូន​អ្នកធំ​ក្មួយ​អ្នកធំ ការយោគយល់​អត់​ទេ»។

លោក សម រង្ស៊ី ក៏​ធ្លាប់​លើកឡើង​ថា គ្មាន​នរណា​មើលងាយ​ព្រះមហាក្សត្រ ជាង លោក ហ៊ុន សែន នោះ​ទេ ដែល​ជេរប្រមាថ និង​គំរាមកំហែង​ព្រះមហាក្សត្រ តាំងពី​យូរ​ឆ្នាំ​មក​ហើយ ព្រមទាំង​យក​ព្រះមហាក្សត្រ ប្រើ​ជា​ខែល ដើម្បី​បន្តអំណាច​ផ្ដាច់ការ​របស់​លោក៕

No comments: