Friday, 13 September 2019
អ្នកវិភាគថា រចនាសម្ព័ន្ធនិងការគាំទ្ររបស់គណបក្សសង្គ្រោះជាតិនៅតែខ្លាំងនិងរឹងមាំ
ដោយ សេក បណ្ឌិត
2019-09-13
អ្នកវិភាគឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែងក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។
Photo: RFA
អ្នកវិភាគនយោបាយ មើលឃើញថា គណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិ ដែលបន្តរងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរនៃរដ្ឋាភិបាលលោក ហ៊ុន សែន ដោយសារតែការគាំទ្រ និងរចនាសម្ព័ន្ធរបស់គណបក្សនេះ នៅតែខ្លាំងនិងរឹងមាំ ទោះបីជារបបក្រុងភ្នំពេញ រំលាយគណបក្សប្រឆាំងមូយនេះ ចោលជិត ២ឆ្នាំ ហើយក៏ដោយ។ សកម្មជននិងថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ នៅតែរំពឹង ថា គណបក្សនេះនឹងរស់ឡើងវិញ ហើយនឹងនាំការផ្លាស់ប្តូរ ជាវិជ្ជមាននៅកម្ពុជា។
ជិត២ឆ្នាំហើយ ដែលរបបក្រុងភ្នំពេញ រំលាយគណបក្សសង្គ្រោះជាតិ មិនឲ្យចូលរួមប្រគួតប្រជែង ក្នុងឆាកនយោបាយ ប៉ុន្តែគណបក្សមួយនេះ នៅតែមានស្រមោលជាគណបក្សប្រឆាំងដ៏មានឥទ្ធិ ពលក្នុងឆាកនយោបាយកម្ពុជាដដែល។
អ្នកវិភាគនយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ទោះបីជាគណបក្សសង្គ្រោះជាតិត្រូវ បានរំលាយ ហើយត្រូវប្រឈមការធ្វើទុក្ខបុកម្នេញគ្រប់បែបយ៉ាង និងការអូសទាញបែបណាក្តី គឺ សកម្មជននិងថ្នាក់ដឹកនាំគណបក្សមួយនេះ នៅតែមានឆន្ទៈរឹងមាំ និងនៅតែបង្ហាញភាពស្មោះស្ម័គ្រជាមួយគ្នា។ លោក កត់សម្គាល់ថា មានមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សប្រឆាំងតិចតួចប៉ុណ្ណោះ ដែលបានផ្តាច់ខ្លួនទៅរួមរស់ជាមួយគណបក្សកាន់អំណាច ហើយពួកគេ ទទួលបានការរិះគន់ យ៉ាងខ្លាំង៖ «រចនាសម្ព័ន្ធគឺអត់មានបង្កើតទេព្រោះគេរំលាយហើយ គេហាមឃាត់១១៨នាក់មិនឲ្យធ្វើនយោបាយទៅទៀតដូច្នេះរចនាសម្ព័ន្ធនិងបណ្តាញនេះមិនអាចរៀបចំបានទេ ប៉ុន្តែទោះយ៉ាងណាគឺមួយនៅលើក្រដាសហើយមួយទៀតគឺរឿងទឹកចិត្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាសកម្មជនគឺនៅតែរក្សាជំហរដដែលហើយក៏បានដឹកមុខក្នុងកិច្ចការខ្លះដូចជារឿងនំបញ្ចុកជាដើម។ រឿងនំបញ្ចុកនេះគឺខាងសកម្មជនគណបក្សសង្គ្រោះជាតិបានដឹកមុខ ហើយនាយករដ្ឋមន្ត្រី ក៏ចូលរួមចំណែកថែមទៅទៀត»។
បណ្ឌិត ឡៅ ម៉ុងហៃ បន្តថា ដោយសារមន្ត្រីគណបក្សសង្គ្រោះជាតិតាំងពីលើដល់ក្រោមមានការប្ដេជ្ញាចិត្តរក្សាខ្ជាប់នូវឧត្តមគតិគណបក្សសង្គ្រោះជាតិ មិនក្បត់ឆន្ទៈរាស្ត្រ និងកេរ្តិ៍ឈ្មោះ ព្រមទាំងប្រវត្តិតស៊ូតាំងពីយូរមករបស់មេដឹកនាំគណបក្សប្រឆាំងជាដើម បានធ្វើឲ្យប្រជាពលរដ្ឋ នៅតែផ្តល់សេចក្តីទុកចិត្តថា មានតែគណបក្សមួយនេះគត់ ដែលហ៊ានប្តូរផ្តាច់ពិតប្រាកដក្នុងការប្រឆាំងជាមួយនឹងគណបក្សកាន់អំណាច ដើម្បីការផ្លាស់ប្តូរ។ លោកថ្លែងទៀតថា មកទល់ពេលនេះ ប្រជាពលរដ្ឋ មើលពុំទាន់ឃើញមាន គណបក្សណាមួយ ដែលមានលទ្ធភាពគ្រប់គ្រាន់ ធ្វើជាគណបក្សប្រឆាំង ជំនួសគណបក្សសង្គ្រោះជាតិឡើយ។ សូម្បីតែគណបក្សរបស់លោក ហ៊ុន សែន ក៏មើលឃើញដូច្នេះដែរ។ អ្នកវិភាគនយោបាយចាស់វស្សារូបនេះ យល់ថា ជាញឹកញាប់ មេដឹកនាំកំពូលៗ និងមន្ត្រីគណបក្សកាន់អំណាច តែងតែប្រតិកម្មនឹងគណបក្សប្រឆាំង ដែលបញ្ជាក់ថា គណបក្សនេះ នៅតែមានឥទ្ធិពលលើនយោបាយកម្ពុជា៖ «ដូចជាលោក សម រង្ស៊ី ត្រូវទទួលស្គាល់ការងាររបស់ គាត់ហើយគាត់គឺជាមនុស្សមានសុឆន្ទៈដែលគួរតែឲ្យតម្លៃ។ផ្ទាល់ខ្លួនខ្ញុំនេះថា គួរតែព្រះកូណាលើក លែងទោសហើយប្រទានគោរមងារសម្តេចជូនគាត់ទៀតព្រោះការងារគាត់ គ្មាននរណាធ្វើបានដូច គាត់ទេ ដើម្បីជួយដល់សង្គមនោះទេ»។
កាលពីជិត ២ឆ្នាំមុន តុលាការកំពូល បានរំលាយគណបក្សសង្គ្រោះជាតិចោល និងបានហាមថ្នាក់ ដឹកនាំ ១១៨រូបនៃគណបក្សនេះ មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ។ នៅមុនការរំលាយនេះ គណបក្សសង្គ្រោះជាតិ ទទួលបានអាសនៈ ៥៥ក្នុងរដ្ឋសភា និងទទួលបានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ប្រមាណជា ៥ពាន់ ដែលស្ទើរតែប្រហាក់ ប្រហែលនឹងគណបក្សប្រជាជនកម្ពុជា។
មន្ត្រីសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ថ្លែងថា មូលហេតុដែលគណបក្សមួយនេះនៅតែមានឥទ្ធិពល ខ្លាំង ពីព្រោះគណបក្សនេះ មានចំណុចពិសេសមួយចំនួន ដូចជា មានកម្លាំងគាំទ្រចេញពីទឹកចិត្ត របស់ប្រជាពលរដ្ឋ និងភាពរឹងមាំផ្ទៃក្នុងនៃគណបក្សប្រឆាំង។ លោក បន្តថា មិនមែនទើបតែថ្មីៗ នេះទេ តាមពិតគណបក្សប្រឆាំងមួយនេះ រងការធ្វើទុក្ខបុកម្នេញគ្រប់បែបយ៉ាងតាំងពីយូរណាស់ មកហើយ ប៉ុន្តែសកម្មជនតាមមូលដ្ឋាននៅតែជួបជុំនិងបញ្ចេញសារគាំទ្រថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិដដែល៖ «ទោះបីជាគណបក្សនេះរំលាយដោយតុលាការកំពូលហើយ មានការលើកទឹកចិត្តទៅលើក្រុមប្រឹក្សាឃុំសង្កាត់ឲ្យចូលរួមជាមួយគណបក្សណាមួយផ្សេង ក៏ដោយ ក៏ពួកគេមិនចាកចេញពីគណបក្សរបស់ខ្លួន។នេះហើយគឺជាភាពរឹងមាំនៃគណបក្សនេះ។ ការគាំទ្រចេញពីដួងចិត្តទៅហើយមិនងាយក្នុងការបំបែកនោះទេ។ គណបក្សទាំងពីរនេះ គួរដឹងថា វាមានកម្លាំងសមល្មមប៉ុណ្ណាហើយក៏ជាចំណុចមួយដែលគួរតែសមល្មមសម្រាប់ផលប្រយោជន៍ជាតិ ជាធំ ដែលគួរតែរកដំណោះស្រាយណាមួយតាមរយៈយន្តការជាតិក្តី អន្តរជាតិក្តីនិងសង្គមស៊ីវិលក្តី គឺធ្វើម៉េចដើម្បីរកដំណោះស្រាយរក្សាEBA»។
រីឯអ្នកវិភាគនយោបាយដែលរបបក្រុងភ្នំពេញតាមចាប់ដាក់ពន្ធនាគារ លោក គឹម សុខ បញ្ចេញមតិ ស្រដៀងគ្នាថា ទោះបីជាបច្ចុប្បន្ននេះ ថ្នាក់ដឹកនាំសង្គ្រោះជាតិមានការខ្វែងគំនិតគ្នាខ្លះ អំពីរបៀបធ្វើនយោបាយក្តី ប៉ុន្តែពួកគេមិនបែកបាក់គ្នាទៅចុះជាមួយជាមួយគណបក្សកាន់អំណាចនោះទេ។ លោក ថ្លែងថា របបក្រុងភ្នំពេញ មិនអាចកម្ទេចបក្សប្រឆាំងឲ្យខ្ទេចនិងបាត់ឈ្មោះ ពីឆាកនយោ បាយកម្ពុជាបានទេ ព្រោះគណបក្សនេះនៅតែមានពលរដ្ឋខ្មែរគាំទ្រខ្លាំង ហើយសហគមន៍អន្តរជាតិ នៅតែទទួលស្គាល់ និងជំរុញឲ្យរបប លោក ហ៊ុន សែន ផ្តល់សេរីភាពពេញលេញជូនលោក កឹម សុខា និងឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ៖ «ក្រោយការរំលាយគណបក្សសង្គ្រោះជាតិដោយរបបខុសច្បាប់ក្រុងភ្នំពេញ រចនាសម្ព័ន្ធគណបក្សសង្គ្រោះគឺលែងមាននរណាម្នាក់ហ៊ានប្រកាសប្រើទៀត ហើយ ប៉ុន្តែស្មារតី ទឹកចិត្ត ការគាំទ្រ ការចង់ផ្លាស់ប្តូរតាមគោលនយោបាយគណបក្សសង្គ្រោះជាតិ គឺមើលទៅអត់ធ្លាក់ចុះទេ ហើយកាន់តែពុះកញ្ជ្រោលថែមទៀតរហូតដល់របបក្រុងភ្នំពេញ ដើរសម្លុត គំរាមគំហែងរបៀបណាក៏ដោយ»។
នៅក្រោយការរំលាយគណបក្សប្រឆាំងដ៏មានប្រជាប្រិយភាពនេះ សហគមន៍ជាតិ និងអន្តរជាតិ បានវាយតម្លៃថា របប លោក ហ៊ុន សែន បានសម្លាប់ពន្លក់ប្រជាធិបតេយ្យនៅកម្ពុជា និងព្រមាន ដាក់ទណ្ឌកម្មជាបន្តបន្ទាប់។ សហភាពអឺរ៉ុប កំពុងពិចារណាដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ហើយតំណាងរាស្ត្រសហរដ្ឋអាមេរិក ក៏កំពុងស្នើច្បាប់ដាក់ទណ្ឌកម្មមន្ត្រីកំពូលៗ របបក្រុង ភ្នំពេញផងដែរ។
អ្នកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ អះអាងថា រចនាសម្ព័ន្ធគណបក្សសង្គ្រោះជាតិ តាំងពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាននៅតែរឹងមាំដដែល។ អ្នកស្រីបញ្ជាក់ថា មកទល់ពេលនេះ ក្នុងចំណោមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំង ១១៨នាក់ គឺមានតែ៩នាក់ប៉ុណ្ណោះដែលសុំសិទ្ធិ ធ្វើនយោបាយ និងចុះចូលជាមួយគណបក្សកាន់អំណាច។ ចំណែកក្នុងចំណោមក្រុមប្រឹក្សាជាប់ ឆ្នោតប្រមាណ ៥ពាន់នាក់របស់គណបក្សសង្គ្រោះជាតិ គឺមានមិនដល់ ១០ភាគរយនោះទេ ដែល បង្ខំចិត្គលាលែងពីគណបក្សពីព្រោះ មានគំរាមគំហែងផ្សេងៗពីរបបក្រុងភ្នំពេញ៖ «យើងសូមបញ្ជាក់ថា យើងអត់ទទួលស្គាល់ការរំលាយ គណបក្សសង្គ្រោះជាតិពីសំណាក់តុលាការតេឡេរបស់លោក ហ៊ុន សែន ទេ។ ផ្ទុយទៅវិញគណ បក្សសង្គ្រោះជាតិនៅមានជីវិតរស់រវើក។ យើងខ្ញុំទៅកន្លែងណាក៏នៅយើងខ្ញុំបង្ហាញខ្លួនជាសមាជិក ជាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។ ទោះបីជារដ្ឋាភិបាលប្រទេសណា ទោះបីជាអង្គការសហប្រជាជាតិ ក៏នៅតែទទួលស្គាល់លោកប្រធានស្តីទីសម រង្ស៊ី លោកប្រធាន កឹម សុខា និងរចនាសម្ព័ន្ធរបស់គណបក្សយើងតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន។ ការរឹងមាំរបស់យើងនេះឯង ទើបលោក ហ៊ុន សែន និងរដ្ឋអំណាចមានការតាមដាន មានការយាយី គំរាមគំហែង រហូតដល់មានការចាប់ចង់ជាដើម»។
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះ បន្ថែមថា សកម្មជននិងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅតែធ្វើសកម្មភាពនយោបាយរបស់ខ្លួនយ៉ាងរស់រវើក ទោះបីមានការធ្វើទុក្ខបុកម្នេញ បែបណាក្តី។ អ្នកស្រី មួរ សុខហួរ អះអាងថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នឹងវិលចូលកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ដើម្បីនាំការផ្លាស់ជាវិជ្ជមានស្របតាមឆន្ទៈប្រជាពលរដ្ឋខ្មែរ៖ «មូលដ្ឋានរបស់យើងរឹងមាំខ្លាំងរហូតក្លាហានបញ្ចេញមតិ មិនរារែកក្នុងការចូលរួមអមដំណើរនៃមាតុភូមិនិវត្តរបស់លោកប្រធានស្តីទី សម រង្ស៊ី។ ពួកគេបង្ហាញ ថា ទោះបីជាពួកគេត្រូវជាប់គុកដោយអយុត្តិធម៌ក្តី ប៉ុន្តែមូលដ្ឋានរបស់នៅតែយកជាតិជាធំមាន ស្មារតីតស៊ូប្រយុទ្ធដ៏អង់អាច ដោយសន្តិវិធីដើម្បីសេរីភាពសម្រាប់ប្រជាពលរដ្ឋទាំងមូល»។
ផ្ទុយពីការលើកឡើងនេះ អ្នកនាំពាក្យប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា គណបក្សកាន់អំណាច គ្មានការព្រួយបារម្ភ ចំពោះឥទ្ធិគណបក្សសង្គ្រោះជាតិនោះទេ ព្រោះ គណ បក្សនេះបែកបាក់គ្នាស្ទើខ្ទេចខ្ទីទៅហើយ។ លោកបន្តថា ការបង្ក្រាបទៅលើសកម្មជនបក្សប្រឆាំង តាមមូលដ្ឋានកន្លងមក គឺមិនមែនជាការខ្លាចរអាអ្វីទេ ប៉ុន្តែជាការអនុវត្តច្បាប់៖ «តាំងពីបង្កើតគណបក្សមកតាំងពីឆ្នាំ១៩៩៥ រហូតមក ដល់ពេលនេះរលាយខ្លួនអស់រត់ចោលស្រុកទៀតនៅតែខ្លាំង ហើយអាពាក្យខ្លាំងវាទន្ទេញចាំមាត់ របស់មេឧទ្ទាមក្រៅច្បាប់ហើយអាកូនៗថាតាមតែមេ។ខ្លាំងនេះខ្លាំងបានតែសម្តីតែកម្លាំងវាអត់ ខ្លាំងទេ»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានពិនិត្យឃើញថា លោក ហ៊ុន សែន ដែលកាន់អំណាចជាង ៣០ឆ្នាំមកហើយនោះ បានប្រើល្បិចកលមិនស្របច្បាប់គ្រប់បែបយ៉ាង ដែលមានក្នុងសៀវភៅ ដើម្បីពង្រឹងការគ្រប់គ្រងបែបផ្តាច់ការឯកបក្ស និងកម្ទេចគណបក្សប្រឆាំងដែលមានសង្ឃឹមឈ្នះឆ្នោតតែមួយគត់នៅកម្ពុជា។
អ្នកវិភាគនយោបាយ និងសង្គមស៊ីវិល យល់ថា គណបក្សប្រជាជនកម្ពុជា គួរតែបន្ទន់ឥរិយាបថដោះស្រាយបញ្ហានយោបាយជាមួយគណបក្សសង្គ្រោះជាតិឡើងវិញ ព្រោះពួកគេ មើលឃើញថា ទោះបីជាអូសបន្លាយពេលទៅមុខទៀត ក៏មិនអាចកម្ទេចរចនាសម្ព័ន្ធ និងកម្លាំងគាំទ្រគណបក្សសង្គ្រោះជាតិនោះដែរ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment