Wednesday 18 September 2019
សកម្មជនគណបក្សសង្គ្រោះជាតិត្រូវបានឃុំខ្លួនក្នុងបន្ទប់រួមជាមួយអ្នកទោស ១០០នាក់
ដោយ ហេង រស្មី
2019-09-18
សកម្មជនគណបក្សសង្គ្រោះជាតិ និងជាអតីតអ្នកអានព័ត៌មានហ្វេសប៊ុករបស់លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ កញ្ញ យូ ចាន់ធានី។
Photo courtesy
គ្រួសារសកម្មជនគណបក្សសង្គ្រោះជាតិអះអាងថា កញ្ញ យូ ចាន់ធានី អតីតអ្នកអានព័ត៌មានហ្វេសប៊ុករបស់លោក សម រង្ស៊ី ត្រូវរបបក្រុងភ្នំពេញចាប់ដាក់នៅក្នុងមន្ទីរឃុំឃាំងជាមួយនឹងអ្នកទោសចំនួន ១០០នាក់។ មេធាវីការពារក្តីឱ្យ កញ្ញា យូ ចាន់ធានី ចាត់ទុក ទង្វើរបស់អាជ្ញាធរថា វាផ្ទុយទៅនឹងច្បាប់ស្ដីពីសិទ្ធិនៃការទទួលបាននូវយុត្តិធម៌សម្រាប់ជនសង្ស័យនៅក្នុងពន្ធនាគារ ហើយគ្រោងនឹងប្ដឹងទាស់ទៅសាលាឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចឱ្យឃុំខ្លួនរបស់តុលាការក្រុងភ្នំពេញ។
បងស្រីសកម្មជនគណបក្សប្រឆាំងគឺលោកស្រី យូចាន់ សុគន្ធ បានបញ្ជាក់ថា កញ្ញា យូ ចាន់ធានី ពិបាកក្នុងការគេងដោយសារមានអ្នកទោសច្រើនពេកនៅក្នុងបន្ទប់។ លោកស្រីបញ្ជាក់ថា កញ្ញា យូ ចាន់ធានី គេងចំហៀងខ្លួននៅក្នុងបន្ទប់តូចមួយដែលមានអ្នកទោសស្ត្រីសរុបទាំងអស់ចំនួន ១០០នាក់។
អ្នកស្រី យូចាន់ សុគន្ធ និយាយដោយសំឡេងអួលដើមកថា អ្នកស្រីមានការតក់ស្លុតនៅពេលដែលឃើញស្ថានភាពរស់នៅក្នុងពន្ធនាគារយ៉ាងដូច្នេះ៖ «សម្រាប់ខ្ញុំផ្ទាល់ខ្ញុំរន្ធត់ចិត្តខ្លាំងណាស់បង គឺក្ដុកក្ដួលខ្លាំងមែនទែននៅពេលដែលទទួលរងនូវភាពអយុត្តិធម៌ដោយសារគាត់គ្រាន់តែជាអ្នកអានព័ត៌មានម្នាក់ ហើយគ្រាន់តែជាយុវនារីម្នាក់សោះក៏គេយកទៅឃុំខ្លួនដែរ»។
កញ្ញា យូ ចាន់ធានី ត្រូវអាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួនចេញពីកន្លែងធ្វើការនៅក្នុងធនាគារABA កាលពីថ្ងៃទី១៣ ខែកញ្ញា កន្លងទៅនេះ ជាមួយសកម្មជនគណបក្សសង្គ្រោះជាតិពីរនាក់ផ្សេងទៀត គឺលោក យ៉ាត ភារម្យ ប្រធានយុវជនគណបក្សសង្គ្រោះជាតិស្រុកស្វាយចេក ត្រូវបានចាប់ខ្លួននៅខេត្តបន្ទាយមានជ័យ លោក ទុំ ប៊ុនថន សមាជិកទ្រទ្រង់គណបក្សសង្គ្រោះជាតិ នៅរាជធានីភ្នំពេញ ត្រូវអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួន នៅក្នុងខេត្តសៀមរាប។
តុលាការបានចោទប្រកាន់ពួកគេពីបទទៅទទួលយកផែនការពី លោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ីដើម្បីផ្ដួលរំលំរបបក្រុងភ្នំពេញ រួចហើយបានបញ្ជូនខ្លួនទៅឃុំឃាំងនៅពន្ធនាគារព្រៃស ពន្ធនាគារខេត្តកណ្តាល និង ខេត្តបន្ទាយមានជ័យ។
លោកស្រី មាន សៀងលីម ភរិយាសកម្មជនម្នាក់ទៀតឈ្មោះ លី ម៉េងឃៀង បានបញ្ជាក់ថា ចាប់តាំងពីរបបក្រុងភ្នំពេញចាប់ខ្លួនមក អ្នកស្រីមិនត្រូវបានអនុរក្សពន្ធនាគារអនុញ្ញាតឱ្យចូលជួបស្វាមីឡើយ ដោយសារតែមន្ត្រីពន្ធនាគារឆ្លើយថា អត់ដឹង៖ «គាត់អត់មានប្រាប់ពីដំណើរដើមទងថា បើប្តីខ្ញុំខុសនេះអោយប្រាកដថា ខុសនោះ ឱ្យគ្រួសារ ប្រពន្ធ បងប្អូនឪពុកម្តាយគាត់ ឪពុកម្តាយខ្ញុំដឹងឭផងពីព្រោះម្នាក់ៗព្រួយអារម្មណ៍ពីគាត់គ្រប់គ្នា។ ពីព្រោះអីសួរអ្នកណាក៏ឆ្លើយអត់ដឹងអ៊ីចឹងវាមានភាពអយុត្តិធម៌ចំពោះគ្រួសារខ្ញុំ ហើយនឹងគាត់ខ្លាំងណាស់ ពីព្រោះអត់មានដីកាត្រឹមត្រូវអីកោះហៅទេ»។
អាស៊ីសេរីមិនអាចទាក់ទងអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃលោក ចាន់ គឹមសេង បានទេនៅថ្ងៃទី១៨ កញ្ញានេះដោយទូរស័ព្ទរបស់លោកមិនមានអ្នកទទួល។
មេធាវីការពារក្ដីឱ្យសកម្មជនគណបក្សប្រឆាំង លោក ជួង ជូងី មានប្រសាសន៍ថា លោកនឹងប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចឱ្យឃុំខ្លួនកូនក្តីរបស់លោកពីតុលាការក្រុងភ្នំពេញ។
លោកមានប្រសាសន៍ថា សេចក្ដីសម្រេចរបស់តុលាការក្រុងភ្នំពេញគឺជារឿងអយុត្តិធម៌ដែលលោកមិនអាចទទួលយកបាន៖ «ព្រឹកមិញហ្នឹងខ្ញុំបានទៅពន្ធនាគារព្រៃស ចាប់អារម្មណ៍ថា មានអ្នកទោសរហូតដល់ជាង៩ពាន់នាក់ជាងដែលជាប់ឃុំ។ អ៊ីចឹងតាមការប្រមើលមើលរបស់ខ្ញុំបើទោះបីមិនបានចូលទៅដល់ទីលំនៅរបស់គាត់ក៏ដោយ តែបើតាមការត្អូញត្អែររបស់គាត់ប្រាប់ខ្ញុំជាមេធាវីគឺវាចង្អៀតមែនទែនតែម្ដង។ អ៊ីចឹងអ្វីដែលខ្ញុំមានការចាប់អារម្មណ៍គឺថា ចំណាត់ការជាច្រើនអាចជ្រើសរើសជាងការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ជាជាងការឃុំខ្លួនគាត់ប្រសើរជាង ប៉ុន្តែបែរជាចៅក្រមអត់ជ្រើសរើសវិធីហ្នឹងទេ គឺឃុំខ្លួនងាយបំផុត»។
គិតត្រឹមពាក់កណ្ដាលខែកញ្ញានេះ សកម្មជនបក្សប្រឆាំងនៅតាមបណ្ដាខេត្ត នានាមានមួយចំនួន ២៧នាក់ហើយ ដែលត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញចាប់ឃុំខ្លួន ហើយភាគច្រើនការចាប់ខ្លួននេះមិនបានបង្ហាញដីកាបង្គាប់អោយចាប់ខ្លួននោះទេ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment