Sunday, 8 September 2019

លោក សម រង្ស៊ី បញ្ជាក់​ជាថ្មី​ថា ការ​វិល​ចូល​ស្រុក​របស់​លោក​ដើម្បី​បញ្ចប់​របប​ផ្ដាច់ការ


ដោយ មួង ណារ៉េត
2019-09-07

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ
 រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី




មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​កំពុង​កៀរគរ​រក​កម្លាំង​គាំទ្រ​ក្នុង​ការ​វិល​ចូល​ស្រុក​វិញ បញ្ជាក់​ជំហរ​ជាថ្មី​ថា ការ​លោក​វិល​ចូល​ស្រុក​វិញ​របស់​លោក​នៅ​ដើមខែ​វិច្ឆិកា​ខាងមុខនេះ ដើម្បី​បញ្ចប់​របប​ផ្ដាច់ការ​។ អ្នកវិភាគ​សង្កេតឃើញ​ថា ស្ថានការណ៍​នយោបាយ​សព្វ​ថ្ងៃនេះ លោក សម រង្ស៊ី គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការ​តតាំង​ជាមួយ​របប​ក្រុងភ្នំពេញ​នោះ​ទេ ខណៈ​ដែល​របប​នេះ​បាន​បិទ​ផ្លូវ​ចរចា​ជាមួយ​គណបក្ស​ប្រឆាំង។

លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ បញ្ចេញ​សារ​នយោបាយ​ថ្ងៃ​ចុង​សប្ដាហ៍​របស់​លោក ពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ទី​៧ ខែ​កញ្ញា ដោយ​សរសេរ ថា លោក​បាន​ស្គាល់​ការ​និរទេស​ខ្លួន​យូរអង្វែង​មក​​ហើយ ជា​ការ​ឈឺចាប់​មួយ​ក្នុង​ជីវិត​របស់​លោក។ តែ​យ៉ាង​នេះ​ក្ដី លោក​ថា គ្រាន់បើ​ជាង​ការដែល​ត្រូវ​គេ​លួច​សម្លាប់ ឬ​គេ​ចាប់​ដាក់គុក ដែល​ជា​វាសនា​ចៀស​មិន​ផុត របស់​មេដឹកនាំ​គណបក្សប្រឆាំង​នៅ​កម្ពុជា។ លោក​បន្ត​ថា ទោះ​ការសម្រេច​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​នេះ ត្រូវ​ប្រឈម​ដីកាចាប់ខ្លួន​ជាច្រើន និង​ផ្ដន្ទាទោស​ជា​ទម្ងន់​យ៉ាង​ណាក្តី គឺ​លោក​នឹង​ចូល​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា តាម​ការ​គ្រោង​ទុក។ លោក​ថា ការ​ចូល​ស្រុក​នេះ ត្រូវតែ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ ជូន​ប្រជារាស្ត្រ​ខ្មែរ ដើម្បី​បញ្ឈប់ និង​បញ្ចប់​របប​ផ្ដាច់ការ​សព្វថ្ងៃ។



ចាប់​តាំង​ពី​លោក សម រង្ស៊ី ប្រាប់​ថ្ងៃ​ជាក់លាក់​នៃ​វិល​ចូល​ស្រុក​វិញ របប​ក្រុងភ្នំពេញ​ក៏​តែង​ចេញ​សារ​ព្រមាន​បាញ់សម្លាប់ ឬ​ចាប់ខ្លួន​ស្ទើរ​រាល់ថ្ងៃ​។ ជាង​នេះ​ទៀត តុលាការ​នៃ​របប​ក្រុងភ្នំពេញ ក៏​កំពុង​មមាញឹក​ផ្ដន្ទាទោស​លោក​ជាង ១០​ករណី​ហើយ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន សរសេរ​លើ​ប្រព័ន្ធ​តេឡេក្រាម ថ្ងៃ​ទី​៧ ខែ​កញ្ញា ដោយ​ហៅ​លោក សម រង្ស៊ី ថា ជា​មេ​ឧទ្ទាម​ក្រៅច្បាប់​រត់​ចោល។ លោក​ចោទ​ប្រកាន់​ថា ឧបាយកល​ពិសពុល​យក​ពាក្យ អហិង្សា​មក​ដាក់​ពីមុខ​របស់​លោក សម រង្ស៊ី គ្រប់​ម៉ាត់​ទាំងអស់ សុទ្ធតែ អហិង្សា តែ​ធាតុ​ពិត ពាក្យសំដី​សុទ្ធតែ​បង្កប់​ន័យ និង​បញ្ឆេះ​ជា​អំពើ​ហិង្សា​ទាំងអស់​ក្នុង ទិសដៅ​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់។ អ្នកនាំពាក្យ​រូប​នេះ អះអាង​ថា បើ​ទោះ​ជា​លោក សម រង្ស៊ី ចូល​ស្រុក​តាម​ច្រក​ណាមួយ​ក៏ដោយ ក៏​សមត្ថកិច្ច​នៅចាំ​ទទួល​ស្វាគមន៍​ដោយ​ខ្នោះដៃ​ក្រពាត់​ទៅ​ក្រោយ​តាម​ស្តង់ដារ​អាមេរិក​ដដែល។

សាស្ត្រាចារ្យ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា យល់ថា គណបក្ស​កាន់អំណាច​សព្វ​ថ្ងៃ​មិនបាន​ទុក​ច្រក​ចរចា​ជាមួយ​គណបក្សប្រឆាំង​នោះ​ទេ​។ លោក​បន្ត​ថា សារ​ព្រមាន​បញ្ចប់​របប​ក្រុងភ្នំពេញ​របស់​លោក សម រង្ស៊ី ពេលនេះ មិនមែន​ជា​រឿង​ចម្លែក​ឡើយ៖ «យើង​ឃើញ​គាត់​(​សម រង្ស៊ី​) បង្ហាញ​នេះ​អត់​មានអី​ចម្លែក​ទេ ដោយសារ​គណបក្ស​កាន់អំណាច​អត់​មាន​បើកផ្លូវ ឬ​វិធីសាស្ត្រ​សម្រាប់​ទុក​គណបក្សប្រឆាំង​ដើម្បី​ចរចា​ទេ បច្ចុប្បន្ន​នយោបាយ​កម្ពុជា​ពឹងផ្អែក​ទៅលើ​កម្ពុជា និង​អន្តរជាតិ​ទេ គឺ​អត់​មាន​ក្របខ័ណ្ឌ​គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង​ទេ»។

លោក ឯម សុវណ្ណារ៉ា យល់​ថា ជំហរ​នៃ​ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី អាច​នឹង​ក្លាយ​ជា​ការពិត ប្រសិនបើ​មេដឹកនាំ​គណបក្សប្រឆាំង​រូប​នេះ ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ពលរដ្ឋ​ខ្មែរ ក្នុង និង​ក្រៅ​ស្រុក រួម​ទាំង​សហគមន៍​អន្តរជាតិ។

ពលករ​ម្នាក់​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ លោក ហួន ស៊ីយ៉ា ប្រាប់​អាស៊ីសេរី​ថា លោក​ផ្ទាល់ និង​ពលករ​ផ្សេងទៀត កំពុង​សន្សំ​លុយ​ត្រៀមខ្លួន​អម​ដំណើរ​លោក សម រង្ស៊ី វិល​ទៅ​ស្រុក​វិញ​។ ពលរដ្ឋ​រូប​នេះ​សង្ឃឹមថា ការ​លះបង់​របស់​លោក​នា​ពេល​ខាងមុខ បើ​ទទួល​បាន​ជោគជ័យ ប្រទេស​កម្ពុជា​មិន​ខ្វះ​ការងារ​ធ្វើ​នោះ​ទេ ហើយ​លោក និង​ពលករ​ខ្មែរ​ផ្សេងទៀត ក៏​មិនបាច់​មក​សុំ​ការងារ​គេ​ធ្វើ​នៅ​ប្រទេស​ថៃ​ទៀត​ដែរ៖ «គាត់​(​ពលករ​)​ចង់​ឃើញ​មានការ​ផ្លាស់ប្ដូរ គាត់​មិន​ចង់​បាត់​ភាព​កក់ក្ដៅ​ពី​បងប្អូន​គាត់​នៅ​ស្រុក​ខ្មែរ​ទេ ចង់​មានការ​ផ្លាស់ប្ដូរ​ដើម្បី​សំបូរ​ការងារ​ប្តេជ្ញា​ចិត្ត​អស់​អី​ក៏​អស់​ចុះ គុក​ច្រវាក់​អី​គាត់​លែង​ខ្លាច​លែង​អី​អស់ហើយ»។

គិត​មកដល់​ថ្ងៃ​ទី​៦ ខែ​កញ្ញា​នេះ នៅ​សល់​តែ ៦៣​ថ្ងៃ​ទៀត​ទេ ដល់ពេល​កំណត់​ដែល​លោក សម រង្ស៊ី សន្យា​ថា នឹង​វិលត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ​ហើយ។ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង អះអាង​ថា បី​ថ្ងៃមុន​លោក សម រង្ស៊ី ទៅ​ប្រទេស​កម្ពុជា​វិញ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រាប់​ពី​តម្រាយ​ផ្លូវ​ដែល​លោក សម រង្ស៊ី ត្រូវ​ធ្វើ​ដំណើរ។

លោក សម រង្ស៊ី អំពាវនាវ​ប្រទេស​ហត្ថ​លេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស មាន​វិធាន​ការព្រមាន​ទៅ​ក្រុងភ្នំពេញ កុំ​ឱ្យ​ប្រើ​អំពើ​ហិង្សា​មក​លើ​ប្រជាពលរដ្ឋ​របស់​ខ្លួន ដោយ​គ្រាន់តែ​ពួកគេ​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​សេរីភាព​របស់​ខ្លួន ដែល​មាន​ជា​ធរមាន​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៕

No comments: