Sunday, 8 September 2019
តំណាងរាស្រ្តអាមេរិក ៥រូប ស្នើឲ្យរបបលោក ហ៊ុន សែន ទម្លាក់ចោលបទចោទប្រកាន់អតីតអ្នកយកព័ត៌មានអាស៊ីសេរី
លោក មួង ណារ៉េត
2019-09-07
សមាជិកសភាអាមេរិក (រូបជួរលើពីឆ្វេងទៅស្ដាំ) លោក ស្ទីវ ឆាបុត (Steve Chabot) លោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal) លោក ថិត យ៉ូហូ (Ted Yoho) លោក ប្រ៊ែដ ស៊ើម៉ែន (Brad Sherman) និង លោក អាដាម ស៊ិហ្វ (Adam Schif)។ រូបខាងក្រោម គឺលោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ អតីតអ្នកយកព័ត៌មានអាស៊ីសេរី។
Those congressmen's Facebook
តំណាងរាស្រ្តអាមេរិក ៥ រូប រួមគ្នាស្នើឲ្យរបបលោក ហ៊ុន សែន ទម្លាក់ចោលបទចោទប្រកាន់លើអតីតអ្នកយកព័ត៌មានអាស៊ីសេរីលោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ។ ក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី៦ ខែកញ្ញា សមាជិកសភាអាមេរិក រួមមានលោក ស្ទីវ ឆាបុត (Steve Chabot) លោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal) លោក ថិត យ៉ូហូ (Ted Yoho) លោក ប្រ៊ែដ ស៊ើម៉ែន (Brad Sherman) និង លោក អាដាម ស៊ិហ្វ (Adam Schif) ចាត់ទុកការធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មានទាំងពីររូប ជាផ្នែកមួយនៃរឹតត្បិតសិទ្ធិសេរីភាព។
តំណាងរាស្រ្តទាំងនេះ លើកឡើងថា៖ «អ្នកយកព័ត៌មានខ្មែរពីររូបគឺលោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ ត្រូវបានចោទប្រកាន់ពីបទ “ផ្តល់ព័ត៌មានដល់រដ្ឋបរទេស” គឺដោយសារតែផ្សាយព័ត៌មានមួយ នៅបីថ្ងៃក្រោយវិទ្យុអាស៊ីសេរីបង្ខំចិត្តបិទការិយាល័យនៅភ្នំពេញ កាលពីឆ្នាំ២០១៧។ ការបិទការិយាល័យវិទ្យុអាស៊ីសេរីនោះទៀតសោត គឺក្រោយរងសម្ពាធឥតស្រាកស្រាន្ត ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ការចោទប្រកាន់ទាំងនេះ គឺរបបលោក ហ៊ុន សែន ប្រឌិតឡើងទាំងស្រុង និងជាផ្នែកមួយនៃការវាយប្រហារលើសិទ្ធិ និងសេរីរីភាពរបស់ប្រជាពលរដ្ឋខ្មែរ»។
អ្នកទាំងប្រាំរូបបន្តទៀតថា៖ «លោក ហ៊ុន សែន បានកាន់អំណាចរាប់ទសវត្សន៍មកហើយ ដោយមិនឲ្យប្រជាពលរដ្ឋខ្មែរ សម្រេចជោគវាសនាអនាគតរបស់ប្រទេសខ្លួនដោយខ្លួនឯង។ លោក ហ៊ុន សែន គ្មានចេតនាការពារសិទ្ធិរបស់ពលរដ្ឋខ្លួននោះទេ។ ជាងនេះទៅទៀត ក្នុងពេលថ្មីៗនេះ ដោយសារតែការបន្តក្តោបក្តាប់ និងក្រាញអំណាចនេះ ទើបរបបនេះបន្តរំលោភសិទ្ធិមនុស្ស ដូចជាការវាយប្រហារលើអង្គការសង្គមស៊ីវិល និង បិទប្រព័ន្ធផ្សព្វផ្សាយ ដែលហ៊ានរិះគន់របបនេះ មានវិទ្យុអាស៊ីសេរីជាដើម។ មិនតែប៉ុណ្ណោះ ទង្វើបំពានរបស់របបនេះ បែរជាគ្មានទោសទៅវិញ។ ដូច្នេះហើយ ទើបសហគមន៍អន្តរជាតិ ត្រូវតែចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ដើម្បីប្រឆាំងនឹងអំពើអយុត្តិធម៌ទាំងនេះ។ រដ្ឋាភិបាលកម្ពុជា គម្បីទម្លាក់បទចោទប្រកាន់ ដែលគ្មានភ័ស្តុតាងទាំងនេះ រួចហើយផ្តល់សេរីភាពជូនប្រជាពលរដ្ឋខ្មែរវិញ»។
សាររបស់សមាជិកសភាអាមេរិកទាំងនេះ ធ្វើឡើងមួយសប្តាហ៍ក្រោយតុលាការនៃរបបលោក ហ៊ុន សែន កាលពីចុងខែ សីហា លើកពេលប្រកាសសាលក្រម ឥតមានថ្ងៃកំណត់ ក្នុងសំណុំរឿងចោទប្រកាន់អ្នកទាំងពីរ។
តុលាការរបបលោក ហ៊ុន សែន បានចោទប្រកាន់លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ចំនួនពីរបទចោទ គឺទីមួយបទ “ផ្ដល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលនាំឱ្យអន្តរាយការការពារជាតិ” និងទីពីរបទ “ផលិតវីដេអូអាសអាភាស”។ តុលាការបានឃុំខ្លួនអ្នកទាំងពីរក្នុងពន្ធនាគារព្រៃសអស់រយៈពេលជាង ៩ខែ មុននឹងអនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ក៏ប៉ុន្តែតុលាការនៅតែរក្សាទុកវត្ថុចាប់យក និងលិខិតឆ្លងដែនរបស់អ្នកទាំងពីរដដែល។ ចំណាត់បែបនេះ ធ្វើឱ្យអ្នកទាំងពីរមិនមានសិទ្ធិដើរហើរពេញលេញឡើយ ហើយការប្រកបរបរចិញ្ចឹមជីវិតក៏ជួបការលំបាកដែរ ព្រោះគ្មានឧបករណ៍ប្រើប្រាស់ ក្រោយពីតុលាការដកហូតទុក។
មន្រ្តីរបបក្រុងភ្នំពេញឯណោះ ចាត់ទុកការឈឺឆ្អាលរបស់សមាជិកសភាទាំងនេះ ថាធ្វើឡើងដោយខ្វះការយល់ដឹងអំពីទម្លាប់អនុវត្តច្បាប់នៅកម្ពុជា។ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ថ្លែងប្រាប់អាស៊ីសេរី កាលពីថ្ងៃទី៧ ខែកញ្ញា ថារដ្ឋាភិបាលរបស់លោកគ្មានអ្វីភ្ញាក់ផ្អើលនោះទេ។ លោកបានចោទតំណាងរាស្រ្តទាំងនោះថា មានចេតនានយោបាយប្រឆាំងនឹងរដ្ឋាភិបាលសព្វថ្ងៃ ទើបចេញសារបែបនេះ៖ «សម្រាប់រាជរដ្ឋាភិបាល ដូចអត់មានស្អីចម្លែកទេ សម្រាប់សមាជិកសភាប៉ុន្មាននាក់នេះចេញ statement ប្រឆាំងនឹងរដ្ឋាភិបាល ព្រោះវាជាអ្វីដែលពួកគេធ្លាប់ធ្វើ នាពេលកន្លងមកហើយក្រោមរបៀបវារៈនយោបាយ ដោយមិនគិតគូ មិនខ្វល់ ធ្វើមិនដឹងពីយន្តការនៃការអនុវត្តច្បាប់របស់កម្ពុជា។ យើងធ្លាប់បានពន្យល់ជាច្រើនលើកច្រើនសារហើយ ក៏ប៉ុន្តែទោះយ៉ាងណាក៏គាត់ ធ្វើមិនឮ ធ្វើមិនដឹង ធ្វើមិនយល់។ ដូច្នេះការចេញ statement ដូចគ្មានអ្វីចម្លែកទេ សម្រាប់ពួកគាត់»។
របបលោក ហ៊ុន សែន រងការថ្កោលទោសជុំទិសពីសហគមន៍អន្តរជាតិ ជុំវិញការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរនៅកម្ពុជា ជាពិសេសក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ ក្នុងការរំលោភសិទ្ធមនុស្សនេះ ក៏មានករណីនៃការធ្វើទុក្ខបុកម្នេញលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និង ការចោទប្រកាន់អតីតអ្នកឆ្លើយឆ្លងព័ត៌មានអាស៊ីសេរីទាំងពីររូបនេះដែរ។
ចំណាត់ថ្នាក់សេរីភាពនៅកម្ពុជា បានបន្តធ្លាក់ចុះក្នុងឆ្នាំ២០១៩ នេះ។ អង្គការអ្នករាយការណ៍គ្មានព្រំដែន the Reporters Without Borders រកឃើញថា សេរីភាពនៅកម្ពុជា បានធ្លាក់ចុះមួយលេខទៀត ចុះមកនៅលេខ ១៤៣ បើប្រៀបធៀបនឹងឆ្នាំ២០១៨ ដែលកម្ពុជាឈរនៅលេខរៀង ១៤២ ដែលជិតបាតតារាង។
ស្របពេលជាមួយគ្នានេះដែរ សភាអាមេរិក កាលពីពេលថ្មីៗនេះ បានអនុម័តជាឯកឆន្ទលើច្បាប់ដាក់ទណ្ឌកម្មមន្រ្តីរបបលោក ហ៊ុន សែន ដើម្បីដាក់សម្ពាធឲ្យរបបនេះ ងាកមករកគន្លងប្រជាធិបតេយ្យឡើងវិញ។ ឥឡូវច្បាប់នេះ កំពុងរង់ចាំព្រឹទ្ធសភាអនុម័ត៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment