Wednesday, 23 October 2019

មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ ថា​កំពុង​ចរចា​ជាមួយ​ភាគី​ថៃ​ រឿង​មាតុ​ភូមិនិវត្តន៍​តាម​ប្រទេស​ថៃ​


ដោយ មួង ណារ៉េត
2019-10-22


Musochau
Photo: RFA



មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងអ្នកស្រី មូរ សុខហួរ​ ថា គណបក្សសង្គ្រោះជាតិ​ កំពុងចរចាជាមួយភាគីថៃ រឿងមាតុភូមិនិវត្តន៍​តាមប្រទេសថៃ ក្រោយ​នគរបាល​អន្តោរប្រវេសន៍ថៃ បានហាមឃាត់មន្រ្តីរូបនេះ មិន​ឲ្យ​ចូលប្រទេសនេះ។

អ្នកស្រី​ មូរ សុខហួរ​ ដែលជាប្រធានគណៈកម្មការ​មាតុភូមិនិវត្ត​ន៍ផងនោះ បញ្ជាក់ប្រាប់អាស៊ីសេរី អំពីការចរចាជាមួយភាគីថៃនេះ កាលពីថ្ងៃទី២២ ខែតុលា ក្រោយ​អាជ្ញាធរ​ថៃ​ហាម​ឃាត់អ្នកស្រី មិន​ឲ្យ​ចូលទឹកដីថៃ។ អ្នកស្រីថា អ្នកស្រី​ជឿលើឥទ្ធិពលនៃកម្លាំងប្រជាធិបតេយ្យ ដែលមាន​នៅក្នុងរដ្ឋាភិបាល​ចម្រុះរបស់​ថៃ ដែលមិន​ស្ថិត​ក្រោមការគ្រប់គ្រងផ្តាច់​មុខ​របស់​របប​សឹកដូចមុន៖ «រាជរដ្ឋាភិបាល​ថៃ នៅពេលនេះ​ មិនមែនជារាជរដ្ឋាភិបាល​យោធាទេ ជា​រាជ​រដ្ឋាភិបាល​ដែលមាន​ពហុបក្ស​ ហើយ​ក្នុង​នោះ​ក៏មាន​អ្នកសេរីនិយម ដែល​យល់អំពី​លទ្ធិ​ប្រជាធិបតេយ្យ​ដែរ។ យើង​នៅតែ​មានក្តីសង្ឃឹម ថាយើងនឹង​ចូលប្រទេសកម្ពុជា​យើង​ បង្ហាញ​នូវ​ឆន្ទៈជូន​ប្រជាពលរដ្ឋ​។ សំខាន់គឺបង្ហាញ​ឲ្យឃើញថា យើង​ខ្ញុំ​មិន​និយាយ​លេង​សើច​ពីការ​ធ្វើ​មាតុភូមិនិវត្តន៍ទេ ទោះបី​ជា​មាន​ឧបសគ្គ​យ៉ាង​ណា»។

នេះជាលើកទីមួយហើយ ដែលមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំង​មួយរូប ក្នុង​ចំណោម​មន្រ្តី​គណបក្សប្រឆាំង ៩រូប ​ដែលមានឈ្មោះក្នុង​ដីការបស់​តុលាការ​របប​លោក ហ៊ុន សែន ត្រូវ​បាន​អាជ្ញាធរ​ថៃហាមឃាត់ មិន​ឲ្យ​ចូលក្នុងប្រទេសថៃ។

​លោក ហ៊ុន សែន ថ្មីៗ នេះ​ បាន​អះអាងថា របបលោកបាន​បញ្ជូន​ដីកាតុលាការ ដើម្បីតាមចាប់ខ្លួន​មន្រ្តី​បក្ស​ប្រឆាំងចំនួន ៩រូប​ ទៅ​ប្រទេសសមាជិក​អាស៊ាន​ទាំងអស់រួចហើយ។ លោកអះអាងទៀតថា រដ្ឋាភិបាលប្រទេសអាស៊ានចំនួនពីររួចហើយ ដែលទទួលបានដីកានោះ គឺប្រទេសឡាវ និង​ថៃ៖ «រដ្ឋាភិបាល​ថៃ បាន​​ទទួល​​រួច​​មក​ហើយ នូវ​សាលដីកាតុលាការ ដើម្បី​ចាប់​ខ្លួន​ជនណា​ ដែលមាន​សាលដីកាតុលាការ។ ដូច្នេះ​ សូមធ្វើតាមចំណង់​របស់ខ្លួន​ទៅចុះ»។

តុលាការក្រុង​ភ្នំពេញ​ កាលពីចុងខែ​កញ្ញា បាន​ចោទប្រកាន់ និង​តាម​​ចាប់​​មន្រ្តី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ចំនួន ៩ រូប រួម​មាន ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី, អនុប្រធានគណបក្សសង្គ្រោះជាតិពីររូបគឺលោក អេង ឆៃអ៊ាង និង​អ្នកស្រី មូរ សុខហួរ, តំណាង​រាស្រ្ត​​គណបក្សសង្គ្រោះជាតិ លោក អ៊ូ ចន្ទ័ឫទ្ធិ លោក ហូរ​ វ៉ាន់ លោក ម៉ែន សុថាវរិន្រ្ទ លោក នុត រំដួល អ្នកស្រី ជូឡុង សូមូរ៉ា និង​លោក ឡុង រី ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរបបលោក ហ៊ុន សែន ដោយសារតែផែនការ​វិលត្រឡប់មកកម្ពុជាវិញ។

ទោះជាយ៉ាងនេះក្តី អ្នកស្រី មូរ សុខហួរ នៅតែបញ្ជាក់ជំហរថា អ្នកស្រី​នឹង​រិះរកគ្រប់​មធ្យោបាយ ដើម្បីវិលចូលទៅកម្ពុជាវិញ ទោះតាមច្រកណា​ក៏ដោយ ព្រោះ​អ្នកស្រី​ប្រដូច​ឆន្ទៈ ក្នុងការវិលត្រឡប់ទៅវិញនេះ​ថា ​ពុះពោរដូច​កម្លាំងទឹកហូរ ដែលគ្មាន​នរណា​អាច​ឃាត់​បាន៖ «យើង​មើលទៅដូច​ទឹក​ទន្លេដែលហូរ។ តើ​ទឹក​ហូរ​ មាន​ដែល​ឃើញថាទើ​នៅត្រង់​ណា​ទេ? ទឹក​ហូរ​ បើ​ទើ​នៅត្រង់​ណា យើង​ត្រូ​វបត់​នៅត្រង់នោះ តាម​ផ្លូវ​ធម្មជាតិ។ ដូច្នេះ​បើ​ចូល​នៅតាម​ប្រទេស​មិន​កើត យើង​​​ចូល​តាម​ផ្លូវ​ប្រទេស​ដទៃទៀត។ បើ​ចូល​តាម​ផ្លូវគោកមិនកើត យើង​នៅ​ផ្លូវអាកាស យើង​នៅ​ផ្លូវ​ទឹក។ ដូច្នេះ​យើង​ត្រូវ​តែ​បត់បែនដូចទឹកទន្លេដែលហូរ​ដូច្នេះ​ដែរ មិន​ដែលទើទេ។ ឆន្ទៈរបស់​យើង ជាឆន្ទៈរបស់​អ្នកប្រយុទ្ធ​ ដើម្បី​ប្រជាធិបតេយ្យ​​ និង​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា»។

ស្របដែលថ្ងៃកំណត់​វិលចូលស្រុកខ្មែរវិញ នៅសល់តែ ១៧ថ្ងៃទៀតនេះ អ្នកស្រី មូរ សុខហួរ បន្ត​អំពាវនាវឲ្យ​ពលរដ្ឋ​ខ្មែរ គាំទ្រ​ដំណើរ​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​នេះ ដើម្បី​ជជែកគ្នា​ដោយ​សន្តិវិធី ទើប​អាច​រកដំណោះស្រាយ​បាន។ អ្នកស្រីក៏ផ្តាំផ្ញើទៅពលករខ្មែរ​នៅ​ប្រទេស​ថៃ​ថា អាជ្ញាធរ​ថៃ​មិន​​ហាម​ឃាត់​ពួក​គាត់ ក្នុង​ការ​​ធ្វើ​​​ដំណើរ​​ត្រឡប់​​​ទៅ​កាន់​ស្រុក​កំណើត​ខ្លួន​​វិញ​​នោះ​ឡើយ៕

No comments: