Wednesday, 9 October 2019

អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​ថា វៀតណាម​រកាំរកូស​ចិត្តខ្លាំង​ជាមួយ​របប​ភ្នំពេញ​រឿង​ឱប​ក្រសោប​ចិន​ខ្លាំង


ដោយ មាន ឬទ្ធិ
2019-10-09

ពិធី​ចុះ​ហត្ថលេខា​ជាផ្លូវការ សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ រវាង​កម្ពុជា និង​វៀតណាម​ នា​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី៥ ខែ​តុលា ឆ្នាំ​២០១៩។
ពិធី​ចុះ​ហត្ថលេខា​ជាផ្លូវការ សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ រវាង​កម្ពុជា និង​វៀតណាម​ នា​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី៥ ខែ​តុលា ឆ្នាំ​២០១៩។
រូប​ពី​ហ្វេសប៊ុក​ ហ៊ុន សែន




អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល លើកឡើង​ថា វៀតណាម មានការ​រកាំរកូស​ចិត្តខ្លាំង​ជាមួយ​របប​ក្រុងភ្នំពេញ ដោយសារតែ​របប​នេះ​កំពុង​ធ្វើ​អ្វីៗ​តាម​ការ​ចង់​បាន​របស់​ក្រុង​ប៉េកាំង នៃ​មហា​យក្ស​ចិន។ លោក​ហៅ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​កម្ពុជា​ទៅកាន់​ប្រទេស​វៀតណាម និង​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សំខាន់ៗ​ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត​របស់​ជាតិ រវាង​កម្ពុជា​ជាមួយ​វៀតណាម​នេះ ថា​អាច​ជា​ផ្នែក​មួយ​នៃ «​គំនាប​» របស់​វៀតណាម​មក​លើ​កម្ពុជា ដើម្បី​កុំ​ឱ្យ​កម្ពុជា​ឱប​ក្រសោប​យក​មហា​យក្ស​ចិន​ខ្លាំង​ពេក។

អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក ថា ការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ចុងក្រោយ​ញឹកញាប់​រវាង​ថ្នាក់ដឹកនាំ​កម្ពុជា និង​វៀតណាម ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ជា​សញ្ញា​បញ្ជាក់​ថា របប​កុម្មុយនិស្ត​ក្រុង​ហាណូយ មានការ​រកាំរកូស​ចិត្តខ្លាំង ជុំវិញ​រឿង​ដែល​របប​ក្រុងភ្នំពេញ កំពុងតែ​ធ្វើ​អ្វីៗ តាម​ការ​ចង់បាន​របស់​ក្រុង​ប៉េកាំង នៃ​មហា​យក្ស​ចិន។

ការ​លើក​ឡើង​នេះ កើត​មាន​ឡើង​ក្រោយ​មេដឹកនាំ​ជាន់ខ្ពស់​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​របស់​លោក ទើបនឹង​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​ពីរ​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​៤ និង​៥ តុលា ទៅកាន់​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។



មិន​ខុស​ពី​លើក​មុន​ៗ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម ជុំវិញ​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ដោយ​ក្នុង​នោះ​ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា លើ​កិច្ចព្រមព្រៀង និង​អនុសារណៈ​នៃ​ការយោគយល់​សំខាន់ៗ​ចំនួន​៨ ពាក់ព័ន្ធ​នឹង​ការ​ជំរុញ​ពាណិជ្ជកម្ម ការ​វិនិយោគ និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ដទៃ​ទៀត។ ជា​ការ​គួរ​ឱ្យ​កត់សម្គាល់ លទ្ធផល​លេចធ្លោ កើត​ចេញ​ពី​ដំណើរ​ទស្សនកិច្ច​នេះ គឺ​ការ​ចុះ​ហត្ថលេខា​ទទួលស្គាល់​ជា​ផ្លូវការ​រវាង​ប្រទេស​ទាំងពីរ លើ​ការ​បោះ​បង្គោល​ព្រំដែន និង​ខណ្ឌសីមា​ដីគោក​ប្រមាណ ៨៤% ដែល​ភាគី​ទាំងពីរ​អះអាង​ថា នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត ដើម្បី​កសាង​បន្ទាត់​ព្រំដែន​សន្តិភាព ស្ថិរភាព មិត្តភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព។

ទន្ទឹម​នឹង​នោះ ភាគី​ទាំងពីរ​នឹង​សម្រេច​នូវ​ជំហរ​រួមគ្នា​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​-​វៀតណាម និង​ការ​សម្របសម្រួល​រវាង​ប្រទេស​ទាំងពីរ ក្នុង​វេទិកា​តំបន់ និង​អន្តរជាតិ។

ចំណុច​សំខាន់​មួយទៀត​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​នេះ គឺ​ការ​បញ្ជាក់​ជាថ្មី​ម្តង​ទៀត​អំពី​ការ​បន្ត​រក្សា​គោលការណ៍​នៃ​ការ​មិន​អនុញ្ញាត​ឱ្យ​កម្លាំង​ណាមួយ​ប្រើប្រាស់​ទឹកដី​នៃ​ប្រទេស​មួយ ដើម្បី​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​សន្តិសុខ និង​ស្ថិរភាព​របស់​ប្រទេស​មួយទៀត។ កម្លាំង​ណាមួយ​ប្រើប្រាស់​ទឹកដី​នៃ​ប្រទេស​ណាមួយ​នេះ ទំនងជា​ប្រទេស​វៀតណាម​ចង់​សំដៅ និង​ចង់​ឱ្យ​កម្ពុជា​បញ្ជាក់​ជំហរ​របស់​ខ្លួន​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ជា​ការ​ធានា​ជា​លាយលក្ខណ៍អក្សរ ជុំវិញ​ការ​សង្ស័យ​ថា កម្ពុជា​អាច​អនុញ្ញាត​ឱ្យ​ចិន​ដាក់​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​របស់​ខ្លួន​នៅ​ឯ​តំបន់​មូលដ្ឋាន​កងទ័ពជើងទឹក​រាម។

សាស្ត្រាចារ្យ​កិច្ចការ​ពិភពលោក នៃ​មហាវិទ្យាល័យ Occidental College នៃ​រដ្ឋ​កាលីហ្វ័រញ៉ា បណ្ឌិត អៀ សុផល ថា តាមរយៈ​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ចុងក្រោយ​ក្រោយនេះ មានន័យថា កម្ពុជា​ដឹង​ច្បាស់​ណាស់​អំពី​ក្រសែ​ភ្នែក​របស់​ក្រុង​ហាណូយ ដែល​កំពុងតែ​តាម​ឃ្លាំមើល​គ្រប់​សកម្មភាព​នៃ​ទំនាក់ទំនង​របស់​កម្ពុជា ដែល​កំពុងតែ​ខិត​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​ក្រុង​ប៉េកាំង​។ លោក​ថា វិធីសាស្ត្រ​មួយ​ដែល​កម្ពុជា អាច​បញ្ចៀស​ពី​ការចោទប្រកាន់ ឬ​ក្តី​បារម្ភ​របស់​វៀតណាម​ជុំវិញ​បញ្ហា​សង្ស័យ​រឿង​មូលដ្ឋាន​កងទ័ព​ចិន​នេះ គឺ​តាមរយៈ​ការណ៍​ដែល​កម្ពុជា​អាច​ចេញ​ប៉ាស្ព័រ ឬ​លិខិតឆ្លងដែន​ខ្មែរ​ឱ្យ​ទាហាន​ចិន រួច​ដាក់បញ្ចូល​ពួកគេ​ទៅ​ក្នុង​ជួរ​មន្ត្រី​យោធា​កម្ពុជា ហើយ​អនុញ្ញាត​ឱ្យ​ពួកគេ​ទៅ​ដាក់​មូលដ្ឋាន​នៅ​លើ​តំបន់​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​របស់​កម្ពុជា ដែល​លោក​ថា​នឹង​មានតែ​ឈ្មោះ​ពី​សម្បក​ក្រៅ​ថា ជា​របស់​កម្ពុជា។

បណ្ឌិត អៀ សុផល ពន្យល់​បន្ត​ថា អ្វី​ដែល​ប្រទេស​វៀតណាម កំពុងតែ​ព្រួយបារម្ភ​ខ្លាំង​នោះ គឺ​ខ្លួន​អាច​រង​ការវាយប្រហារ​ណាមួយ​ដោយ​យោធា​ចិន នា​ពេល​អនាគត​តាមរយៈ​ការប្រើប្រាស់​ទឹកដី​កម្ពុជា​ជា​ឈ្នាន់​នោះ។ បណ្ឌិត អៀ សុផល បន្ត​ថា ប្រសិនបើ​មានរឿង​រ៉ាវ​វាយប្រហារ​កើត​ចេញ​ពី​ទឹកដី​កម្ពុជា​មែន​នោះ នោះ​កម្ពុជា នឹង​ដើរ​តាម​គន្លង​ចាស់​នៃ​ប្រវត្តិសាស្ត្រ​ច្រំ​ដែល​របស់​ខ្លួន ដែល​នោះ​គឺ​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ផ្លូវ​លំ​ហូជីមិញ ដែល​កម្ពុជា​ធ្លាប់​បើកដៃ​ឱ្យ​វៀតណាម​ប្រើប្រាស់​កាលពី​សម័យ​សម្ដេច នរោត្តម សីហនុ និង​បាន​រុញច្រាន​កម្ពុជា​ឱ្យ​ធ្លាក់​ចូល​ក្នុង​កម្អែល​សង្គ្រាម​វៀតណាម​ក្នុង​ចុង​ទសវត្សរ៍​ទី​៦០ និង​ដើម​ទសវត្ស​ទី​៧០ ហើយ​ធ្លាក់​ចូល​ក្នុង​សង្គ្រាមស៊ីវិល ឱ្យ​ទៅជា​តំបន់​ផ្លូវលំ​ស៊ីជីពីង​វិញ ដែល​មានន័យថា អនុញ្ញាត​ឱ្យ​ចិន​ប្រើប្រាស់​កម្ពុជា​ជា​ឈ្នាន់​បម្រើ​មហិច្ឆតា​យោធា​របស់​ខ្លួន។

អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ដើម្បី​សុំ​ប្រតិកម្ម​តប​ជុំវិញ​ការ​លើកឡើង​នេះ​នៅឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។ ក៏ប៉ុន្តែ លោក ហ៊ុន សែន បាន​ហៅ​ដំណើរ​ទស្សនកិច្ច​របស់​លោក​លើក​នេះ ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​រវាង​កម្ពុជា និង​វៀតណាម និង​ថា បាន​ទទួល​លទ្ធផល​ជា​ផ្លែផ្កា​គួរ​ជាទី​មោទនភាព។

បន្ថែម​ពីលើ​ការយល់ឃើញ​នេះ អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី៨ តុលា ថា វៀតណាម​ក៏​ចង់​ឃើញ​កម្ពុជា រក្សា​ទំនាក់ទំនង​ជាមួយ​ខ្លួន បាន​ល្អ​ប្រសើរ​ជាង​កម្ពុជា មាន​ទំនាក់ទំនង​ជាមួយ​នឹង​ចិន ដោយហេតុថា មហា​យក្ស​ចិន ជា​គូ​ប្រជែង​របស់​វៀតណាម៖ «នៅ​ក្នុង​យុទ្ធសាស្ត្រ​សត្រូវ​របស់​សត្រូវ គឺជា​មិត្ត គឺ​គេ​ត្រូវ​ធ្វើ​អ៊ីចឹង​ហើយ។ កម្ពុជា​គឺជា​មិត្ត​របស់​ចិន ហើយ​កម្ពុជា​ក៏​ជា​មិត្ត​របស់​វៀតណាម​។ អីចឹង​កម្ពុជា -​វៀតណាម​ត្រូវ​ថ្លឹង​ក្នុង​កម្រិត​ណាមួយ​ដែល​គេ​អាច​ទាញ​យក​ប្រយោជន៍​បាន ហើយ​កម្ពុជា​ជាមួយ​ចិន​ទាញ​យក​កម្រិត​ណាមួយ​បាន។ វៀតណាម​ដូចគ្នា។ ក្នុង​រូបភាព​ទំនាក់ទំនង វៀតណាម​ត្រូវ​ជំរុញ​កម្ពុជា​បែប​ណា ដើម្បី​រៀប​យន្តការ​បែប​ណា​ដែល​មាន​ឥទ្ធិពល​គាបសង្កត់​ឱ្យ​កម្ពុជា អាច​រឹតចំណង​ទាក់ទង​ដោយ​គិត​ពី​វៀតណាម ជាង​គិត​ពី​ចិន។ ប៉ុន្តែ យើង​មើល​ទិដ្ឋភាព​បច្ចុប្បន្ន វា​មិន​ដូច​អ្វី​ដែល​ជា​ការ​គិត​របស់​វៀតណាម​ទាំងស្រុង​ទេ ដោយសារ​កម្ពុជា ត្រូវការ​ពង្រីក​ការអភិវឌ្ឍន៍​វិស័យ​សេដ្ឋកិច្ច។ អីចឹង ផលប្រយោជន៍​ដែល​កម្ពុជា​បាន​ពី​ចិន កម្ពុជា​អាច​មាន​ប្រយោជន៍​ច្រើនជាង​កម្ពុជា​បាន​ពី​វៀតណាម»។

លោក ឯម សុវណ្ណារ៉ា ពន្យល់​បន្ត​ថា កន្លង​មក​កម្ពុជា​បាន​ខិតខំ​រក្សា​តុល្យភាព​របស់​ខ្លួន ជាមួយ​វៀតណាម និង​ចិន ក៏ប៉ុន្តែ​លោក​ថា កម្ពុជា​ផ្អៀង​ទៅ​ខាង​ចិន​ខ្លាំង​ជាង​រួច​បាត់​ទៅ​ហើយ៖ «កន្លង​មក កម្ពុជា​បាន​ខំ​រក្សា​តុល្យភាព​នៃ​ទំនាក់ទំនង​ទាំង​កម្ពុជា​-​វៀតណាម និង​កម្ពុជា​ចិន​។ ក៏ប៉ុន្តែ កម្ពុជា បើ​យើង​មើល​ទិដ្ឋភាព​ពី​ការ​សហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​វៀតណាម ក៏​មាន​ផល​រមាស់ ជាមួយគ្នា​ដែរ​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា។ តែ​កម្ពុជា​ជាមួយ​ចិន យើង​មើល​ឃើញ​ថា មាន​ភាព​ល្អ​ប្រសើរ​ជាង។ អីចឹង ផល​រមាស់​ហ្នឹង​ក៏​វា មាន​ផល​តិច​ជាង​ទំនាក់ទំនង​កម្ពុជា​-​វៀតណាម​ដែរ​។ សរុប​មានន័យថា កម្ពុជា​មាន​អំណោយផល​ល្អ​ក្នុង​ទំនាក់ទំនង​ជាមួយ​ចិន ច្រើនជាង​ជាមួយ​វៀតណាម»។

យ៉ាងណាក៏ដោយ លោក ឯម សុវណ្ណារ៉ា ព្រមាន​ថា ប្រសិនបើ​ក្នុង​ករណី​ដែល​កម្ពុជា បរាជ័យ​ក្នុង​ការ​រក្សា​ទំនាក់ទំនង​នេះ​ឱ្យ​មាន​តុល្យភាព​ល្អ​រវាង​កម្ពុជា និង​វៀតណាម និង​កម្ពុជា និង​ចិន​នោះ នោះ​របប​ដឹកនាំ​សព្វថ្ងៃ​អាច​នឹង​បាត់បង់​ការ​គាំទ្រ​ពី​សំណាក់​ភាគី​វៀតណាម ជាពិសេស ក្រុម​ពលរដ្ឋ ឬ​សហគមន៍​វៀតណាម ដែល​កំពុង​រស់នៅ​លើទឹក​ដី​កម្ពុជា​សព្វថ្ងៃ​នេះ៖ «បញ្ហា​គឺថា​កន្លង​មើល​យើង​មើល​ឃើញ​ថា វៀតណាម​គាំទ្រ​ទៅលើ​គណបក្ស​កាន់អំណាច។ ប្រសិនបើ​មាន​ផលវិបាក រដ្ឋាភិបាល​កាន់អំណាច​អាច​ប្រឈម​ទៅ​នឹង​ការ​បាត់​ការ​គាំទ្រ​ពី​ពលរដ្ឋ​វៀតណាម ឬ​អាណិកជន​វៀតណាម​ដែល​នៅ​ក្នុង​កម្ពុជា​។ នេះ​គឺជា​ហេតុផល​ចំពោះ​មុខ​។ ចំពោះ​ហេតុផល​នៅ​ក្នុង​តំបន់​គឺ​ជម្លោះ​។ កម្ពុជា​ឈរ​ខាង​ចិន​កាល​ពី​ពេល​កន្លងមក​ចំពោះ​ជម្លោះ​ក្នុង​តំបន់​ក្នុង​រឿង​សមុទ្រ​ចិន​ខាងត្បូង ហើយ​វៀតណាម​ក៏​កំពុង​ប្រទាញប្រទង់​ក្នុង​បញ្ហា​ហ្នឹង​ច្រើន​ដែរ​។ ដូច្នេះ វៀតណាម​មាន​ឥទ្ធិពល​ខ្លះ​ដែរ រឿង​ពាក់ព័ន្ធ​សេដ្ឋកិច្ច និង​នយោបាយ​នៅ​កម្ពុជា យើង​អាច​មើល​ឃើញ​ទិដ្ឋភាព​ហ្នឹងហើយ​។ អីចឹង រដ្ឋាភិបាល​អាច​ប្រឹងប្រែង​បញ្ហា​នេះ ហើយ​កម្ពុជា​ក៏​មិន​អាច​ចង់​នៅ​ក្រោម​ឥទ្ធិពល​របស់​ប្រទេស​ណាមួយ​ទេ​។ ទំនាក់ទំនង​កម្ពុជា​-​ចិន មាន​ប្រយោជន៍ ក៏ប៉ុន្តែ​អ្វី​ដែល​កម្ពុជា​គួរ​ធ្វើ​គឺថា ពង្រីក​មុំ ឬ​ច្រក​នៃ​ទំនាក់ទំនង​កម្ពុជា​ជាមួយ​លោក​ខាង​លិច ឱ្យ​មាន​តុល្យភាព​គ្នា​ច្រើន​ជាង​នេះ ជាមួយ​លោក​ខាងកើត​ចិន​។ ខ្ញុំ​គិត​ថា កម្ពុជា​អាច​គេច​ផុត​អំពី​ឥទ្ធិពល​នៃ​វៀតណាម ដែល​ជា​ប្រទេសជិតខាង​ជាមួយ​កម្ពុជា​ហើយ»។

បើ​ទោះ​បី​ជា​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ម្ដងៗ​ទៅកាន់​ប្រទេស​វៀតណាម ឬក៏​ពេល​មាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​វៀតណាម​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​នោះ មេដឹកនាំ​របប​ក្រុងភ្នំពេញ​តែង​មិន​ភ្លេច​ដឹងគុណ​វៀតណាម​ចំពោះ​ការណ៍​ដែល​វៀតណាម​ធ្លាប់​មានគុណ​លើ​ខ្លួន ក្នុង​អ្វីមួយ​ដែល​លោក ហ៊ុន សែន ហៅថា ជា​ការ​ចូលរួម «​ជួយ​រំដោះ​» កម្ពុជា​នោះ អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល ថា មានរឿង​រ៉ាវ​ជាច្រើន​ណាស់​ដែល​កម្ពុជា​ត្រូវ​ធ្វើ​ដើម្បី​រក្សា​តុល្យភាព​រវាង​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​វៀតណាម និង​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ចិន។ លោក​ថា ទំនាក់ទំនង​ត្រីកោណ​វៀតណាម​-​កម្ពុជា​-​ចិន បច្ចុប្បន្ន មាន​ចំណុច​មិន​ស៊ី​សង្វាក់​គ្នា ឬ​ជា​ឆ្អឹង​ទទឹង​ករ ក្រោម​ក្រសែ​ភ្នែក​វៀតណាម ដោយសារតែ​រឿង​សង្ស័យ​អំពី​ថា កម្ពុជា អាច​ចុះ​កិច្ចព្រមព្រៀង​យោធា​សម្ងាត់​ជាមួយ​ចិន ឱ្យ​ប្រើ​ប្រាស់​មូលដ្ឋាន​ក​ង​ទ័ព​ជើង​ទឹក​រាម។ លោក​ពន្យល់​ថា វៀតណាម​ដឹង​ច្បាស់​ណាស់​អំពី​រឿង​នេះ ហើយ​ថា​វៀតណាម​កំពុង​ដាក់ «​គំនាប​» មក​លើ​របប​ក្រុងភ្នំពេញ​ឱ្យ​កែប្រែ​ជំហរ​នេះ៕

No comments: