Khmer Circle: This is quite a relief for the social commentators in question i.e. not being taken seriously by the Strongman as his critics! It means they can look forward to spending some precious time with their grandchildren in old age rather than fearing being banished to prison, exiled overseas or risking having their lives cut short by his assassins' bullets! However, to be fair, Xamdaach is not without his point: both men are distinctly dull and uninspiring in the way they communicate their thought to the public, and that is, perhaps, ironically their biggest blessing and saving grace!! Yet, who in their right mind and with any ounce of integrity would be affronted by the condescending thoughts of, or public remarks directed at them from, this basest, illiterate of a Prime Minister?!
ដោយ ទីន ហ្សាការីយ៉ា
2019-10-07
rfa

នាយករដ្ឋមន្ត្រី ហ៊ុន សែន បណ្ឌិត ឡៅ ម៉ុងហៃ (កណ្ដាល) អ្នកវិភាគនយោបាយ បណ្ឌិត មាស នី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍន៍សង្គម។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន (ឆ្វេង) និង RFA
មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន តិះដៀលអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត មាស នី និងអ្នកវិភាគនយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ នៅចំពោះមុខសិស្សនិទ្ទេស A និងមន្ត្រីអ្នកមុខអ្នកការរាប់រយនាក់នៅថ្ងៃទី៧ តុលា។ អ្នកឃ្លាំមើលបញ្ហាសង្គមយល់ថា លោក ហ៊ុន សែន មិនគួរបញ្ចេញសារបែបនេះឡើយ ព្រោះការវិភាគឆ្លុះបញ្ចាំងអំពីការយល់ឃើញរបស់បញ្ញវន្តទាំងនោះ ហើយនេះជាសេរីភាពបញ្ចេញមតិដែលធានាដោយច្បាប់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វាយតម្លៃសមត្ថភាពបញ្ញវន្តទាំងពីររូបថា អន់ខ្សោយជាងមន្ត្រីរបស់លោក ហើយថា បណ្ឌិតទាំងពីររូបវិភាគមិនត្រូវអំពីស្ថានការណ៍កម្ពុជាឡើ៖ «ឥលូវខ្ញុំនិយាយចំឈ្មោះ មាស នី តែម្ដង ឈ្មោះនេះវិភាគអន់ណាស់ កម្រិតវិភាគទាបពេក។ សង្ឃឹមថា មាស នី វិភាគឱ្យត្រូវ ល្អជាងនេះ។ រាប់ទាំង ឡៅ ម៉ុងហៃ ផង ខ្ញុំថាងាប់ហើយបណ្ឌិតធុនហ្នឹង មិនដឹងយកធ្វើផេះអ្វីទេ។ យើងនៅទីនេះ បណ្ឌិតក៏មិនមែនតិចដែរ បណ្ឌិតសភាចារ្យ ហង់ ជួន ណរ៉ុន។ ឱ្យបានតែពាក់កណ្ដាល ឬបាន ៣០% របស់ ហង់ ជួន ណរ៉ុន ទៅបានហើយ។ ឡប់ៗ មកពីអង្កាល់ ធ្វើឯងជាអ្នកវិភាគសង្គម»។
លោក ហ៊ុន សែន បញ្ចេញប្រតិកម្មបែបនេះ បន្ទាប់ពីលោកបណ្ឌិត មាស នី បានវិភាគនៅលើវិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី៦ តុលាថា រដ្ឋាភិបាលកម្ពុជាកំពុងព្រួយបារម្ភកាន់តែខ្លាំង នៅពេលឃើញអ្នកគាំទ្របក្សប្រឆាំងមិនបាក់ស្បាត ទោះជារងការគំរាមកំហែង និងការបំភិតបំភ័យតាមគ្រប់រូបភាពពីសំណាក់អាជ្ញាធរ។ លោក ហ៊ុន សែន អះអាងថា លោកមិនបារម្ភរឿងនេះឡើយ ប៉ុន្តែអ្វីដែលលោកភ័យព្រួយនោះ គឺការមិនបានលេងកូនហ្គោលទៅវិញទេ៖ «វិភាគចេញមករដ្ឋាភិបាលដូចជាភ័យខ្លាំងណាស់។ អាមួយនោះស្រែកថាភ័យ អាមួយនេះនៅខាងក្នុងស្រែកថាភ័យដែរ។ ចាំតែភ័យជាមួយអាសែនតើ! ត្រូវដឹងអាមនុស្សដែលចូលសមរភូមិ ដែលមិនដែលខ្លាចស្លាប់ ពាក្យថាភ័យគ្មានសម្រាប់វាទេ។ របស់ដែលភ័យ ខ្លាចវាយកូនហ្គោលមិនបានឡើងវិញ»។
មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ធ្លាប់បានប្រតិកម្មខ្លាំងៗ ទៅនឹងការលើកឡើងរបស់ក្រុមអ្នកវិភាគ និងអ្នកឃ្លាំមើលបញ្ហាសង្គមជាច្រើនដងរួចមកហើយ នៅពេលអ្នកទាំងនោះបញ្ចេញទស្សនៈប៉ះពាល់ដល់អារម្មណ៍របស់លោក ជាពិសេស នៅពេលក្រុមអ្នកវិភាគចង់ឱ្យលោក ហ៊ុន សែន ជួបចរចាជាមួយលោក សម រង្ស៊ី ដើម្បីដោះស្រាយបញ្ចប់វិបត្តិនយោបាយ។
អ្នកវិភាគនយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែងថា លោកមានកិត្តិយសដែលត្រូវលោក ហ៊ុន សែន យកលោកទៅប្រៀបធៀបជាមួយមន្ត្រីជាន់ខ្ពស់របស់ជាតិ។ ទោះជាយ៉ាងណា លោកថា ប្រសាសន៍របស់លោក ហ៊ុន សែន នេះ គ្រាន់តែជាការយល់ឃើញតាមអារម្មណ៍ប៉ុណ្ណោះ ពីព្រោះលោក ហ៊ុន សែន មិនមែនជាគ្រូដាក់ពិន្ទុលើសមត្ថភាពរបស់លោក ហើយក៏គ្មានក្បួនខ្នាតណាមួយអាចយកមកវាស់វែងការចេះដឹងរបស់លោកប្រៀបធៀបជាមួយអ្នកដទៃនោះដែរ។
អ្នកវិភាគនយោបាយចាស់វស្សារូបនេះអះអាងថា ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ដែលទទួលបានការឧបត្ថម្ភពីសង្គមឱ្យបានរៀនសូត្រក្លាយជាបញ្ញវន្ត លោកមានករណីកិច្ចជួយសង្គមទៅតាមលទ្ធភាពដែលអាចធ្វើបាន ជាពិសេស គឺការចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់ប្រជាពលរដ្ឋខ្មែរ។ លោកបញ្ជាក់ថា លោកនឹងនៅតែផ្តល់ការវិភាគបញ្ហានយោបាយ និងសង្គម រហូតដល់ប្រទេសលែងមានបញ្ហា ឬរហូតដល់ពេលលោកផុតដង្ហើម៖ «ហ្នឹងគឺជាករណីកិច្ច ជាពិសេសនៅពេលដែលសង្គមហ្នឹង ជួបវិបត្តិ ឬក៏មានបញ្ហាអ្វីទៅ ម៉្លោះហើយបើយើងមានគំនិត មានអ្វីដែលលេចចេញមកពីការអប់រំរបស់យើង ដែលសង្គមយើងបានជួយនោះ យើងត្រូវតែចែករំលែកបទពិសោធន៍ គំនិត និងផ្ដល់ដំណោះស្រាយក្នុងក្របខ័ណ្ឌដែលខ្មែរថា អ្នកប្រាជ្ញរក្សាខ្លៅ។ ខ្ញុំមិនមែនជាអ្នកប្រាជ្ញទេ ប៉ុន្តែដឹងរឿងហ្នឹង ដឹងបញ្ហាហ្នឹងដោះស្រាយយ៉ាងម៉េច អាហ្នឹងយើងជួយទៅ។ តែប៉ុណ្ណឹងឯងទេ អត់មានអ្វីចង់បានប្រយោជន៍ផ្ទាល់ខ្លួនអ្វីទេ ហើយក៏មិនទៅតតាំងជាមួយអ្នកណា ប្រឆាំងជាមួយអ្នកណាអ្វីដែរ»។
អនុប្រធានបណ្ដាញយុវជនកម្ពុជា និងជាអ្នកសិក្សាផ្នែកសិទ្ធិមនុស្សអន្តរជាតិ លោក ស ម៉ូរី យល់ថា ប្រសាសន៍របស់លោក ហ៊ុន សែន នេះ គឺជាការគំរាមកំហែង និងជាការបំបាក់ទឹកចិត្តយុវជន និងពលរដ្ឋដទៃ មិនឱ្យលើកឡើងអំពីភាពខ្វះចន្លោះរបស់រដ្ឋាភិបាល។ លោកថា ការបញ្ចេញមតិ គឺជាសិទ្ធិសេរីភាពដ៏សំខាន់នៅក្នុងសង្គមប្រជាធិបតេយ្យ ដូច្នេះរដ្ឋាភិបាលកម្ពុជាមានកាតព្វកិច្ចលើកស្ទួយសិទ្ធិនេះជាចាំបាច់៖ «ការបន្តុះបង្អាប់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅលើការវិភាគរបស់លោកបណ្ឌិតទាំងពីរ វាជារូបភាពមួយគំរាមកំហែងផង ហើយទីពីរជាការមិនលើកទឹកចិត្តឱ្យយុវជនផ្សេងទៀត ឬក៏អ្នកវិភាគផ្សេងទៀតហ្នឹង ហ៊ានបញ្ចេញមតិ ឬក៏តិះតៀនទៅលើភាពអសកម្មរបស់រាជរដ្ឋាភិបាល ឬក៏ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា»។
រដ្ឋធម្មនុញ្ញចែងថា កម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស ហើយប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន។
ទោះជាយ៉ាងណា គិតមកដល់ពេលនេះ មានពលរដ្ឋ និងបញ្ញវន្តមិនតិចនាក់ទេ ដែលរងគ្រោះដោយសារតែការបញ្ចេញមតិ និងការពារសិទ្ធិមនុស្សនេះ។ ជាឧទាហរណ៍ អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា វិជ្ជា សកម្មជនព្រៃឈើ លោក ឈុត វុទ្ធី និងអ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម បណ្ឌិត កែម ឡី ជាដើម សុទ្ធសឹងតែត្រូវបានគេធ្វើឃាត ដោយសារតែភាពលេចធ្លោនៃការប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួននេះឯង។ ទន្ទឹមនឹងនេះ សកម្មជនបក្សប្រឆាំង អ្នកឃ្លាំមើលបញ្ហាសង្គម និងសកម្មជនមួយចំនួនទៀត ក៏រងការប្ដឹងចាប់ដាក់គុកពីរបបលោក ហ៊ុន សែន ដែរ ដោយសារតែពួកគេបានបញ្ចេញមតិ ប៉ះពាល់ដល់របបដឹកនាំក្រុងភ្នំពេញ៕
1 comment:
Is it a catch and release kind of thing with no ulterior motive? Time will tell...
Sod Sad
Post a Comment